សង្គមស៊ីវិលរិះគន់ការដោះលែងមន្ត្រីបក្សប្រឆាំងខុសនីតិវិធីរដ្ឋបាល

សង្គមស៊ីវិលរិះគន់មន្ត្រីពន្ធនាគារ ថាធ្វើខុសនីតិវិធីរដ្ឋបាល បន្ទាប់ពីដោះលែងមន្ត្រីបក្សប្រឆាំងទាំងកណ្ដាលយប់ស្ងាត់ ហើយបានដឹកពួកគេទម្លាក់ដល់ផ្ទះ ដើម្បីបញ្ចៀសកុំឱ្យសាច់ញាតិ បងប្អូន និងមិត្តភក្ដិទៅទទួលស្វាគមន៍នៅពន្ធនាគារ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី (KDO) លោក ស៊ឹង សែនករុណា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៤​មីនា ថា ការ​បញ្ចៀស​មិន​ឱ្យ​សាច់​ញាតិ និង​មិត្តិភក្ដិ​ទៅ​ទទួល​ស្វាគមន៍​ចំពោះ​ការ​មាន​សេរីភាព​ឡើង​វិញ​នៃ​អ្នក​ទោស​នយោបាយ និង​បង្ក​ការ​លំបាក​សម្រាប់​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ រួម​ទាំង​អ្នក​សារព័ត៌មាន មិន​បាន​ចុះ​ទៅ​ឃ្លាំមើល​និង​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​មុខ​ពន្ធនាគារ គឺ​ជា​រូបភាព​រឹតត្បិត​សេរីភាព។

គេ​មិន​ខ្វល់​ពី​នីតិវិធី​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​ទេ អ៊ីចឹង​ហើយ​បាន​ជា​យើង​រិះគន់​ថា ការ​ធ្វើ​អំពើ​មិន​ត្រឹមត្រូវ​ហ្នឹង​ហើយ ដែល​របប​ដឹកនាំ​នយោបាយ​បច្ចុប្បន្ន​ហ្នឹង តែង​ធ្វើ​អ្វី​ដោយ​កំបាំង ក្នុង​ទី​កំបាំង ខ្លាច​ការ​ពិត ដោយ​មិន​ហ៊ាន​បើក​ចំហ ឱ្យ​ប្រជាពលរដ្ឋ ឬ​អ្នក​គាំទ្រ​សេរីភាព​សារព័ត៌មាន ឬ​អ្នក​តាមដាន​បញ្ហា​សង្គម​និង​នយោបាយ អាច​ទទួល​បាន​នូវ​ការ​ផ្ដល់​ព័ត៌មាន​ពី​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដែល​កំពុង​រង​ទុក្ខ​ទោស គាប​សង្កាត់ និង​ការ​ឃុំ​ខ្លួន។

—  លោក ស៊ឹង សែនករុណា

ការ​លើកឡើង​នេះ បន្ទាប់​ពី​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ចំនួន​៣​រូប ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​អនុវត្ត​ទោស​គ្រប់​រយៈពេល​២​ឆ្នាំ​តាម​កាល​កំណត់ ប៉ុន្តែ​ការ​ដោះលែង​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា ធ្វើ​ឡើង​ខុស​ប្រក្រតី​នៃ​នីតិវិធី​រដ្ឋបាល​។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​លោក ឃៀង សុណាឌីន បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ មីនា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​។

មន្ត្រី​បក្ស​ប្រឆាំង​ទាំង​៣​រូប​នោះ រួម​មាន​ប្រធាន​ចលនា​យុវជន​គណបក្ស​ភ្លើង​ទៀន​លោក ខឿន វីរ៉ាត់ និង​អនុប្រធាន​ចលនា​ស្ដ្រី​គណបក្ស​ភ្លើង​ទៀន​អ្នកស្រី នូ សិទ្ធារី ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ព្រៃស​ដោះលែង​នៅ​កណ្ដាល​យប់​ម៉ោង​១​អធ្រាត្យ​ថ្ងៃ​ទី​២៤​មីនា ខណៈ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ចាម​លោក តូច ថឹង ក៏​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ក្នុង​ថ្ងៃ​ជាមួយ​គ្នា ប៉ុន្តែ​លោក​ត្រូវ​ដោះលែង​នៅ​ពេល​ព្រឹក ខុស​កាល​កំណត់​ដែល​ត្រូវ​ដោះលែង​នៅ​ម៉ោង​២​រសៀល​។

​លោក ខឿន វីរ៉ាត់ លើកឡើង​ថា លោក​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ដោះលែង​និង​ដឹក​ទៅ​ដល់​ផ្ទះ​នៅ​កណ្ដាល​យប់​ជ្រៅ។ លោក ខឿន វីរ៉ាត់ លើកឡើង​បែប​នេះ នៅ​ពេល​លោក​ទៅ​ស្រោច​ទឹក​នៅ​វត្ត​ធម្មត្រ័យ ហៅ​វត្ត​ព្រៃស ដោយ​មាន​ក្រុម​ថ្នាក់​ដឹកនាំ​និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​ទៅ​ជាមួយ នៅ​រសៀល​ថ្ងៃ​ទី​២៤​មីនា។

អរគុណ​ពន្ធនាគារ ដែល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដែល​ដោះលែង​ខ្ញុំ​នៅ​ម៉ោង​១​យប់​រំលង​អធ្រាត្យ យប់​ថ្ងៃ​ទី​២៤។ គាត់​ធ្វើ​ការ​បាន​ល្អ។

—  ​លោក ខឿន វីរ៉ាត់

សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ខឿន វីរ៉ាត់ លោក តូច ថឹង និងអ្នកស្រី នូ សិទ្ធារី ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​កាល​ពី​ចុង​ខែ​មីនា​ឆ្នាំ​២០២៣ ពី​បទ​ប្រើប្រាស់​លិខិត​ក្លែង​តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ ពាក់ព័ទ្ធ​នឹង​ការ​សុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ​កាល​ពី​ឆ្នាំ​២០២១។

លោក ខឿន វីរ៉ាត បាន​ប្រកាស​រក្សា​ជំហរ​ដដែល​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោកបន្តថា នឹង​ពិចារណា​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដែល​លោក​ចាត់ទុក​ថា ជា​គណបក្ស​មាន​ជំហរ​ច្បាស់លាស់ កើត​ចេញ​ពី​អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។