"កម្ពុជា​នឹង​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ធ្ងន់ធ្ងរ បើ​អនុញ្ញាត​ឱ្យ​ចិន​ដាក់​ទ័ព"

0:00 / 0:00

ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ព្រមាន​ថា កម្ពុជា​នឹង​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ធ្ងន់ធ្ងរ ប្រសិនបើ​ហ៊ាន​ឈាន​ទៅ​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​ខ្លួន។ ការ​ព្រមាន​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក កំពុង​ទាមទារ​ឱ្យ​កម្ពុជា​ពន្យល់​លម្អិត​អំពី​មូលហេតុ ដែល​ខ្លួន​សម្រេច​ផ្លាស់ប្ដូរ​ជំហរ មិន​អនុញ្ញាត​ឱ្យ​អាមេរិក​ជួយ​ជួសជុល​ទីតាំង​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ខណៈ​កម្ពុជា​យក​លេស​ថា ដោយសារ​មានការ​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​កន្លែង​ថ្មី។ ហេតុការណ៍​នេះ កំពុង​បង្ក​ឱ្យ​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​បន្ថែម​ពីលើ​ករណី​នៅ​ខេត្ត​កោះកុង ដែល​ថា​កម្ពុជា​អាច​មាន​ផែនការ​ឈាន​ទៅ​អនុញ្ញាត​ឱ្យ​ចិន មាន​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​របស់​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​តំបន់​អាស៊ី និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Georgetown University បណ្ឌិត ហ្សាក ឃូព័រ (Zac Cooper) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី១ កក្កដា ថា ប្រសិនបើ​កម្ពុជា​បើកផ្លូវ​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​តំបន់​សមុទ្រ​រាម ហេតុការណ៍​នេះ នឹង​អនុញ្ញាត​ឱ្យ​យោធា​ចិន​អាច​ចូល​ទៅ​កាន់​តំបន់​ឈូង​សមុទ្រ​ថៃ និង​ភូមិភាគ​ប៉ែក​ខាងត្បូង​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​កន្លងមក​ចិន​ពិបាក​នឹង​ចូល​ទៅ​ដល់​។ លោក​ពន្យល់​ថា ការ​សម្ញែង​អំណាច​ចម្ងាយ​ពី​ប្រទេស​ចិន​មក ស្ដែង​ឱ្យ​ឃើញ​ពី​ការ​លំបាក​សម្រាប់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ដូច្នេះ ការ​បន្ថែម​ទីតាំង​យោធា​នៅ​ជិត​តំបន់​រាម នឹង​ក្លាយ​ជា​រឿង​សម​ហេតុផល​ផ្អែក​តាម​ចក្ខុវិស័យ​របស់​ក្រុង​ប៉េកាំង។ លោក​បន្ត​ថា អ្វី​ដែល​ធ្វើ​ឱ្យ​លោក​រឹតតែ​ព្រួយបារម្ភ​នោះ​គឺថា ហេតុការណ៍​នេះ អាច​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណុច​ស្នូល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ធ្ងន់ធ្ងរ ហើយ​បង្កើត​នូវ​កង្វល់​យ៉ាង​ខ្លាំង​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាពិសេស​ប្រទេស​សិង្ហបុរី ដែល​នៅ​ឆ្ងាយ​ពី​ប្រទេស​ចិន តែ​នៅ​ជាប់​កៀក​នឹង​ឈូង​សមុទ្រ​ថៃ​នោះ។

