សព្វថ្ងៃនេះគេសង្កេតឃើញថា ភិក្ខុសង្ឃអ្នកបួសក្នុងពុទ្ធសាសនាគ្រងស្បង់ចីវរដោយមានពណ៌ខុសប្លែកពីគ្នា ដូចជាពណ៌លឿងខ្ចី ឬលឿងចាស់ ពណ៌ទឹកក្រូច ពណ៌ក្រហមក្រមៅ និងពណ៌ខ្លឹមខ្នុរ ជាដើម។ តើពណ៌ណាមួយដែលត្រឹមត្រូវតាមពុទ្ធានុញ្ញាត?
ស្បង់ស្បៃត្រៃចីវរគឺជាគ្រឿងគ្របដណ្ដប់រាងកាយរបស់ភិក្ខុសង្ឃក្នុងពុទ្ធសាសនា ដែលរួមមានស្បង់ចីពរ និងសង្ឃាដី។ នាសម័យពុទ្ធកាល ដែលព្រះសម្មាសម្ពុទ្ធសមណគោតមទើបបានត្រាស់ដឹងថ្មីៗ ព្រះអង្គទ្រង់អនុញ្ញាតឱ្យភិក្ខុប្រើប្រាស់តែចីវរឥតម្ចាស់ គឺសំពត់ដែលភិក្ខុបានដោយបង្សុកូលយកពីគំនរសំរាម ឬពីព្រៃស្មសាន មកប៉ះប៉ុនដេរភ្ជាប់គ្នាធ្វើជាត្រៃចីវរសម្រាប់ស្លៀកដណ្ដប់ក្រាលគ្រង។ ត្រៃចីវរទាំងនោះគឺភិក្ខុសង្ឃលោកយកទៅជ្រលក់ពណ៌ទឹកអម្ចត់ (ម្ចត់) ដែលដាំរំងាស់ចម្រាញ់ពីរុក្ខជាតិ មានផ្កាឈើ ផ្លែឈើ មើមឈើ ស្លឹក និងសំបកឈើជាដើម ដើម្បីឱ្យចីវរមានពណ៌ស្រគាំមិនឆើតឆាយ។
នេះគឺជាសេចក្ដីអធិប្បាយរបស់ភិក្ខុព្រះមហាធម្មាលង្ការោ ចាន់ សុជន គង់នៅវត្ត «ប្រាសាទស្រះកណ្ដាលខ្ចាស់» ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បញ្ជាក់បន្ថែមទាក់ទងនឹងពណ៌ស្បង់ចីវររបស់ភិក្ខុសង្ឃ នាសម័យពុទ្ធកាលដែលជ្រលក់ដោយពណ៌ធម្មជាតិ៖ «នៅក្នុងវិន័យបិដក លោកបញ្ជាក់ថា ទឹកដែលត្រូវជ្រលក់ចីវរមាន៦ប្រការ។ ក្នុងនោះមានទឹកកើតពីមើមឈើ ពីដើមឈើ ទឹកដែលកើតពីសំបក ពីស្លឹក ពីផ្កា និងពីផ្លែឈើ ដែលត្រូវជ្រលក់ចីវរ ហើយចីវរអាចប្រើបាន។ (សំណួរ៖ ករុណាព្រះអង្គមានកំណត់ពណ៌ដែរ ព្រោះមើមឈើក្ដី សំបកក្ដី ស្លឹកក្ដី ផ្កាក្ដី ផ្លែក្ដីហ្នឹង វាមានពណ៌ផ្សេងគ្នា ដូចជាផ្កាអញ្ជ័នមានពណ៌ខៀវ ករុណា តើព្រះអង្គមានភ្ជាប់ទៅនឹងពណ៌ទេ ឬមួយក៏ថាពណ៌អីក៏អាចជ្រលក់បាន ទឹកអម្ចត់នោះ?) ពណ៌មិនកំណត់ទេ គឺសំដៅទៅលើទឹកដែលត្រូវជ្រលក់កុំឱ្យសសុទ្ធ ធ្វើម៉េចឱ្យចីវរហ្នឹងក្លាយជាចីវរដែលបានជ្រលក់ដោយពណ៌ ដោយទឹកអម្ចត់»។
