តុលាការបង្ខំឱ្យលក់ផ្ទះលោក រ៉ុង ឈុន ដើម្បីសងជំងឺចិត្តទៅគណៈកម្មាធិការចម្រុះព្រំដែន

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រកាសជំហរថាលោកនៅតែបន្តធ្វើការងារដើម្បីជាតិនិងប្រជាពលរដ្ឋ ដោយមិនមានការរាថយឡើយ បើទោះបីជាតុលាការបង្ខំឱ្យលោកលក់ផ្ទះ ដោយអយុត្តិធម៌ក្ដី។

លោក រ៉ុង ឈុន បាន​ចាត់​ទុក​ចំណាត់​ការ​របស់​តុលាការ​នេះ​ថា ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដើម្បី​រាំង​ខ្ទប់​មិន​ឱ្យ​លោក​ធ្វើ​ការងារ​បម្រើ​ផល​ប្រយោជន៍​សង្គម​ជាតិ​បន្ត​ទៅ​ទៀត​។ លោក​ថា ការងារ​របស់​លោក​កន្លង​មក​ គឺ​ដើម្បី​សង្គម​ជាតិ​ និង​ប្រជាពលរដ្ឋ​ ហើយ​ពុំ​មែន​ជា​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។

យើង​មិន​អាច​ទទួល​យក​បាន​ទេ​វា​ជា​រឿង​អយុត្តិធម៌​ សម្រាប់​ខ្ញុំ​ ហើយ​បើ​គេ​ចង់​រឹប​អូស​ហើយ​អាហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច​ទេ មាន​តែ​ឱ្យ​គេ​យក​ទៅ​យើង​ក៏​មិន​ដឹង​ត្រូវ​ធ្វើ​ម៉េច​ដែរ​។ ពីព្រោះ​យើង​គ្រាន់​តែ​ចូល​រួម​កិច្ចការ​សង្គម​ ការងារ​នយោបាយ​ ហើយ​យើង​ចង់​ឱ្យ​សង្គម​យើង​មួយ​មាន​ប្រជាធិបតេយ្យ​ មាន​សេរីភាព​ពិតប្រាកដ​ ហើយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​មាន​ការ​ធ្វើ​ល្អ​ប្រសើរ​​ដូច​ជា​យើង​រួម​ចំណែក​ជួយ​រដ្ឋាភិបាល​អីចឹង​។

—  លោក រ៉ុង ឈុន

​ប្រតិកម្ម​របស់​លោក រ៉ុង ឈុន នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​អ្នក​ស្រី​ យី សុខវួច បាន​បង្ខំ​ឱ្យ​លោក​លក់​ផ្ទះ​របស់​លោក ​ដែល​មាន​ទំហំ​ទទឹង​៤​ម៉ែត្រ​ និង​បណ្ដោយ​១៦​ម៉ែត្រ​ និង​មាន​៤បន្ទប់ នៅ​ រាជធានី​ភ្នំពេញ​។ ​អ្នក​ស្រី យី សុខវួច ​បាន​បញ្ជាក់​នៅ​ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​២៧​ខែ​មីនា ដែល​លោក រ៉ុង ឈុន ទើប​តែ​ទទួល​បាន​​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣​ខែ​មេសា​ថា ការ​បង្ខំ​ឱ្យ​លក់​ផ្ទះ​នេះ​ គឺ​ដើម្បី​យក​ប្រាក់​សង​ទៅ​ដើម​បណ្ដឹង ដែល​ជា​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ ដែល​មាន​មេធាវី​២​រូប​ គឺ​ លោក​ ឈុត បូរ៉ាវុធ និង​ លោក គួន សារឿន ជា​តំណាង​ដើម​បណ្ដឹង​។

កាល​ពី​ថ្ងៃ​ទី​១៨​ខែ​សីហា​ឆ្នាំ​២០២១​ អ្នកស្រី យី សុខវួច ​បាន​ប្រកាស​សាលក្រម​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន កញ្ញា ស កណិការ និង​លោក តុន និមល រួមគ្នា​សង​សំណង​ការ​ខូច​ខាត ចំនួន ៤០០លាន​រៀល ឬ​ស្មើ​ប្រមាណ ១០ម៉ឺន​ដុល្លារ ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ពាក់ព័ន្ធ​នឹង​សេចក្ដី​ថ្លែងការណ៍​អំពី​បញ្ហា​របស់​កសិករ​ខ្មែរ ដែល​បាន​បាត់​បង់​ដីធ្លី​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ទៅ​ឱ្យ​ប្រទេស​វៀតណាម។