ការ​ពន្យល់​របស់​អ្នក​ជំនាញ​រូប​នេះ កើតមានឡើង​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ចេញមុខ​បកស្រាយ ពី​រឿង​ដែល​ខ្លួន​បាន​ផ្លាស់ប្ដូរ​គោលជំហរ​សម្រេច​មិន​អនុញ្ញាត​ឱ្យ​សហរដ្ឋអាមេរិក​ទទួល​ជួសជុល​កែ​លម្អ​អគារ​បណ្ដុះបណ្ដាល និង​ឃ្លាំង​ផ្ទុក​អូប័រ​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ កាលពី​ចុងខែ​មិថុនា មន្ត្រី​ជាន់ខ្ពស់​នៃ​មន្ទីរ​បញ្ចកោណ និង​ជា​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​ភូមិភាគ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លោក ចូសេ​ហ្វហ្វែលធ័រ (Joseph Felter) បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា លោក ទៀ បាញ់ ស្នើ​ឱ្យ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​។ លោក ទៀ បាញ់ ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃទី១ កក្កដា ថា កម្ពុជា​មិន​ធ្លាប់​ដែល​បដិសេធ​សំណើ​អាមេរិក​នោះ​ទេ តែ​លោក​យក​ហេតុផល​ថា ទីតាំង​ដែល​បម្រុង​នឹង​ជួសជុល​នោះ ត្រូវ​ផ្លាស់ប្ដូរ​ទៅ​កន្លែង​ផ្សេងទៀត ដើម្បី​អភិវឌ្ឍ​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ៖ «គ្មាន​រឿង​អី​ដែល​យើង​ត្រូវ​បដិសេធ​អី​ទាំងអស់។ ដូច្នេះ​រឿង​នេះ​កុំ​និយាយ​ហួស​ពី​នេះ​វា​អត់​មានអី​លើស​ពី​នេះ​ទេ។ យើង​ត្រូវការ​អភិវឌ្ឍ​នៅ​តំបន់​រាម​ហ្នឹង។ ដូច្នេះ​ទីតាំង​ហ្នឹង​គឺ​យើង​រៀបចំ​ទៅ​ធ្វើ​នៅ​កន្លែង​ផ្សេង គឺ​ឱ្យ​វា​បាន​សមស្រប​ហ្នឹង​និង​តាម​តម្រូវការ​ចាំបាច់​របស់​ខាង​សន្តិសុខ​លំហ​សមុទ្រ​របស់​យើង ដែល​មាន​មួយ​ផ្នែក​កាល​មុន​នេះ គឺ​សហរដ្ឋអាមេរិក អូស្ត្រាលី និង​ជប៉ុន​បាន​ជួយ​រៀបចំ​ទីបញ្ជាការ​មុខ​នៅ​ទីនោះ។ ដូច្នេះ​គឺ​យើង​នៅ​រក្សា​កន្លែង​នោះ ហើយ​យើង​ក៏​នៅតែ​ស្វាគមន៍​ដែរ។ យើង​ក៏​អរគុណ​ណាស់​ចំពោះ​ការរៀបចំ​ហ្នឹង។ តែ​ឥឡូវ​យើង​ត្រូវ​រៀបចំ​កន្លែង​មួយ​ថ្មី​ឱ្យ​មានការ​សមស្រប​មានការ​សមស្រប​ជាង​មានការ​រីកចម្រើន​ជាង​ធ្វើ​ឱ្យ​វា​កាន់តែ​ល្អ​ឡើង»។

យ៉ាងណាក៏ដោយ សម្រាប់​ភាគី​អាមេរិក ការណ៍​ដែល​ក្រសួង​ការពារជាតិ​កម្ពុជា​ផ្លាស់ប្ដូរ​ចិត្ត​នា​ពេល​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា កម្ពុជា​អាច​មាន​ផែនការ​ធំធេង​ជាង​នេះ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​ឯ​មូលដ្ឋាន​ទ័ពជើង​ទឹក​រាម​នេះ ដែល​សេណារីយ៉ូ​នេះ​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​សន្តិសុខ​តំបន់ ខណៈ​ចិន​កំពុង​ស្វះស្វែង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​។ ឆ្លើយតប​ចំពោះ​ហេតុការណ៍​ទាំងនេះ សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់​ខ្លួន ជាថ្មី​ម្តង​ទៀត ជំរុញ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ រក្សា​ឱ្យ​បាន​ដូច​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ អំពី​ឯករាជ្យភាព​នៃ គោលនយោបាយ​ការបរទេស​របស់​ខ្លួន​។ សហរដ្ឋអាមេរិក ក៏​ជំរុញ​ឱ្យ​កម្ពុជា​ការពារ​ឯករាជ្យ​ភាព របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​សកម្ម សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

