លោក រ៉ុង ឈុន បានចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ ជុំវិញបទចោទប្រកាន់មិនរាងចាលពាក់ព័ន្ធការញុះញង់នៅថ្ងៃទី២៣ ខែមេសា ដោយមានអ្នកគាំទ្រជាង៥០នាក់ តាមឃ្លាំមើលនៅក្រៅរបងតុលាការ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការបានសាកសួរលោក ពាក់ព័ន្ធការផ្ដល់បទសម្ភាសន៍របស់លោកឱ្យវិទ្យុអាស៊ីសេរីរឿងលោក ហ៊ុន ម៉ាណែត ចុះទៅខេត្តជាប់ព្រំដែនវៀតណាម ការទៅសម្ពោធទីស្នាក់ការគណបក្សកម្លាំងជាតិ នៅខេត្តកណ្ដាល និងសកម្មភាពរបស់លោក ដែលបានជួបពលរដ្ឋមានបញ្ហាដីធ្លីនៅតំបន់បឹងតាមោក និងនៅតំបន់ព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាល។ លោកបានឱ្យដឹងទៀតថា តុលាការបានសាកសួរលោក ម្ដងមួយករណីៗ ជុំវិញអង្គហេតុទាំង៤នេះ។
មើលទិដ្ឋភាពសវនាការនៅព្រឹកនេះ ខ្ញុំមានសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ឱ្យខ្ញុំហើយ បើយើងពិនិត្យមើលអង្គហេតុ និងអង្គច្បាប់ អត់មានអ្វីដែលកើតឡើងដូចការលើកឡើងនោះទេ អ៊ីចឹងខ្ញុំសង្ឃឹមថា នៅថ្ងៃទី៥ ខែឧសភា ម៉ោង៨ព្រឹក លទ្ធផលនឹងផ្ដល់យុត្តិធម៌ ផ្ដល់សេរីភាពដល់ខ្ញុំហើយតុលាការទម្លាក់បទចោទដល់រូបខ្ញុំ។
— លោក រ៉ុង ឈុន
លោក រ៉ុង ឈុន អាចនឹងទទួលបានយុត្តិធម៌នៅថ្ងៃទី០៥ ខែឧសភា ខាងមុខ ដែលជាថ្ងៃតុលាការគ្រោងប្រកាសសាលក្រម ប៉ុន្តែបើតុលាការរកឃើញមានទោស លោកអាចប្រឈមជាប់ពន្ធនាគារ០៤ឆ្នាំ។
នៅថ្ងៃដដែលនេះ តុលាការកំពូលបានបើកសវនាការ សំណុំរឿងសុំនៅក្រៅឃុំ របស់សកម្មជនចលនាមាតាធម្មជាតិចំនួនទាំង៥រូប។ សមត្ថកិច្ចពន្ធនាគារបានដឹកលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ចេញពន្ធនាគារផ្សេងៗ ពីតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ ចំណែកប្រពន្ធសកម្មជនខ្លះបានដឹកដៃកូនផង ពរកូនផងមកចូលរួមនៅក្នុងបន្ទប់សវនាការ។ យុវជនចលនាមាតាធម្មជាតិ បានស្នើសុំនៅក្រៅឃុំពេលនេះ ព្រោះអ្នកខ្លះត្រូវបន្តការសិក្សា និងព្យាបាលជំងឺ។ ចំណែកលោក យីម លាងហ៊ី សុំនៅក្រៅឃុំ ដើម្បីទៅមើលថែម្ដាយជាចុងក្រោយ ព្រោះម្ដាយកំពុងមានជំងឺមហារីកដំណាក់កាលទី៣។
ប្រពន្ធសកម្មជនបរិស្ថាន ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី បានលើកឡើងថា ប្ដីលោកស្រី និងយុវជនផ្សេងទៀត បានធ្វើការងារបរិស្ថាន ប៉ុន្តែ តុលាការបានចោទប្រកាន់ពួកគាត់ពីបទប្រមាថព្រះមហាក្សត្រ រួមគំនិតក្បត់។ លោកស្រីគ្មានសង្ឃឹមថា តុលាការអាចផ្ដល់យុត្តិធម៌ដល់ប្ដីលោកស្រី និងសកម្មជនផ្សេងទៀតឡើយ។
ខ្ញុំមិននឹកស្មានព្រោះគាត់ធ្វើការងារដើម្បីតែបរិស្ថាន ហើយចោទប្រកាន់ពួកគាត់ដល់ថ្នាក់រួមគំនិតក្បត់ ជារឿងអយុត្តិធម៌មែនទែន។ ពួកគាត់ជាសកម្មជនដែលស្រលាញ់បរិស្ថាន ហ៊ាននិយាយពីការបំផ្លិចបំផ្លាញរបស់អ្នកមានអំណាចមួយចំនួនដែលបំផ្លាញបរិស្ថាន។
— លោកស្រី ប៉ាត់ រស្មី
តុលាការកំពូលគ្រោងប្រកាសសាលដីកាលើសំណើសុំនៅក្រៅឃុំរបស់ក្រុមយុវជននៅថ្ងៃទី៣០ ខែមេសា ខាងមុខ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា សង្កេតឃើញថា អ្វីដែលលោក រ៉ុង ឈុន បាននិយាយ ជាទស្សនៈ និងជាការបញ្ចេញមតិ មិនមែនការប្រព្រឹត្តិបទញុះញង់ឡើយ។ ចំណែកសំណុំរឿងសកម្មជនមាតាធម្មជាតិវិញ តុលាការគួរផ្ដល់សេរីភាពឱ្យយុវជនទាំងនោះវិញ ព្រោះសកម្មភាពរបស់ក្រុមយុវជនបានធ្វើកន្លងមក ដើម្បីការពារបរិស្ថាន និងការពារផលប្រយោជន៍សង្គម។
ជាចុងក្រោយខ្ញុំនៅតែទទូចស្នើឱ្យតុលាការមេត្តាលោកពិចារណា នៅក្នុងការសម្រេចអ្នកទាំងអស់ហ្នឹងបានរួចផុតពីទុក្ខទោសទាំងអស់ហ្នឹងបានមានសេរីភាពឡើងវិញ នេះជារឿងមួយល្អសម្រាប់ដំណើរការអភិវឌ្ឍរបស់រដ្ឋាភិបាល។
— លោក នី សុខា
ក្រុមយុវជនដែលតុលាការបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំទាក់ទងបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ជាធនធានរបស់សង្គម និងជាយុវជនឆ្នើមការពារបរិស្ថាន។ កាលពីឆ្នាំ២០២៣ ប្រទេសស៊ុយអែត (Sweden) បានផ្ដល់ពានរង្វាន់កម្រិតអន្តរជាតិ Right Livelihood ឱ្យយុវជនចលនាមាតាធម្មជាតិ ថាជាអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានដ៏ឆ្នើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។