ព្រះសង្ឃខ្មែរក្រោមមួយអង្គ គឺព្រះតេជព្រះគុណ គឹម សំរិន្ទ គង់នៅវត្តអរុណរង្សី ខេត្តព្រះត្រពាំង ត្រូវអាជ្ញាធរវៀតណាម ចាប់ផ្សឹកនៅព្រឹកថ្ងៃទី២៧ ខែមីនា នៅផ្ទះញោមស្រីរបស់ព្រះអង្គ។ ចំណែកសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមពីរនាក់ផ្សេងទៀត គឺឈ្មោះ ថាច់ ង៉ា និង ថាច់ ស្វឹងដុង ក៏ត្រូវបានអាជ្ញាធរវៀតណាមចាប់ទៅឃុំខ្លួននៅមន្ទីរនគរបាលខេត្តព្រះត្រពាំង នៅព្រឹកថ្ងៃជាមួយគ្នា។
អ្នកភូមិជាមួយព្រះតេជព្រះគុណ គឹម សំរិន្ទ ប្រាប់អាស៊ីសេរីថា កាលពីវេលាម៉ោង៦ព្រឹក អាជ្ញាធរវៀតណាមបានចុះទៅសួររកព្រះតេជព្រះគុណ គឹម សំរិន្ទ ដល់ផ្ទះ ហើយក៏បានចូលទៅបន្ទប់ ដែលព្រះអង្គកំពុងសឹង រួចចាប់បកស្បង់ចីវរព្រះអង្គទាំងកម្រោល និងបង្ខំឱ្យស្លៀកពាក់ខោអាវ ដែលអាជ្ញាធរវៀតណាម រៀបចំយកមកតាមជាស្រេច។ លោកបន្តថា អាជ្ញាធរវៀតណាម ចាប់វាយខ្នោះដៃនិងចាប់ក្រៀកព្រះអង្គរុញចូលរថយន្តដឹកយកទៅមន្ទីរនគរបាលខេត្តព្រះត្រពាំង។
បាទ! មានការចែករំលែកខាងសៀវភៅសិទ្ធិមនុស្ស សៀវភៅសិទ្ធិជនជាតិដើម ហើយសៀវភៅពន្លឺ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង»។ លោក (ព្រះតេជព្រះគុណ គឹម សំរិន្ទ) ចែកចាយសម្រាប់អ្នកដែលត្រូវការចង់ដឹងថា សិទ្ធិមនុស្សម៉េចខ្លះ ចែករំលែកគ្មានគិតថ្លៃអីទេ ចែកដោយហ្វ្រី (Free) ហ្នុង។
— ពលរដ្ឋខ្មែរក្រោមសុំមិនបញ្ចេញឈ្មោះ
សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមទាំងបីអង្គ និងនាក់នេះ ត្រូវបានអាជ្ញាធរវៀតណាមចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ពាក់ព័ន្ធនឹងសកម្មភាពតស៊ូដើម្បីសេរីភាពជនជាតិដើមខ្មែរក្រោម និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង។
តាមបទចោទនេះ ព្រះតេជព្រះគុណ គឹម សំរិន្ទ និងយុវជនខ្មែរក្រោមខ្មែរទាំងពីរនាក់ ប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី៦ខែ ដល់៣ឆ្នាំ ប្រសិនបើរកឃើញថា មានទោស។
ចំណែកប្រពន្ធលោក ថាច់ ង៉ា គឺលោកស្រី ឡឹម ធីពុង លើកឡើងដែរថា អាជ្ញាធរវៀតណាមជាង១០០នាក់ បានមកដល់ផ្ទះលោកស្រីទាំងព្រឹកព្រលឹម ទាំងពេលប្ដីលោកស្រីមិនទាន់ក្រោកពីដំណេក។ លោកស្រីបន្តថា បន្ទាប់មកអាជ្ញាធរវៀតណាមជាង១០នាក់ បានសម្រុកចូលទៅចាប់ខ្លួនប្ដីលោកស្រីដល់ក្នុងមុង និងបានចាប់ទាញកអាវប្ដីលោកស្រីអូសទៅមុខផ្ទះ ហើយបានប្រាប់លោកស្រីឱ្យរៀបចំខោអាវសម្រាប់ប្ដី។ លោកស្រីបន្តថា អំឡុងពេលនោះ លោកស្រី និងកូនប្រុស បានយំអង្វរ ហើយកូនលោកស្រីបានចាប់ឱបជើងឪពុក កុំឱ្យអាជ្ញាធរវៀតណាម នាំខ្លួនទៅ ខណៈលោក ថាច់ ង៉ា ជាបង្គោលគ្រួសារ ដែលប្រកបរបរដើររើសអេតចាយ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។
ប្តីប្អូននៅ គឺដើរទិញអេតចាយ គេឱ្យអង្ករ ឱ្យបន្លែអីអ៊ីចឹងទៅ ដល់ប្តីមិននៅប្អូនចិញ្ចឹមកូន ហើយឥឡូវចាប់ប្តី។ ប្តីនៅផ្ទះទៅ ដើរទិញអេតចាយសន្សំសំចៃសងគេ។ ដល់ឥឡូវចាប់ទៅ ពីរនាក់ម៉ែកូនមិនដឹងធ្វើម៉េច។
— លោកស្រី ឡឹម ធីពុង
ចំណែកសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) នៅថ្ងៃទី ២៧មីនា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអាជ្ញាធរវៀតណាម ចំពោះការបន្តចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដោយសារតែការអនុវត្តសិទ្ធិរបស់ខ្លួនជាជនជាតិដើម។ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ដើម្បីឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃនិងសកម្មជនខ្មែរក្រោមជាបន្ទាន់វិញ។
ព្រះអង្គ គឹម សំរិន្ទ ជាព្រះសង្ឃខ្មែរក្រោម ដែលបានកសាងរូបឧកញ៉ា សឺន គុយ នៅដែនដីកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹកទាំងបង្ខំ រួចយកទៅឃុំឃាំងទាំងអយុត្តិធម៌។ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមលោក (ថាច់) ស្វឹងដុងនិងលោក ថាច់ ង៉ា ក៏ត្រូវអាជ្ញាធរវៀតណាមចាប់យកទៅឃុំឃាំង ក្រោយពីលោក ថាច់ ង៉ា និង ស្វឹងដុង ព្រមទាំងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមដទៃទៀត បានចូលរួមរៀបចំធ្វើពិធីទិវានារីអន្តរជាតិ ៨មីនា។
— នាយកគណៈកម្មការព័ត៌មាននៃKKF ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា
សាច់ញាតិបន្តថា អំឡុងពេលចុះចាប់ខ្លួន អាជ្ញាធរវៀតណាមក៏បានរឹបអូសយកសៀវភៅស្តីពី «សិទ្ធិជនជាតិដើម» សេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ទង់ជាតិខ្មែរកម្ពុជាក្រោម និងអាវយឺតដែលបង្ហាញពីអត្តសញ្ញាណខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។