ការ​អស់​រដូវ​និង​ដំណាក់​កាល​នីមួយៗ​នៃ​ការ​អស់​រដូវ

ការ​អស់​រដូវ​គឺ​ជា​ការ​បញ្ចប់​ជា​អចិន្ត្រៃយ៍​នៃ​រដូវ​របស់​ស្ត្រី ឬ​ភាសា​សាមញ្ញ​ហៅ​ថា ការ​អស់​ខែ​ថ្ងៃ​របស់​ស្ត្រី ដែល​ស្ត្រី​គ្រប់ៗ​រូប​ត្រូវ​ជួប​ប្រទះ​ជា​រៀងរាល់​ខែ ក្រោយ​ពេល​ដែល​ក្មេង​ស្រី​ជំទង់​អាយុ​ពេញ​វ័យ​គ្រប់ការ។

0:00 / 0:00

ការ​អស់​រដូវ​របស់​ស្ត្រី​ជា​ធម្មតា​គឺ​នៅ​អាយុ​ចន្លោះ​ពី​៤៥​ឆ្នាំ​ដល់​៥៥​ឆ្នាំ ហើយ​រោគ​សញ្ញា​មុន​អស់​រដូវ គឺ​ប្រែប្រួល​ខុសៗ​គ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ស្ត្រី​ម្នាក់​ទៀត។

ក្នុង​ទំព័រ​វ៉ឹបសាយថ៍ www.thirdage.com បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​លោក​អ្នក​មាន​អាការៈ​សញ្ញា​មួយ​ចំនួន ដូច​ជា​រដូវ​មក​មិន​ទៀង​ទាត់ មាន​ធ្លាក់​ឈាម​តិចៗ​រយៈពេល​ខ្លី ធ្លាក់​ឈាម​មក​ច្រើន​ពេក​ក្នុង​រយៈ​ពេល​យូរ មាន​ធ្លាក់​ឈាម​រដូវ​ច្រើន​ដង​មិន​ទៀង​ទាត់ មាន​អារម្មណ៍​ខឹង​ច្រើន មួម៉ៅ អស់​កម្លាំង ឡើង​ទម្ងន់ គេង​មិន​បាន បែក​ញើស ក្តៅ​មុខ​ភាយៗ ។ល។​និង​។ល។​នោះ ទាំង​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា ស្រ្តី​នឹង​ឈាន​ចូល​ដល់​ការ​អស់​រដូវ។

លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី ប្រធាន​ផ្នែក​សុខភាព​បន្ត​ពូជ នៃ​អង្គការ​សម្ព័ន្ធ​សុខភាព​កុមារ​និង​សុខភាព​បន្ត​ពូជ ហៅ​កាត់​ថា អង្គការ​រ៉ាក់ឆា (RACHA) បាន​មាន​ប្រសាសន៍​ពន្យល់​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​អស់​រដូវ​របស់​ស្ត្រី​យ៉ាង​ដូច្នេះ ៖ «ការ​អស់​រដូវ គឺ​ជា​ការ​បញ្ឈប់​ជា​រៀង​រហូត​នៃ​ការ​មក​រដូវ​រាល់​ខែ និង​ជា​ការ​បញ្ចប់​ដំណើរការ​នៃ​ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្ត្រី។ ការ​អស់​រដូវ​នេះ គឺ​ជា​ធម្មជាតិ​របស់​ស្ត្រី ដែល​ចាប់​ផ្តើម​ពេល​មាន​អាយុ​ពី​៤៥​ឆ្នាំ ទៅ​៥៥​ឆ្នាំ ហើយ​អាច​អាយុ​តិច​ជាង​នេះ ចំពោះ​ស្ត្រី​ជក់​បារី និង​ខ្វះ​អាហារូបត្ថម្ភ និង​ខ្លះ​អាយុ​លើស​៥៥​ឆ្នាំ ប្រសិន​បើ​ស្ត្រី​នោះ​មាន​កូន​ច្រើន ឬ​កូន​ចាប់​ពី​៣​នាក់​ឡើង​ទៅ»

ក្នុង​ទំព័រ​វ៉ឹបសាយថ៍​នៃ​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិក ដែល​មាន​អាសយដ្ឋាន www.womenshealth.gov/menopause បាន​ឲ្យ​ដឹង​ថា ការ​អស់​រដូវ​គឺ​គ្រាន់​តែ​ជា​ដំណាក់​កាល​មួយ ក្នុង​ចំណោម​ដំណាក់កាល​ជា​ច្រើន​នៃ​ជីវិត​បន្ត​ពូជ​របស់​ស្ត្រី ហើយ​គេ​ចែក​ចេញ​ជា​៤​ដំណាក់កាល​ធំៗ។

