តុលាការបារាំងបញ្ចប់ការសាកសួរសំណុំរឿង មេអង្គរក្សលោក ហ៊ុន សែនគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧

តុលាការបារាំងបញ្ចប់ការសាកសួរសំណុំរឿងមេកងអង្គរក្សលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការរៀបចំ​ផែនការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែកទៅ​លើ​ហ្វូង​បាតុករ​អហិង្សា កាល​ពី ​២៨ឆ្នាំមុន។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ មីនា ថា ដើមបណ្ដឹងគឺប្រធានស្ដីទីបក្សសង្គ្រោះជាតិ លោក សម រង្សី បានឡើងបកស្រាយទៅកាន់ចៅក្រមនៅក្នុងសវនាការនៅថ្ងៃទី៣ នៅទីក្រុងប៉ារីសប្រទេសបារាំង។ លោកថា តុលាការក្រុងប៉ារីសបានផ្អាកការសាកសួរនៅថ្ងៃទី២១មីនា ដោយទុកពេលឱ្យលោក សម រង្សី រយៈពេល១ឆ្នាំទៀត ដើម្បីបន្ថែមភស្តុតាង ៥ភាគរយទៀត ដើម្បីបិទបញ្ចប់សំណុំរឿងនេះ។ លោក សម រង្សី អះអាងថា តុលាការបារាំងនៅតែបន្តតាមចាប់ លោក ហ៊ីង ប៊ុន ហៀង លោក ហ៊ុយ ពិសិដ្ឋ ដដែល។

សវនាការថ្ងៃចុងក្រោយនេះ មានអង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មានល្បីៗ របស់បារាំងជាច្រើននាក់ចូលរួមស្ដាប់ក្នុងបន្ទប់សវនាការ។

អ្នកសិក្សាច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញថា មូលហេតុដែលតុលាការត្រូវការភស្តុតាងបន្ថែម ដើម្បីបញ្ជាក់ភាពច្បាស់លាស់ ព្រោះសំណុំរឿងនេះ មានជាប់ពាក់ព័ន្ធនឹងមេដឹកនាំកំពូលៗ របស់ប្រទេស។ លោក ថា ប្រសិនបើតុលាការបារាំងកាត់ក្ដីឱ្យ លោក ហ៊ីង ប៊ុន ហៀង លោក ហ៊ុយ ពិសិដ្ឋ និងអ្នកពាក់ព័ន្ធមានទោសនោះ តុលាការនឹងសហការជាមួយប្រទេសពាក់ព័ន្ធចាប់អ្នកទាំងនោះ មកផ្ដន្ទាទោសតាមច្បាប់ជាក់ជាមិនខាន។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទង លោក ហ៊ីង ប៊ុន ហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដើម្បីសាកសួរជុំវិញរឿងបានទេនៅថ្ងៃទី២១មីនា។

ប៉ុន្តែ កន្លងមកមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុន ហៀង ទទួលស្គាល់ថា តុលាការបារាំង មានយុត្តិធម៌ និងមិនចេះតែធ្វើតាមការចោទ ប្រកាន់របស់លោក សម រង្ស៊ី ដែលលោកចោទថាប្រមាថអ្នកដឹកនាំគណបក្ស ប្រជាជនកម្ពុជា និង មេៗកងទ័ពឡើយ។

ករណីគប់គ្រាប់បែកទៅលើហ្វូងបាតុករកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខមន្ទីររដ្ឋសភាចាស់ ដែលមានគោលដៅសម្លាប់មេដឹកនាំបាតុកម្ម លោក សម រង្ស៊ី បានសម្លាប់មនុស្សចំនួន១៦នាក់ និងជាង១៥០នាក់របួស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។