អតីតមេដឹកនាំចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានបោះបង់ចោលសមរភូមិនយោបាយប្រឆាំង ហើយងាកទៅបម្រើក្រុមដែលលោកធ្លាប់ហៅថា ជាជនផ្ដាច់ការនោះទៅវិញ។ ការប្ដូរជំហរនេះបានធ្វើឱ្យលោកក្លាយជាអ្នកធំ មានជីវិតហ៊ឺហាភ្លាមមួយរំពេច។ តើលោក យឹម ស៊ីណន មានប្រវត្តិយ៉ាងណា?
លោក យឹម ស៊ីណន បានឡើងរាសីខ្ពស់ត្រដែត ចាប់ពីពាក់កណ្ដាលឆ្នាំ២០២៣ មក។ លោកគឺជារដ្ឋលេខាធិការនៃក្រសួងការងារ ប៉ុន្តែឋានៈធំនេះបានមកដោយសារការដាក់ខ្លួនជាអ្នកបម្រើនយោបាយឱ្យអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មិនមែនដោយសារការតស៊ូនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។
ក្នុងកិច្ចពិភាក្សាមួយនៅទូរទស្សន៍ BTV ដែលជារបស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីលោក ហ៊ុន សែន កាលពីឆ្នាំ២០២៣ លោក យឹម ស៊ីណន ធ្លាប់លើកឡើងថា ការបានបម្រើលោក ហ៊ុន សែន ជាកិត្តិយសដ៏ក្រៃលែងសម្រាប់ជីវិតរបស់លោក។
លោក យឹម ស៊ីណន៖«ភាពជោគជ័យរបស់សម្ដេច មានលក្ខណសម្បត្តិរបស់គាត់ពេញលេញ។ ដូចខ្ញុំធ្លាប់លើកឡើងថា គាត់ប្រៀបបាននឹងនាគរាជ ១ ពាន់ឆ្នាំមានម្ដង មានតែមួយទេ គឺគ្រប់លក្ខណៈនៃមេដឹកនាំ។ គាត់អាចធ្វើការគ្រប់ស្រទាប់»។
នៅមុនការបញ្ចើចបញ្ចើលោក ហ៊ុន សែន ដល់កំពូលនេះ លោក យឹម ស៊ីណន ធ្លាប់ជាអ្នកប្រឆាំង និងរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ថា មេដឹកនាំផ្ដាច់ការ។
លោក យឹម ស៊ីណន៖«ជាង ៤០ ឆ្នាំមកនេះ លោក ហ៊ុន សែន នៅតែបង្កើតសង្វៀននយោបាយហៅថា សង្វៀននយោបាយប្រជាធិបតេយ្យហ៊ុនសែន។ វាមិនមែនជាសង្វៀននយោបាយប្រជាធិបតេយ្យអន្តរជាតិ ដែលគ្រប់ភាគីអាចទទួលយកបាននោះទេ។ ដូចយើងឃើញស្រាប់ហើយថា ក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិ ឃើញប្លន់យកកៅអីក្រុមប្រឹក្សាឃុំសង្កាត់ ៥ ពាន់ ៧ រូប(៥.០០៧)ឈានរហូតដល់រឹបអូសយកទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីបំផ្លាញទ្រព្យសម្បត្តិទាំងអស់នៃកម្មសិទ្ធិគណបក្សសង្គ្រោះជាតិ រហូតដល់រត់ខ្ចាត់ខ្ចាយពេញទូទាំងពិភពលោក»។
លោក យឹម ស៊ីណន មានអាយុ ៤១ឆ្នាំ។ លោកកើតក្នុងត្រកូលកសិករ នៅឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកមានបងប្អូនបង្កើត ៥នាក់ ប្រុស ២នាក់ និងស្រី ៣នាក់ ហើយលោកជាកូនទី២។
