អ្នកឃ្លាំមើលយល់ឃើញថា កម្ពុជាអាចចរចាសុំពន្យារពេលការដំឡើងពន្ធពីសហរដ្ឋអាមេរិក ឬសុំឱ្យអាមេរិកបន្ធូរបន្ថយពន្ធបានខ្លះ ប៉ុន្តែប្រហែលពិបាកក្នុងការចរចាបញ្ចុះបញ្ចូលសុំឱ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដូរចិត្តមកដូចដើមក្នុងការលុបចោលការដំឡើងពន្ធ៤៩% មកលើទំនិញកម្ពុជា។
អ្នកឃ្លាំមើលសង្គមនិងនយោបាយលោក គឹម សុខ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៥មេសាថា មានហេតុផលជាច្រើន ដែលឱ្យកម្ពុជាពិបាកក្នុងការទៅចរចាជាមួយសហរដ្ឋអាមេរិក ក្នុងនោះអាមេរិកអាចលើកឡើងថា អាមេរិកបានជួយអនុគ្រោះពន្ធដល់កម្ពុជាជាង៣០ឆ្នាំហើយ និងស្របពេលលេចឮថា អាមេរិករកឃើញថាចិនបានលួចនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក ដោយប្រើប្រាស់ឈ្នោះជាផលិតផលខ្មែរ ដើម្បីទទួលបានការអនុគ្រោះពន្ធ។ លោកបន្តថា ការដំឡើងពន្ធពីអាមេរិក នឹងធ្វើឱ្យកម្ពុជាត្រូវបាត់បង់អ្នកវិនិយោគ ហើយពលរដ្ឋនឹងគ្មានការងារធ្វើ។
កម្ពុជាយើង ល្បីតែខាងអំពើពុករលួយ និងបក្ខពួកនិយម ដូច្នេះ កត្តាទាំងនេះ កម្ពុជាមិនត្រឹមតែមិនអាចទាក់ទាញអ្នកវិនិយោគថ្មីៗ បានទេ សូម្បីតែអ្នកកំពុងរកស៊ីនៅកម្ពុជា ក៏រើចេញដែរ ពីព្រោះគេអាចលែងធ្វើជំនួញទៅមុខរួច។ ស្ថានភាពបែបនេះ ក៏ធ្វើឱ្យរដ្ឋបាត់ពន្ធកាន់តែច្រើន ប្រជាពលរដ្ឋគ្មានការងារ គ្មានចំណូល ហើយពលរដ្ឋ៩០% ជាងជំពាក់បំណុលធនាគារ មីក្រូហិរញ្ញវត្ថុវ័ណ្ឌក គ្មានលុយបង់សងបំណុលទៅកាន់ធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ដូច្នេះ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ជួបវិបត្តិបិទបណ្ដើរៗ ដែរ។ ពេលនោះ សេដ្ឋកិច្ចនឹងដួលរលំ ចលាចលសង្គម។
— លោក គឹម សុខ
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ដាក់លិខិតសុំបើកកិច្ចចរចា និងស្នើសុំពន្យារពេលការអនុវត្តពន្ធ៤៩% ទៅលោកប្រធានធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។ នៅក្នុងលិខិតនោះ លោក ហ៊ុន ម៉ាណែត ក៏បញ្ជាក់ថា កម្ពុជាប្ដេជ្ញាជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក រួមទាំងបន្ថយអត្រាពន្ធលើទំនិញ១៩ប្រភេទរបស់អាមេរិក ពី៣៥%មកនៅត្រឹម៥%។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៤មេសា លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថា កម្ពុជានឹងចៀសមិនរួចពីការរងផលប៉ះពាល់ដោយសារការដំឡើងពន្ធរបស់អាមរិក ប៉ុន្តែលោកថា នឹងមិនធ្ងន់ធ្ងរដូចមតិមួយចំនួនលើកឡើងឡើយ។
ឯរីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ្នកស្រី ចម និម្មល ក៏បានផ្ញើលិខិតដាច់ដោយឡែក ដើម្បីសុំជួបចរចាជាមួយប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Jamieson Greer ជុំវិញវិធានការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាមេរិក មកលើទំនិញនាំចូលពីកម្ពុជា។ អ្នកស្រី ចម និម្មល ក៏បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីថ្ងៃទី៣មេសាថា រដ្ឋាភិបាលបានដឹងតាំងពីពីរបីខែ អំពីការដំឡើងពន្ធលើទំនិញកម្ពុជាពីសហរដ្ឋអាមេរិក ហើយក៏បានត្រៀមលក្ខណៈដោះស្រាយមួយចំនួនហើយដែរ។
លោកស្រីថា ប្រជាពលរដ្ឋមិនគួរព្រួយបារម្ភពេកទេ ហើយត្រូវទុកចិត្តលើរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហានេះ។ អ្នកស្រីបន្ថែមថា ការដំឡើងអត្រាពន្ធគយនេះ នឹងធ្វើឱ្យពលរដ្ឋអាមេរិក ជាអ្នករងផលប៉ះពាល់មុនគេ ហើយកម្មករ និងអ្នករកស៊ីក្នុងវិស័យកាត់ដេរនៅកម្ពុជា នឹងរងផលប៉ះពាល់បន្ទាប់ប៉ុណ្ណោះ។
ថែមពន្ធ មានន័យថា ផលិតផលឡើងថ្លៃ ហើយវានឹងឡើងថ្លៃនៅប្រទេសគោលដៅ ប្រទេសនាំចូល។ ដូច្នេះ ការដំឡើងពន្ធបន្ថែម គឺមានន័យថា ប្រជាជននៅសហរដ្ឋអាមេរិក ជាអ្នកបញ្ជាទិញផលិតផលពីកម្ពុជានោះ ជាអ្នករងផលប៉ះពាល់ដំបូង។
— អ្នកស្រី ចម និម្មល
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២មេសា បានប្រកាសដំឡើងពន្ធលើកម្ពុជា៤៩% ជាអត្រាពន្ធខ្ពស់បំផុត ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលនាំចូលទំនិញទៅទីផ្សារសហរដ្ឋអាមេរិក។ ការដំឡើងនេះ បានធ្វើឱ្យមានការព្រួយបារម្ភថា អាចធ្វើឱ្យរោចក្រកាត់ដេរនៅកម្ពុជា រងផលប៉ះពាល់និងត្រូវបិទទ្វារ ខណៈមានកម្មករជិត១លាននាក់ និងពលរដ្ឋជិត៣លាននាក់ កំពុងទទួលបានផលដោយផ្ទាល់និងប្រយោលពីវិស័យមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។