ចំណាត់ការ​របស់​តុលាការ​នេះ​គឺ​ស្រប​ពេល​ដែល​ លោក រ៉ុង ឈុន សកម្ម​ក្នុង​ការងារ​សង្គម​នឹង​នយោបាយ ដូច​ជា​​ការ​ចូល​រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​កម្លាំង​ជាតិ ចុះ​​ពង្រឹង​សកម្មជន​គណបក្ស​នៅ​តាម​មូលដ្ឋាន ​និង​ចុះ​ជួប​ពលរដ្ឋ​ដែល​មាន​​បញ្ហា​ដីធ្លី ​បញ្ហា​របស់​កម្មករ​និង​គ្រូបង្រៀន​ជាដើម​។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែន​ករុណា​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​វិធានការ​របស់​តុលាការ​នេះ​មិន​មែន​ជា​ការ​អនុវត្ត​​ច្បាប់​នោះ​ទេ​ គឺ​ធ្វើ​ឡើង​ដោយសារ​តែ​លោក រ៉ុង ឈុន ជា​មនុស្ស​លេចធ្លោ​ក្នុង​ការងារ​ជួយ​សង្គម​ជាតិ ដែល​ជា​ឆ្អឹង​ទទឹង​ក​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​។

បាទ​វា​ជា​ការ​ពិត​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​នយោបាយ​ សកម្មជន​សង្គម​បច្ចុប្បន្ន​ហ្នឹង​ យើង​ឃើញ​ហើយ​តុលាការ​គឺ​ជា​ឧបករណ៍​ គឺ​ជា​អាវុធ​មួយ​របស់​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ឬ​ជា​មេ​ដឹក​នាំ​បច្ចុប្បន្ន​ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គំរាមកំហែង បំបាក់​ស្មារតី​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ហ្នឹង​ឯង​បាទ។

—  លោក ស៊ឹង សែនករុណា

កាល​ពី​ខែ​សីហា ឆ្នាំ២០២១ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លិ សុខា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ​ ២ឆ្នាំ និង​បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ ២លាន​រៀល​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​បញ្ហា​​ប្រជាពលរដ្ឋ​ បាត់​បង់​ដីធ្លី​នៅ​ព្រំដែន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។

​ក្រៅ​ពី​ជាប់​ពន្ធនាគារ​និង​បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ​ហើយ លោក​ចៅក្រម​ លិ សុខា ក៏​បាន​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន កញ្ញា ស កណិកា និង​លោក តុន និមល សង​ការ​ខូច​ខាត​ចំនួន ៤០០លាន​រៀល ឬ​ស្មើ​ប្រមាណ ១០ម៉ឺន​ដុល្លារ​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ថែម​ទៀត។

កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​តម្កល់​សាល​ក្រម​តុលាការ​ជាន់​ទាប​មួយ​នេះ​ ដោយ​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​ពី ២ឆ្នាំ មក​នៅ​ត្រឹម​ជាង ១៥ខែ ហើយ​បាន​ដោះលែង លោក រ៉ុង ឈុន ចំណែក​ឯ​ទោស ដែល​នៅ​សល់​ត្រូវ​ព្យួរ។

លើស​ពី​នេះ​ លោក រ៉ុង ឈុន ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​មួយ​ទៀត​ ក្រោម​បទ «មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម​លើ​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ២០២៤ ដោយសារ​សកម្មភាព​ការងារ​របស់​លោក​។

លោក​ រ៉ុង ឈុន ​អះអាង​ថា ​បើ​ទោះ​បី​ជា​តុលាការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​រូប​លោក​ដោយ​អយុត្តិធម៌​បែប​នេះ​ក្ដី ​​ក៏​លោក​នៅ​តែ​ធ្វើ​ការងារ​ជួយ​ដល់​សង្គម​ជាតិ​ ពលរដ្ឋ និង​ការងារ​នយោបាយ​ទៅ​មុខ​ទៀត​ដោយ​មិន​ងាក​រេ​ឡើយ។ អតីត​សមាជិក​ជាន់ខ្ពស់​នៃ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់ ​គ.ជ.ប ​រូប​នេះ​ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​បាក់​ទឹក​ចិត្ត​ដោយសារ​តែ​វិធានការ​របស់​តុលាការ​មក​លើ​រូប​លោក​ ហើយ​ត្រូវ​បន្ត​ការងារ​របស់​ខ្លួន​ដើម្បី​ជួយ​សង្គម​ជាតិ​ទៅ​មុខ​ទៀត​៕​