លោក យឹម ស៊ីណន រៀនចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០០៣ ហើយបានទៅធ្វើការជាពលករនៅប្រទេសកូរ៉េខាងត្បូង តាមរយៈក្រុមហ៊ុនឯកជននៅឆ្នាំដដែលនោះ។ លោកបានចប់អាណត្តិការងារ ហើយបានវិលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០០៦។ ក្រោយមក នៅឆ្នាំ ២០១១ លោកក៏បានវិលទៅធ្វើការជាពលករនៅប្រទេសកូរ៉េខាងត្បូងម្ដងទៀត។ ក្រោយការបង្កើតគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៣ លោកក៏បានចូលប្រឡូកក្នុងសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងដ៏ធំមួយនេះ ហើយមានតួនាទីជាប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង។
សមាជិកចលនាយុវជនសង្គ្រោះជាតិកូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត ដែលធ្លាប់ធ្វើការជាច្រើនឆ្នាំជាមួយលោក យឹម ស៊ីណន ក្នុងចលនាយុវជន រៀបរាប់ថា កាលនៅជាប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន ជាមនុស្សគួរឱ្យគោរព។
លោក យ៉ង់ ស៊ីណេត៖«គាត់ជាមនុស្សដែលមានផែនការការងារច្បាស់លាស់ មានទស្សនៈវិស័យច្បាស់លាស់។ នៅពេលដែលយើងកំណត់ថា នឹងធ្វើកិច្ចការងារអ្វីមួយ គឺតែងតែលើកកិច្ចការងារហ្នឹងមកប្រជុំ ហើយស្ដាប់មតិយោបល់គ្នា ពិភាក្សាគ្នា តើគួរធ្វើយ៉ាងម៉េច។ អ៊ីចឹងអាចនិយាយបានថា បុគ្គលិកលក្ខណៈរបស់គាត់សក្ដិសមជាមេដឹកនាំ»។
លោក យឹម ស៊ីណន ធ្លាប់ដឹកនាំពលករខ្មែរនៅកូរ៉េខាងត្បូង ធ្វើបាតុកម្មប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ជាច្រើនដង ក្នុងនោះបាតុកម្មធំជាងគេ គឺមហាបាតុកម្មភ្លើងទៀននៅទីក្រុងសេអ៊ូល (Seoul) កាលពីខែមេសា ឆ្នាំ ២០១៩ ដែលមានអ្នកចូលរួមរាប់ពាន់នាក់។ ក្រៅពីពលករខ្មែរនៅកូរ៉េខាងត្បូង ព្រឹត្តិការណ៍នោះក៏មានអ្នកចូលរួមមកពីប្រទេសនានាជុំវិញពិភពលោកដែរ ដូចជា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អូស្ត្រាលី និងជប៉ុន ជាដើម។ សកម្មភាពនយោបាយដ៏លេចធ្លោរបស់លោក យឹម ស៊ីណន នេះ បានធ្វើឱ្យលោករងបណ្ដឹងចំនួនពីរបទចោទ គឺបទញុះញង់ និងរួមគំនិតក្បត់ ទាក់ទងនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ២០១៩ ។ ក៏ប៉ុន្តែ នៅចុងឆ្នាំ២០២១ លោកបានសរសេរលិខិតស្នើសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ហើយអតីតនាយករដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើរូបលោកវិញ។
លោក យឹម ស៊ីណន បានវិលត្រឡប់មកកម្ពុជាវិញ នៅខែមករា ឆ្នាំ២០២២ ហើយក៏ចាប់ផ្ដើមលេចមុខជាមួយក្រុមអ្នកហែហមប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងនោះលោកក៏បានចូលរួមក្នុងជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ក្នុងពិធីបុណ្យសពបងប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ណេង កាលពីខែឧសភា ឆ្នាំ២០២២ ផងដែរ។ ក្នុងពេលជាមួយគ្នានោះ លោក យឹម ស៊ីណន ក៏បានកសាងទំនាក់ទំនងល្អជាមួយលោក ហ៊ុន ម៉ាណែត ដែលកាលនោះនៅជាទាយាទនាយករដ្ឋមន្ត្រីនៅឡើយ ដោយលោកបានជួបជាមួយលោក ហ៊ុន ម៉ាណែត នៅខែ សីហា ឆ្នាំ២០២២ ហើយអ្នកទាំងពីរក៏ធ្លាប់ជួបគ្នានៅកូរ៉េខាងត្បូងផងដែរ។
នៅខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានផ្ទុះកំហឹង និងបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនលោក យឹម ស៊ីណន ដាក់ពន្ធនាគារ ក្រោយពីលោកបានបង្ហោះសារលើហ្វេសប៊ុក (Facebook) ទាក់ទងនឹងរូបភាពដែលគេចោទថា លោក ហ៊ុន សែន មានអំណាចជាងស្ដេច ក្នុងពេលចូលរួមព្រះរាជពិធីប្រទានព្រះអគ្គីភ័យកីឡា នៅខេត្តសៀមរាប។ តុលាការបានចោទប្រកាន់លោកពីបទញុះញង់ និងប្រមាថព្រះមហាក្សត្រ។
ទោះជាយ៉ាងណា លោក យឹម ស៊ីណន ជាប់គុកបានតែ ៧ថ្ងៃប៉ុណ្ណោះ ក៏ត្រូវគេបានដោះលែងវិញ។ នេះគឺដោយសារភាពប៉ិនប្រសប់នៃភរិយារបស់លោក គឺលោកស្រី សុផាត មករា ដែលបានបង្ហោះសាររៀបរាប់ពីទុក្ខសោក និងលន់តួសុំការអភ័យទោសពីលោក ហ៊ុន សែន ព្រមជាមួយឈុតឆាកដែលលោក យឹម ស៊ីណន ចេញវីដេអូសុំទោសលោក ហ៊ុន សែន ពីក្នុងពន្ធនាគារ។
ចេញពីគុកមិនដល់មួយខែផង លោក យឹម ស៊ីណន បានបង្ហោះសារកើតទុក្ខមិនសុខចិត្តថា គេមិនរវល់ឈឺឆ្អាលនឹងលោកពេលលោកជាប់គុក ហើយលោកក៏បានសុំលោក ហ៊ុន សែន ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ក៏បានយល់ព្រមភ្លាមៗ រួចក៏អនុញ្ញាតឱ្យលោក យឹម ស៊ីណន និងភរិយា ព្រមទាំងកូនស្រីទាំងពីរនាក់ បានចូលជួបលោកដល់ក្នុងគេហដ្ឋាននៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានលោក លឹម ជាវុត្ថា អគ្គនាយកប្រព័ន្ធឃោសនា Fresh News ជាអ្នកសម្របសម្រួល។ ក្រោយមកទៀត លោក ហ៊ុន សែន បានបញ្ជាឱ្យសាងសង់អាគារសិក្សាថ្មី ទីចាត់ការ និងផ្ទះគ្រូស្នាក់នៅ សម្រាប់វិទ្យាល័យ ហ៊ុន សែន ជ្រៃហូព្នៅ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមសំណូមពររបស់ឪពុកក្មេកលោក យឹម ស៊ីណន ដែលជាគ្រូបង្រៀននៅទីនោះ។
ចំពោះលោក យឹម ស៊ីណន វិញ ក្រោយពេលចុះចូល លោក ហ៊ុន សែន បានតែងតាំងលោកជាអនុរដ្ឋលេខាធិការ ហើយក្រោយមកទៀតជារដ្ឋលេខាធិការនៃក្រសួងការងារ។ គេមិនដឹងថា ការងារចម្បងរបស់លោក យឹម ស៊ីណន នៅក្រសួងការងារ ជាអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះ គឺលោកបានក្លាយជាធ្នាក់នយោបាយរបស់លោក ហ៊ុន សែន ក្នុងការអូសទាញអ្នកទោសនយោបាយផ្សេងទៀត ឱ្យសុំទោស និងចុះចូលជាមួយលោក ហ៊ុន សែន។
អតីតអ្នកទោសនយោបាយនៃគណបក្សសង្គ្រោះជាតិ លោក វឿន វាសនា ហៅគ្រញូងព្រៃឡង់ អះអាងថា លោក យឹម ស៊ីណន គឺជាជនបង្គោលដែលបានទៅនិយាយបញ្ចុះបញ្ចូលលោក និងអ្នកទោសនយោបាយជាច្រើននាក់ទៀត ឱ្យនិយាយទម្លាក់កំហុសលើខ្លួនឯង ហើយសុំទោសលោក ហ៊ុន សែន ដើម្បីជាថ្នូរបានរួចផុតពីការឃុំឃាំង។
