នាវាចម្បាំងចិនឈ្មោះ ឆាងប៉ី សាន (Changbai Shan) បានដឹកកងទ័ពចិន និងសម្ភារៈយោធាសម្រាប់ធ្វើសមយុទ្ធបានចូលចតនៅកំពង់ផែមូលដ្ឋានទ័ពរាមតាំងពីថ្ងៃទី១២ឧសភា។
នៅថ្ងៃទី១៧ឧសភា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងឧបការីនាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនលោក លី ក្វាងឃុន បានធ្វើជាសហធិបតីប្រកាសបើកសមយុទ្ធនាគមាស២០២៥ ជាផ្លូវការ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង។
ហ្វេសប៊ុករបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានចុះផ្សាយដោយដកស្រង់សម្ដីរបស់លោក វង្ស ពិសេន ថា សមយុទ្ធនេះ បានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលគ្មានអ្នកណាអាចបំបែកបាន ហើយពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជានិងចិន នឹងពង្រីកទំហំកាន់តែធំ មានខ្លឹមសារកាន់តែស៊ីជម្រៅ ដោយចំនួនយោធិន និងយុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ។
កងទ័ពកម្ពុជាជាង១ពាន់ (១.៣៣១) នាក់ និងកងទ័ពរំដោះប្រជាជនចិនជាង៨រយ (៨៤៥) នាក់ មកពីជើងគោក ជើងទឹក និងជើងអាកាស។ សមយុទ្ធនេះ ធ្វើនៅទីតាំងពីរផ្សេងគ្នា ទី១ ការធ្វើសមយុទ្ធលើគោក និងលើអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ឬហៅថា ភ្នំជុំសែនរីករាយ និងទី២ សមយុទ្ធលើសមុទ្រ និងលើអាកាស ធ្វើនៅក្នុងខេត្តព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី០៦ឧសភាបានលើកឡើងថា សមយុទ្ធនេះ ធ្វើឡើងដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ផ្លាស់ប្ដូរបទពិសោធន៍ និងដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
សារព័ត៌មានគាំទ្ររដ្ឋាភិបាល ហ្វ្រែសញូវ (Freshnews) បានចុះផ្សាយដោយដកស្រង់សម្ដីមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាលោក ឥត សំរ៉ាត់ ថាសមយុទ្ធនេះ មិនមែនជាការគំរាមកំហែងប្រទេសណាមួយឡើយ។
កងទ័ពចិនបាននាំសព្វាវុធទំនើប ដូចជាមនុស្សយន្ត ឆ្កែយន្ត នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ឧទ្ធម្ភាគចក្រ រថពាសដែកកាំភ្លើងធំ និងកាំភ្លើងត្បាល់ជាដើម ខណៈកងទ័ពកម្ពុជា ក៏មានឧទ្ធម្ភាគចក្រ នាវា រថពាសដែក និងរថយន្តសង្គ្រោះជាដើម។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានមើលឃើញថា ការបន្តធ្វើសមយុទ្ធនាគមាសនៅពេលនេះ ហាក់មិនសូវអំណោយផលសម្រាប់កម្ពុជាទេ ដែលកំពុងចរចាស្នើសុំអាមេរិកបន្ធូរបន្ថយពន្ធ៤៩%។ លើសពីនេះលោកថា សមយុទ្ធនេះ កាន់តែបង្ហាញថា កម្ពុជាមិនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ដែលសង្ស័យថា កងទ័ពចិនអាចបោះទីតាំងឈរជើងនៅមូលដ្ឋានទ័ពរាម ដែលជាការកំរាមគំហែងដល់សន្តិសុខក្នុងតំបន់និងពិភពលោក។