ទី​១ Premenopause: គឺ​ជា​ដំណាក់កាល​មួយ​ដែល​គិត​ចាប់​ពី​ការ​មក​រដូវ​ដំបូង​របស់​ស្ត្រី រហូត​ដល់​ការ​មក​រដូវ​ទៀងទាត់​ចុង​ក្រោយ ហើយ​ដំណាក់កាល​នេះ​គេ​ហៅ​ថា ជា​អំឡុង​ពេល​នៃ​ការ​បន្ត​ពូជ​ជា​ធម្មតា​របស់​ស្ត្រី។

ទី​២ Perimenopause: ដំណាក់​កាល​នេះ​មាន​ន័យ​ថា ដំណាក់​កាល​នៅ​អំឡុង​ពេល​ជិត​អស់​រដូវ គឺ​ជា​ដំណាក់កាល​អន្តរកាល ដែល​មាន​ការ​ប្រែប្រួល​រយៈពេល​ពី​២​ឆ្នាំ​ទៅ​១០​ឆ្នាំ មុន​ពេល​ស្ត្រី​អស់​រដូវ​រហូត។ ដំណាក់កាល​នេះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​អកម៉ូន​របស់​ស្ត្រី ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​រោគ​សញ្ញា​មួយ​ចំនួន ដូច​ជា​ក្តៅ​មុខ​ក្តៅ​មាត់​ជាដើម។

ទី​៣ Menopause: គឺ​ជា​ដំណាក់​កាល​នៃ​ការ​បញ្ចប់​នូវ​ភាព​ប្រែប្រួល​របស់​ស្ត្រី​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​បន្ត​ពូជ។ ដំណាក់​កាលMenopause នេះ គឺ​ជា​ដំណាក់​កាល​ដែល Estrogen និង progesterone បន្ថយ​ដល់​កម្រិត​ទាប​បំផុត ហើយOvaries ឬ​កន្សោម​ពង​របស់​ស្ត្រី ឈប់​ផលិត​មេ​ជីវិត​ញី ដែល​នេះ​មាន​ន័យ​ថា ស្ត្រី​មិន​អាច​មាន​កូន​តាម​ធម្មជាតិ​ត​ទៅ​ទៀត​បាន​ឡើយ។

ដំណាក់​កាល​ទី​៤ Postmenopause: ជា​ដំណាក់​កាល​អស់​រដូវ​ជា​អចិន្ត្រៃយ៍​របស់​ស្ត្រី ហើយ​ដែល​គេ​អាច​កត់​ចំណាំ​បាន នៅ​ក្រោយ​ដែល​ស្ត្រី​ពុំ​មាន​រដូវ​ទាល់​តែ​សោះ​ជាប់ៗ​គ្នា​ក្នុង​អំឡុង​ពេល​១២​ខែ។ នៅ​ក្នុង​ដំណាក់​កាល​នេះ ប្រសិន​បើ​ស្ត្រី​នៅ​មាន​ធ្លាក់​ឈាម ទោះ​បី​ជា​ឈាម​នោះ​ធ្លាក់​តិចៗ​ក្តី គេ​ត្រូវ​តែ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ជា​បន្ទាន់។

លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី ប្រធាន​ផ្នែក​សុខភាព​បន្ត​ពូជ​នៃ​អង្គការ​រ៉ាក់ឆា បាន​មាន​ប្រសាសន៍​បន្ត​ថា នៅ​មុន​អស់​រដូវ ស្ត្រី​មាន​ការ​ប្រែប្រួល​ជា​ច្រើន ដែល​បណ្តាល​មក​ពី​ហេតុផល​យ៉ាង​នេះ​ថា ៖ «រោគ​សញ្ញា​នៃ​ការ​ប្រែប្រួល​ពេល​អស់​រដូវ​នោះ គឺ​ដោយសារ​តែ​អកម៉ូន​ថយ​ចុះ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្ត្រី​មាន​វិបត្តិ​ផ្លូវ​ចិត្ត ខឹង​មួម៉ៅ អារម្មណ៍​មិន​នឹង សុដន់​ឡើង​ធំ ឈឺ​នៅ​ពេល​មុន​មក​រដូវ នៅ​ពេល​នោះ​យើង​ឃើញ​ថា ស្ត្រី​មាន​ឡើង​ទម្ងន់។ រដូវ​មិន​ទៀងទាត់​អាច​មាន​ច្រើន ឬ​មានតិច»

