មន្ត្រីបក្សប្រឆាំង៖ លោក ហ៊ុន សែន គួរឈប់ធ្វើបាបអ្នកប្រឆាំងឱ្យព្រាត់ប្រាសគ្រួសារ

មន្ត្រីបក្សប្រឆាំងស្នើឱ្យលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ក្រុមអ្នកនយោបាយជំទាស់ និងក្រុមសកម្មជនសិទ្ធិមនុស្ស ដែលកំពុងរងគ្រោះព្រាត់ប្រាសគ្រួសារ ដោយសារតែការដឹកនាំបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៃគ្រួសារត្រកូល «ហ៊ុន»។

ការ​ស្នើ​នេះ ខណៈលោក ហ៊ុន សែន លើកឡើង​ថា លោក​មាន​ការឈឺ​ចាប់ ដែល​​ត្រូវ​ប្រឈម​នឹង​ទុក្ខ​ធ្ងន់​ពីរ​ដំណាល​គ្នា គឺ​ភរិយា​និង​បង​ប្រុស​របស់​លោក កំពុង​ឈឺ​ធ្ងន់ ហើយ​ត្រូវ​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ពីគ្រូពេទ្យ។

អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៥ មីនា ថា ពលរដ្ឋ​ដែល​រងគ្រោះ​ស្ថិត​ក្រោមការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​ចេះ​ឈឺចាប់​ដែរ ក្នុងនោះ​រួម​មាន​ក្រុម​គ្រួសារ​និង​កូន​ចៅ​របស់​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន ដែល​ត្រូវ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ​ចាប់ខ្លួនបញ្ជូនទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារដោយអយុត្តិធម៌។

អាហ្នឹង​យើង​ឃើញ​ថា គាត់​មិន​ចេះ​ឈឺចាប់​ចំពោះ​អ្នក​ដទៃ ដែល​ព្រាត់ប្រាស​គ្រួសារ បែរ​ជា​ឱ្យ​គេ​ជួយ​ឈឺ​ចាប់​ចំពោះ​តែ​ក្រុម​គ្រួសារ​ខ្លួន​ឯង មនុស្ស​អ៊ីចឹង មនុស្ស​អត្មានិយម​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​យល់​ថា ការ​ឈឺ​ចាប់​ដោយសារ​តែ​ក្រុម​គ្រួសារ​របស់​ខ្លួន​អាច​ព្រាត់ប្រាស ឬ​លាចាក​លោក ឬ​មាន​ជំងឺ​ហ្នឹង ជា​រឿង​ធម្មតា​របស់​មនុស្ស ដែល​យើង​ជា​ខ្មែរ​ដូច​គ្នា គួរ​តែ​ចូលរួម​ការ​ឈឺចាប់​។ សុំទោស បើ​បង​ប្រុស​របស់​គាត់​លាចាក​លោក​ទៅ ក៏​យើង​ចូលរួម​រំលែក​ទុក្ខ​ផង​ដែរ។

—  លោក អ៊ុំ សំអាន

លើស​ពី​នេះ លោក​ថា នៅ​មាន​ក្រុម​គ្រួសារ​របស់​មេ​ដឹកនាំ​សហជីព​លោក ជា វិជ្ជា សកម្មជន​ព្រៃឈើ​លោក ឈុត វុទ្ធី អ្នក​វិភាគ​នយោបាយ​បណ្ឌិត កែម ឡី និង​អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ា ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់ រួម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ស្លាប់​ជាង​១០​នាក់​ក្នុង​ហេតុការណ៍​គប់​គ្រាប់​បែក​កាល​ពី​ឆ្នាំ១៩៩៧ជាដើម ក៏​ចេះ​ឈឺ​ចាប់​ដោយសារ​ការ​ព្រាត់ប្រាស​គ្រួសារ​ដែរ​។

