អ្នកស្រី ប៊ុន រ៉ានី ពី​អតីត​ប្រពន្ធ​ទាហាន​ខ្មែរ​ក្រហម​មក​ជា​ស្ត្រី​ទី១ និង​ជា​ម្ដាយ​នាយក​រដ្ឋមន្ត្រី

អ្នកស្រី ប៊ុន រ៉ានី និង​ជា​ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​ជា​ស្ត្រី​ទី​១ ដែល​មាន​ស្ថិត​ក្នុង​តួនាទី​រយៈពេល​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​។ ពេលនេះ​អ្នកស្រី​នៅ​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ស្រប​ពេលនេះ​អ្នកស្រី​ក៏​នៅតែ​ជា​ស្ត្រី​មាន​ឥទ្ធិពល​កំពូល​ដែរ​គឺជា​ម្ដាយ​នាយករដ្ឋមន្ត្រី​វិញ​ម្ដង​។ តើ​អ្នកស្រី ប៊ុន រ៉ានី មាន​ប្រវត្តិ​យ៉ាងណា​?

បើ​ទោះបី​ជា​ពេលនេះ​អ្នកស្រី ប៊ុន រ៉ានី លែង​ជា​ស្ត្រី ទី​១ ហើយ​ក្ដី​ក៏​ក្រុម​ពលរដ្ឋ​ចេញ​តវ៉ា​តាម​ដងផ្លូវ​នៅតែ​កាន់​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី អម​ជា​មួយរូប លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ដែរ។

អ្នកមាន​ជម្លោះដីធ្លី​នៅ​ភ្នំពេញ​ម្នាក់ លោកស្រី សឿន ស្រីសុត រៀបរាប់​ថា ក្រៅតែ​ពី​ជា​ប្រពន្ធ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អ្នកមាន​ឥទ្ធិពល​ជាងគេ​ហើយ លោកស្រី ប៊ុន រ៉ានី ក៏​ជា​ស្ត្រី ដែល​ស្ត្រី​រងគ្រោះ​ចង់​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ពួកគាត់​។ តែ​ទោះជា​យ៉ាងណា​លោកស្រី​ថា​ពលរដ្ឋ​ជួប​អយុត្តិធម៌​មិន​ធ្លាប់​បាន​លទ្ធផល​ល្អ​ទេ។

លោកស្រី សឿន ស្រីសុត៖ «មិនដែល​ឃើញ​គាត់​ដោះស្រាយ​អ្វី​ដល់​ប្រជាពលរដ្ឋ ដែល​មាន​វិវាទ​ដីធ្លី​ទេ តែ​ខ្ញុំ​កាន់​នេះ​ដោយសារ​គាត់​ជា​ប្រពន្ធ​នាយករដ្ឋមន្ត្រី ហើយ​ណាមួយ​គាត់​ក៏​ជា​ស្ត្រី​មួយ​រូប​ដែរ ដើម្បី​ឱ្យ​គាត់​មើលឃើញ​ពី​ការឈឺចាប់​របស់​ស្ត្រី ដែល​រងគ្រោះ​ដោយ​ការ​រំលោភបំពាន»។

នេះ​សបញ្ជាក់​ឱ្យឃើញ​ថា អតីត​ស្ត្រី​ទី​១ និង​ជា​ម្ដាយ​នាយករដ្ឋមន្ត្រី​រូប​នេះ នៅតែ​សំខាន់ ដែល​ពលរដ្ឋ​គិតថា​អាច​មាន​ឥទ្ធិពល​នៅក្នុង​សង្គម និង​នយោបាយ​កម្ពុជា បើទោះ​ជា​មិន​សម​ប្រកប​ដូច​បំណង​របស់​ពួកគាត់​ក្ដី។

អ្នកស្រី ប៊ុន រ៉ានី ដែល​មាន​ឈ្មោះ​ដើម ប៊ុន សាម​ហ៊ាង ជា​កូន​កសិករ​កើត​នៅ​ឆ្នាំ ១៩៥៤ នៅ​ភូមិ​ទី ២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម​។​។ ម្ដាយ​ឈ្មោះ ប៊ុន ស៊ាងលី និង​ឪពុក​ឈ្មោះ លីន គ្រី​។ អ្នកស្រី​ជា​កូន​ទី​៥ ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន ៦​នាក់។

