អ្វី​ទៅ​ដែល​ហៅ​ថា​ការ​មក​រដូវ​ហើយ​ដូច​ម្តេច​ដែល​ហៅ​ថា​វគ្គ​រដូវ​ធម្មតា​ឬ​មិន​ធម្មតា?

ការ​មក​ខែ ឬ​ការ​មក​រដូវ មាន​ការ​ប្រែប្រួល​ពី​ស្ត្រី​ម្នាក់​ទៅ​ម្នាក់​ទៀត ដែល​ស្ត្រី​ខ្លះ​មក​ច្រើន មក​អំឡុង​ពេល​ខ្លី និង​ខ្លះ​ទៀត​មក​តិចៗ តែ​មក​យូរ​ថ្ងៃ។

0:00 / 0:00

តើ​មាន​មូល​ហេតុ​អ្វី​បាន​ជា​ស្ត្រី​ខ្លះ​មាន​រដូវ​មិន​ទៀង​ទាត់ ហើយ​តើ​អាច​មាន​បញ្ហា​អ្វី​ខ្លះ​ដល់​សុខភាព​ដែរ​ឬ​ទេ?

ជា​ធម្មតា​ក្មេង​ស្រី​ដែល​គ្រប់​ការ​មក​រដូវ ឬ​មក​ខែ​ជា​លើក​ដំបូង គឺ​នៅ​អាយុ​ចន្លោះ​ពី ១២ ទៅ ១៣​ឆ្នាំ។ ប៉ុន្តែ​មាន​ក្មេង​ស្រី​ខ្លះ​គ្រប់ការ​មក​រដូវ​មាន​វ័យ​ក្មេង​មែន​ទែន ដែល​ខ្លះ​ទើប​តែ​មាន​អាយុ​បាន ៩ ឬ ១០​ឆ្នាំ​ក៏មាន ហើយ​នៅ​ជាមួយ​គ្នា​នេះ​ក៏​មាន​ក្មេង​ស្រី​ខ្លះ​មក​រដូវ​យឺត​រហូត​ដល់​អាយុ ១៥ ឬ ១៦​ឆ្នាំ។

តើ​អ្វី​ទៅ​ដែល​ហៅ​ថា​រដូវ ហេតុ​អ្វី​បាន​ជា​ស្រ្តី​មាន​រដូវ ? ចំពោះ​សំណួរ​នេះ លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា ហៅ​កាត់​ថា រ៉ាក់ (RHAC) បាន​មាន​ប្រសាសន៍​ពន្យល់​ថា ៖ «រដូវ​គឺ​ជា​ការ​របេះ​ធ្លាក់​នៃ​ស្រទាប់​ភ្នាស​ស្តើង​នៅ​ក្នុង​តួ​ស្បូន ដែល​កើត​ឡើង​ដោយសារ​តែ​អកម៉ូន​ស្ត្រី ហើយ​ដែល​អកម៉ូន​នេះ​មាន​ពីរ គឺ អេស្ត្រូហ្សេន និង ប្រូហ្សេតេរ៉ូន។ ការ​របេះ​ធ្លាក់​នេះ​បង្ក​បាន​ជា​ការ​ហូរ​ឈាម​យឺតៗ​ចេញ​ពី​តួ​ស្បួន​តាម​ទ្វារ​មាស​ជា​រៀង​រាល់​ខែ ជា​ទូទៅ​ការ​ហូរ​ឈាម​នេះ​មាន​រយៈ​ពេល​ពី ៣ ទៅ ៥​ថ្ងៃ​ជា​ធម្មតា»

ឯកសារ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍ womenhealth.comបាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្មេង​ស្រី​ដែល​មាន​អាយុ ១៦​ឆ្នាំ ហើយ​មិន​ឃើញ​មាន​ធ្លាក់​ឈាម​រដូវ​ទេ​នោះ មាតា​បិតា ឬ​អ្នក​អាណា​ព្យាបាល​ត្រូវ​តែ​យក​កុមារី​នោះ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​រក​មូលហេតុ​ច្បាស់​លាស់។ អត្ថបទ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍​ដដែល​បន្ត​ថា ជា​ទូទៅ​គេ​អាច​ចំណាំ​បាន​ថា ក្មេង​ស្រី​ដែល​ចាប់​ផ្តើម​ឡើង​សុដន់ ឬ ដោះ និង​មាន​ដុះ​រោម​នៅ​ប្រដាប់​ភេទ និង​នៅ​ក្រោម​ក្លៀក ក្មេង​ស្រី​នោះ​នឹង​មាន​រដូវ​ដំបូង​ប្រមាណ​ជា ២​ឆ្នាំ​ក្រោយ​មក។

