មន្ត្រីបក្សកាន់អំណាចថា មេដឹកនាំចិននឹងផ្ដល់ជំនួយនិងកម្ចីបន្ថែមដល់កម្ពុជា

មន្ត្រីបក្សកាន់អំណាចរំពឹងថា វត្តមានមេដឹកនាំចិនលោក ស៊ី ជីនពីង (Xi Jinping) នឹងបន្ថែមជំនួយឬកម្ចីដល់កម្ពុជានៅពេលលោកមកដល់កម្ពុជា។ ទោះយ៉ាណា អ្នកវិភាគថា ចិនទំនងមិនចំណាយលុយឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ច្រើនដូចការរំពឹងទុកឡើយ តែចិនត្រឹមពង្រឹងទំនាក់ទំនងបន្ថែមជាមួយកម្ពុជាប៉ុណ្ណោះ។

អ្នក​ជំនាញ​នយោបាយ​ការបរទេស​រឭក​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា​កុំ​ឱ្យ​មាន​សង្ឃឹម​ខ្ពស់​លើ​ប្រទេស​ចិន​ពេក ព្រោះ​ពេល​នេះ ប្រទេស​ចិន កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ស្ទើរ​ងើប​ខ្លួន​មិន​រួច​ដែរ។

អ្នកនាំពាក្យ​គណបក្ស​កម្ពុជា​លោក សុខ ឥសាន បាន​អះអាង​ថា ចិន​មិន​បោះបង់​កម្ពុជា​ចោល​ឡើយ ហើយ​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​គឺ​កាន់​តែ​រឹងមាំ។ លោក​រំពឹង​ថា នៅ​ពេល​មាន​វត្តមាន​មេ​ដឹកនាំ​ចិន​លោក ស៊ី ជីនពីង ជាន់​ដី​កម្ពុជា មិត្ត​ចិន​នឹង​ផ្ដល់​ជំនួយ ឬ​កម្ចី​ឱ្យ​កម្ពុជា​ថែមទៀត​។

ឱ្យ​តែ​មាន​វត្តមាន​ថ្នាក់​ដឹកនាំ​ប្រទេស​ចិន ដែល​ជា​មិត្ត​ដែកថែប​ជាមួយ​គ្នា​ យើង​សង្ឃឹម​យ៉ាង​រឹងមាំ​ថា ប្រាកដ​ជា​មហាមិត្ត​ហ្នឹង លោក​នឹង​ផ្ដល់​ជំនួយ ទោះ​បី​តិច​ក្ដី ច្រើន​ក្ដី ត្រូវ​តែ​មាន​ជំនួយ​ដែរ។

—  លោក សុខ ឥសាន

ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង គ្រោង​បំពេញ​ទស្សកិច្ច​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន គឺ​កម្ពុជា ម៉ាឡេស៊ី និង​វៀតណាម នៅ​ពាក់​កណ្ដាល​ខែ​មេសា។ លោក សុខ ឥសាន អះអាង​ថា លោក ស៊ី ជីនពីង នឹង​ចូល​មក​ប្រទេស​កម្ពុជា​មុន​គេ ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​ថ្ងៃ​ជាក់លាក់​ ឬ​ក៏​ចំនួន​ថវិកា​ដែល​ចិន​ផ្ដល់​មក​ឱ្យ​កម្ពុជា​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សន្ទរី បាន​ទេ​នៅ​ថ្ងៃ​ទី០៩ ខែ​មេសា។ ចំណែក​រដ្ឋាភិបាល​ម៉ាឡេស៊ី​ឱ្យ​ដឹង​ថា លោក ស៊ី ជីនពីង គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​ម៉ាឡេស៊ី​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ការបទេស លោក ឯម សុវណ្ណារ៉ា យល់​ថា ចិន​មិន​អាច​ទម្លាក់​កញ្ចប់​ថវិកា​ដល់​រាប់​ពាន់​លាន​ដុល្លារ​ ដូច​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ ខណៈ​ដែល​ចិន​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​ការ​ដាក់ទណ្ឌកម្ម​ពន្ធ​ពី​សហរដ្ឋ​អាមេរិក។ លោក​បន្ត​ទៀត​ថា នៅ​ពេល​នេះ សូម្បី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ក៏​ពិបាក​រំពឹង​ថា ចិន​នឹង​ផ្ដល់​ថវិកា​គ្រប់គ្រាន់​ដើម្បី​អាច​ជីក​ព្រែក​ចប់ចុងចប់ដើម​ឡើយ។ អ្នក​ជំនាញ​កិច្ចការ​នយោបាយ​រូប​នេះ មើលឃើញ​ទៀត​ថា អ្វី​ដែល​ចិន​អាច​ធ្វើ​បាន គឺ​ការ​ពង្រឹង​ទំនាក់ទំនង និង​ចង់​ឃើញ​កម្ពុជា ប្រកាស​ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោលនយោបាយ​ចិន​តែ​មួយ។

ខ្ញុំ​គិត​ថា មិន​ធំដុំ​មិន​ឆ្លើយ​តាម​ការ​ចង់​បាន​ពេញលេញ​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​ស្រុង​ទេ។ ឧទាហរណ៍​ថា កម្ពុជា​ត្រូវ​ការ​ថវិកា​សម្រាប់​បំពេញ​ការ​ខ្វះខាត​នៃ​ឆ្នាំ​២០២៥​ជាង​២​ពាន់​លាន​ដុល្លារ​ហ្នឹង ខ្ញុំ​គិត​ថា ប្រហែល​មិន​បាន​ពេញ​លេញ​ជាង​២​ពាន់​លាន​ដុល្លារ​ហ្នឹង​ទេ ឬ​ក៏​គម្រោង​ឧបត្ថម្ភ ឬ​វិនិយោគ​ទៅ​លើ​គម្រោង​ព្រែកជីក​ហ្វូណន​ហ្នឹង​ រហូត​មក​ដល់​ថ្ងៃ​នេះ យើង​អត់​ឃើញ​ថា ចិន​នឹង​ជួយ​ឬក៏​វិនិយោគ​អី​អត់​មាន​ណា។ បើ​ទស្សនៈ​ខ្ញុំ​គិត​ថា មិន​ពាក់ព័ន្ធ ឬ​ក៏​មិន​វិនិយោគ​ទៅ​លើ​ព្រែកជីក​ហ្នឹង​ខ្លាំង​ទេ។

—  លោក ឯម សុវណ្ណារ៉ា

ចិន​គឺ​ជា​ម្ចាស់​បំណុល​ធំជាង​គេ​របស់​កម្ពុជា ដែល​មាន​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ​ នៃ​បំណុល​បរទេស​សរុប​ជាង​១១ពាន់​លាន​ដុល្លារ​។ តែ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ខ្លួន​នៅ​តែ​មាន​លទ្ធភាព​ខ្ចី​បំណុល​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។