អ្នកវិភាគថា កម្ពុជាមានអព្យាក្រឹត ទើបអាចរួចផុតពីការសង្ស័យលើមូលដ្ឋានទ័ពរាម

អ្នកវិភាគលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹត គោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យ ទើបជាវិធីធ្វើឱ្យក្រុមប្រទេសលោកសេរី ឈប់មានមន្ទិលសង្ស័យលើមូលដ្ឋានទ័ពជើងទឹករាម ថាអាចត្រូវបានប្រើប្រាស់ដោយយោធាចិន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ជា​ថ្មី​ថា មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​យោធា​ចិន​ឡើយ។ ប៉ុន្តែ​ការ​ប្រកាស​តែ​មាត់​ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​អ្នក​វិភាគ​មើលឃើញ​ថា មិន​អាច​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​លោក​សេរី ឈប់​មាន​មន្ទិល​សង្ស័យ​ជុំវិញ​រឿង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នោះ​ទេ។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៨​មេសា​ថា កម្ពុជា​គួរ​តែ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ ទើប​អាច​ធ្វើ​ឱ្យ​កម្ពុជា​រក្សា​តុល្យភាព​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​មហា​អំណាច​ចិន និង​សហរដ្ឋ​អាមេរិក និង​អាច​ជួយ​លាង​ជម្រះ​មន្ទិល​សង្ស័យ​ជុំវិញ​ការ​ចោទប្រកាន់​លើ​មូលដ្ឋាន​ទ័ព​រាម។

លោក​បន្ថែម​ថា ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស កំណត់​ឱ្យ​កម្ពុជា​ត្រូវ​មាន​អព្យាក្រឹត ក្នុង​ទំនាក់ទំនង​ការទូត យោធា និងពាណិជ្ជកម្ម ជាមួយ​បណ្ដា​រដ្ឋ​បរទេស​ទាំង​អស់ និង​មិន​លម្អៀង​ខ្លាំង​ទៅ​ប្រទេស​ចិន​នោះ​ទេ ហើយ​រដ្ឋាភិបាល​ត្រូវ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

បើ​កម្ពុជា​មិន​បាន​ស្ថិត​ក្នុង​ភាព​អព្យាក្រឹត​នៃ​ទំនាក់ទំនង ទាំង​ការ​ទូត ទាំង​យោធា ទាំង​ពាណិជ្ជកម្ម​ទេ។ កម្ពុជា​នឹង​អាច​ធ្លាក់​ទៅ​ក្នុង (​សង្គ្រាម​) ដូច​ប្រវត្តិសាស្រ្ដ​អ៊ីចឹង ដូច​កាល​សម័យ​សង្គ្រាម​វៀតណាម​អ៊ីចឹង។ វា​ធ្វើ​ឱ្យ​កម្ពុជា​ទាញ​ទៅ​ក្នុង​សង្គ្រាម​ភូមិសាស្ដ្រ​នយោបាយ សង្គ្រាម​ត្រជាក់ ហើយ​យើង​រងគ្រោះ​ពី​ការ​ទម្លាក់​គ្រាប់បែក​ពី​សហរដ្ឋអាមេរិក កាល​សម័យ​សង្គ្រាម​នៅ​វៀតណាម។

—  លោក ប៉ោ មករា

ការ​លើកឡើង​ពី​អ្នក​សិក្សា​កិច្ចការ​សង្គម​និង​នយោបាយ​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម កាល​ពី​ថ្ងៃ​ទី​០៥​មេសា​ថា ការ​ពឹង​ប្រទេស​ចិន​ឱ្យ​ជួយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម គឺ​ដើម្បី​បង្កើន​សមត្ថភាព​កងទ័ព និង​ដើម្បី​ឱ្យ​កងទ័ព​កម្ពុជា មាន​សម្ភារៈ​ប្រើប្រាស់​ទំនើប​ៗ ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែរ។ លោក​បន្ត​ថា កម្ពុជា នឹង​បើក​ទូលាយ​ទទួល​ស្វាគមន៍​រាល់​នាវាចម្បាំង​ប្រទេស​ទាំង​អស់​ក្នុង​ពិភព​លោក ចូល​ចត​ទស្សនកិច្ច​និង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដោយ​មិន​មាន​ការ​លាក់បាំង​អ្វី​ឡើយ។

មាន​សំនួរ​ថា មូលដ្ឋាន (​ទ័ពជើងទឹករាម​) នឹង​ធ្វើ​ចប់ ធ្វើ​ឱ្យ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ប្រើប្រាស់​ផ្ដាច់​មុខ គឺ​អត់​ទេ។ នៅ​ខាង​មុខ​នេះ ដូច​ខ្ញុំ​ប្រកាស​មិញ​ហ្នឹង ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​បើក​ជាផ្លូវការ​ហើយ រាល់​ការ​ហ្វឹកហ្វឺន​ជាមួយ​ភាគី​មិត្ត​ណា​ទាំង​អស់។ កងទ័ព​ជើងទឹក​នឹង​ត្រូវ​ចូល​មក (​មូលដ្ឋាន​ទ័ពរាម​) អនុញ្ញាត​ឱ្យ​ចូល ហើយ​យើង​មាន​ទាំង​ផែ​ឱ្យ​ចត និង​កន្លែង​ឱ្យ​ស្នាក់នៅ​ទៀត អត់​មាន​លាក់​ទេ។

—  លោក ហ៊ុន ម៉ាណែត

សហរដ្ឋ​អាមេរិក​តែងតែ​បង្ហាញ​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​ខ្វះ​តម្លាភាព​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ហើយ​សង្ស័យ​ថា យោធា​ចិន​អាច​នឹង​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​នេះ ដើម្បី​កាន់​តែ​ងាយស្រួល ក្នុង​ការ​គ្រប់គ្រង​តំបន់​ឥណ្ឌូចិន និង​សមុទ្រ​ចិនខាតត្បូង។

មេបញ្ជាការ​ប្រចាំ​នៅ​បញ្ជាការដ្ឋាន​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក លោក​ឧត្តមនាវី ស៊ែមញ៉ូល ផាផារ៉ូ (Samuel J. Paparo) ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៤ លើកឡើង​ថា សហរដ្ឋ​អាមេរិក​កំពុង​ឃ្លាំមើល​សកម្មភាព​របស់​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ហើយ​សង្ឃឹម​ថា អាមេរិក​នឹង​អាច​ចូល​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​នេះ នៅ​ពេល​ខាង​មុខ ដើម្បី​កំណត់​ឱ្យ​កាន់​តែ​ច្បាស់​ពី​សកម្មភាព​របស់​ចិន​នៅ​ទី​នោះ។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៦​មេសា គឺ​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​សម្ពោធ​មូលដ្ឋាន​ទ័ព​រាម​រួច កងទ័ព​កម្ពុជា​និង​ចិន បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា ដោយ​ប្រើប្រាស់​នាវា​ចម្បាំង​ប្រទេស​ទាំងពីរ។សារព័ត៌មាន​រដ្ឋ​ចិន Global Times រាយការណ៍​ថា ប្រទេស​កម្ពុជា​និង​ចិន អាច​នឹង​ធ្វើ​សមយុទ្ធ​យោធា​ដូច​នេះ​ជាច្រើន​ដង​ទៀត នៅ​មូលដ្ឋាន​ទ័ពរាម៕

 កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។