ការបន្តធ្វើសមយុទ្ធទ្រុងទ្រាយធំ ដោយមានការប្រើប្រាស់អាវុធទំនើបៗ និងថ្មីៗផង វាកាន់តែឱ្យសហរដ្ឋអាមេរិក និងមជ្ឈដ្ឋានជាតិនិងអន្តរជាតិ មើលឃើញថា អាចដូចអ្វីដែលសហរដ្ឋអាមេរិកបានលើកឡើង ជុំវិញការចោទប្រកាន់ថា កម្ពុជាពិតជាផ្ដល់មូលដ្ឋានទ័ពរាមឱ្យចិនពិតប្រាកដ ថ្វីត្បិតកម្ពុជាឆ្លើយតបជាញឹកញាប់ថា ខ្លួនមិនបានផ្ដល់មូលដ្ឋានទ័ពឈរជើងដល់ប្រទេសណាមួយ។
— លោក សេង វណ្ណលី
កម្ពុជានិងចិនបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៦ ប៉ុន្តែកន្លងមកកម្ពុជាបានប្រកាសផ្អាកការធ្វើសមយុទ្ធនេះ កាលពីឆ្នាំ២០១៧ ដោយសារជាប់រវល់រៀបចំការបោះឆ្នោត និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការផ្អាកនៅក្នុងឆ្នាំ២០២១ និង២០២២ ដោយសារតែការផ្ទុះឡើងជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា បានយល់ឃើញថា ចិនបានបង្កប់នូវរបៀបវារៈនយោបាយ ក្នុងការធ្វើសមយុទ្ធយោធាជាមួយកម្ពុជាដើម្បីបង្ហាញពីអនុត្តរភាព ឬឥទ្ធិពលអំណាចរបស់ខ្លួន ក្ដោបក្ដាប់យកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ឬនៅអាស៊ីទាំងមូល ស្របពេលមានការប្រជ្រៀតខ្លួនរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលជាផ្លូវនាវាចរណ៍ដឹកទំនិញដ៏សំខាន់មួយរបស់ពិភពលោក។
ដូច្នេះទេ នៅពេលដែលមានការបង្កប់របៀបវារៈនយោបាយភូមិសាស្រ្ដនៅក្នុងហ្នឹង វាធ្វើឱ្យសហរដ្ឋអាមេរិកហ្នឹង មានការបារម្ភ និងដាក់ក្ដីកង្វល់លើប្រទេសកម្ពុជា។ អ្វីដែលកម្ពុជាអាចធ្វើបាន បន្តបើកលំហពាក់ព័ន្ធនឹងបញ្ហាកំពង់ផែសមុទ្ររាម ជាពិសេសកម្ពុជា ត្រូវបើកលំហចំពោះការធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសផ្សេង ជាពិសេសជាមួយសហរដ្ឋអាមេរិក។
— លោក ប៉ោ មករា
កម្ពុជាបានជូនដំណឹងទៅសហរដ្ឋអាមេរិក លុបចោលការធ្វើសមយុទ្ធប្រចាំឆ្នាំ «ឆ្មាំអង្គរ» តាំងពីឆ្នាំ២០១៧ បន្ទាប់ពីបានធ្វើសមយុទ្ធជាមួយគ្នាបាន៧លើក ផ្ដោតលើការពង្រឹងគ្រប់គ្រងគ្រោះមហន្តរាយ ជំនួយមនុស្សធម៌ និងការកែលម្អកិច្ចសហប្រតិបត្តិការរវាងយោធាទ្វេភាគី។
ទោះយ៉ាងណា កាលពីខែធ្នូ ឆ្នាំ២០២៤ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលោក វង្ស ពិសេន បានស្នើទៅមេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក សាមូអែល ផាផារ៉ូ ដើម្បីពិនិត្យលទ្ធភាពក្នុងការចាប់ផ្ដើមធ្វើសមយុទ្ធ «ឆ្នាំអង្គរ» ឡើងវិញ។ ការស្នើនេះ ត្រូវបានគេមើលឃើញថា ជាសញ្ញាវិជ្ជមាន ដើម្បីជួយឱ្យកម្ពុជារក្សាបានតុល្យភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងជាមួយចិន។
ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបយល់ព្រមណាមួយពីភាគីសហរដ្ឋអាមេរិកនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។