អ្នកស្រី​រៀន​ចប់​មធ្យមសិក្សា​ក្នុង​ឆ្នាំ ១៩៧០ និង​ធ្លាប់​ជា​គ្រូពេទ្យ​ទាហាន​ខ្មែរក្រហម មុននឹង​ក្លាយជា​ប្រពន្ធ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។

ភ្លាមៗ​នៅ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​សីហនុ​ពី​អំណាច​នៅក្នុង​ឆ្នាំ ១៩៧០ និង​ការ​អំពាវនាវ​ឱ្យ​ចូល​ព្រៃម៉ាគី អ្នកស្រី ប៊ុន រ៉ានី ឬ ប៊ុន សាម​ហ៊ាង បាន​រត់​ចូល​ព្រៃ​។ អ្នកស្រី​បាន​ប្រើ​ឈ្មោះ ប៊ុន ភី នៅ​ពេល​រៀន​ពេទ្យ នៅ​អំឡុង​ឆ្នាំ ១៩៧១ ដល់​ឆ្នាំ ១៩៧២ និង​បន្ត​រហូតដល់​របប​ខ្មែរក្រហម​។​

ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា ប៊ុន រ៉ានី ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា អ្នកនិពន្ធ​គឺ​លោក ឆាយ សុផល រៀបរាប់​ថា ប៊ុន ភី បាន​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​កងទ័ព​ព្រៃ​ខ្មែរក្រហម​មានការ​ប្រើប្រាស់​អាវុធ លូន​ក្រាប រត់ បាញ់កាំភ្លើង បោក​គ្រាប់បែក ជីក​លេណដ្ឋាន និង​របៀប​វាយឆ្មក់​ជាដើម។

ជាមួយគ្នា​នោះ អ្នកស្រី​ក៏បាន​រៀន​វិជ្ជាពេទ្យ​ដែល​ចេះ​ចាក់​ថ្នាំ និង​ព្យាបាល​អ្នករបួស​ពី​សមរភូមិ​ប្រយុទ្ធ។

ភរិយា​បុរស​ខ្លាំង លោក ហ៊ុន សែន

អ្នកស្រី ប៊ុន រ៉ានី បាន​រៀបការ​ជាមួយ​លោក ហ៊ុន សែន នៅ​ឆ្នាំ១៩៧៦ រៀបចំ​ដោយ​អង្គការ​ក្នុង​របប​ខ្មែរក្រហម។

រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី ដែល​លោក ហ៊ុន សែន ឱ្យ​គេ​បង្កើត ដោយ​អះអាង​ថា ដើម្បី​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក​ឱ្យដឹង​ថា​អ្នក​ទាំង​២ បាន​ជួបគ្នា​នៅ​ឆ្នាំ ១៩៧៤ នៅពេល​លោក ហ៊ុន សែន ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​ក្រូចឆ្មារ។

អ្នកស្រី​មានកូន ៥​នាក់ គឺ​កូនច្បង លោក ហ៊ុន ម៉ាណែត កូន​ទី​២ អ្នកស្រី ហ៊ុន ម៉ា​ណា ទី​៣ លោក ហ៊ុន ម៉ានិត ទី​៤ លោក ហ៊ុន ម៉ានី និង​ទី​៥ អ្នកស្រី ហ៊ុន ម៉ាលី ព្រមទាំង​មានកូន​ចិញ្ចឹម​ម្នាក់ គឺ​អ្នកស្រី ហ៊ុន ម៉ាលីស។

កាល​នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រយៈពេល​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន ធ្លាប់​លើកឡើង​ថា ភរិយា​របស់​លោក​ជា​ចំណែក​ក្នុង​ភាព​ជោគជ័យ​របស់​លោក​។ តែ​ទោះជា​យ៉ាងណា​មិន​ធ្លាប់​មានការ​អះអាង​ថា អ្នកស្រី ប៊ុន រ៉ានី បាន​ចូលរួម​ផ្ដល់​យោបល់ ឬ​ជួយ​អ្វីខ្លះ​ដល់​ប្ដី ដែល​មាន​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ទេ​។ ផ្ទុយទៅវិញ​ក្នុងនាម​ជា​បុរស​ខ្លាំង លោក ហ៊ុន សែន តែង​ប្រកាស​ការពារ​កូន​ប្រពន្ធ​ពី​ការប្រមាថ ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំងអស។

