ពលរដ្ឋខកចិត្តដែលក្រសួងយុត្តិធម៌ឱ្យបញ្ឈប់បង្ហោះរឿងអយុត្តិធម៌លើ បណ្ដាញសង្គម

ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​ខក​ចិត្ត​ដែល​ក្រសួង​យុត្តិធម៌​​​​អំពាវ​ឱ្យ​​ពលរដ្ឋ​បញ្ឈប់​​បង្ហោះ​រឿង​​​អយុត្តិធម៌​នៅ​លើ​បណ្ដាញ​សង្គម​ និង​​​ងាក​មក​ដាក់​ពាក្យ​បណ្ដឹង​​ទៅ​កាន់​ក្រសួង​ផ្ទាល់​វិញ។ ពួកគាត់​ថា កន្លង​មក​ការ​ដាក់​ញត្តិ​ និង​​ការ​ស្នើ​សុំ​ដំណោះ​ស្រាយ​ពី​ក្រសួង​​ស្ថាប័ន​រដ្ឋ​​គឺ​កម្រ​ទទួល​បាន​យុត្តិធម៌។

ការ​ឆ្លើយ​តប​របស់​​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​​ធ្វើ​ឡើង​ក្រោយ ​រដ្ឋលេខាធិការ និង​ជា​​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក សេង ឌីណា លើក​ឡើង​នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​​ស្ដី​ពី​លទ្ធផល​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​វិស័យ​យុត្តិធម៌​ឆ្នាំ​មុន​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ដោយ​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​​ដាក់​​បណ្ដឹង​តាម​លេខ​ទូរស័ព្ទ​ ឬ​ទៅ​ក្រសួង​ផ្ទាល់​​​ដើម្បី​រាយការណ៍​ពី​​​ករណី​​អយុត្តិធម៌​ ជាជាង​ការ​បង្ហោះ​​សារ​លើ​បណ្ដាញ​​សង្គម។

ក្រសួងថា ​រាយការណ៍​មក​ក្រសួង​យុត្តិធម៌​ដើម្បីឆាប់​បានដោះស្រាយ

លោក សេង ឌីណា ថា កន្លង​មក​ពលរដ្ឋ​ជា​ច្រើន​តែង​រិះគន់​ និង​​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ថា ប្រព័ន្ធ​តុលាការ​មិន​មាន​ភាព​អយុត្តិធម៌​ ទើប​ក្រសួង​បាន​បង្កើត​​យុទ្ធនាការ​ជំរុញ និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្ដី​នៅ​តាម​តុលាការ​ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​ដោយ​ដាក់​លេខ​ទូរស័ព្ទ​ឱ្យ​ពលរដ្ឋ​រាយការណ៍។ លោក​ថា ការ​រាយការណ៍​មក​ក្រសួង​យុត្តិធម៌​ផ្ទាល់​​គឺ​​ឆាប់​បាន​ទទួល​យុត្តិធម៌​ជាង​ការ​លើក​​ឡើង​នៅ​តាម​បណ្ដាញ​សង្គម។

លោក សេង ឌីណា៖ «ចង់​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ដាក់​បណ្ដឹង​​​មក​តាម​យន្តការ​ផ្លូវ​ការ​វា​ងាយ​ស្រួល​ជាង​ការ​​​ដាក់​នៅ​តាម​ហ្វេសប៊ុកៗ យើង​ដឹង​ថា ដល់​មិន​ដល់​ពេល​ណា​​ បើ​សិន​ជា​អាច​មក​ដល់​ក្រុម​ការងារ​ក៏​​ចេះ​តែ​​យក​​មក​ពិនិត្យ​មើល​ទៅ ក៏​ប៉ុន្តែ​បណ្ដឹង​ដែល​ដាក់​មក​យុទ្ធនាការ​ហើយ​គឺ​យើង​មាន​ចុះ​លេខ​បណ្ដឹង​ចុះ​អី​ត្រឹម​ត្រូវ​ ហើយ​យើង​មាន​ការ​តាម​ដាន»។

ទោះ​​យ៉ាង​ណា​ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ កញ្ញា ខែម ស្រីមុំ លើក​ឡើង​ថា​មូលហេតុ​ដែល​យុទ្ធនាការ​​ត្រួតពិនិត្យ​និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​របស់​ក្រសួង​យុត្តិធម៌​មិន​មាន​ប្រសិទ្ធភាព​ ហើយ​ពលរដ្ឋ​នៅ​តែ​បន្ត​លើក​ឡើង​​ពី​បញ្ហា​របស់​ពួកគាត់​នៅ​លើ​បណ្ដាញ​សង្គម​ដដែល​ៗ​នោះ​គឺ​ដោយ​សារ​តែ​ប្រព័ន្ធ​តុលាការ​នៅ​តែ​​​បម្រើ​​​ឱ្យ​​អ្នក​មាន​លុយ​មាន​អំណាច​ និង​បក្ខពួក​​របស់​ពួកគេ​ប៉ុណ្ណោះ។

