មេដឹកនាំគណបក្សភ្លើងទៀន មួយចំនួនបានសម្រេចទៅឈរឈ្មោះជាបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធមិត្តរបស់គណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤ ខាងមុខ។ អ្នកឃ្លាំមើលការបោះឆ្នោត យល់ថា ដើម្បីឱ្យអង្គបោះឆ្នោតគណបក្សភ្លើងទៀន អាចបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ លុះត្រាតែមេដឹកនាំគណបក្សភ្លើងទៀន មានភាពប៉ិនប្រសព្វក្នុងការដឹកនាំសមាជិករបស់ខ្លួន។
ក្ដីរំពឹងថា គណបក្សភ្លើងទៀន អាចចូលរួមការបោះឆ្នោតតាមរយៈគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន កាន់តែលេចរូបរាងហើយនៅពេលនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ លោក ផល ស៊ីផុន ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៥ ខែធ្នូថា គណបក្សរបស់លោកបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅ គ.ជ.ប រួចហើយកាលពីថ្ងៃទី៤ ខែធ្នូ។ លោកឱ្យដឹងទៀតថា ក្រោយដាក់ពាក្យរួចហើយ ត្រូវរង់ចាំរយៈពេល ៧ថ្ងៃ ដើម្បីគ.ជ.ប ឆ្លើយតប។ លោករំពឹងថា ការចុះបញ្ជីនេះនឹងគ្មានបញ្ហាអ្វីកើតឡើងឡើយ ព្រោះគណបក្សរបស់លោកបានដាក់ឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់។
លោក ផល ស៊ីផុន៖«មកដល់ពេលនេះ យើងដូចជាអត់មានឧបសគ្គអីទេ យើងរង់ចាំតែសេចក្ដីសម្រេចរបស់ គ.ជ.ប ទេបាទ យើងបានដាក់ឯកសារតាមសេចក្ដីណែនាំរបស់ គ.ជ.ប យើងបានដាក់ទៅគ្រប់គ្រាន់អស់ហើយ ដូចជា មិនមានខ្វះឯកសារណាមួយទេ»។
ទោះយ៉ាងណាក្ដី វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់ពីរ លោក ផល ស៊ីផុន ពីចំនួនបេក្ខជនឈរឈ្មោះរបស់គណបក្សឆន្ទៈខ្មែរ ដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខនេះបាននៅឡើយទេ។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ធ្លាប់ឱ្យដឹងថា ដើម្បីអាចឱ្យសមាជិកគណបក្សភ្លើងទៀន មានសិទ្ធិចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤ នេះបាន គឺពួកគេ ត្រូវលាលែងចេញពីសមាជិកគណបក្សភ្លើងទៀនជាមុនសិន ដើម្បីទៅចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ។
គណបក្សភ្លើងទៀន ឱ្យដឹងតាមរយៈតេឡេក្រាមរបស់ខ្លួន កាលពីថ្ងៃទី៤ ខែធ្នូថា មេដឹកនាំគណបក្សនេះ រួមមាន អនុប្រធានគណបក្សភ្លើងទៀន បណ្ឌិត សុក ហាច និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនផ្សេងទៀត ដូចជា លោក ហុង សុខហួរ លោក គង់ មុនីកា បានឈរឈ្មោះជាបេក្ខជន នៃគណបក្ស ឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤ ខាងមុខ។
រីឯគណបក្សប្រជាជនកម្ពុជា ក៏បានដាក់បញ្ជីបេក្ខជនរបស់ខ្លួន សរុបចំនួន ១១៦នាក់ រួចហើយដែរ។ លោក ហ៊ុន សែន ប្រធាន គណបក្សនេះឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំភូមិភាគទី៣ ខេត្តកណ្តាល។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានទេ នៅថ្ងៃទី៥ ខែធ្នូ។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស យល់ថា ការចូលរួមឈរឈ្មោះរបស់គណបក្សឆន្ទៈខ្មែរជាយុទ្ធសាស្ត្រនយោបាយរបស់គណបក្សភ្លើងទៀន និងក្រុមសម្ព័ន្ធភាពរបស់ខ្លួន។ ទោះយ៉ាងណា លោកថា ការសម្រេចចិត្តរបស់គណបក្សភ្លើងទៀន ដែលផ្ដល់ឱ្យគណបក្សឆន្ទៈខ្មែរចូលរួមប្រកួតប្រជែង គឺទាមទារឱ្យមេដឹកនាំគណបក្សភ្លើងទៀន មានភាពប៉ិនប្រសព្វដើម្បីធានាថា អង្គបោះឆ្នោតជាង២ពាន់របស់គណបក្សភ្លើងទៀន នៅតែទៅបោះឆ្នោតឱ្យបេក្ខជនគណបក្សឆន្ទៈខ្មែរ។
លោក កន សាវ៉ាង៖«សំខាន់ថ្នាក់ដឹកនាំ ចេះជជែកចេះនិយាយ មានការពិភាក្សាគ្នាទៅទីដៅអាចទៅបាត់ហើយ ពីព្រោះការបោះឆ្នោតនេះមិនមែនជាការបោះឆ្នោតជាសកលទេ ជាការបោះឆ្នោតអសកលមានន័យថា ម៉េច?មានន័យថា អាសនៈដែលត្រូវជាប់ ឬមិនត្រូវជាប់ហ្នឹងដឹងខ្លួនឯង»។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយបន្ថែម ពីអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ បានទេ នៅថ្ងៃទី៥ ខែធ្នូ។
គណបក្សភ្លើងទៀន បានសម្រេចជ្រើសយកគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សនៅក្នុងសម្ព័ន្ធភាពនយោបាយរបស់ខ្លួន ដើម្បីឈរឈ្មោះជំនួសគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤ ខាងមុខ។ ក្រុមអ្នកឃ្លាំមើលរំពឹងថា ក្រោយការបោះឆ្នោតអសកលនេះរួចហើយ គណបក្សប្រឆាំងនឹងមានសំឡេងនៅក្នុងស្ថាប័នសំខាន់ព្រឹទ្ធសភា និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។