ការ​មក​រដូវ​ប្រចាំ​ខែ​របស់​ស្ត្រី​នេះ គឺ​មាន​ការ​ប្រែប្រួល​ពី​ម្នាក់​ទៅ​ម្នាក់ ខ្លះ​មក​ច្រើន​ខ្លះ​មក​តិច និង​ខ្លះ​មក​យូរ​ថ្ងៃ ឬ​មក​រយៈពេល​ខ្លី។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី បាន​ពន្យល់​អំពី​វគ្គ​រដូវ និង​មូលហេតុ​នៃ​ការ​មក​រដូវ​មិន​ទៀង​ទាត់ ៖ «វគ្គ​រដូវ​ធម្មតា គឺ ២៨​ថ្ងៃ ប៉ុន្តែ​មាន​ស្រ្តី​ខ្លះ​អាច​ប្រែប្រួល​ពី ២៤​ថ្ងៃ ទៅ ៣៧​ថ្ងៃ គឺ​ជា​ការ​ធម្មតា​ដែរ ដែល​ជួនកាល​ស្រ្តី​ហ្នឹង​អាច​ប្រែប្រួល​ទៅ​តាម​អាយុ អារម្មណ៍ និង​ផ្លូវ​ចិត្ត។ ហើយ​ចំពោះ​រដូវ​មិន​ទៀង​ទាត់ គឺ​ក្នុង​ករណី​ស្ត្រី​រដូវ​តិច​ជាង ២១​ថ្ងៃ ឬ​លើស​ពី ៣៧​ថ្ងៃ​ឡើង​ទៅ យើង​ចាត់​ទុក​ថា​មិន​ធម្មតា។ ហើយ​ក្នុង​ករណី​ហ្នឹង​ឯង គឺ​ថា​សុំ​ឲ្យ​ស្រ្តី​យើង​ទាំង​អស់​គ្នា​ត្រូវ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ»

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី បាន​ថ្លែង​ផ្តល់​យោបល់​ថា នៅ​ពេល​មក​រដូវ​ម្តងៗ ស្ត្រី​ត្រូវ​កត់​ចំណាំ​ថ្ងៃ​ខែ និង​តាម​ដាន​ពិនិត្យ​មើល​សភាព​នៃ​ការ​ធ្លាក់​ឈាម ហើយ​បើ​ឃើញ​មាន​សញ្ញា​ណា​មួយ​មិន​ធម្មតា ស្ត្រី​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​រោគ​ស្ត្រី​ជា​បន្ទាន់។

ឯកសារ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍ womenhealth.com ដដែល​បន្ត​ថា ស្ត្រី​ពេញ​វ័យ​មាន​វគ្គ​រដូវ​នៅ​ចន្លោះ​ពី ២១ ទៅ ៣៥​ថ្ងៃ ប៉ុន្តែ​ចំពោះ​ក្មេង​ស្រី​ជំទង់​វិញ វគ្គ​រដូវ​គឺ​ក្នុង​ចន្លោះ​ពី ២១​ថ្ងៃ ទៅ ៤៥​ថ្ងៃ។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ ក្នុង​លក្ខណៈ​ដែល​ស្ត្រី​មាន​រដូវ​ពុំ​ទៀង​ទាត់ គឺ​រដូវ​មក​តិច​ជាង ២១​ថ្ងៃ ឬ​លើស​ពី ៣៧​ថ្ងៃ​ឡើង​ទៅ ស្ត្រី​នោះ​ត្រូវ​តែ​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី មាន​ប្រសាសន៍​បញ្ជាក់​ដូច្នេះ ៖ «យើង​តាម​ដាន​មើល​ទៀត តើ​ធ្លាក់​មក​ពី​ក្នុង​ស្បូន ឬ​ពី​កន្លែង​ណា​ផ្សេង​ទៀត យើង​ត្រូវ​គិត ក្រែងលោ​មិន​មែន​ជា​រដូវ យើង​គិត​ទៅ​ជំងឺ​មហារីក ដុំ​ពក​នៅ​មាត់​ស្បូន ឬ​មាន​ស្នាម​របួស​នៅ​ទ្វារ​មាស​ដោយ​ការ​ប៉ះ​ទង្គិច ឬ​មាន​ឫស​ដូង​បាត។ មួយ​ទៀត បើ​សិន​ការ​ធ្លាក់​ឈាម​ហ្នឹង​មក​ពី​ស្បូន​វិញ ហើយ​យើង​ត្រូវ​មើល​ទៀត ប្រសិន​បើ​មាន​ការ​ខ្ជាក់​មេ​ជីវិត​ញី ដែល​ភាគ​ច្រើន​ជា​វិបត្តិ​សរីរាង្គ​នោះ អាច​មាន​ដុះ​ដុំ​ក្នុង​ស្បូន ឬ​ក៏​យើង​មាន​សល់​កម្ទេច​កម្ទី​អី ក្រោយ​ពី​រលូត​កូន ឬ​ក្រោយ​សម្រាល​កូន​ហើយ​ធ្លាក់​សុក​មិន​អស់ ឬ​ក៏​យើង​មាន​រលាក​ស្បូន​រ៉ាំរ៉ៃ មហារីក​ស្បូន ដុំ​ស្បូន ឬ​ក៏​កូន​ក្រៅ​ស្បូន។ ប៉ុន្តែ​ជួនកាល​ក៏​អាច​មាន​វិបត្តិ​អកម៉ូន​ដែរ»