ពលរដ្ឋថា បើមិនដូរមន្ត្រីតុលាការ​នឹងគ្មានយុត្តិធម៌ទេ

កញ្ញា ខែម ស្រីមុំ ថា​​​ប្រព័ន្ធ​តុលាការ​​នឹង​មាន​ភាព​ឯករាជ្យ​ និង​អាច​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​បាន​ លុះ​ត្រា​តែ​​មាន​ការ​ផ្លាស់​ប្ដូរ​មន្ត្រី​តុលាការ​ឡើង​វិញ​ ហើយ​ពួកគេ​មិន​​​មែន​ជា​​សមាជិក​គណបក្ស​នយោបាយ​ណា​មួយ​ដូច​បច្ចុប្បន្ន។

កញ្ញា ខែម ស្រីមុំ៖ «អ៊ីចឹង​ពលរដ្ឋ​អស់​ជំនឿ​ហើយ​ អា​រឿង​ពាក់​ព័ន្ធ​​ទាក់​ទង​ទៅ​ក្រសួង​យុត្តិធម៌​​ក្រុម​ការងារ​​ក្រសួង​​ មាន​លេខ​មាន​អី​ខល​ទៅ​ក្រសួង​ហ្នឹង​ វា​អត់​មាន​ប្រសិទ្ធភាព​ទេ​​ អ៊ីចឹង​មិន​បាច់​ដង្ហោយ​ឱ្យ​ពលរដ្ឋ​ទៅ​ទាក់​ទង​ ប្រសិន​បើ​មាន​ប្រសិទ្ធភាព ពលរដ្ឋ​មិន​បាច់​បង្ហោះ​លើ​បណ្ដាញ​សង្គម​យំ​ស្រែក​ពេញ​បណ្ដាញ​សង្គម​ទេ​ ដោយ​សារ​វា​អត់​ប្រសិទ្ធភាព​ហ្នឹង​ហើយ​បាន​បាន​ពលរដ្ឋ​យំ​ស្រែក​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្នឹង​ហើយ»។

តំណាង​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះ​កុង​ លោកស្រី ដេត ហួរ ចាត់​ទុក​​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​យុត្តិធម៌​នេះ​​​មិន​ឆ្លុះ​បញ្ចាំង​ពី​​ការ​ពិត​នោះ​ទេ។ លោកស្រី​ថា ជាក់​ស្ដែង​ប្រជា​សហគមន៍​​បាន​ប្រើ​​យន្តការ​ទាមទារ​យុត្តិធម៌​តាមរយៈ​ការ​ដាក់​ញត្តិ​ ការ​ប្ដឹង​ទៅ​តុលាការ​ និង​​​ស្នើ​សុំ​​ដំណោះ​ស្រាយ​ពី​ក្រសួងយុត្តិធម៌​​ជា​ច្រើន​ដង ប៉ុន្តែ​​​​ប្រជា​សហគមន៍​​បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​​ចាប់​ខ្លួន​​ និង​​ផ្ដន្ទាទោស​​​ដាក់​ពន្ធនាគារ​​ដោយ​សារ​​ពួកគាត់​ឡើង​ទៅ​ដាក់​ញត្តិ​​នៅ​​ក្រសួង​ទៅ​វិញ។

លោកស្រី ដេត ហួរ៖ «ពួកខ្ញុំ​ទៅ​​គ្នា​ច្រើន​​​ចោទ​ថា​​ពួក​ខ្ញុំ​ញុះញង់​​ ពួក​ខ្ញុំ​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ តែ​ពេល​ដែល​ពួក​​ខ្ញុំ​ទៅ​គ្នា​តិច​ បែរ​ជា​ខ្លួន​​ដាក់​ពន្ធនាគារ​ ហ្នឹង​មាន​ការ​ខក​ចិត្ត​ខ្លាំង​មែន​ទែន​​ គឺ​អស់​ជំនឿ​តែ​ម្ដង ព្រោះ​ខ្ញុំ​ឮ​ថា​ក្រសួង​យុត្តិធម៌​គាត់​តែង​ធ្វើ​ការ​អន្តរាគមន៍​ គាត់​តែង​តែ​ប្រកាស​ឱ្យ​ពួក​យើង​ទៅ​ដាក់ ឬ​ឱ្យ​ពួក​យើង​ទាក់​ទង​ ប៉ុន្តែ​​ខ្ញុំ​មិន​អាច​ទាក់​ទង​បាន​ដោយ​សារ​គេ​ទប់​ស្កាត់​ចាប់​ខ្លួន»។