ទន្ទឹមគ្នានេះ មានរុក្ខជាតិមួយចំនួនដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិមិនឱ្យភិក្ខុយកមកធ្វើជាទឹកជ្រលក់ក្រណាត់សំពត់ចីវរ។ ក្នុងនោះ រួមមានដើមឃ្លេ ដែលជាប្រភេទរុក្ខជាតិម្យ៉ាងដុះក្នុងព្រៃរនាម ជាជំពូកវល្លិ មានបន្លាស្រួចៗ ដុះជាគុម្ពធំៗ ដែលគេយកខ្លឹមរបស់វាទៅស្ងោររំងាស់យកទឹកជ្រលក់សូត្រ។
លោកបណ្ឌិត សួន ឱសថ សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាជំនួយការស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍បញ្ជាក់អំពីមូលហេតុនៃព្រះវិន័យ ស្ដីពីការកំណត់ឱ្យចៀសវាងប្រើប្រភេទរុក្ខជាតិទាំងនោះ៖ «អដ្ឋកថាអមព្រះវិន័យលោកពន្យល់ថា ទឹកជ្រលក់ដែលកើតអំពីមើមឈើវៀររមៀតចេញ មើមរមៀតដាក់ទៅវាលឿងពេក លោកអត់ឱ្យដាក់ចូលទេ វៀរចេញទៅ។ ទឹកជ្រលក់ដែលកើតអំពីមើម ឬកើតអំពីដើម វៀរដើមត្បែង និងដើមឃ្លេចេញ ព្រោះឃ្លេវាពណ៌លឿង ត្បែងពណ៌ដូចផ្កាឈូក អ៊ីចឹងវៀរពណ៌ទាំងនោះចេញ។ អ្វីដែលព្រះអង្គទ្រង់អនុញ្ញាត ហើយអដ្ឋកថាពន្យល់ឱ្យវៀរនោះ មានន័យថា ពណ៌ណាដែលធ្វើទៅហើយ មិនអាចឱ្យមានពណ៌អម្ចត់ហ្នឹងចេញបាន គឺពណ៌ហ្នឹងត្រូវវៀរចេញហើយ មិនយកមកដាក់បញ្ចូលទេ»។
លុះចំណេរកាលក្រោយមក ទើបព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឱ្យភិក្ខុប្រើប្រាស់ចីវរមានម្ចាស់ ហៅថា «គហបតីចីវរ» ដែលទាយកទាយិកាបានកាត់ដេរ និងជ្រលក់ពណ៌ត្រឹមត្រូវស្រេចស្រាប់ហើយនាំយកមកប្រគេនដល់ភិក្ខុសង្ឃ។ ចំពោះស្បង់ស្បៃត្រៃចីវរទាំងបីយ៉ាងនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងឱ្យភិក្ខុគប្បីចៀសវាងសំពត់ទាំងឡាយណាដែលមានពណ៌ស្រស់ឆើតឆាយ។
ភិក្ខុព្រះមហាធម្មាលង្ការោ ចាន់ សុជន មានថេរដីកាអំពីប្រការនេះ៖ «ពណ៌ចីវរក្នុងពុទ្ធសាសនានៅក្នុងឯកសារបញ្ជាក់ថា ពណ៌ដែលត្រូវប្រើបានមានតែ២ទេ គឺពណ៌ខ្លឹមខ្នុរ។ ពណ៌ខ្លឹមខ្នុរនេះអាចចែកជា២ក៏បាន គឺខ្លឹមខ្នុរចាស់និងខ្លឹមខ្នុរខ្ចី ហើយមួយទៀតគឺពណ៌លឿងលាយ។ ក្នុងវិន័យដូចជាបញ្ចតំបន់ព្រះអដ្ឋកថា មានបញ្ជាក់ដែរថា ពណ៌ដែលមិនត្រូវប្រើ ហើយប្រើទៅមានទោសនោះ គឺពណ៌ដែលសុទ្ធៗ ឧទាហរណ៍ថា ចីវរខៀវសុទ្ធ ចីវរលឿងសុទ្ធ ចីវរក្រហមសុទ្ធ។ បើពណ៌ហង្សបាទសុទ្ធក៏ប្រើមិនបាន បើខ្មៅសុទ្ធក៏ប្រើមិនបាន បើលឿងទុំសុទ្ធក៏ប្រើមិនបាន។ អ្វីដែលសុទ្ធៗហ្នឹងគឺប្រើមិនបានទេ»។
ចំពោះពណ៌ហង្សបាទដែលជាសម្បុរនៃជើងរបស់សត្វហង្ស ឯកសារខ្លះសរសេរថា គឺជាពណ៌ក្រហមខ្លះទៀតសរសេរថា ជាពណ៌ស៊ីជម្ពូខ្ចី ឬពណ៌ផ្កាឈូកខ្ចី។ បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសកាន់ពុទ្ធសាសនាថេរវាទដទៃទៀត មានថៃ ឡាវ ភូមា និងសិរីលង្កា ភិក្ខុសង្ឃគ្រងស្បង់ចីពរពណ៌ខុសប្លែកពីគ្នា។
លោកបណ្ឌិត សួន ឱសថ មានប្រសាសន៍បញ្ជាក់អំពីគោលចម្បងនៃពណ៌អម្ចត់ មានចារឹកទុកក្នុងគម្ពីរដីកាផ្នែកវិន័យបិដកតាមពុទ្ធបញ្ញត្តិ ដែលជាបវេណីនៃព្រះពុទ្ធគ្រប់ព្រះអង្គនាអតីតកាលជាប់រហូតដល់សព្វថ្ងៃនេះ៖ «ចីវរដែលព្រះអង្គអនុញ្ញាតឱ្យភិក្ខុក្រាលគ្រង ពណ៌មិនឆើតឆាយទេ ព្រះអង្គអនុញ្ញាតត្រឹមតែពណ៌អម្ចត់។ ពណ៌ហ្នឹងស្រដៀងនឹងពណ៌ខ្លឹមខ្នុរ ឬស្រដៀងនឹង [ពណ៌] ខ្នងក្អែប។ ពណ៌អម្ចត់ហ្នឹងគួរភិក្ខុក្រាលគ្រង មានន័យថា ជាពណ៌ស្រគត់ស្រគំសម្រាប់អ្នកបួស ទ្រទ្រង់នូវចីវរហ្នឹង។ សព្វថ្ងៃខ្ញុំមានឃើញ ភិក្ខុអង្គខ្លះលោកប្រើចីវរលឿងសុទ្ធទៅ ភិក្ខុអង្គខ្លះប្រើចីវរគេហៅថា ពណ៌អាចម៍សេះ ហើយអង្គខ្លះលោកប្រើចីវរពណ៌អម្ចត់ហ្នឹង។ ការប្រើប្រាស់ចីវររបស់ភិក្ខុនៅក្នុងប្រទេសខ្មែរក្តី សៀមក្តី ភូមាក្តី គឺមិនដូចគ្នា។ ប៉ុន្តែខ្ញុំឃើញថា នៅភូមា ភាគច្រើនប្រើប្រាស់ឯកភាពគ្នាច្រើនជាង ដោយសារលោកយកសំពត់ពណ៌អម្ចត់ អម្ចត់មែន»។
ចំពោះពណ៌ស ដែលជាទូទៅគេចាត់ទុកជាពណ៌មិនឆើតឆាយ ជាពណ៌តំណាងឱ្យភាពបរិសុទ្ធស្អាតស្អំនោះ ប៉ុន្តែពុទ្ធសាសនាមិនបានកំណត់យកពណ៌សមកជាពណ៌ស្បង់ស្បៃត្រៃចីវរ សម្រាប់ភិក្ខុសង្ឃទ្រទ្រង់ក្រាលគ្រងឡើយ។
