លោក ហ៊ុន សែន បដិសេធសំណើសុំឱ្យសកម្មជនបក្សប្រឆាំងនៅក្រៅឃុំ

ប្រធានព្រឹទ្ធសភា និងជាមេបក្សកាន់អំណាច លោក ហ៊ុន សែន មិនយល់ព្រមឱ្យដោះលែងសកម្មជនបក្សប្រឆាំងបាននៅក្រៅឃុំឡើយ។ ជំហរនេះបានធ្វើឡើងក្រោយពេលមេដឹកនាំគណបក្សឆន្ទៈខ្មែរ បានជួបជជែកជាមួយលោក នៅវិមានព្រឹទ្ធសភា ថ្ងៃទី២៨ ខែមេសា ស្ដីពីស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ច។

បើទោះ​ជា​​ជំនួប​រវាង​​លោក ហ៊ុន សែន ជាមួយ​សមាជិក​ព្រឹទ្ធសភាបក្ស​ប្រឆាំង​បង្ហាញ​ភាព​ផ្អែមល្ហែម​ក្ដី ប៉ុន្តែ​មេ​បក្ស​កាន់​អំណាច​រូប​នេះ នៅ​តែ​មិន​ព្រម​ផ្ដល់​សេរីភាព​ដល់​សកម្មជន​បក្ស​ប្រឆាំងដែលជាប់ឃុំឡើយ។ ​លោក ហ៊ុន សែន បានត្រឹម​យល់​ព្រមឱ្យ​គណបក្ស​ឆន្ទៈខ្មែរ​ដាក់​លិខិត​សុំ​ចូល​សួរ​សុខ​ទុក្ខ អ្នក​ជាប់​ឃុំ​ទាំង​នោះនៅក្នុងពន្ធនគា។

សមាជិក​ព្រឹទ្ធសភាមក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មូនីកា បាន​ឱ្យ​វិទ្យុ​អាស៊ីសេរីដឹង​ថា នេះជាលើកទី២ហើយដែលសមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ បានស្នើ​ទៅ​ប្រធាន​ព្រឹទ្ធសភាលោក ហ៊ុន សែន ឱ្យដោះលែង​សកម្មជន​បក្ស​ប្រឆាំង​បក្ស​ប្រឆាំង។ ​ប៉ុន្តែ លោក​ថា លោក ហ៊ុន សែន មិន​បាន​ផ្ដល់​ចម្លើយ​​វិជ្ជមាន​ឡើយ។

លោកបានឱ្យ​ដឹង​ដែរថា ភាគី​គណបក្ស​ឆន្ទៈខ្មែរ ​ក៏​បាន​ស្នើ​ទៅ​​លោក​ ហ៊ុន សែន ​ឱ្យ​ជួយ​សម្របសម្រួល​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ អនុញ្ញាត​គណបក្ស​ឆន្ទៈខ្មែរ​អាច​ជួប​សួរសុខទុក្ខថ្នាក់ដឹកនាំ​ និង​សកម្មជន​របស់​ខ្លួន​ដែល​កំពុង​ជាប់​ពន្ធនាគារ​។ លោក គង់ មូនីកា អះអាង​ថា លោក ហ៊ុន សែន បាន​ប្រាប់​ឱ្យ​គណបក្ស​របស់​លោកឱ្យ​ដាក់​លិខិត​ម្ដង​ទៀត ដោយមិនមាន​អ្វី​​ធ្វើ​ឱ្យ​គណបក្ស​នេះ​មិនអាចចូល​សួរ​សុខទុក្ខ​​អ្នក​ជាប់​ឃុំឡើយ​។

ដោយ​ឡែក​ចំពោះ​រឿង​សហរដ្ឋអាមេរិក​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​កម្ពុជា ភាគី​គណបក្ស​ឆន្ទៈខ្មែរ បាន​បង្ហាញ​ក្ដី​បារម្ភ​រឿង​នេះ​ដែរ។ លោក គង់ មូនីកា ​អះអាង​ថា លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ករណីនេះកម្ពុជានឹងរងផល​ប៉ះពាល់​ខ្លះ ប៉ុន្តែ​ស្ថិត​ក្នុង​រយៈពេល​៩០ថ្ងៃ នៃ​ការចរចា​នេះ គឺ​ត្រូវរង់ចាំមើល ​ហើយរដ្ឋាភិបាលក៏បាន​ត្រៀម​ខ្លួន​​ដោះស្រាយ​បញ្ហានេះដែរ។

​លោក ហ៊ុន សែន បាន​ជជែក​គ្នា​ជាមួយ​មេដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​គឺ​លោក សុក ហាច លោក សេង ម៉ារឌី និងលោក ​គង់ មូនីកា​ នៅ​វិមាន​ព្រឹទ្ធសភា ថ្ងៃ​ទី២៨ ខែ​មេសា។ នេះ​ជា​ជំនួប​ប្រចាំ​ឆ្នាំ​លើក​ទី២ ​នៃ​គណបក្ស​ដែលមាន​សំឡេង​នៅ​ព្រឹទ្ធសភា។

យើង​បន្ត​ដំណើរ​ជាមួយ​គ្នា​ នៅ​ក្នុង​ព្រឹទ្ធសភា​ពហុបក្ស​ ក្រោមម្លប់​នៃ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ។

—  លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​

​នៅក្នុង​សំណេរ​ដ៏​វែងអន្លាយ​នេះ គ្មាន​ឃ្លា​មួយណា​ដែល​បញ្ជាក់​ថា លោក ហ៊ុន សែន ​មាន​ចេតនា ដោះស្រាយវិបត្តិនយោបាយឡើយ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​បាន​បង្កើន​ការ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ស្ទើរ​រាល់​ថ្ងៃ​ដែល​នៅពេល​នេះ​មាន​អ្នកទោស​មនសិការ​ជាង​៧០​នាក់​ហើយ​កំពុង​ជាប់​ឃុំ។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាជាតិ​តស៊ូ លោក គឹម សុខ យល់​ថា លោក ហ៊ុន សែន គ្មាន​បំណងចង់​ដោះស្រាយ​វិបត្តិ​នយោបាយ​​ឡើយ​ ប៉ុន្តែ​លោក ហ៊ុន សែន ត្រឹម​​យក​រូប​ភាព​នៃ​ជំនួបនេះ​ទៅ​បោកប្រាស់​សហគមន៍​អន្តរជាតិ។

លោក​ ហ៊ុន សែន ឆ្លើយ​ចោល​ទាំង​អស់​ គឺ​លោក ហ៊ុន សែន គ្មាន​គោលដៅ​សម្រួល​ស្ថានការណ៍​ឱ្យ​ប្រសើរ​ឡើង​ឡើយ។

—  លោក គឹម សុខ

អ្នកឃ្លាំមើល​នយោបាយ​ជំរុញ​ទៅ​លោក ហ៊ុន សែន គួរ​បង្ក​បរិយាកាស​ល្អ រួម​ទាំងបើក​លម្ហ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ​នៅ​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ​នៃ​ការ​ចរចា​សុំ​ឱ្យ​សហរដ្ឋអាមេរិក​បន្ធូរបន្ថយ​ការ​យកពន្ធ​លើ​ទំនិញ​កម្ពុជា​ចំនួន​៤៩​ភាគរយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។