បណ្ឌិត ហ្សាក ឃូព័រ បន្ថែម​ទៀត​ថា លិខិត​របស់​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​នេះ មិនមែន​ជា​ការចោទប្រកាន់​កម្ពុជា​ថា នឹង​ទទួលយក​ផែនការ​របស់​ចិន​នោះ​ទេ​។ លោក​ថា វា​ជា​ការ​សម​ហេតុផល​សម្រាប់​ក្រុម​មន្ត្រី​អាមេរិកាំង ដែល​ពួកគេ​ចង់​ស្វែង​យល់​ឱ្យ​បាន​កាន់តែ​ប្រសើរ​ជាង​នេះ អំពី​មូលហេតុ​ពិតប្រាកដ ដែល​កម្ពុជា​ដំបូង​ឡើយ​បាន​ស្នើ​សុំ​ឱ្យ​អាមេរិក​ជួយ​ជួសជុល​ទីតាំង​តំបន់​រាម​នេះ តែ​ក្រោយមក​បែរជា​ថា ការ​ជួយ​ជួសជុល​នោះ​លែង​ចាំបាច់​ទៀត​ហើយ។

ករណី​ចុងក្រោយ​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ រឹតតែ​បង្កើន​ការ​ការសង្ស័យ​កាន់តែ​ខ្លាំង​ឡើង​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​កំពុង​តែ​កើតមាន​ស្រាប់ ដែល​ថា​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ឯ​ខេត្ត​កោះកុង ក្រោម​រូបភាព​ជា​ការ​ផ្ដល់​ការ​សម្បទាន​ឱ្យ​ក្រុមហ៊ុន​ចិន​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​តារាសាគរ ដូចដែល​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស Asia Times ធ្លាប់​រាយការណ៍​ដំបូង​កាលពី​ចុង​ឆ្នាំ ២០១៨ កន្លង​ទៅ​។ បញ្ហា​នេះ ក៏បាន​តម្រូវ​ឱ្យ​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Mike Pence សរសេរ​លិខិតផ្លូវការ​មួយ​ច្បាប់​ប្រាប់​ទៅ​លោក ហ៊ុន សែនអំពី​កង្វល់​ចម្បង​បំផុត​នៃ​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​នេះ និង​ព្រមាន​ថាបើ​មានរឿង​បែបនេះ​កើតឡើង​មែន​នោះ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​សហរដ្ឋអាមេរិក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បណ្ដុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ក៏​ធ្លាប់​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់ វាយតម្លៃ​ការ​គំរាមកំហែង​សន្តិសុខ​តំបន់ ដោយ​គូស​បញ្ជាក់​ថា ការ​រអិល​ធ្លាក់​របស់​កម្ពុជា​ចូល​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ​និយម​ដែល​បណ្ដាល​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​បាន​ទាំងស្រុង នូវ​អំណាច​នីតិប្បញ្ញត្តិ​របស់​ប្រទេស​នេះ អាច​បើកផ្លូវ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​អាច​បណ្ដាល​ឱ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​ក្នុង​ប្រទេស​នេះ​បាន។ ក៏ប៉ុន្តែ​ព័ត៌មាន​អំពី​មូលដ្ឋាន​យោធា​នៅ​កោះកុង​នេះ ត្រូវ​របប​លោក ហ៊ុន សែន បាន​ចេញមុខ​ទាត់ចោល​ជាច្រើនលើក​ច្រើន​សា ដោយ​ចាត់​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ និង​ថា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ និង​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ដាក់​មូលដ្ឋាន​បរទេស​នោះ​ឡើយ​។ លើស​ពី​នេះ​ទៀត របប​នេះ ហៅ​ហេតុការណ៍​នេះ​ថា ជា​យុទ្ធនាការ​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច ដើម្បី​រក​លេស​មួលបង្កាច់ និង​ទម្លាក់កំហុស​ដាក់​របប​ក្រុងភ្នំពេញ ក្រោយពី​របប​នេះ​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត «​ក្លែងក្លាយ​» និង​បង្កើត​រដ្ឋាភិបាល​ថ្មី​ខ្វះ​ភាព​ស្រប​ច្បាប់ និង​ការ​ទទួល​ស្គាល់​ពេញមុខ​ពេញមាត់​ពី​ក្រុម​ប្រទេស​លោក​ខាងលិច។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក ដោយ​ហៅ​ហេតុការណ៍​ចុងក្រោយ​នៃ​សេណារីយ៉ូ​ប្រើប្រាស់​ទីតាំង​ដែល​ធ្លាប់​ផ្ដល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​នៅ​ឯ​តំបន់​រាម​នេះ ឱ្យ​ក្លាយទៅជា​ប្រយោជន៍​ដល់​យោធា​ចិន​នោះ​ថា​ជា​រឿង​ធ្វើ​ឱ្យ​ស្ថានការណ៍​រឹតតែ​ដុនដាប។ លោក​ថា របប​ក្រុងភ្នំពេញ​អាច​បដិសេធ​បាន​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ប៉ុន្តែ រឿងរ៉ាវ​នេះ​មិន​អាច​លាក់កំបាំង​បាន​ឡើយ នៅ​ពេល​ដែល​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយរណប​សញ្ញា​បញ្ជូន​ពី​ការ​ស៊ើប​ការសម្ងាត់ និង​ក្រុម​អ្នកស៊ើប​ការសម្ងាត់​ប្រាប់​ឱ្យ​ដឹង​នូវ​រឿងរ៉ាវ​ផ្ទុយ​ពី​ការ​បដិសេធ​ទាំងនោះ។

