ការបង្ហាញភាពស្និទ្ធស្នាលកាន់តែខ្លាំងរវាងបងប្អូនធម៌ទាំងពីរ គឺនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បង្កការព្រួយបារម្ភជាថ្មីដល់មន្ត្រីនិងសកម្មជនគណបក្សប្រឆាំងខ្មែរ ដែលភៀសខ្លួននៅក្នុងប្រទេសថៃ។
លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអ្នកស្រី ផេថងថាន ស៊ីណារ៉ាត់ នៅវិមានសន្ដិភាពថា នៅក្នុងជជែកគ្នា ប្រទេសទាំងពីរបានឯកភាពបន្តសហការគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការឆបោកតាមអនឡាណ និងការរត់ពន្ធទំនិញ រួមទាំងការពង្រឹងសន្ដិភាពនៅតាមព្រំដែន។ លោកបន្តថា នាយករដ្ឋមន្ត្រីថៃក៏បានយល់ស្រប ក្នុងការបន្តបង្ក្រាបលើក្រុមណាមួយ ដែលប្រើប្រាស់ទឹកដីកម្ពុជានិងថៃ ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលប្រទេសទាំងពីរ។
ខ្ញុំសូមអរគុណ នូវគោលនយោបាយរបស់ប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តគោលការណ៍នេះដួចគ្នា។
— លោក ហ៊ុន ម៉ាណែត
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើងខណៈអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៣ដល់២៤មេសា តបតាមការអញ្ចើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីប្រារព្ធខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ ក្រៅពីមានជំនួបជាមួយលោក ហ៊ុន ម៉ាណែត អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ក៏បានជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ប្រធានរដ្ឋសភាអ្នកស្រី ឃួន សុដារី និងចូលគាល់ព្រះមហាក្សត្រព្រះករុណាសម្ដេច នរោត្តម សីហមុនី។
ទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត ផ្សាយថា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ រដ្ឋាភិបាលប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន០៧ រួមមានកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលកម្ម អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន កិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) កិច្ចព្រមព្រៀងស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត កំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ និងលិខិតប្ដូរសារស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។
មន្ត្រីគណបក្សភ្លើងទៀនដែលភៀសខ្លួននៅប្រទេសថៃលោក លី ម៉េងឃៀង ប្រាប់អាស៊ីសេរីថា ជនភៀសខ្លួនខ្មែរ បានរងការបង្គ្រាបយ៉ាងចាស់ដៃ ចាប់តាំងពីអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រីថៃ ដោយសារត្រូវអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនទៅកម្ពុជាវិញ។
ពួកយើងជាជនភៀសខ្លួន ពិតជាសោកស្ដាយ ដែលរដ្ឋាភិបាលរបស់អ្នកស្រី ផេថងថាន តែងតែអនុវត្តតាមការស្នើសុំនិងការចង់បានរបស់រដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន។ អ៊ីចឹងហើយ គួរតែលោកស្រី គោរពច្បាប់អន្តរជាតិ (ស្ដីពីសិទ្ធិជនភៀសខ្លួន) ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
— លោក លី ម៉េងឃៀង
ជុំវិញបញ្ហានេះ នាយិកាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ីអ្នកស្រី អេឡែន ភាសុន (Elaine Pearson) លើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៣មេសាថា នាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលធ្វើដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញ គួរតែដាក់សម្ពាធឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់ការគាបសង្កត់ឆ្លងដែន ហើយគួរតែចាប់ផ្ដើមបើកទំព័រថ្មីក្នុងភាពជាដៃគូសហការគ្នា ដែលផ្អែកលើការគោរពសិទ្ធិមនុស្ស។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបញ្ជាក់ថា ការជួយសម្របសម្រួលគ្នារវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីប្រព្រឹត្តអំពើគាបសង្កត់ឆ្លងដែនលើអ្នកប្រឆាំង ដូចជាការវាយដំ ចាប់ជំរិត ការធ្វើឱ្យបាត់ខ្លួន ការចាប់បង្ខំបញ្ជូនមកកម្ពុជាវិញ រួមទាំងករណីធ្វើឃាតលើអតីតតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា កំពុងបំផ្លាញមុខមាត់ប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅក្នុងប្រទេសអូស្ដ្រាលី (KDO) លោក ស៊ឹង សែនករុណា លើកឡើងថា ស្របពេលរដ្ឋាភិបាលកម្ពុជានិងថៃនៅតែបង្កើនការគំរាមកំហែងជនភៀសខ្លួន ដែលជាសកម្មភាពមិនខ្វល់នឹងច្បាប់អន្តរជាតិ ដូច្នេះអង្គការសហប្រជាជាតិគួរពន្លឿនបញ្ជូនជនភៀសខ្លួនចេញពីប្រទេសថៃ ដើម្បីឱ្យពួកគេបានទៅជ្រកកោននៅប្រទេសទី៣។
នេះជាអ្វីដែលយើងចង់ឃើញ មានការចាត់វិធានការពន្លឿនករណីនេះឱ្យទាន់សភាពការណ៍ ដើម្បីជួយជនភៀសខ្លួនឱ្យរួចផុតពីការធ្វើទុក្ខបុកម្នេញ ពីការគំរាមកំហែង។
— លោក ស៊ឹង សែនករុណា
កាលពីខែវិច្ឆិកាឆ្នាំ២០២៤ អាជ្ញាធរថៃ បានចាប់ជនភៀសនយោបាយខ្លួនខ្មែរ៦នាក់ បញ្ជូនត្រឡប់មកកម្ពុជាវិញ បើទោះបីជាជនភៀសខ្លួនទាំងនោះ ត្រូវបានទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។