លោក ហ៊ុន សែន៖ «ហេតុ​អី​បានជា​ប្រពន្ធ​ខ្ញុំ​ក្លាយជា​ប្រពន្ធ​មេដឹកនាំ​បរទេស​។ កូនប្រុស​បង្កើត​របស់​ខ្ញុំ ដែល​កម្សត់កម្រ​នៅក្នុង​គុក​របស់​អាពត​ក្លាយទៅជា​កូន​របស់​វៀតណាម​។ អ្នកឯង​ត្រូវ​យល់​រឿង​ហ្នឹង​មួយ​ខ្ញុំ​អត់​អាច​អត់ឱន​ឱ្យ​បានទេ​។ ដាច់ខាត​ហើយ ទោះបី​ផែនដី​ត្រូវ​រលាយ​ក៏​រលាយ​ទៅ»។

ប្រធាន​កាកបាទក្រហម ដែល​រង​ការ​រិះគន់​ថា រើសអើង​នយោបាយ

អ្នកស្រី ប៊ុន រ៉ានី បានធ្វើ​ប្រធាន​កាកបាទក្រហមកម្ពុជា ជា​អង្គការ​មនុស្សធម៌​ធំជាង​គេ​នៅ​កម្ពុជា តាំងពី​ឆ្នាំ ១៩៩៨ នៅ​ក្រោយ​ពេល លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្ដេច​ក្រុមព្រះ​នរោត្ដម​រណឫទ្ធិ ពី​នាយករដ្ឋមន្ត្រី​ទី​១ កាលពី ឆ្នាំ​១៩៩៧។

អ្នកស្រី ប៊ុន រ៉ានី តែងតែ​ចេញមុខ​ប្រកាស​ថា កាកបាទក្រហមកម្ពុជា​តែង​ជួយ​ជនរងគ្រោះ​មិន​រើសមុខ​។ ជាអាទិ៍​ក្នុង​ឆ្នាំ​២០១៨​អ្នកស្រី​ប្រកាស​ថា អង្គការ​នេះ​ជួយ​ដល់​ពលរដ្ឋ​គ្រប់រូប​។​

អ្នកស្រី ប៊ុន រ៉ានី៖ «សូមមេត្តា​បន្ត​ជួយ​គាំទ្រ​ដល់​កាកបាទក្រហម ដើម្បី​ឱ្យ​សមាគម​ជាតិ​មួយ​នេះ​មាន​សមត្ថភាព និង​លទ្ធភាព​ក្នុង​ការ​ផ្ដល់សេវា​មនុស្សធម៌​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ផ្ដល់​ក្ដី​សង្ឃឹម​ដល់​អ្នក​ងាយ​រងគ្រោះ​បំផុត​ដូច​ពាក្យ​ថា​កណ្ដាល​បរិបទ​កម្ពុជា​គឺ​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់គ្នា មិន​ទុក​នរណា​ម្នាក់​ចោល»។

ទោះជា​យ៉ាងណា រយៈពេល​ជាង ២០​ឆ្នាំ មកនេះ ប្រធាន​កាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុន រ៉ានី រង​ការរិះគន់​ជាច្រើន​ថា រើសអើង និង​មើល​រំលង​អ្នករងគ្រោះ​ពិសេស​ស្ត្រី ដែល​មាន​និន្នាការ​មិន​ស្រប​បក្ស​ប្រជាជន​កម្ពុជា ហើយ​ថែមទាំង​ឆ្លៀត​ប្រើប្រាស់​ស្ថាប័ន​មនុស្សធម៌​នេះ បម្រើ​ប្រយោជន៍​គណបក្ស​របស់​ប្ដី​អ្នកស្រី​ថែមទៀត។

