សង្គមស៊ីវិល ក្រុមយុវជន និងសហគមន៍មូលដ្ឋានចំនួន៨០ ចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៣១ កក្កដា ទាមទារឱ្យរដ្ឋាភិបាលដកហូតសិទ្ធិវិនិយោគកោះកុងក្រៅពីក្រុមហ៊ុនលោក លី យ៉ុងផាត់ មកវិញ។ ការអំពាវនាវនេះ ធ្វើឡើងដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន មិនបានបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងគម្រោងវិនិយោគកោះកុងក្រៅជាសាធារណៈឡើយ។ ក្រសួងបរិស្ថានចាត់ទុកសំណើរបស់ក្រុមសង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋាននេះថា ជារបៀបវារៈនយោបាយទុច្ចរិត។
ក្រុមយុវជន អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានចំនួន៨០ យល់ថា ការផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនកោះកុងអេសអ៊ីហ្សិត (Koh Kong SEZ) របស់លោក លី យ៉ុងផាត់ ដើម្បីអភិវឌ្ឍកោះកុងក្រៅទាំងមូល អាចនឹងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិនៅលើកោះនោះ ដោយសារតែក្រុមហ៊ុនធ្លាប់មានប្រវត្តិរំលោភសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងបំផ្លាញធនធានធម្មជាតិ។ ពួកគេបារម្ភថា ការផ្តល់សិទ្ធិវិនិយោគនេះ នឹងបណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ការបាត់បង់សោភ័ណភាពធម្មជាតិនៃកោះ ជាពិសេសគឺការបាត់បង់ប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរទាំងមូល។
អង្គការសង្គមស៊ីវិល ក្រុមយុវជន និងសហគមន៍មូលដ្ឋានដែលលើកឡើងពីកង្វល់អំពីគម្រោងវិនិយោគខ្វះតម្លាភាពនេះ មានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការលីកាដូ (LICADHO) សមាគមបណ្តាញយុវជនកម្ពុជា (CYN) ក្រុមយុវជនមាតាធម្មជាតិ ក្រុមយុវជនខ្មែរថាវរៈ សហគមន៍ព្រៃឡង់ សហគមន៍រងគ្រោះដីធ្លីខេត្តកោះកុង និងសហគមន៍ជាច្រើនទៀត។ ពួកគេស្នើឱ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដែលត្រូវការពារដោយច្បាប់ ដើម្បីរក្សាសភាពដើមនៃកោះ ទុកជាតំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេង ជាកន្លែងសិក្សាស្រាវជ្រាវជីវចម្រុះ និងជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អះអាងថា ស្ថាប័នពាក់ព័ន្ធកំពុងសិក្សាពីផលប៉ះពាល់ ដើម្បីកំណត់តំបន់ដែលត្រូវអភិវឌ្ឍ និងតំបន់ដែលត្រូវអភិរក្សនៅកោះកុងក្រៅ។ តែជាមួយគ្នានេះ លោកចោទក្រុមសង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋានថា កំពុងយករឿងកោះកុងក្រៅនេះជាលេសដើម្បីញុះញង់បង្កចលាចលសង្គម ដែលលោកថា ជារបៀបវារៈនយោបាយទុច្ចរិត៖ « ការធ្វើយុទ្ធនាការណាមួយដោយយកបញ្ហាបរិស្ថានមកធ្វើជាលេសនៅក្នុងការញុះញង់បង្កចលាចលសង្គម វាជារបៀបវារៈនយោបាយទុច្ចរិត ហើយពួកគេមិនគួរមានជំងឺតួឯកថា មានតែខ្លួនទេ ជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិនោះ » ។
