អ្នកជំនាញថាកម្ពុជាពិបាករកកិច្ចចរចា ព្រោះមិនបានរក្សាទំនាក់ទំនងល្អជាមួយអាមេរិក

អ្នកជំនាញនយោបាយការបរទេសលើកឡើងថា កម្ពុជានឹងងាយស្រួលស្វែងរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញរឿងដំឡើងពន្ធ ប្រសិនបើកម្ពុជាបានរក្សាទំនាក់ទំនងល្អជាមួយអាមេរិកនាពេលកន្លងមក ដូចដែលកម្ពុជាបានធ្វើជាមួយចិន។ ការលើកឡើងនេះ ស្របពេលកម្ពុជាត្រៀមបញ្ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ្នកស្រី ចម និម្មល និងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅសហរដ្ឋអាមេរិកដើម្បីចរចាសុំបន្ធូរបន្ថយពន្ធ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ការបទេស​លោក ឯម សុវណ្ណារ៉ា យល់ថា ការ​ត្រៀម​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​សុំ​ឱ្យ​បញ្ចុះ​ពន្ធ​ជា​ការ​ត្រៀម​លក្ខណៈ​ហាក់​មិន​ចំ​គោលដៅ។ លោក​សង្កេត​ឃើញ​ថា កម្ពុជា​មិន​មាន​ប្រយោជន៍​ពាណិជ្ជកម្ម​អ្វី​ធំដុំ ដែល​អាច​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​សុំ​ឱ្យ​អាមេរិក​បន្ធូរបន្ថយ​ពន្ធ​ឡើយ។ ប៉ុន្តែ​លោក​ថា បើ​កម្ពុជា​ព្យាយាម​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស សហរដ្ឋ​អាមេរិក​ទំនង​អាច​ពិចារណា​ឡើង​វិញ​រឿង​បញ្ចុះ​ពន្ធ​៤៩%។

លោក​បន្ត​ទៀត​ថា នៅ​រយៈពេល​ចុង​ក្រោយ​នេះ បើទោះជា​ប្រទេស​វៀតណាម ស្នើសុំ​មិន​យក​ពន្ធ​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ជា​ថ្នូរ​សុំ​មិន​ឱ្យ​អាមេរិក​ដំឡើង​ពន្ធ​ក្ដី ប៉ុន្តែ​ទីប្រឹក្សា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មិន​ព្រម​ទទួល​យក​សំណើ​របស់​វៀតណាម​ឡើយ។

យើង​សាទរ​ដែល​គាត់​ (រដ្ឋាភិបាលស្វែងរកកិច្ចចរចា) យើង​ជួយ​ជំរុញ​លើក​ទឹកចិត្ត​។ ក៏​ប៉ុន្តែ ត្រូវ​មាន​ភាព​ល្អូកល្អិន​នៅ​ពី​ខាង​ក្រៅ​ទៀត​ទំនាក់ទំនង​ល្អ​ជិតស្និទ្ធ​ដូច​កម្ពុជា​-ចិន​ អ៊ីចឹង​ណា ហើយ​កម្ពុជា-អាមេរិក​ឱ្យ​ល្អ​អ៊ីចឹង​បាន​យើង​ស្រណុក​និយាយ​គ្នា​ នៅពេល​យើង​ទើប​ងាក​ទៅ​រក​គេ​រៀង​ការ​លំបាក​បន្តិច​ដែរ​បាទ។

—  លោក ឯម សុវណ្ណារ៉ា

ការ​ដំឡើង​ពន្ធ​៤៩% លើ​ទំនិញ​កម្ពុជា នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៩ មេសា​នេះ។ លោក​ប្រធានា​ធិបតី​លោក ដូណាល់ ត្រាំ អះអាង​ថា ចំណាត់ការ​នេះ ដើម្បី​ស្ដារ​យុត្តិធម៌ និង​តុល្យភាព ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​ថា ក្រៅ​ពី​ចាត់​តាំង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ត្រៀម​ទៅ​ចរចា​ដល់​ទឹក​ដី​សហរដ្ឋ​អាមេរិក ហើយ​រដ្ឋាភិបាល​របស់​លោក ក៏​ត្រៀម​បញ្ចុះ​ពន្ធ​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​ដែល​នាំ​ចូល​កម្ពុជា​ដែរ ដែល​ទំនិញ​ខ្លះ​អាច​បញ្ចុះ​ទៅ​ដល់​៥%។

ពាក្យ​ថា ចរចា​គឺ​គេ​មិនដែល​បញ្ចេញ​សន្លឹក​បៀ​ទាំងអស់​ទេ។ អ្នកខ្លះ​គ្រាន់តែ​ឃើញ​វៀតណាម​ធ្លាក់​ទៅ​សូន្យ​ហេតុ​អី​ទម្លាក់​ត្រឹម​៣៥% មក​៥%។ ពាក្យ​ថា ចរចា​គេ​ចេញ​សន្លឹក​បៀ​​មួយ​តង់​មុន​ហើយ​គេ​បើក​ឆន្ទៈ​នៅក្នុង​ការ​ចរចា​បន្ត​ទៀត។

—  លោក ហ៊ុន ម៉ាណែត

របាយការណ៍​របស់​អគ្គ​នាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ ៩​ពាន់​លាន​ដុល្លារ ខណៈ​អាមេរិក​នាំ​ទំនិញ​មក​កម្ពុជា​វិញ​ត្រឹម​២៦៤​លាន​ដុល្លារ។

លោក ឯម សុវណ្ណារ៉ា កត់​សម្គាល់​ថា សព្វ​ថ្ងៃ​កម្ពុជា ទិញ​ទំនិញ​ពី​សហរដ្ឋអាមេរិក​តិចតួច ចំណែក​រោងចក្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា ក៏​តិចតួច​ដែរ។ លោក​បន្ត​ថា ប្រសិន​កម្ពុជា ចង់​បង្ក​លក្ខណៈ​ឱ្យ​អ្នក​វិនិយោគ​អាមេរិក​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា គឺ​កម្ពុជា ត្រូវ​ចំណាយ​ពេល​យូរ ដោយ​ត្រូវ​ធ្វើ​ការងារ​ច្រើន​ទៀត​ដូចជា មាន​ច្បាប់​ល្អ មាន​តម្លាភាព គ្មាន​អំពើ​ពុករលួយ គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​កាត់​បន្ថយ​ឥទ្ធិពល​ចិន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។