ការ​លើកឡើង​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើងបន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បង្ហោះ​សារ​លើ​ហ្វេសប៊ុក អម​ដោយ​រូបថត​ភរិយា​របស់​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​រូបថត​បង​ប្រុស​ច្បង​របស់​លោក នៅ​ថ្ងៃ​ទី​២៥​មីនា​ថា លោក​កំពុង​មាន​ទុក្ខ​ធ្ងន់ ដោយសារ​អ្នកស្រី ប៊ុន រ៉ានី ឆ្លង​កាត់​ការ​វះកាត់​ដោយ​គ្រោះថ្នាក់​។

លោក ហ៊ុន សែន បន្ត​ថា ទន្ទឹម​គ្នា ក្រុម​គ្រួសារ​លោក ក៏​ត្រៀម​ទទួល​យក​ការ​ឈឺ​ចាប់​មួយ​ទៀត ដោយសារ​លោក ហ៊ុន សាន អាចលាចាកលោក​នេះ ក្នុង​ពេល​ខ្លី​ខាង​មុខ​ ដោយសារ​ឈឺ​ធ្ងន់​និង​សន្លប់​អស់​រយៈពេល​២៤​ម៉ោង។

ក្រោយ​ពី​លោក ហ៊ុន សែន បង្ហោះ​សារ​ជួប​ទុក្ខ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ចូល​ទៅ​សរសេរ​ក្នុង​ខ្ទង់​ខាំមិនត៍ (Comment) ជូនពរ​និង​ត្រៀម​ចូលរួ​មរំលែក​ទុក្ខ ប៉ុន្តែ​ក៏​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ខ្លះ​ទៀត ចូល​សរសេរ​សារ​ថា ការ​កើត​ចាស់​ឈឺ​ស្លាប់​ជា​ច្បាប់​ធម្មជាតិ និង​បាន​ទទូច​ឱ្យ​លោក ហ៊ុន សែន ឈប់​លោភលន់​និង​ជិះជាន់​អ្នក​ទន់​ខ្សោយ​បន្ត​ទៀត​។

ជុំវិញបញ្ហានេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ដ្រាលី​លោក ស៊ឹង សែនករុណា លើកឡើង​ថា ជា​សីលធម៌ និង​ជា​ខ្មែរ​ដូច​គ្នា លោក​មិន​គាំទ្រ​ចំពោះ​ការ​ឆ្លៀត​ឱកាស​វាយប្រហារ និង​សើចចំអក​ទៅ​ដល់​គ្រួសារ​មួយ ដែល​កំពុង​ជួប​ទុក្ខ​ឡើយ។

ការ​កើត​ចាស់​ឈឺ​ស្លាប់​ហ្នឹង វា​ចៀស​អត់​ផុត​ទេ អ៊ីចឹង​ក្នុង​នាម​យើង​នៅ​មាន​ជីវិត នៅ​មាន​អំណាច នៅ​មាន​តួនាទី យើង​គប្បី​ប្រព្រឹត្ត​នូវ​អំពើ​ល្អ អំពើ​ត្រឹមត្រូវ អំពើ​ដែល​គេ​សាទរ​ចំពោះ​ការ​ដឹកនាំ​មួយ ដែល​គេ​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី ពី​គ្រប់​និន្នាការ​ទាំង​អស់​ហ្នឹង។ អាហ្នឹង​ជា​អំពើ​មួយ ដែល​មេ​ដឹកនាំ និង​មនុស្ស​ទាំង​ឡាយ​ត្រូវ​កសាង​ឡើង ចៀសវាង​ប្រព្រឹត្ត​អំពើ​អាក្រក់​ឱ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចាប់​។

—  លោក ស៊ឹង សែនករុណា

លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា លោក ហ៊ុន សាន និង​អ្នកស្រី ប៊ុន រ៉ានី ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​អ្វី​ឡើយ។ ប៉ុន្តែ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ភរិយា​របស់​លោក​ត្រូវ​ចូល​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​ដួល​ក្នុង​បន្ទប់​សម្រាក ធ្វើ​ឱ្យ​ប៉ះពាល់​ក្បាល។ លោក​ក៏​ទម្លាយ​នៅ​ពេល​នោះ​ថា ភរិយា​របស់​លោក ក៏​មាន​ជំងឺ​ឈឺ​ចង្កេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។