សកម្មជនបរិស្ថានមាតាធម្មជាតិ លោក ថុន រដ្ឋា ថ្លែងថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមិនស្របតាមច្បាប់កម្ពុជា ដែលធានាពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋ។ លោកបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះស្តែងពីកង្វល់ និងសំណើរួមគ្នារបស់ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានចំនួន៨០ មិនមែនជាការលើកឡើងរបស់មនុស្សតែម្នាក់ ឬក្រុមតែមួយនោះទេ។
លោក ថុន រដ្ឋា យល់ថា គឺក្រសួងបរិស្ថានខ្លួនឯងទៅវិញទេ ដែលមានជំងឺតួឯកនិយម ព្រោះក្រសួងតែងហាមឃាត់ និងបំបិទសិទ្ធិពលរដ្ឋដោយបំពាន នៅពេលពួកគេចេញមុខការពារធនធានធម្មជាតិ ស្របតាមច្បាប់៖ « បើយើងមើលទៅដូចក្រសួងបរិស្ថានដើរតួជាជើងកាង អាចប្រហែលជាមានរឿងខ្មៅ ឬក៏រឿងទុច្ចរិតណាមួយដែលយើងមិនដឹង ហើយអាចថាមានឃុបឃិតគ្នាអ៊ីចឹងទៅ។ អ៊ីចឹងបានជាគេមិនចង់ឱ្យពួកយើងខ្វល់ខ្វាយ ហើយគេចោទយើងទៅរកនយោបាយផងថា ពួកយើងមានជំងឺតួឯកនិយម។ តាមពិតជាក់ស្តែងហ្នឹង គាត់ប្រហែលជាភ្លេចមើលច្បាប់រដ្ឋធម្មនុញ្ញ មានច្បាប់ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យយុវជនចូលរួមកិច្ចការងារបរិស្ថានដែលពួកគាត់ជាអ្នកតាក់តែងឡើងផងដែរ » ។
ចំណែក ប្រធានកម្មវិធីនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ស ម៉ូរី ថ្លែងថា លោកសោកស្តាយដែលមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចោទប្រកាន់ក្រុមយុវជន និងសកម្មជនម្តងហើយម្តងទៀតអំពីការជាប់ពាក់ព័ន្ធនឹងរឿងនយោបាយដោយខ្វះភស្តុតាង នៅពេលពួកគេធ្វើសកម្មភាពការពារធនធានធម្មជាតិ។ លោកថា នេះបង្ហាញឱ្យឃើញច្បាស់ថា ក្រសួងបរិស្ថានមិនបានលើកទឹកចិត្តដល់ការងារការពារធនធានធម្មជាតិនោះទេ ផ្ទុយទៅវិញក្រសួងកំពុងគំរាមកំហែង និងបំបាក់ស្មារតីក្រុមយុវជន និងសកម្មជនបរិស្ថាន៖ « យើងចង់ឃើញការអភិរក្សធនធានធម្មជាតិរបស់ប្រទេសកម្ពុជាប្រកបដោយតម្លាភាព ហើយនិងនិរន្តរភាព ហើយចង់ឱ្យរាជរដ្ឋាភិបាលបង្ហាញអំពីតម្លាភាពនៃការអភិវឌ្ឍ។ ជាពិសេស ដំណើរការនៅក្នុងការផ្តល់ដីសម្បទាននៅក្នុងតំបន់ណាមួយទៅឱ្យក្រុមហ៊ុនអភិវឌ្ឍ មិនមែនជាការសម្រេចចិត្តបែបស៊ុមគ្រលុំ បែបលាក់លៀមពីប្រជាពលរដ្ឋ។ ការសម្រេចចិត្តកន្លកមក យើងឃើញថា វាគ្មានតម្លាភាពសម្រាប់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមិនបានចូលរួមនៅក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តឱ្យបានពេញលេញ និងប្រកបដោយអត្ថន័យ » ។
