ឆ្លើយតបទៅនឹងសំណួរនេះ លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រីទទួលបន្ទុកកម្មវិធីសុខភាពបន្តពូជយុវវ័យ និងអេច.អាយ.វី អេដស៍ របស់អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA បានមានប្រសាសន៍ថា ហេតុផលចម្បងបំផុត គឺដោយសារការប្រែប្រួលនៃជាតិអកម៉ូនក្នុងខ្លួនស្ត្រី នៅពេលជិតអស់រដូវ និងបញ្ហាស្មុគស្មាញក្នុងចិត្តរបស់ស្ត្រី។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មានប្រសាសន៍ដូច្នេះ ៖ «មូលហេតុធំដែលធ្វើឲ្យស្ត្រីជិតអស់រដូវ មានសភាពមួហ្មង បាត់បង់ចំណង់ខាងផ្លូវភេទ គឺ stress ព្រោះថាស្ត្រីគ្រប់ៗរូបនៅប្រទេសកម្ពុជា យើងមានការពិបាកចិត្តសឹងតែទាំងអស់ គ្រាន់តែខ្លះតិច ឬច្រើនប៉ុណ្ណោះ»។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មានប្រសាសន៍បន្តថា ការប្រែប្រួលក្នុងខ្លួនរបស់ស្ត្រី ដោយសារតែជាតិអកម៉ូននោះ បានធ្វើឲ្យស្ត្រីមានអារម្មណ៍មិនស្រឡះក្នុងខ្លួន ឈឺច្រើន ដែលជាហេតុនាំឲ្យបាត់បង់នូវចំណង់ចំណូលចិត្តខាងផ្លូវភេទ ៖ «ស្ត្រី ជាទូទៅមុនអស់រដូវ គឺធ្វើឲ្យមានការប្រែប្រួលជាច្រើន ខ្លះអស់រយៈពេលជិត ១០ឆ្នាំ ដូច្នេះក្នុងអំឡុងពេលហ្នឹង ស្ត្រីទទួលជំងឺជាច្រើន ខ្លះឈឺក្បាល គេងពុំលក់ ហូបពុំបាន។ នៅក្នុងស្រុកខ្មែរពុំមានសេវាផ្តល់ដំបូន្មានឲ្យស្ត្រីធ្វើដូចម្តេចដើម្បីជួយសម្រួលសុខភាពឡើយ»។
អត្ថបទក្នុងទំព័រវ៉ឺបសៃថ៍ Cope with Menopause បានបង្ហាញថា ស្ត្រីជិតអស់រដូវដែលជាធម្មតាចាប់ផ្តើមពីអាយុជិត ៥០ឆ្នាំឡើងទៅ ការមករដូវប្រចាំខែរបស់ស្ត្រីមានការប្រែប្រួល និងផ្លាស់ប្តូរច្រើន ជួនកាលស្ត្រីខ្លះមករដូវច្រើន ខ្លះមកតិចៗតែមកយូរថ្ងៃ និងភាគច្រើនមករដូវពុំទៀតទាត់ឡើយ។
បន្ថែមពីបញ្ហាមករដូវពុំទៀងទាត់ ស្ត្រីដែលជិតអស់រដូវក៏មានរោគសញ្ញាជាច្រើនផងដែរ ក្នុងនោះស្រ្តីបែកញើសនៅពេលយប់ មានភាពក្តៅរសាប់រសល់ក្នុងខ្លួន មានអារម្មណ៍មួម៉ៅ ឆាប់ខឹង កើតទុក្ខច្រើន គេងពុំបាន ភ្លេចច្រើន ទ្វារមាសស្ងួត និងពុំមានអារម្មណ៍ត្រេកត្រអាលក្នុងរឿងផ្លូវភេទជាដើម។ ហើយថារោគសញ្ញាទាំងអស់នេះ គឺមានលក្ខណៈខុសៗគ្នា និងប្រែប្រួលពីស្ត្រីម្នាក់ទៅម្នាក់ទៀត ហើយខ្លះមានរយៈពេលយ៉ាងតិចរហូតដល់ ៦ឆ្នាំក៏មាន ទម្រាំស្ត្រីនោះអស់រដូវតែម្តង ដែលភាសាអង់គ្លេសហៅថា Menopause។
ស្តីពីបញ្ហាដែលស្ត្រីខ្មែរជិតអស់រដូវពុំមានការចាប់អារម្មណ៍ក្នុងរឿងផ្លូវភេទនេះ លោកស្រី ជា វណ្ណាត អតីតប្រធានអង្គការអភិវឌ្ឍន៍សង្គម បានមានប្រសាសន៍លើកហេតុផលមួយចំនួនដែលជាផ្នត់គំនិតរបស់ស្ត្រីខ្មែរយ៉ាងនេះថា ៖ «ស្ត្រីខ្មែរ កាលណាដល់អាយុជាង៤០ ឬ ៥០ឆ្នាំ អស់មានរដូវអ៊ីចឹង បើតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរយើង គឺស្ត្រីខ្មែរយើងគឺដល់អាយុមួយ ដែលថា ទៅជាម្តាយក្មេកគេ ក្លាយជាជីដូនគេ ដូចនេះការរួមភេទពុំមែនជាអត្ថិភាពរបស់ស្ត្រីទេ ពុំមែនជាបញ្ហាសម្រាប់សាម៉ីខ្លួន ដែលថាត្រូវតែរកពេទ្យជួយនោះទេ»។
ទោះជាមានផ្នត់គំនិតនិងហេតុផលយ៉ាងនេះក៏ដោយ លោកស្រី ជា វណ្ណាត បានអះអាងបន្តថា មានស្ត្រីជាភរិយាមួយចំនួនតូចទេ ដែលមានការភ័យខ្លាចបាត់បង់ប្តី អាចខិតខំរកវិធីទប់កុំឲ្យប្តីបែកចិត្ត ក៏ប៉ុន្តែភាគច្រើនគេស្វែងរកអារម្មណ៍ស្ងប់ស្ងាត់ក្នុងខ្លួនខាងធម៌អាថ៌ទៅវិញទេ។
ផ្ទុយស្រឡះពីផ្នត់គំនិតស្ត្រីខ្មែរ ស្រ្តីបរទេសមានស្ត្រីអាមេរិកាំង បារាំង អង់គ្លេស អាល្លឺម៉ង់ ទោះបីជាគេមានអាយុច្រើនលើសពី ៥០ឆ្នាំ ស្ថិតក្នុងកំឡុងពេលដែលរូបកាយរបស់គេប្រែប្រួលជិតអស់រដូវក៏ដោយ ក៏ពួកគេកាន់តែមានការចាប់អារម្មណ៍ក្នុងរឿងផ្លូវភេទកាន់តែខ្លាំងឡើង ដោយគិតគូរស្វះស្វែងរកព័ត៌មាន និងមធ្យោបាយនានា តាមរយៈការអានសៀវភៅ តាមប្រព័ន្ធអ៊ិនធឺណេត មើលវីដេអូស៊ិច ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញខាងផ្លូវភេទ ខាងផ្នែកចិត្តសាស្ត្រ ដើម្បីធ្វើឲ្យចំណង់ ចំណូលចិត្តខាងផ្លូវភេទរបស់គេ នៅមានភាពសម្រើបខ្លាំង និងធ្វើឲ្យជិវិតរបស់គេនៅមានភាពរីករាយ ត្រេកត្រអាល ទោះបីជាគេមានវ័យចំណាស់ក៏ដោយ៕