មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិកជួបលោក ហ៊ុន ម៉ាណែត និងមន្ត្រីសង្គមស៊ីវិល

មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិកលោក ផល ហ្គ្រោវ (Paul Grove) បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជជែកពីទំនាក់ទំនង និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ មន្ត្រីអាមេរិករូបនេះ ក៏បានជួបមន្ត្រីសង្គមស៊ីវិល ស្ដាប់ពីទុក្ខកង្វល់របស់អ្នកការពារសិទ្ធិមនុស្សនៅក្នុងកម្ពុជា។

បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់ និង​សិទ្ធិមនុស្ស​នៅ​តែ​រឿង​សំខាន់​ដែល​សហរដ្ឋអាមេរិក​ចង់​ដឹង​ពី​កម្ពុជា។ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី២៥​ ខែ​មេសា​ថា មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លោក ផល ហ្គ្រោវ បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ស៊ុន ចាន់ថុល និង​មន្រ្តី​រដ្ឋាភិបាល​ដទៃទៀត​ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេ​ភាគី ទំនាក់ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់។ ក្រៅ​ពី​ជួប​ជាមួយ​ភាគី​រដ្ឋាភិបាល មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​រូប​នេះ ក៏​បាន​ជួប​ជាមួយ​មន្ត្រី​សង្គមស៊ីវិល រួម​ទាំង​អ្នក​ធ្វើ​ការ​ផ្នែក​សុខភាព​សាធារណៈ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ដែរ​ថា ជំនួប​នេះ ​បាន​ពិភាក្សា​ការងារ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អនាគត​រវាង​កម្ពុជា​-​សហរដ្ឋ​អាមេរិក។ ថ្មី​ៗ​នេះ សហរដ្ឋអាមេរិក​បាន​ប្រកាស​យក​ពន្ធ​លើ​ទំនិញរបស់​កម្ពុជា​ចំនួន ៤៩​ភាគរយ និង​យក​ពន្ធ​លើ​បន្ទះ​សូឡា​របស់​កម្ពុជា​ជាង​៣៥០០​ភាគ​រយ ហើយ​អាមេរិក​តែងតែ​បង្ហាញ​កង្វល់​ពី​វត្តមាន​យោធា​ចិន​នៅ​កំពង់ផែ​យោធារាម។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាន​ទេ​នៅ​ថ្ងៃ​ទី​២៥​ ខែ​មេសា។

រី​ឯ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ដែល​បាន​ជួប​លោក ផល ហ្គ្រោវ បាន​ឱ្យ​ដឹង​ថា លោក ផល ហ្គ្រោវ បាន​សួរនាំ​ពាក់ព័ន្ធ​ការ​ផ្ដាច់​ជំនួយ​USAID និង​បញ្ហា​មួយ​ចំនួន​ទៀត។ លោក នី សុខា បាន​ប្រាប់​ទៅ​លោក ផល ហ្គ្រោវ ថា ការ​ផ្ដាច់​ជំនួយUSAIDធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តួ​អង្គ​លើកកម្ពស់​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ លោក​ឱ្យ​ដឹង​ថា សមាគម​អាដហុក ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​បិទ​វិទ្យុអាស៊ីសេរី និង​វិទ្យុ​វីអូអេ។

កាលណា​ស្ថាប័ន​យើង​មាន​ផល​ប៉ះពាល់ អ៊ីចឹង​អ្នក​ទទួល​ផល​ដែល​យើង​បាន​ធ្វើ​រាល់​ឆ្នាំ ដូច​ជា​ការ​អប់រំ​ពង្រឹង​សិទ្ធិ​អំណាច ពង្រឹង​ប្រជាធិបតេយ្យ​ទៅ​ដល់​ជន​ងាយ​រងគ្រោះ​នៅតាម​មូលដ្ឋាន គឺ​ថា​យើង​ខកខាន​អត់​បាន​ធ្វើ​ដែល​មួយ​ឆ្នាំ​ៗ​យើង​ធ្វើ​រាប់​ម៉ឺន​នាក់។

—  លោក នី សុខា

លោក​ នី សុខា បាន​បញ្ជាក់​ថា លោក​បាន​ប្រាប់ទៅ​មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភា​អាមេរិក​ថា ​វិទ្យុ​អាស៊ីសេរី វិទ្យុ​វីអូអេ និង​អង្គការ​សង្គមស៊ីវិល គឺ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ នី សុខា ឱ្យ​ដឹង​ទៀត​ថា ​លោក ផល ហ្គ្រោវ បាន​ឆ្លើយតប​ថា​ លោក​​គាំទ្រ​ការ​​បង្ហាញ​កង្វល់​នេះ និង​សោកស្ដាយ​​ ហើយ​សន្យា​ថា លោក​នឹង​លើក​បញ្ហា​ទាំងនេះ​ទៅ​ប្រាប់​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។