លោក វឿន វាសនា៖«យឹម ស៊ីណន ដែលជាអ្នកចូលទៅជាប់ពន្ធនាគាររយៈពេលតែមួយអាទិត្យទេ ក្រោយពីសូមទោសលោក ហ៊ុន សែន ទៅ ក៏លោក ហ៊ុន សែន បានឱ្យលោក យឹម ស៊ីណន ហ្នឹង ឱ្យធ្វើជាធ្នាក់ ដើម្បីទៅនិយាយបញ្ចុះបញ្ចូលដល់សកម្មជនដទៃទៀតក្នុងពន្ធនាគារ»។
អ្នកទោសនយោបាយដែលត្រូវបានលោក យឹម ស៊ីណន អូសទាញនៅអំឡុងឆ្នាំ២០២៣ នោះ មានជិត ៥០ នាក់។ អ្នកទាំងនោះ ត្រូវធ្វើវីដេអូនិយាយទម្លាក់កំហុសលើខ្លួនឯង ហើយសុំទោសលោក ហ៊ុន សែន និងសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ នៅពេលរួចផុតពីការឃុំឃាំងហើយនោះ ពួកគេត្រូវចាប់ផ្ដើមធ្វើសកម្មភាពវាយប្រហារគណបក្សប្រឆាំង ហើយបើអ្នកណាពុំព្រមធ្វើតាមទេនោះ លោក យឹម ស៊ីណន គំរាមថា នឹងចាប់ពួកគេដាក់គុកវិញ។ នេះបើតាមការរៀបរាប់របស់លោក វឿន វាសនា។
លោក វឿន វាសនា៖«កាលដែលនៅជាគណបក្សប្រឆាំង ម្ដេចក៏ខ្លាំងម្ល៉េះ ម្ដេចក៏ក្លាហានម្ល៉េះ ពេលមកដល់ខាងនេះហើយ រស់នៅជាមួយគណបក្សកាន់អំណាចពេញដៃហើយ មូលហេតុអ្វីក៏មិនព្រមធ្វើឱ្យពេញដៃពេញជើង?គេសួរអ៊ីចឹង តែខ្ញុំថា ខ្ញុំសុំធ្វើជាប្រជាពលរដ្ឋសាមញ្ញ រឿងគណបក្សនយោបាយអ្វី គណបក្សខាងណាក៏ខ្ញុំអត់ទៅ។ ដល់ពេលអ៊ីចឹង គេអត់មានពាក្យអ្វីនិយាយជាមួយខ្ញុំ គេក៏ថា អើ!បើសឹងថា មិនព្រមធ្វើតាមការបង្គាប់បញ្ជាទេ ចាប់វាដាក់គុកវិញទៅ»។
វិទ្យុអាស៊ីសេរីបានទាក់ទងទៅលោក យឹម ស៊ីណន ដើម្បីបកស្រាយរឿងនេះ ប៉ុន្តែលោកមិនឆ្លើយតបនោះទេ។
ក្រៅពីក្លាយលលកធ្នាក់របស់លោក ហ៊ុន សែន ហើយនោះ លោក យឹម ស៊ីណន ក៏មានការងារសំខាន់មួយទៀតដែរ គឺចេញមុខវាយប្រហារទ្រនំនយោបាយចាស់របស់លោក តាមប្រព័ន្ធឃោសនាក្នុងស្រុកដែលចំណុះឱ្យរដ្ឋាភិបាល។ លោកបានហៅពលរដ្ឋដែលធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលត្រកូលហ៊ុនថា ជាក្រុមជ្រុលនិយម ហើយនៅក្នុងកិច្ចពិភាក្សាដោយឡែកមួយទៀតជាមួយទូរទស្សន៍ BTV កាលពីឆ្នាំ២០២៣ លោកថែមទាំងមើលស្រាលគណបក្សប្រឆាំងថា មានសមត្ថភាពទាបក្នុងការធ្វើនយោបាយទៀតផង។
លោក យឹម ស៊ីណន៖«ខ្ញុំមើលទៅអនាគតបក្សប្រឆាំងនៅកម្ពុជា បើអត់ផ្លាស់ប្ដូរវប្បធម៌ធ្វើនយោបាយទេ មិនមានសង្ឃឹមថា អាចលូតលាស់បានទេ។ យើងមើលមិនមែនមកពីយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចដាក់ទៅចំ ឬក៏ខ្លាំងប៉ុន្មាននោះទេ ប៉ុន្តែបើ[បក្សប្រឆាំង]មិនដំឡើងVersion (កម្រិត)ឱ្យចំបរិបទសង្គម ខ្ញុំជឿថា មិនងាយទេ ២០-៣០-៤០ ឆ្នាំទៀត មិនដឹងយ៉ាងម៉េចផង»។