ពាក់​ព័ន្ធ​នឹង​ការ​​លើក​ឡើង​​ពី​អយុត្តិធម៌​លើ​បណ្ដាញ​សង្គម​នេះ​ដែរ​​ ​អតីត​ឧកញ៉ា លោក ហេង សិទ្ធី ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​សហការ​ជាមួយ​មន្ត្រី​​ស្ថាន​ទូត​ខ្មែរ​ ​ឃាត់​ខ្លួន​នៅ​ព្រំដែន​ប្រទេស​រុស្ស៊ី (Russia) កាល​ពី​ខែ​មករា ក្រោយ​ពី​​​អតីត​ឧកញ៉ា​រូប​នេះ​​​បាន​ទម្លាយ​រឿងរ៉ាវ​អាស្រូវ​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ ជាដើម​ថា ពួកគេ​បាន​ប្រព្រឹត្ត​អំពី​ពុករលួយ និង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ក្រុម​ឧក្រិដ្ឋជន​នៅ​កម្ពុជា។ លោក ហេង សិទ្ធី ក៏​បាន​ទម្លាយ​បណ្ដឹង​ប្រឆាំង​ក្មួយ​បង្កើត លោក ហ៊ុន សែន និង​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ថា បាន​បោក​លុយ​លោក និង​អ្នក​ជំនួញ​ចិន​អស់​រាប់​រយ​លាន​ដុល្លារ។


​អត្ថបទដែលទាក់ទង៖

ពលរដ្ឋ​នៅ​តំបន់​អន្ទង់អាំង​ថា មន្ត្រី​លោក ហ៊ុន ម៉ាណែត គំរាម​ពួកគាត់​មិន​ឲ្យ​ផ្សព្វផ្សាយ​បញ្ហា​ដីធ្លី

សម្ភាសន៍​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង​នៃ​ខេត្ត​ពោធិ៍សាត់


វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ​ពី​​​​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​​ ​លោក សេង ឌីណា និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា។

រីឯ​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​​តែ​ធានា​ថា ពលរដ្ឋ​គ្រប់​រូប​អាច​​លើក​ឡើង​ពី​បញ្ហា​របស់​ពួកគាត់​ដោយ​សេរី​ និង​តាម​គ្រប់​មធ្យោបាយ​​ទៅ​កាន់​មន្ត្រី​ពាក់ព័ន្ធ។ លោក​ថា​រដ្ឋាភិបាល​​គួរ​ដល់​ពេល​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ និង​ក្រសួង​យុត្តិធម៌​​ឱ្យ​បាន​ឆាប់​រហ័ស​ ព្រោះ​ថា បច្ចុប្បន្ន​ពលរដ្ឋ​​រង​គ្រោះ​ជា​ច្រើន​នៅ​តែ​មិន​អាច​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។

លោក យី សុខសាន្ត៖ «យើង​មើល​ឃើញ​កន្លង​ម​ក​ប្រព័ន្ធ​យុត្តិធម៌​គឺ​ហាក់​នៅ​មិន​ទាន់​ឯករាជ្យ​​ចេញ​ពី​អ្នក​នយោបាយ​ គឺ​ដោយ​សារ​តែ​វា​នៅ​ឡូកឡំ​គ្នា​ហ្នឹង​​ឯង​ ដោយ​សារ​តែ​មន្ត្រី​មួយ​ចំនួន​គឺ​ជា​សមាជិក​បក្ស​​នយោបាយ​ អ៊ីចឹង​ហើយ​បាន​ជា​ការ​កាត់​ក្ដី​​ វា​មាន​ការ​លំអៀង​​​ទៅ​លើ​គ្នា​ឯង​ គ្នា​អញ​ ចំណុច​ហ្នឹង​ហើយ​បាន​ជា​មិន​អាច​រក​យុត្តិធម៌​បាន»។

ទាក់ទង​នឹង​បញ្ហា​យុត្តិធម៌​នៅ​កម្ពុជា​នេះ គម្រោង​យុត្តិធម៌​ពិភពលោក (WJP) ដែល​ជា​បណ្ដុំ​អង្គការ​អន្តរជាតិ​បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ថា​ជា​ប្រទេស​អន់​ថយ​ផ្នែក​នីតិរដ្ឋ និង​ការធានា​យុត្តិធម៌​សម្រាប់​ពលរដ្ឋ ដោយ​បាន​ចំណាត់​ថ្នាក់​កម្ពុជា​ស្ទើរ​ចុង​ប៉ូច​ក្នុង​ចំណោម ១៤០​ប្រទេស នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