ក្រុមប្រឹក្សាជាតិតស៊ូអំពាវនាវពលរដ្ឋផ្អាកសងបំណុលធនាគារ បើបាត់បង់ការងារនិងប្រាក់ចំណូល

ក្រុមប្រឹក្សាជាតិតស៊ូអំពាវនាវឱ្យពលរដ្ឋ ផ្អាកសងបំណុលទៅធនាគារ និងមីក្រូហរិញ្ញវត្ថុ អំឡុងពេលប្រឈមបាត់បង់ការងារ និងគ្មានប្រាក់ចំណូល ខណៈកម្ពុជា ប្រឈមការយកពន្ធ៤៩% ពីសហរដ្ឋអាមេរិក។ ការលើកឡើងនេះ ស្របពេលរដ្ឋាភិបាលប្រកាសថា នឹងចរចាជាមួយអាមេរិកឆាប់ៗនេះ។

សេចក្ដី​អំពាវនាវ​របស់​ក្រុមប្រឹក្សា​ជាតិ​តស៊ូ នៅ​ថ្ងៃ​ទី​០៩ មេសា លើកឡើង​ថា ការ​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅពេលនេះ មិន​មែន​ជា​កំហុស​របស់​ពលរដ្ឋ​ឡើយ តែ​ដោយសារ​ការ​ដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក​មួយ​ផ្នែក និង​មក​ពី​ការ​ដឹកនាំ​ផ្ដាច់ការ​ពុករលួយ​នៃ​រដ្ឋាភិបាល​ត្រកូល «ហ៊ុន» ។

អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​តស៊ូ លោក គឹម សុខ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១០​មេសា ថា កម្ពុជា​មាន​សង្ឃឹម​តិច ក្នុង​ការ​ចរចា​ទទួល​បាន​ជោគជ័យ ដើម្បី​សុំ​ឱ្យ​សហរដ្ឋអាមេរិក​បន្ធូរបន្ថយ​ពន្ធ ដោយសារ​មាន​ការ​រកឃើញ​ថា ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក ភាគ​ច្រើន​ផលិត​នៅ​ប្រទេសចិន ហើយ​បន្លំ​ដាក់​ស្លាក​សម្គាល់​ជា​ទំនិញ​កម្ពុជា និង​ដោយសារ​កម្ពុជា​ដឹកនាំ​បែប​ផ្ដាច់ការ និង​លម្អៀង​ទៅ​ប្រទេស​ចិន​កុម្មុយនិស្ដ។

ការ​ចរចា​ទ្វេភាគី រវាង​អាមេរិក​និង​កម្ពុជា កម្ពុជា​ក៏​នៅ​តែ​មាន​សង្ឃឹម​តិច ក្នុង​ការ​បាន​បន្ធូរបន្ថយ​ពន្ធ​ពី​សហរដ្ឋអាមេរិក ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ក្រុម​គ្រួសារ ហ៊ុន មិន​ធ្វើ​រឿង​៣​ដើម្បី​លួង​ចិត្ត​សហរដ្ឋអាមេរិក​ទេ។ ទី​១ ស្ដារ​ប្រជាធិបតេយ្យ ទី២ កម្ចាត់​ពួក​ម៉ាហ្វៀ ហើយ​និង​ទី៣ ធ្វើ​អព្យាក្រឹត​យោធា​ជាមួយ​បណ្ដា​រដ្ឋ​បរទេស ជាពិសេស ការ​ជម្រះ​ការ​សង្ស័យ​លើ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដែល​សហរដ្ឋអាមេរិក​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ចិន។

—  លោក គឹម សុខ

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ប្រកាស​ផ្អាក​ការ​អនុវត្ត​ពន្ធ​៤៩% ក្នុង​រយៈពេល​៩០​ថ្ងៃ ហើយ​អាមេរិក​គិត​ពន្ធ​ត្រឹម​តែ​១០% ជាបណ្ដោះអាសន្ន លើ​ទំនិញ​នាំចូល​ពី​កម្ពុជា និង​បណ្ដា​ប្រទេស​មួយ​ចំនូន​ទៀត លើកលែង​តែ​ប្រទេសចិន ដែល​សហរដ្ឋអាមេរិក​សម្រេច​យក​ពន្ធ​១២៥%។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ទី​១០មេសា បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​សម្របសម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ​ភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក។ លោក ហ៊ុន ម៉ាណែត បាន​ចាត់តាំង​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជា​ប្រធាន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ជា​អនុប្រធាន និង​សមាជិក​៧​នាក់​ផ្សេង​ទៀត។ ក្រុម​ការងារ​នេះ មាន​ភារកិច្ច​សម្របសម្រួល ចរចា និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-សហរដ្ឋអាមេរិក និង​ជំរុញ​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា សិក្សា​វាយតម្លៃ លើកយោបល់ និង​ធ្វើ​របាយការណ៍​នៃ​លទ្ធផល​ការងារ​ជូន​នាយក​រដ្ឋមន្ត្រី។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី​១០​មេសា។ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ធ្លាប់​អះអាង​ថា ការ​ដំឡើង​ពន្ធ​ពី​សហរដ្ឋអាមេរិក​លើ​ទំនិញ​កម្ពុជា អាច​បង្ក​ផល​ប៉ះពាល់​ដល់​កម្ពុជា។

អ្នក​ជំនាញ​ការបរទេស​ជំរុញ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត យក​រយៈពេល​៣​ខែនេះ កែលម្អ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ជា​បញ្ហា​សហរដ្ឋអាមេរិក​តែងតែ​លើកឡើង ដើម្បី​យក​ទៅ​ចរចា​សុំ​អាមេរិក​បន្ធូរបន្ថយ​ពន្ធ​៤៩​% វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។