ជាមួយគ្នានេះ​ក្រុម​ស្ត្រី​រងគ្រោះ​បញ្ហា​ដីធ្លី ក្រុម​ស្ត្រី​កម្មករ សហជីព ស្ត្រី​អ្នកការពារ​សិទ្ធិមនុស្ស ក្រុម​ស្ត្រី​ប្រពន្ធ​មន្ត្រី និង​សកម្មជន​បក្សប្រឆាំង​ក៏​រិះគន់​អ្នកស្រី ប៊ុន រ៉ានី ថា មិន​បាន​អើពើ ឬ​ទុក​ពួកគេ​ចោល​មិន​យកចិត្តទុកដាក់ ដែល​មិន​សម​នឹង​ងារ​ជា​ស្ត្រី​ទី​១​របស់​កម្ពុជា​ទេ​។​

អតីត​ប្រធាន​អង្គការ​សីល​ការ អ្នកស្រី ធីតា ឃិះ ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​ស្ត្រី​ថ្លែង​ថា អ្នកស្រី​ប៊ុន រ៉ានី អ្នកស្រី ប៊ុន រ៉ានី ពុំបាន​ប្រើប្រាស់​សក្ដានុពល​នៃ​តួនាទី​ជា​ស្ត្រី​ទី​១ ដើម្បី​ជួយ​លើកស្ទួយ​ស្ត្រី​ខ្មែរ និង​កិច្ចការ​សង្គម​ឡើយ​។ ម្យ៉ាង​ប្រហែល​មកពី​ស្ត្រី​ទី ១ រូបនេះ​រវល់​ចំណាយពេល​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ជួយ​ដល់​អ្នកមាន​មុខមាត់ និង​ក្រុម​ឈ្មួញ ដើម្បី​ឱ្យ​អាជីវកម្ម​រកស៊ី​របស់​ពួកគេ​ដំណើរការ​រលូន​ពុំ​ជួប​ឧបសគ្គ។

ផ្ទុយ​ពីនេះ អ្នក​នៅ​ក្រោម​ឱវាទ​ចាត់ទុក​ប្រធាន​កាកបាទក្រហម​រូប​នេះ​អ្នកស្រី​ថា​ជា​មេដឹកនាំ​ល្អ មានគុណ​ធម៌ មាតា​មនុស្សធម៌​។​

អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា អ្នកស្រី ម៉ែន នារីសោភ័គ លើកឡើងថា​អ្វីៗ​ល្អៗ របស់​អ្នកស្រី ប៊ុន រ៉ានី មាន​សរសេរ​នៅក្នុង​សៀវភៅ​ជាច្រើន​មក​ហើយ​។​

ការ​បាញ់​សម្លាប់ ពិសិដ្ឋ ពី​លីកា ព្រោះ​ស្នេហា​ត្រីកោណ

អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប់​ឈ្មោះ​ជា​ស្ត្រី​មិន​ស្អាតស្អំ គឺ​ជាប់​សង្ស័យ​ថា នៅ​ពីក្រោយ​ឃាតកម្ម​តារាភាពយន្ត និង​ជា​នាដ​ការី​ឯក​ផ្នែក​របាំ​បុរាណ អ្នកស្រី ពិសិដ្ឋ ពី​លីកា ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ចំនួន ៣​គ្រាប់ កាលពី​ថ្ងៃទី ៦ ខែ​កក្កដា ឆ្នាំ ១៩៩៩ នៅ​ម្ដុំ​ផ្សារ​អូរឫស្សី ក្រុងភ្នំពេញ។

កាលនោះ ទស្សនាវដ្ដី​បារាំង ឡិច​ស្ព្រេ​ស (L'Express) បាន​ចោទ​ចំៗ​ថា អ្នកស្រី ប៊ុន រ៉ានី ភរិយា លោក ហ៊ុន សែន គឺជា​អ្នកបញ្ជា​ឲ្យ​គេ​សម្លាប់ អ្នកស្រី ពី​លីកា​។ ឡិចស្ព្រេស​សំអាង​លើ​សៀវភៅ​កំណត់ហេតុ​របស់​អ្នកស្រី ដែល​រៀបរាប់​រឿងរ៉ាវ​ស្នេហា​របស់​អ្នកស្រី កំណាព្យ​ស្នេហា​សរសេរ​ដោយ​ដៃ​លោក ហ៊ុន សែន ផ្ទាល់ ផ្ញើឱ្យ​អ្នកស្រី​។ រួម​ជាមួយ​វត្ថុ​តាង​មួយចំនួន ដែល​លោក ហ៊ុន សែន បន្សល់ទុក​នៅផ្ទះ​មួយ​នៅ​តាខ្មៅ​ទី​ដែល​ដៃគូ​ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍​នេះ​តែង​ជួបគ្នា​។​

