នៅថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី មេធាវីរបស់លោក កឹម សុខា បានអំពាវនាវឱ្យតុលាការពន្លឿនការកាត់ក្ដីសំណុំរឿងលោក កឹម សុខា ឱ្យបានឆាប់រហ័ស និងដោះលែងលោកឱ្យមានសិទ្ធិធ្វើនយោបាយ ដើម្បីបំពេញភារកិច្ចជាមេដឹកនាំគណបក្សប្រឆាំងឡើងវិញ។
មេធាវីការពារក្ដីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បានឱ្យវិទ្យុអាស៊ីសេរីដឹងថា ក្នុងឱកាសឆ្នាំថ្មី លោក កឹម សុខា មិនបានជួបមុខសួរសុខទុក្ខម្ដាយដែលកំពុងមានជំងឺ និងមិនអាចចេញក្រៅផ្ទះធ្វើបុណ្យដាក់ទាន ហើយសូម្បីការសរសេរសារជូនពរជនរួមជាតិលើបណ្ដាញសង្គម ក៏លោក កឹម សុខា គ្មានសិទ្ធិធ្វើដែរ។
ប្រជាពលរដ្ឋខ្មែរយើងគឺសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ប៉ុន្តែគួរឱ្យសោកស្ដាយហើយក៏ដូចជានឹកអាណិតដល់ ឯកឧត្ដម កឹម សុខា ជាពន់ពេកណាស់ ដែលសូម្បីតែឱកាសរបស់គាត់ ចង់ទៅធ្វើបុណ្យ ឬមួយក៏ចង់គោរពប្រតិបត្តិម្ដាយរបស់គាត់ដែលមានវ័យកាន់តែជរា ហើយកំពុងតែមានជំងឺផង ហើយក៏គាត់អត់អាចទៅជួបជុំម្ដាយរបស់គាត់បាន។
— អ្នកស្រី ម៉េង សុភារី
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាអ្នកទោសនយោបាយម្នាក់ក្នុងចំណោមអ្នកទោសនយោបាយមនសិការចំនួន៦៤នាក់ទៀត ដែលបាត់បង់សិទ្ធិសេរីភាព ព្រោះការធ្វើសកម្មភាពនយោបាយ និងការបញ្ចេញមតិរបស់ខ្លួន។
លោក កឹម សុខា បាត់បង់សិទ្ធិស្ទើរគ្រប់យ៉ាងអស់រយៈពេលចំនួន ៧៧៥ថ្ងៃមកហើយ គិតចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ គឺ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឱ្យជាប់ឃុំ ២៧ឆ្នាំ នៅក្នុងផ្ទះ។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកស្រី មេធាវី ម៉េង សុភារី បានឱ្យដឹងថា សាលាឧទ្ធរណ៍បានសាកសួរដេញដោលលោក កឹម សុខា រួចរាល់អស់ហើយ នៅសល់តែការធ្វើសេចក្ដីសន្និដ្ឋានប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រីថា សាលាឧទ្ធរណ៍មិនទាន់បន្តនីតិវិធីទៀតនៅឡើយទេ បើទោះជាក្រុមមេធាវីបានដាក់លិខិតចំនួនពីរដងមកហើយ សុំឱ្យតុលាការជាន់ខ្ពស់មួយនេះចាត់ការបន្ត។
វិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺពីអ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ឃុន លាងម៉េង បានទេនៅថ្ងៃទី១៦ ខែមេសា។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ត្បិតលោក កឹម សុខា ជាប់ឃុំនៅក្នុងផ្ទះ ប៉ុន្តែលោកត្រូវអនុវត្តតាមការសម្រេចរបស់តុលាការ។
កុំឆ្ងល់អីពីព្រោះ កឹម សុខា គាត់គោរពទៅតាមបទបញ្ញត្តិរបស់តុលាការដែលបានកាត់សេចក្ដីគាត់រួចហើយ។ អត់ទេ អត់មានអ្នកណាលូកដៃចូលទៅចរចាអីកាត់សាលក្រមរបស់តុលាការបានទេ។
— លោក សុខ ឥសាន
ក្រុមប្រទេសលោកសេរីបានរំឭកទៅរដ្ឋាភិបាលត្រកូល ហ៊ុន ជាញឹកញាប់ ឱ្យទម្លាក់ចោលរាល់ករណីទាំងអស់ប្រឆាំងនឹងលោក កឹម សុខា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ។ អ្នកស្រី ម៉េង សុភារី ស្នើឱ្យដោះលែងលោក កឹម សុខា បើទោះជាធ្វើឡើងតាមផ្លូវតុលាការ ឬតាមផ្លូវនយោបាយក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។