លោក ហ៊ុន ម៉ាណែត ថា ទស្សនកិច្ចមេដឹកនាំចិន នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែរឹងមាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) មក​កម្ពុជា​នៅ​ក្នុង​សប្ដាហ៍​នេះ នឹង​ក្លាយ​ជា​សារ​ជួយ​បញ្ជាក់​ថា ទំនាក់ទំនង​កម្ពុជា​និង​ចិន នឹង​បន្ត​រឹងមាំ​ដូច​ដើម។

លោក ហ៊ុន ម៉ាណែត ច្រានចោល​ការ​លើកឡើង​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន​កំពុង​ធ្លាក់​ចុះ ក្រោយ​មាន​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ចិន​បាន​ដកថយ ឬ​មិន​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណនតេជោ ដែល​មាន​តម្លៃ​ប្រមាណ ១​ពាន់ ៧រយ​លាន​ដុល្លារ។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​បែប​នេះ កាល​ពី​ថ្ងៃ​ទី​១២​មេសា។ លោក​បាន​អះអាង​ថា ប្រទេស​ចិន តែងតែ​គោរព​សិទ្ធិ​កម្ពុជា និង​មិន​លូកលាន់​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។

ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ឯកឧត្តម​ប្រធានាធិបតី​ចិន នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ទី​នេះ ក៏​ជា​សារ​បញ្ជាក់​បន្ថែម​ទៀត។ អ៊ីចឹង សូម​បញ្ជូន​ព័ត៌មាន​ទៅ​អស់​លោក​អ្នក​សារព័ត៌មាន​អន្តរជាតិ​ផ្សេងៗ ដែល​ធ្វើ​ការ​វិភាគ សូម​វិភាគ​ទៀត​ចុះ។ អ្វី​ដែល​ជាក់ស្ដែង ទំនាក់ទំនង​នៅ​តែ​បន្ត​រឹងមាំ ហើយ​ដើរ​ទៅ​តាម​គង្លង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

—  លោក ហ៊ុន ម៉ាណែត

ចំណែក​សារព័ត៌មានចិន ស៊ិនហួ (Xinhua) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤​មេសា​ថា លោក ស៊ី ជីនពីង ចាប់​ផ្ដើម​បំពេញ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម​ម៉ាឡេស៊ី និង​កម្ពុជា ពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃ​សុក្រ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​ជជែក​ពី​កិច្ចសហប្រតិបត្តិការ​បន្ថែម​នាពេល​ខាង​មុខ រវាង​ចិន​និង​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ រាប់​ចាប់​តាំង​ពី​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និង​ការ​ធ្វើ​ការងារ​ជាមួយគ្នា​ដើម្បី​ពង្រឹង​ការ​ជឿ​ទុក​ចិត្ត​គ្នា។

សារព័ត៌មាន​រដ្ឋ​ចិន​បន្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ​មហាសាល​របស់​ចិន ក្នុង​ការ​កសាង​សហគមន៍​មួយ​ជោគវាសនា​មួយ ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង ជាពិសេស​នៅ​ក្នុង​សម័យកាល​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា។

លោក ស៊ី ជីនពីង នឹង​បំពេញ​ទស្សនកិច្ច​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៨​ខែមេសា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។