ជុំវិញ​ការ​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​តំបន់ ប្រសិនបើ​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​ខ្លួន​នោះ លោក ប្រាយអ៊ិន ហារឌីង (Brian Harding) នាយករង​កម្មវិធី អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (Center for International and Strategic Studies - CSIS) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​២ កក្កដា ថា ហេតុការណ៍​នេះ​នឹង​បង្កើត​ឱ្យ​មានការ​ប្រេះឆា​ក្នុង​តំបន់​អាស៊ាន ដោយសារតែ​ការសម្រេច​ធ្វើ​ដូច្នេះ នឹង​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​បង្ករឿង ដែល​សូម្បីតែ​ក្នុងចំណោម​ប្រទេស​ទាំងឡាយ ដែល​ទុកចិត្ត​ចំពោះ​ការ​កើនឡើង​នៃ​វត្តមាន​របស់​ចិន​ក្នុង​តំបន់​នោះ​ក៏ដោយ​។ លោក​ពន្យល់​បន្ត​ថា ហេតុការណ៍​នេះ​ក៏​នឹង​ពង្រីក​សមត្ថ​ភាពជា​ចម្បង​របស់​ចិន ក្នុង​ការ​ពង្រីក​អំណាច​យោធា​របស់​ខ្លួន​ទៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​កែ​លម្អ​សមត្ថភាព​របស់​ចិន​ក្នុង​ពេល​ដែល​មាន​នាវា​សហរដ្ឋអាមេរិក​ឆ្លងកាត់​តំបន់​នោះ​។ លោក​ពន្យល់​ថា ជា​លទ្ធផល​ក្រុម​ប្រទេស​លោក​ខាងលិច រួមមាន​សហរដ្ឋអាមេរិក និង​អឺរ៉ុប មាន​មធ្យោបាយ​តិចតួច​ក្នុង​ការ​បន្ទច់បង្អាក់​កម្ពុជា កុំ​ឱ្យ​ចិន​ធ្វើ​ដូច្នេះ​បាន ក្រៅ​តែ​ពី​វិធានការណ៍​ពាណិជ្ជកម្ម​ដែល​ខ្លួន​កំពុង​ពិចារណា​នា​ពេល​បច្ចុប្បន្ន ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​នោះ។ លោក​ថា ដរាបណា​កម្ពុជា​នៅតែ​ត្រូវ​គេ​មើល​ឃើញ​ថា ដើរ​តាម​គន្លង​អត្ថប្រយោជន៍​របស់​ចិន នោះ​វា​នឹង​ជា​ការ​ពិបាក​ខ្លាំង​សម្រាប់​កម្ពុជា ក្នុង​ការ​កាត់បន្ថយ​ក្តី​មន្ទិលសង្ស័យ​ទាំងនេះ​ពី​សំណាក់​ក្រុម​ប្រទេស​លោក​ខាង​លិច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។