លោកបណ្ឌិត សួន ឱសថ ជំនួយការស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់អំពីមូលហេតុនៃពុទ្ធបញ្ញត្តិនេះ៖ «ពណ៌សសុទ្ធនេះ ជាពណ៌មួយ ដែលកាលណាបើសិនជាលោកគ្រងស្លៀកដណ្ដប់ទៅមានដំណើរចូលទៅទីព្រៃ ឬចូលទៅទីផ្សេងៗ នាំឱ្យមានការផ្អើលដល់ពពួកសត្វម្រឹគសត្វព្រៃផ្សេងៗ នៅក្នុងព្រៃ។ ម្យ៉ាងទៀត ពណ៌សសុទ្ធនេះមិនអាចនឹងដើរជាន់បានទេ សូម្បីតែជាន់ទៅលើកម្រាលដែលគេក្រាលពណ៌សសុទ្ធហ្នឹង ក៏ភិក្ខុមិនអាចដើរជាន់បានដែរ។ ភិក្ខុអង្គណាដើរជាន់ គឺត្រូវអាបត្តិគ្រប់ជំហាន (សំណួរ៖ ហេតុអីទៅលោកបណ្ឌិត?) ដោយសារពណ៌នេះវាងាយប្រឡាក់ផង ហើយជាពណ៌ដែលពួកអ្នកបរិភោគកាមប្រើប្រាស់ បានន័យថា ពួកគ្រហស្ថអ្នកគ្រប់គ្រងផ្ទះប្រើប្រាស់ពណ៌ហ្នឹង»។
ហេតុផលមួយទៀតគឺដោយសារក្នុងប្រទេសឥណ្ឌា នាសម័យពុទ្ធកាល ក្រុមនិគ្រន្ថ និងព្រាហ្មណ៍ ដែលជាបព្វជិតក្រៅសាសនា បានយកពណ៌សជាឯកសណ្ឋានសម្រាប់សំគាល់ក្រុមពួករបស់គេ។ អាស្រ័យហេតុនេះ ទើបព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឱ្យភិក្ខុសង្ឃសាវកទ្រទ្រង់សំពត់កាសាវពស្ត្រ ពោលគឺស្បង់ស្បៃត្រៃចីវរ ដែលមានពណ៌អម្ចត់ ដើម្បីជាលក្ខណៈពិសេសសំគាល់ក្រុមគណៈនៃសមណអ្នកបួសក្នុងពុទ្ធសាសនា។
ត្រៃចីវរដែលជាគ្រឿងស្លៀកដណ្ដប់របស់ភិក្ខុសង្ឃមាន ៣ផ្ទាំង រួមមានស្បង់ ចីពរ និងសង្ឃាដី។ ស្បង់ជាសំពត់សម្រាប់គ្របដណ្ដប់រាងកាយព័ន្ធត្រឹមចង្កេះចុះទៅក្រោម។ ចីពរគឺជាសំពត់សម្រាប់គ្រងនៅផ្នែកខាងលើ ពាក់គ្របលើស្មាទាំងពីរ ឬក៏ឃ្លុំឆៀង។ ចំណែកសង្ឃាដីគឺសំពត់មួយផ្ទាំង មានទំហំធំជាងគេសម្រាប់ឃ្លុំបន្ថែមពីលើចីពរ និងអាចប្រើជាភួយសម្រាប់ដណ្ដប់ការពារធាតុអាកាសត្រជាក់។
សូមលោកអ្នកនាងកញ្ញារង់ចាំអាននិងស្ដាប់សេចក្ដីអធិប្បាយអំពីលក្ខណៈពិសេសនៃសាច់ក្រណាត់ ព្រមទាំងខ្នាតរង្វាស់សំពត់ចីវរទាំងបីនេះ នៅក្នុងការផ្សាយរបស់យើងខ្ញុំនៅពេលក្រោយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។