នៅសល់តែ១សប្ដាហ៍ទៀតប៉ុណ្ណោះ កិច្ចចូលព្រះវស្សារបស់ភិក្ខុសង្ឃក្នុងពុទ្ធសាសនានឹងគ្រប់រយៈពេល ៣ខែដោយបរិបូណ៌។
ក្នុងអំឡុងពេលចូលវស្សានេះ ក្រៅពីការដាក់វេនកាន់បិណ្ឌ និងភ្ជុំបិណ្ឌផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ពុទ្ធបរិស័ទខ្មែរមានទំនៀមមួយទៀត គឺការរួមសាមគ្គីគ្នាបូជាទៀនវស្សា ដោយហែទៅវេរប្រគេនព្រះសង្ឃនៅតាមទីអារាមនានា។
ទំនៀមបូជាទៀនវស្សា គឺជាផ្នែកមួយនៃក្តីគោរពរបស់ពុទ្ធបរិស័ទ រំលឹកនឹកដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោតម ដោយបូជានូវគ្រឿងសក្ការៈ មានប្រទីប ទៀន ធូប និងផ្កាភ្ញីជាដើម។
កាលពីបុរាណ ទៀនវស្សាគឺធ្វើអំពីក្រមួនឃ្មុំដែលពុទ្ធបរិស័ទតែងជួបជុំគ្នាស្ងោររំលាយក្រមួនសុទ្ធ ហើយចាក់ពុម្ពធ្វើជាទៀន ដែលគេហៅថា «ពិធីសិតទៀនវស្សា»។
តើទំនៀមបូជាទៀនក្នុងរដូវចូលវស្សានេះ មានសេចក្ដីដំណាលយ៉ាងណាដែរ ក្នុងពុទ្ធសាសនា?
ព្រះគ្រូចៅអធិការវត្តអូររអិល ខេត្តប៉ៃលិន ភិក្ខុ ផាយ រិទ្ធី សំរិទ្ធិធម្មោ មានថេរដីកាបញ្ជាក់ថា ក្នុងគម្ពីរពុទ្ធសាសនាពុំមានចែងអំពីការបូជាទៀនធូបអ្វីឡើយ គឺមានតែការបូជា «ប្រទីប» ដែលជាគ្រឿងអុជបំភ្លឺ៖ «ពរ! ទៀនវស្សានេះ ការពិតទៅមិនជាពុទ្ធានុញ្ញាត ពុទ្ធបញ្ញត្តិអីទេ ប៉ុន្តែថា ជំនាន់ព្រះគេមានដុតជាចន្លុះ និងប្រទីប ហើយប្រទីបហ្នឹង គឺគេយកទឹកដោះថ្លា ញោម ទឹកដោះគោយើងហ្នឹង គេយកទុកវាឡើងថ្លាអ៊ីចឹងទៅ។ គេយកប្រឆេះបានទៅដាក់ក្នុងហ្នឹង គេអុជទៅក៏ឆេះធ្លោមួយយប់ទល់ភ្លឺទៅ ភ្លឺនៅក្នុងវត្តទៅ។ ដល់មកសម័យយើងបច្ចុប្បន្ននេះ ទៀនហ្នឹងក៏គេផលិតមក យកទៀនហ្នឹងធ្វើជាថ្ងៃចូលព្រះវស្សាដែលអុជបំភ្លឺបូជាប្រទីប ដូចកាលជំនាន់ព្រះពរ! អ៊ីចឹងទៀនហ្នឹង គឺជាកិច្ចមួយសម្រាប់ញាតិញោមពុទ្ធបរិស័ទ គិតឃើញថា នៅក្នុងវត្តហ្នឹង គឺងងឹតណាស់ អត់មានអគ្គិសនីអីទេ អ៊ីចឹងគិតប្រគេនទៀន វត្តណាមានអគ្គិសនីក៏ប្រគេនប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូតអ៊ីចឹងទៅ។ ហ្នឹងគឺជាទំនៀមដែលអ្នកប្រាជ្ញចងក្រងតៗគ្នាមកទេ ជំនាន់ព្រះ គឺអត់មានទេ»។
ចំពោះប្រភពនៃការសាងទៀនវស្សានេះ សៀវភៅ «ព្រះរាជពិធីទ្វាទសមាស» ផ្សាយក្នុង ព.ស. ២៥០៣ កាលពី ៥៥ឆ្នាំមុននោះ កត់ត្រាថា ពិធីសិតទៀនវស្សានេះ គឺជាទំនៀមរបស់ប្រជារាស្ត្រពុទ្ធបរិស័ទផង និងជាកងការកុសលរបស់ព្រះរាជាផង។ ប្រទេសខ្មែរមានទំនៀមសាងទៀនវស្សាជាច្រើនរជ្ជកាលមកហើយ ដោយសំអាងលើគោល ២យ៉ាង ដែលមានលក្ខណៈ និងកាលវេលាស្របគ្នា។
