លោក ជូង ជូងី លើកឡើងក្នុងលិខិតចុះថ្ងៃទី ១៩ មីនាថា មូលហេតុនៃការស្នើសុំពន្យារពេលនេះ គឺដោយសារលោកត្រូវទៅពិនិត្យសុខភាពនៅប្រទេសថៃតាមការណាត់របស់គ្រូពេទ្យ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ មីនា។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងថា លោកយល់ស្របទៅតាមសំណើសុំរបស់លោក ជូង ជូងី ក្នុងការពន្យារពេលសវនាការ ក្រោមហេតុផលសុខភាពនេះ។
<i>អាហ្នឹង អាស្រ័យទៅលើខ្ញុំទេ បើខ្ញុំថា បើសវនាការបាន មិនបាច់មានមេធាវី អាហ្នឹងអូខេ។ ប៉ុន្តែខ្ញុំស្របទៅតាមការស្នើសុំរបស់លោកមេធាវី ព្រោះយើងត្រូវការមានមេធាវីក្នុងការការពារក្ដីឱ្យខ្ញុំ</i>
— លោក រ៉ុង ឈុន
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីសាកសួរបន្ថែមអំពីរឿងនេះបានទេ នៅថ្ងៃទី ២០ មីនា។
លោក រ៉ុង ឈុន បានប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោយការកំណត់ព្យួរទោសសាកល្បងរយៈពេល ៣ ឆ្នាំ បានបញ្ចប់។
ស្របពេលនៃការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅសាលាឧទ្ធរណ៍នេះ តុលាការក្រុងភ្នំពេញក៏បានបង្គាប់ឱ្យលោកបង់សំណងរួមគ្នាជាមួយសកម្មជន ២ នាក់ទៀត ដល់គណៈកម្មធិការចម្រុះកិច្ចការព្រំដែនជាទឹកប្រាក់ចំនួន ១ សែនដុល្លារអាមេរិក។ ក្នុងពេលជាមួយគ្នា តុលាការបានចោទប្រកាន់លោកមួយករណីទៀត គឺបទ «ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិមលើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលធ្វើឱ្យលោកប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៤ ឆ្នាំ។ ទោះជាយ៉ាងណា ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកច្បាប់វាយតម្លៃថា ក្ដីក្ដាំប្រឆាំងនឹងលោក រ៉ុង ឈុន នេះ គឺជាការធ្វើទុកបុកម្នេញផ្នែកនយោបាយ មិនមែនជាការអនុវត្តច្បាប់ដោយត្រឹមត្រូវនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។