ចំពោះ​ស្ត្រី​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ ប្រសិន​បើ​មាន​ការ​ធ្លាក់​ឈាម​រដូវ​មិន​ទៀង​ទាត់ លោកស្រី​វេជ្ជបណ្ឌិត វង ដាវី បាន​មាន​ប្រសាសន៍​រៀបរាប់​អំពី​មូលហេតុ​ជា​ច្រើន​ទៀត ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ឈាម ៖ «ជួនកាល​ទៀត​ស្រ្តី​ហ្នឹង​ឯង​មាន​ការ​តានតឹង​ក្នុង​ផ្លូវ​ចិត្ត​ខ្លាំង​ពេក ឬ​ក៏​ឡើង​ទម្ងន់ ស្រក​ទម្ងន់ ជួនកាល​មាន​ជំងឺ​ពក​ក ឬ​ក៏​មាន​ផ្ទៃពោះ ឬ​ក៏​មាន​ដុំ​កន្សោម​ពង ហ្នឹង​ចំពោះ​ស្រ្តី​នៅ​ក្នុង​វ័យ​បន្ត​ពូជ។ ជួនកាល​ទៀត​អាច​ស្រ្តី​ហ្នឹង​មាន​ជំងឺ​ឈាម... ជា​កត្តា​មួយ​ឲ្យ​យើង​មាន​ដែរ»

ក្នុង​លក្ខណៈ​ស្ត្រី​ស្ថិត​ក្នុង​វ័យ​ជិត​អស់​រដូវ​វិញ លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​អំពី​ហេតុផល​មួយ​ចំនួន​យ៉ាង​ដូច្នេះ ៖ «បើសិន​ជា​ស្ត្រី​ជិត​អស់​រដូវ ឬ​លែង​មាន​រដូវ​តែម្ដង បើ​សិន​ជា​មាន​ធ្លាក់​ឈាម ហ្នឹង​យើង​អត់​គិត​ទៅ​រឿង​រដូវ​ទេ ព្រោះ​យើង​អស់​រដូវ​ហើយ អ៊ីចឹង​យើង​ត្រូវ​គិត​ជា​ជំងឺ​វិញ។ ស្រ្តី​ដែល​អស់​រដូវ​ច្រើន​តែ​មាន​មហារីក​ស្រទាប់​ស្តើង​របស់​ស្បូន​នៅ​ផ្នែក​ខាង​ក្នុង​ស្បូន ជួនកាល​មាន​មហារីក​មាត់​ស្បូន ជួនកាល​មាន​រលាក​មាត់​ស្បូន ជួនកាល​មាន​ដុះ​ដុំ​សាច់​ក្នុង​មាត់​ស្បូន​ក៏​មាន​ដែរ»

អត្ថបទ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍ womenhealth.com បន្ត​ថា នៅ​ពេល​ចាប់​ផ្តើម​មាន​រដូវ​ហើយ ស្ត្រី​នឹង​បន្ត​មាន​រហូត​ដល់​ស្ត្រី​នោះ​អស់​រដូវ​តែម្តង ដែល​មាន​អាយុ​ចន្លោះ​ពី ៤៥​ឆ្នាំ ដល់ ៥៥​ឆ្នាំ ដែល​ភាសា​អង់គ្លេស ហៅ​ថា Menopause ឬ​លើក​លែង​តែ​ស្ត្រី​នោះ​មាន​ផ្ទៃពោះ ដែល​ត្រូវ​បាត់​រដូវ​មួយ​រយៈ ក៏ប៉ុន្តែ​ក្រោយ​សម្រាល​កូន​រួច​ហើយ ស្ត្រី​នឹង​បន្ត​ការ​មាន​រដូវ​ជា​ធម្មតា​ឡើង​វិញ។

ហើយ​ចំពោះ​ក្មេង​ស្រី​ដែល​ចាប់​ផ្តើម​មាន​រដូវ ឯកសារ​ដដែល​ឲ្យ​ដឹង​ថា ច្រើន​តែ​មក​មិន​ទៀង​ទាត់ ក្នុង​អំឡុង​២ ឬ ៣​ឆ្នាំ​ដំបូង ហើយ​ថា​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឲ្យ​សោះ ពីព្រោះ​រូបរាង​កាយ​របស់​កុមារី​នោះ មាន​ការ​ផ្លាស់​ប្តូរ​និង​ប្រែប្រួល ទាំង​រូបកាយ​និង​ផ្លូវ​ចិត្ត ខណៈ​ដែល​កំពុង​ធំ​ពេញ​វ័យ៕