គោលទី១ សំអាងលើបុរាណវត្ថុ គឺជើងទៀនវស្សាធ្វើអំពីថ្មភក់ ដែលពុទ្ធបរិស័ទវត្តលង្កាក្រៅ ក្នុងខេត្តសៀមរាប បាននាំយកមកតម្កល់ទុកក្នុងមន្ទីរពុទ្ធសាសនបណ្ឌិត្យ។ ជើងទៀនវស្សាបុរាណនេះ ប្រហែលជាកសាងឡើងក្នុងអំឡុង ព.ស. ២៣៥០-២៤០០ គឺរវាង គ.ស.១៨០៧-១៨៥៧។ រីឯគោលទី២ គឺផ្អែកតាមឯកសារព្រះរាជពង្សាវតារក្រុងកម្ពុជា ក្នុងរជ្ជកាលព្រះបរមកោដ្ឋ ព្រះអង្គឌួង ដែលគ្រងរាជសម្បត្តិចាប់ពី ព.ស. ២៣៩១-២៤០៤ ត្រូវនឹង គ.ស. ១៨៤៨-១៨៥៩។ សៀវភៅនេះក៏សរសេរបញ្ជាក់ដែរថា ពុំឃើញមានតម្រាឯណាចាស់ជាងនេះទៅទៀតកត់ត្រាអំពីរឿងទៀនវស្សានេះទេ ទាំងគម្ពីរពុទ្ធសាសនាទៀតសោត ក៏ពុំមាននិយាយចំឈ្មោះទៀនវស្សាឡើយ គឺមានពោលត្រឹមតែប្រទីបប៉ុណ្ណោះ ហើយក៏មិនមានបញ្ជាក់ពីប្រភេទប្រទីបបែបណាដែរ។ សេចក្ដីទាក់ទងនឹងការបូជាប្រទីបក្នុងពុទ្ធសាសនានេះហើយដែលក្រោយមកបានក្លាយទៅជាទំនៀម «ពិធីសិតទៀនវស្សា» វេរប្រគេនភិក្ខុសង្ឃនៅរដូវចូលព្រះវស្សាជាប់រហូតមកដល់សព្វថ្ងៃនេះ។
លោកគ្រូធម្មាចារ្យ លាវ សុមនោ នៅភូមិវត្តស្វាយ ឃុំសាលាកំរើក ក្រុងសៀមរាប អធិប្បាយបន្ថែមអំពីប្រការនេះ៖ «ដែលយើងជាអ្នកកាន់ព្រះពុទ្ធសាសនា ដោយចំពោះគឺខ្មែរយើងតែម្ដង ដែលមានទំនៀមទម្លាប់ហ្នឹង មានឯកសារមួយសរសេរដោយព្រះបាទអង្គឌួង។ ព្រះរាជាអង្គហ្នឹងឯងដែលជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រួចទៅក៏បាននាំអាណាប្រជានុរាស្ត្ររបស់ព្រះអង្គ គឺនាំគ្នាធ្វើទៀន សិតទៀនហ្នឹង គឺធ្វើក្នុងលក្ខណៈមួយដើម្បីបូជាដល់ភិក្ខុសង្ឃ បានជាដល់រដូវវស្សាចូលមកដល់ ប្រជាជនខ្មែរជាទូទៅមានផ្នត់គំនិតមួយថា មានទៀនវស្សាហ្នឹងចាំបាច់ណាស់ដែលត្រូវតែធ្វើ។ នេះគឺទៅតាមលំអានព្រះបាទអង្គឌួងនេះមក ប៉ុន្តែលក្ខណៈជារួម គឺជាការឱ្យប្រទីបជាទាននេះឯង ដែលព្រះអង្គសំដែងថា «ទីបទោ ចក្ខុទោហោតិ» អ្នកឱ្យប្រទីបគឺឱ្យចក្ខុ គឺភ្នែកនេះឯង»។
ខ្នាតទៀនវស្សា ជាទូទៅគឺមានទំហំប្រមាណ ២ចាប់ ទៅ ២ចាប់កន្លះ និងមានកម្ពស់ ២ហត្ថ។ រីឯសព្វនេះ ការសិតទៀនវស្សាមានទំហំធំតូចទៅតាមសទ្ធា និងកម្លាំងទ្រព្យធនធានពុទ្ធបរិស័ទអ្នកម្ចាស់ទាន។