លោកស្រី​វេជ្ជបណ្ឌិត អៀម មុន្នី បាន​មាន​ប្រសាសន៍​រៀបរាប់​បន្ថែម​នូវ​រោគ​សញ្ញា​ជាច្រើន​ទៀត ដែល​កើត​មាន​ឡើង​ចំពោះ​ស្រ្តី​នៅ​ពេល​ជិត​អស់​រដូវ ៖ «ក្តៅ​ស្អុះ​ស្អាប់ បែក​ញើស អស់​កម្លាំង ឈឺ​ក្បាល ឈឺ​សន្លាក់​ដៃ​ជើង ហើយ​ស្ត្រី​ខ្លះ​ស្រពន់​ដៃ​ជើង និង​ខ្លះ​ទៀត​វិល​មុខ។ រោគ​សញ្ញា​ទាំង​នេះ​នឹង​ខ្លាំង​ឡើង​ជា​អតិបរមា​នៅ​២​ឆ្នាំ​ក្រោយ​ពី​បាត់​រដូវ ហើយ​បើ​មិន​ព្យាបាល​ទេ រោគ​សញ្ញា​ទាំង​នេះ​នឹង​ពន្យារ​ពី​៥​ឆ្នាំ​រហូត​ដល់​១០​ឆ្នាំ»

អ្នកស្រី ស៊ូ សិលា អាយុ​៦២​ឆ្នាំ រៀបការ​មាន​កូន​ស្រី​ម្នាក់ ដែល​ប្រកប​របរ​លក់​ដូរ​បន្លែ​តិចតួច​នៅ​ផ្សារ​ដើម​គ និង​នៅ​ផ្សារ​ក្បាល​ថ្នល់ ក្នុង​ក្រុង​ភ្នំពេញ បាន​ថ្លែង​ថា អ្នកស្រី​មក​រដូវ​ជា​លើក​ដំបូង​កាល​ពី​អាយុ​១៣​ឆ្នាំ ហើយ​អស់​ទៅ​វិញ​ជា​ស្ថាពរ​នៅ​អាយុ​៥៥​ឆ្នាំ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​រៀបរាប់​អំពី​អាការៈ​មួយ​ចំនួន​ក្រោយ​អស់​រដូវ​យ៉ាង​នេះ​ថា ៖ «ប្រហែល​ពីរ​ខែ​មុន មក​តិចៗ​ខុស​ធម្មតា ដល់​ខែ​ទី​ពីរ​មក​ដុំៗ ប្រហែល​ពីរ​ថ្ងៃ ថ្ងៃ​ដំបូង​មក​ខ្លាំង។ ខ្ញុំ​មាន​ជំងឺ​ច្រើន ដូច​ជា​ឈឺ​ក្នុង​ឆ្អឹង អស់​កម្លាំង ជួនកាល​ត្រូវ​បែក​ញើស​ជោក​ខ្លួន ត្រជាក់​ដៃ​ជើង ទៅ​ពេទ្យ​ទៅ​ចាក់​ថ្នាំ ព្យួរ​សេរ៉ូម​ទៅ​អន់​ទៅ»

ក្នុង​ទំព័រ​វ៉ឺបសាយ៍​នៃ​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិក​ដដែល​បន្ត​ថា កាល​ដែល​ស្ត្រី​រៀបចំ​ខ្លួន​ប្រាណ​ជា​ស្រេច និង​ស្វែង​យល់​ដឹង​អំពី​ភាព​ប្រែប្រួល​ទាំង​រូប​រាងកាយ និង​ផ្លូវ​ចិត្ត​ក្នុង​អំឡុង​ពេល​និង​ក្រោយ​ពេល​អស់​រដូវ ស្ត្រី​ទាំង​នោះ​ភាគ​ច្រើន​អាច​មាន​វិធី​រក្សា​ការពារ​សុខភាព និង​អាច​បន្ត​ជីវិត​រស់​នៅ​របស់​គេ​បន្ទាប់​ពី​ការ​អស់​រដូវ​បាន​ពី​២៥​ឆ្នាំ ដល់​៣០​ឆ្នាំ​ទៅ​មុខ​ទៀត។

បន្ថែម​ពី​នេះ ស្ត្រី​ដែល​មាន​វ័យ​ឈាន​ចូល​ដល់​ការ​អស់​រដូវ​រហូត​បច្ចុប្បន្ន​នេះ គេ​មាន​សុខភាព​ល្អ​ប្រសើរ​ជាង​មុន មាន​អារម្មណ៍​ថា ខ្លួន​នៅ​វ័យ​ក្មេង​ជាង​អាយុ​វ័យ​ចាស់​ពិត​ប្រាកដ ហើយ​សំខាន់​ជាង​នេះ​គឺ​ថា ស្ត្រី​ដែល​អស់​រដូវ​ទាំង​នោះ នៅ​តែ​បន្ត​សកម្មភាព​រស់​នៅ​ក្នុង​ជីវិត និង​ប្រកប​ការងារ​ធ្វើ​ជា​ធម្មតា ដែល​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន​បើ​ប្រៀប​ធៀប​ស្ត្រី​កាល​ពី​ជំនាន់​មុនៗ៕