ភ្លាមៗ​នោះ ទាំង​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី បាន​បដិសេធ​ការចោទប្រកាន់​ហើយ​ចោទ​បក​វិញ​ថា​ទស្សនាវដ្ដី​នេះ​មាន​ចេតនា​នយោបាយ ថែមទាំង​បាន​គំរាម​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​។ ប៉ុន្តែ​មកដល់ពេលនេះ លោក​មិនដែល​ដាក់ពាក្យ​ប្ដឹង​ទេ​។ អ្នកស្រី ពិសិដ្ឋ ពី​លីកា បាន​កត់ត្រា​ទុក​ដែរ​ថា​មានការ​គំរាម​ផ្ដាច់ផ្ដិល​ជីវិត​ពី​អ្នកស្រី ប៊ុន រ៉ានី ទៅតាម​ការ​លួច​ឲ្យ​ដឹង​ពី​លោក ហុក ឡង់ឌី ជា​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​។ ជាមួយគ្នា​នេះ អ្នកស្រី ពិសិដ្ឋ ពិ​លីកា ថា​លុយ​របស់​គាត់​នៅ​ធនាគារ​កាណាឌីយ៉ា ក៏ត្រូវ​គេ​បិទ​មិន​អោយ​ដំណើរការ​ព្រោះ​មាន​បញ្ជា​ពី​អ្នកស្រី ប៊ុន រ៉ានី ដោយ​សំអាង​ថា លុយ​នោះ​ជា​លុយ​របស់​ប្តី​គេ​។ ចំណែក​ក្មួយ​ស្រី​របស់​អ្នកស្រី ពិសិដ្ឋ ពី​លីកា ដែល​រងរបួស​ដៃ ដេក​ទន្ទឹម​នឹង​អ្នកស្រី​ក្នុង​រថយន្ត​សង្គ្រោះ ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​អះអាង​ប្រាប់​ទស្សនាវដ្ដី​បារាំង​ថា អ្នកស្រី ពិសិដ្ឋ ពិ​លីកា ខំ​ត្រដរ​និយាយប្រាប់​នាង ដោយ​ចុច​ឈ្មោះ​ចំ​ថា គឺ​អ្នកស្រី ប៊ុន រ៉ានី ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​បាញ់ប្រហារ​នេះ​។ រីឯ​អតីត​ស្នងការ​ក្រុងភ្នំពេញ លោក ហេង ពៅ ក៏​ធ្លាប់​បញ្ជាក់​ថា រឿងរ៉ាវ​អំពី​អ្នកស្រី ប៊ុន រ៉ានី ថា​ជា​អ្នកបញ្ជា​ឲ្យ​គេ​បាញ់សម្លាប់​អ្នកស្រី ពិសិដ្ឋ ពី​លីកា គឺជា​រឿង​ពិត។

អ្នកស្រី ប៊ុន រ៉ានី ដែល​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លះ​ក្នុង​វ័យ​៧០​នៅ​ឆ្នាំនេះ ក៏​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ ថា​ប្រើប្រាស់​សម្ភារៈ​ផ្ទាល់ខ្លួន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ស្របពេល​ប្ដី​អ្នកស្រី គឺ​លោក ហ៊ុន សែន ក៏​ពាក់​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ នៅ​គ្រា​ដែល​ពលរដ្ឋ​រាប់​លាន​នាក់​រស់ក្នុង​ភាព​ក្រីក្រ អត់ឃ្លាន ចំណែក​រដ្ឋាភិបាល​ក៏​ជំពាក់​បំណុល​បរទេស​រា​ប់​ពាន់​លាន​ដុល្លារ។

ផ្អែកលើ​ចំណុច​ទាំងនេះ បង្ហាញថា​អ្នកស្រី ប៊ុន រ៉ានី ទំនង​មិនមែន​គំរូ​ល្អ​សម្រាប់​កុមារី​ខ្មែរ និង​ជា​ស្ត្រី​ទី​១ ជា​ម្ដាយ​នាយករដ្ឋមន្ត្រី ដែល​ជាទី​ពេញចិត្ត ជា​ទីគោរព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។