កូនប្រុសរបស់លោក លិម គិមយ៉ា គឺលោក លិម ថូម៉ាស់ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១០មេសាថា ក្រុមគ្រួសារបានជួបចៅក្រមនៃតុលាការទីក្រុងប៉ារីស ហើយចៅក្រមបានប្រាប់ពួកគាត់ថា នឹងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃនៅចុងសប្ដាហ៍នេះ ដើម្បីតាមដានសំណុំរឿងក្ដីអំពើឃាតកម្មលើអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា។
លោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ ឯកាឡា ផែណយ បាញ់សម្លាប់នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា។ ចំណែកជនសង្ស័យដែលជាជនជាតិខ្មែរ២នាក់ទៀត គឺលោក លី រតនរស្មី និង លោក ពេជ្រ គឹមស្រ៊ិន ដែលគេសង្ស័យថា កំពុងលាក់ខ្លួននៅកម្ពុជា គឺអាជ្ញាធរខ្មែរមិនទាន់ចាប់បញ្ជូនទៅឱ្យអាជ្ញាធរថៃនៅឡើយទេ។
គ្រួសារលោក លិម គិមយ៉ា អះអាងថា ឃាតកម្មនេះ ជារឿងនយោបាយ ដែលពាក់ព័ន្ធនឹងអ្នកមានអំណាចនៅកម្ពុជា។ ជាមួយគ្នានេះ ក្រុមគ្រួសារគ្រោងធ្វើបុណ្យខួបគម្រប់១០០ថ្ងៃនៃការស្លាប់របស់លោក លិម គិមយ៉ា នៅថ្ងៃទី២០មេសា ខាងមុខ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីឧទ្ទិសកុលដល់វិញ្ញាណក្ខន្ធ លោក លិម គិមយ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។