ការនិយាយវាយប្រហារ និងប្រើភាសាបែបមាក់ងាយលើការតស៊ូរបស់ពលរដ្ឋអ្នកមានទស្សនៈនយោបាយប្រឆាំងពីសំណាក់លោក យឹម ស៊ីណន នេះ កើតមានជាបន្តបន្ទាប់ ក្នុងកិច្ចពិភាក្សាជាមួយប្រព័ន្ធឃោសនាក្នុងស្រុក។ រាល់ពេលនិយាយម្ដងៗ លោក យឹម ស៊ីណន មើលទៅហាក់ដូចជាគ្មានសេចក្ដីខ្មាសអៀនក្នុងខ្លួនសោះឡើយ ទាំងដែលលោកធ្លាប់ជាសកម្មជនឈានមុខម្នាក់ក្នុងការតស៊ូមតិប្រឆាំងនឹងរបបដឹកនាំបែបជិះជាន់នៃរដ្ឋាភិបាលត្រកូលហ៊ុន។
លោក យឹម ស៊ីណន ធ្លាប់បង្ហោះសារប្រៀនប្រដៅគេឯងលើហ្វេសប៊ុកថា «រស់ជាមនុស្ស កុំបាត់បង់គុណធម៌ »ប៉ុន្តែអ្នកប្រើប្រាស់ហ្វេសប៊ុកបានវាយបកទៅលោកវិញថា គឺលោក យឹម ស៊ីណន ខ្លួនឯងទេ ដែលជាមនុស្ស «បាត់បង់គុណធម៌»។ ពួកគេបានប្រដៅលោក យឹម ស៊ីណន វិញថា « មនុស្ស បើក្បត់ទំនុកចិត្តអ្នកដទៃ និងក្បត់ឧត្តមគតិខ្លួនហើយ តើមានគុណធម៌មកពីណា ?» ។
សមាជិកចលនាយុវជនសង្គ្រោះជាតិកូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត ថ្លែងថា ទង្វើរបស់លោក យឹម ស៊ីណន បានធ្វើឱ្យរូបលោក និងមនុស្សជាច្រើនទៀតដែលធ្លាប់គាំទ្រលោក យឹម ស៊ីណន មានការខកចិត្តជាខ្លាំង និងបាត់បង់ទំនុកចិត្តទាំងស្រុងលើរូបលោក។
លោក យ៉ង់ ស៊ីណេត៖«ខ្លះក៏គិតថា គាត់ព្រោះតែលាភសក្ការៈ ព្រោះតែយសស័ក្ដិ ខ្លះក៏គេគិតថា ប្រហែលជាគាត់មានគំនាបខ្លាំងពាក់ព័ន្ធនឹងរឿងសុវត្ថិភាព ត្រូវជាប់ឃុំឃាំងទៅ ប្រពន្ធកូនគាត់ត្រូវយ៉ាងម៉េច?ហើយខ្លះទៀតក៏គិតថា ប្រហែលគាត់ទទួលគំនាបពីប្រពន្ធ។ ការគិត គឺខុសៗគ្នា ប៉ុន្តែអ្វីដែលជារួមមក គឺពលករនៅប្រទេសកូរ៉េ ដែលធ្លាប់តែគាំទ្រគាត់ មានការខកចិត្ត ហើយសោកស្ដាយយ៉ាងខ្លាំង ដែលគាត់បានទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ គេនិយាយថា បាត់អ្វីក៏ដោយ អាចយកមកវិញបាន ប៉ុន្តែបាត់ទំនុកចិត្ត គឺមិនងាយទេ»។
ថ្វីបើក្លាយជាមន្ត្រីធំ ហើយពូកែវោហារកាន់ជើងរដ្ឋាភិបាលត្រកូលហ៊ុន លោក យឹម ស៊ីណន មិនក្លាហានដូចពីមុនទៀតទេ។ លោកលែងផ្ដល់សម្ភាសន៍ដល់ស្ថាប័នព័ត៌មានឯករាជ្យ ហើយក៏មិនហ៊ានសូម្បីតែចែករំលែកការផ្សាយរបស់ស្ថាប័នព័ត៌មានឯករាជ្យ ជាពិសេសព័ត៌មានទាំងឡាយណា ដែលពាក់ព័ន្ធនឹងការរិះគន់លើរដ្ឋាភិបាល។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកវិញ គេឃើញមានតែរូបលោក និងភរិយាថតជាមួយអ្នកធំផ្សេងទៀត រូបភាពលោកចុះធ្វើការងារពង្រឹងបក្សនៅមូលដ្ឋាន ព្រមទាំងការចែករំលែកសកម្មភាពការងាររបស់ចៅហ្វាយនាយថ្មីរបស់លោក រួមមាន លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងលោក ហេង សួរ ជាដើម។
លោក យឹម ស៊ីណន នៅពេលនេះ ទំនងជាកំពុងរីករាយនឹងជីវិតហ៊ឺហាបែបអ្នកធំ ប៉ុន្តែបើថ្ងៃណាមួយ លោកធ្វើឱ្យមេកោយរបស់លោកទាស់ចិត្ត ឬក៏លែងមានប្រយោជន៍សម្រាប់ពួកគេតទៅទៀតនោះ អ្វីដែលលោកកំពុងមាននេះក៏អាចនឹងរលាយបាត់បង់ទៅវិញតាមនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។