មេដឹកនាំចិននឹងបំពេញទស្សនកិច្ចកម្ពុជានៅថ្ងៃទី១៧-១៨មេសា

ក្រសួង​ការបរទេស​កម្ពុជា​ប្រកាស​ថា ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង នឹង​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា​ថ្ងៃ​ទី​១៧ និង​១៨ ខែ​មេសា សប្ដាហ៍​ក្រោយ។ អ្នក​វិភាគ​មើលឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កំពូល​ចិន​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​ពិបាក​ទៅ​ចរចា​ជាមួយ​ភាគី​សហរដ្ឋអាមេរិក ដើម្បី​ស្នើសុំ​បន្ធូរបន្ថយ​ពន្ធ។

ក្រសួង​ការបរទេស​កម្ពុជា ប្រកាស​នៅ​ថ្ងៃ​ទី​១១​មេសា​ថា ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ តបតាម​ការ​អញ្ជើញ​ពី​ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា​ព្រះបាទ​សម្ដេច នរោត្តម សីហមុនី។ ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នេះ នឹង​ធ្វើ​ឡើង​ចំ​ខួប​៥០​ឆ្នាំ នៃ​ថ្ងៃ​ប៉ុលពត​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន ចូល​គ្រប់គ្រង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។

ក្រសួង​ការបរទេស​បញ្ជាក់​ថា មេដឹកនាំ​ចិន​នឹង​ចូល​គាល់​ព្រះមហាក្សត្រ ជួប​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ផ្លាស់ប្ដូរ​យោបល់​ជុំវិញ​បញ្ហា​សំខាន់ៗ ក្នុង​តំបន់ និង​អន្តរជាតិ។ ក្រៅ​ពី​ការ​រឹត​ចំណង​មិត្តភាព​ដែកថែប និង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ដ​គ្រប់​ជ្រុងជ្រោយ ប្រទេស​ទាំង​ពីរ គ្រោង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ជាច្រើន​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មើលឃើញ​ថា មេដឹកនាំ​ចិន អាច​ឆ្លៀត​ឱកាស​ជួប​ជាមួយ​មេដឹកនាំ​កម្ពុជា ជជែក​ពី​វិធី​រក​ដំណោះស្រាយ​ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ជាមួយ​សហរដ្ឋអាមេរិក និង​ដើម្បី​ប្រកាស​ពី​គោលជំហរ​របស់​ចិន​ជា​ថ្មី គាំទ្រ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ខ្ញុំ​គិត​ថា ប្រធាន​បទ​នៃ​ការ​ដំឡើង​ពន្ធគយ ក៏​អាច​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ នៅ​ក្នុង​ជំនួប​ជាមួយ​លោក ស៊ី ជីនពីង ជាមួយ​លោក ហ៊ុន ម៉ាណែត ក៏​ដូច​ជា ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ធ្វើ​យ៉ាង​ណា ដើម្បី​ស្វែងរក​វិធី​កាត់បន្ថយ​ហានិភ័យ​សម្ពាធ​ពាណិជ្ជកម្ម ជាពិសេស​ការ​ដំឡើង​ពន្ធ (​លើ​ចិន​) ១៤៥​%​ពី​សហរដ្ឋអាមេរិក។

—  លោក សេង វណ្ណលី

ក្រៅ​ពី​កម្ពុជា លោក ស៊ី ជីនពីង ក៏​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី និង​វៀតណាម​ដែរ។ សារព័ត៌មាន​អន្តរជាតិ​ធំៗ ដូច​ជា Reuters នៅ​ចក្រភព​អង់គ្លេស បាន​ចុះ​ផ្សាយ​ថា មេដឹកនាំ​ចិន​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​មេដឹកនាំ​នៅ​អឺរ៉ុប ឱ្យ​រួម​ដៃ​គ្នា​ជាមួយ​ចិន ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ដំឡើង​ពន្ធ​ពី​សហរដ្ឋអាមេរិក ខណៈ​ប្រទេស​ជាង​៧០ រួម​ទាំង​កម្ពុជា បាន​ស្នើសុំ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ប្រធានធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើង​ពន្ធ​៤៩​% ពី​កម្ពុជា។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា ប្រាប់​អាស៊ីសេ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង នៅ​កម្ពុជា នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​ពិបាក​ទៅ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​សុំ​បន្ធូរបន្ថយ​ពន្ធ ស្របពេល​កម្ពុជា​ក៏​គ្មាន​ដើម​ទុន​អ្វី​យក​ទៅ​និយាយ​ជាមួយ​អាមេរិក បើ​ពិនិត្យ​លើ​ទំហំ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

កម្ពុជា​គ្មាន​តម្លៃ​មួយ​ណា យក​ទៅ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ទេ អ៊ីចឹង អត្រា​សម្ពាធ​នៃ​ការ​ចរចា មាន​លទ្ធផល​តិចតួច​បំផុត។ ហើយ​អ្វី​ដែល​កម្ពុជា អាច​ចរចា​បាន វា​ពាក់ព័ន្ធ​នឹង​សិទ្ធិសេរីភាព និង​លំហប្រជាធិបតេយ្យ។ ប្រសិនបើ​កម្ពុជា​បើក​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព អាហ្នឹង ជា​ជ្រុង​មួយ ក្នុង​ការ​យក​ទៅ​ចរចា។

—  លោក ប៉ោ មករា

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ប្រកាស​នៅ​ថ្ងៃ​ទី​១០​មេសា ថា កម្ពុជា​ទទួល​បាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​សហរដ្ឋអាមេរិក ហើយ​ថា ភាគី​ទាំង​ពីរ​នឹង​ជួប​ចរចា​គ្នា​ក្នុង​ពេល​ឆាប់​នេះ។ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា កម្ពុជា​អាច​បរាជ័យ​ច្រើន​ជាង​ជោគជ័យ ក្នុង​ការ​ចរចា​រឿង​ពន្ធ​ជាមួយ​សហរដ្ឋអាមេរិក ដោយសារ​កម្ពុជា​រង​ការ​រិះគន់​ថា លម្អៀង​ទៅ​ចិន​ដែល​ជា​សត្រូវ​របស់​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។