លោកអាចារ្យ រិត តាំង ឱ្យដឹងថា ទោះបីជាសម័យបច្ចុប្បន្ននេះ មានភ្លើងអគ្គិសនីក្តី ប៉ុន្តែពុទ្ធបរិស័ទវត្តខ្មែរ ម៉ូដេស្តូ (Modesto) ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក នៅតែនាំគ្នារក្សាទំនៀមបូជាទៀនវស្សាទៅតាមប្រពៃណីពីបរមបុរាណដូនតាតាំងពីនៅស្រុកខ្មែរមក៖ «បាទ! រឿងទៀនវស្សានេះ បើតាមព្រះពុទ្ធ ពេលដែលយើងធ្វើឧបោសថ ឬក៏សំដែងបាតិមោក្ខ លោកសំដែងសួរទៅដល់ភិក្ខុទាំងឡាយថា នៅក្នុងទីហ្នឹង តើមានពន្លឺ ឬអត់? បើអត់ទេ ឱ្យប្រុងប្រៀបប្រទីបដើម្បីអុជបំភ្លឺ។ ដល់យើងតមកទៀត យើងធ្វើទៀនវស្សានេះ ពេលដែលលោកចូលទៅក្នុងព្រះវិហារ ធ្វើឧបោសថ យើងមានទៀនហ្នឹងបំភ្លឺ ដើម្បីសម្រាប់បំភ្លឺ សម្រាប់ធ្វើឧបោសថ សម្រាប់បំភ្លឺអ្វីៗទាំងអស់»។
ក្នុងន័យពុទ្ធសាសនា ទំនៀមសិតទៀនវស្សាប្រគេនដល់ភិក្ខុសង្ឃគង់ចាំវស្សារយៈពេលបីខែ ដែលសំដៅសម្រួលដល់ការរស់នៅ និងសិក្សារៀនសូត្រធម៌វិន័យនៅតាមទីវត្តអារាមនានានោះ គឺពលរដ្ឋពុទ្ធបរិស័ទខ្មែររួបរួមគ្នាបរិច្ចាគធនធានទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿចាប់មគ្គផលបុណ្យកុសលរៀងៗខ្លួន។
លោកគ្រូធម្មាចារ្យ លាវ សុមនោ នៅភូមិវត្តស្វាយ ឃុំសាលាកំរើក ក្រុងសៀមរាប បញ្ជាក់អំពីអានិសង្ស គឺផលបុណ្យ ឬគុណប្រយោជន៍ និងសេចក្ដីសុខចម្រើនដែលបានមកអំពីការធ្វើអំពើជាកុសល ឬសេចក្ដីល្អនៃការបូជាប្រទីបជ្វាលា គឺគ្រឿងអុជបំភ្លឺនេះ៖ «បាទ! នៅក្នុងទានវត្ថុព្រះសម្មាសម្ពុទ្ធទ្រង់សំដែងដែរ ពីរឿងប្រទីបហ្នឹង ហើយមានតាំងពីសម័យព្រះពុទ្ធមុនៗមក ធ្លាប់បរិស័ទនាំគ្នាបូជាប្រទីបហ្នឹង មិនមែនតែទៀនទេ សូម្បីតែចន្លុះក៏ដោយ គ្រប់បែបយ៉ាងទាំងអស់ ក៏ជារួមមក គឺហៅថា ប្រទីប ដែលជាឱ្យនូវការដុតបំភ្លឺ ហើយសព្វថ្ងៃដល់ទៅងាយជាងហ្នឹងទៅទៀត គឺភ្លើងអគ្គិសនីនេះឯង»។
ម្យ៉ាងវិញទៀត ការបូជាប្រទីបជ្វាលា គឺគ្រឿងអុជបំភ្លឺ មានទៀនជាដើមនេះ ពុំមែនសម្រាប់តែក្នុងរដូវចូលវស្សានោះឡើយ ពោលគឺពលរដ្ឋពុទ្ធបរិស័ទអាចបូជាបានគ្រប់ពេលវេលា និងគ្រប់រដូវកាលទាំងអស់។
ទាក់ទងនឹងការអុជទៀនវស្សានៅក្នុងព្រះវិហារ មានជំនឿថា គឺគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។ ប្រសិនបើទៀនរលត់ គឺការចូលវស្សារបស់ព្រះភិក្ខុសង្ឃនឹងដាច់។ ប៉ុន្តែតាមឯកសារគម្ពីរដីកាពុទ្ធសាសនា ការដាច់វស្សារបស់ភិក្ខុសង្ឃ គឺអាស្រ័យដោយការប្រព្រឹត្តកន្លងវិន័យពុទ្ធបញ្ញត្តិ គ្មានអ្វីទាក់ទងនឹងការរក្សាភ្លើងទៀនវស្សានេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។