កោះកុង ឬដែលអ្នកគេនិយមហៅថា កោះកុងក្រៅ នេះ គឺជាកោះធំជាងគេនៅកម្ពុជា។ កោះនេះមានផ្ទៃ ១០៣គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង។ កោះនេះសម្បូរដោយសក្ដានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ រួមមានព្រៃឈើ ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វេង កូនភ្នំ ទឹកជ្រោះ ព្រមទាំងសត្វព្រៃ និងសត្វសមុទ្រជាច្រើនប្រភេទ។
ទោះជាបែបនេះក្តី រដ្ឋាភិបាលបានប្រគល់សិទ្ធិវិនិយោគកោះនេះទាំងមូលដោយស្ងាត់ៗ ទៅឱ្យក្រុមហ៊ុនកោះកុង អេសអ៊ីហ្សិត (Koh Kong SEZ) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា និងជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការប្រគល់សិទ្ធិវិនិយោគនេះ ធ្វើឡើងតាំងពីឆ្នាំ២០១៩ តែរដ្ឋាភិបាលមិនបានបង្ហាញព័ត៌មាននេះជាសាធារណៈឡើយ ទាល់តែក្រុមយុវជនចាប់ផ្តើមធ្វើយុទ្ធនាការកាលពីខែមិថុនាថ្មីៗ នេះ ទើបរដ្ឋាភិបាលសម្រេចទម្លាយព័ត៌មាននេះ។ ការទម្លាយព័ត៌មាននេះទៀតសោត រដ្ឋាភិបាលមិនបានបញ្ជាក់ឱ្យលម្អិតនោះទេ ដោយគ្រាន់តែរំលេចនៅក្នុងលិខិតបង្កើតគណៈកម្មការថ្មីមួយ ដើម្បីត្រួតពិនិត្យគម្រោងអភិវឌ្ឍកោះកុងរបស់ក្រុមហ៊ុនអេសអ៊ីហ្សិតប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មិនបានឆ្លើយតបនឹងសំណួរទាក់ទងនឹងការចុះត្រួតពិនិត្យ ឬលទ្ធផលការងារត្រួតពិនិត្យរបស់គណៈកម្មការថ្មីនេះទេ។
ដោយឡែក បុគ្គលិកមួយរូបប្រចាំនៅក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ឬហៅដោយខ្លីថា កោះកុងអេសអ៊ីហ្សិត (Koh Kong SEZ) ប្រាប់អាស៊ីសេរីថា រហូតមកដល់ពេលនេះ គម្រោងវិនិយោគនៅកោះកុងក្រៅ មិនទាន់មានការរៀបចំរចនាសម្ព័ន្ធដឹកនាំនៅឡើយទេ។ បុគ្គលិកដដែលបានបង្វែរសំណួរផ្សេងទៀតទៅក្រុមហ៊ុនលីយ៉ុងផាត់ ដែលជាក្រុមហ៊ុនមេវិញ។
អាស៊ីសេរីបានទាក់ទងទៅក្រុមហ៊ុនលីយ៉ុងផាត់ (LYP Group) តាមលេខទូរស័ព្ទដែលក្រុមហ៊ុនដាក់នៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែទូរស័ព្ទចូល ពុំមានអ្នកទទួល។ អាស៊ីសេរីក៏បានព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះពីម្ចាស់ក្រុមហ៊ុន គឺលោក លី យ៉ុងផាត់ ដែរ តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន នៅថ្ងៃទី៣១ កក្កដា។
សកម្មជនបរិស្ថានមាតាធម្មជាតិ លោក ថុន រដ្ឋា អះអាងថា ក្រុមយុវជននឹងបន្តយុទ្ធនាការសង្គ្រោះកោះកុងក្រៅ រហូតទាល់តែរដ្ឋាភិបាលដាក់តំបន់នេះជាឧទ្យានជាតិសមុទ្រ និងដកហូតសិទ្ធិវិនិយោគកោះនេះពីក្រុមហ៊ុនលោក លី យ៉ុងផាត់ ដែលមានកេរ្តិ៍ឈ្មោះអាក្រក់ខាងរំលោភសិទ្ធិមនុស្ស និងបំផ្លាញធនធានធម្មជាតិនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។