អតីតតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៩មេសាថា អាមេរិកអាចចោទកម្ពុជា ដូចវៀតណាម ថាបានលួចដាក់ទំនិញចិន បន្លំជាផលិតផលរបស់ខ្លួន នាំចេញទៅសហរដ្ឋអាមេរិកដើម្បីរួចពន្ធ និងបញ្ហាឱនភាពពាណិជ្ជកម្មមានជាមួយកម្ពុជា ដូច្នេះ សហរដ្ឋអាមេរិក អាចនឹងមិនបន្ធូរបន្ថយការដំឡើងពន្ធវិញនោះទេ។
កម្ពុជានឹងបរាជ័យដូចវៀតណាមអ៊ីចឹងឯង ដោយសារសហរដ្ឋអាមេរិករកឃើញថា កម្ពុជាបានលួចនាំទំនិញចិនចូលទៅអាមេរិក អាហ្នឹងបញ្ហាទី១។ ហើយបញ្ហាទី២ ដោយសារបញ្ហាឱនភាពពាណិជ្ជកម្មរវាងអាមេរិកនិងកម្ពុជា វាខុសគ្នាឆ្ងាយពេក។
— លោក អ៊ុំ សំអាន
មន្ត្រីបក្សប្រឆាំងរូបនេះបន្តថា ការបរាជ័យសុំបន្ថយពន្ធពីអាមេរិក នឹងធ្វើឱ្យកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែរោងចក្រមួយចំនួនអាចនឹងដកចេញពីកម្ពុជា ហើយធ្វើឱ្យកម្មកររាប់ម៉ឺននាក់ប្រឈមបាត់បង់ការងារ។
ការលើកឡើងពីមន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីទីប្រឹក្សាពាណិជ្ជកម្មជាន់ខ្ពស់អាមេរិកលោក ផេធឺ ណាវៀរ៉ូ (Peter Navarro) ប្រាប់សារព័ត៌មានអាមេរិក Fox news ដោយបដិសេធសំណើសុំចរចាពីរដ្ឋាភិបាលវៀតណាម និងចោទប្រទេសវៀតណាម ថាបានលួចបន្លំទំនិញចិនក្នុងផលិតផលរបស់ខ្លួន ដើម្បីនាំទៅសហរដ្ឋអាមេរិក និងបញ្ហាឱនភាពពាណិជ្ជកម្មជាមួយវៀតណាមរហូតជាង១២៣ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក្ដី ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចេញមកប្រកាសនាពេលចុងក្រោយនេះថា លោកបានបញ្ជាឱ្យអនុវត្តពន្ធតែ១០% លើដៃគូពាណិជ្ជកម្ម អំឡុងពេលអាមេរិកពន្យាពេល៩០ថ្ងៃ មុនឈានទៅអនុវត្តការដំឡើងពន្ធ ដែលលោកបានដាក់កាលពីប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែលោក ដូណាល់ ត្រាំ បញ្ជាក់ថា លើកលែងតែប្រទេសចិនដែលសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធបន្ថែមរហូត១២៥% ដោយលោកថោទថា ប្រទេសចិនខ្វះការគោរពដល់សហរដ្ឋអាមេរិក។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា (សង់ត្រាល់) លោក ឃុន ថារ៉ូ យល់ឃើញថា សហរដ្ឋអាមេរិកធ្វើពាណិជ្ជកម្មជាមួយកម្ពុជាកន្លងមក ដើម្បីជាមធ្យោបាយមួយ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា លើកកម្ពស់សិទ្ធិសេរីភាពពលរដ្ឋ នយោបាយ ការងារ និងលទ្ធិប្រជាធិបតេយ្យជាដើម។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាផ្ដាស់ប្ដូរឥរិយាបថ ងាកទៅគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ អាចក្លាយជាវិធីសាស្ដ្រមួយ សុំឱ្យសហរដ្ឋអាមេរិកជួយសម្រួលរឿងពន្ធនេះ។
ពីព្រោះអី នៅក្នុងសេចក្ដីសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹង មិនមែនជាលក្ខខណ្ឌចងកាតព្វកិច្ចទេ មានន័យថា វាជាលក្ខខណ្ឌមួយអាចបើកឱ្យមានការចរចា។
— លោក ឃុន ថារ៉ូ
ជាមួយគ្នានេះ មន្ត្រីបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលត្រកូល «ហ៊ុន» គួរស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស ដើម្បីទទួលបានការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក និងការអនុគ្រោះពន្ធ EBA ២០% របស់សភាពអឺរ៉ុបមកវិញ ក្នុងការបញ្ចៀសកុំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។