ទិវា​មនុស្ស​ចាស់ ១ តុលា នៅ​បាត់ដំបង

នៅ​ខេត្ត​បាត់ដំបង មាន​សមាគម​មួយ​ឈ្មោះ​ថា សមាគម​សាមគ្គីធម៌​ជួយ​ជន​ចាស់ជរា នៅ​ថ្ងៃ​ទី​១ តុលា សមាគម​នេះ​បាន​រៀបចំ​ឲ្យ​មាន​ការ​ជួប​ជុំ​មនុស្ស​ចាស់ ដើម្បី​រំលឹក​អំពី​សកម្មភាព និង​ស្នាដៃ​ផ្សេងៗ ដែល​មនុស្ស​ចាស់​បាន​ធ្វើ​បម្រើ​សង្គមជាតិ។

0:00 / 0:00

មនុស្ស​ចាស់ៗ​ជាង​១០០​នាក់ បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​មនុស្ស​ចាស់ ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១០ នៅ​ទី​ស្នាក់​ការ​សមាគម​សាមគ្គីធម៌​ជួយ​ជន​ចាស់​ជរា​មួយ ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​ភូមិ​គោក​ក្ដួច ឃុំ​តា​ពូង ស្រុក​ថ្ម​គោល ខេត្ត​បាត់ដំបង។

លោក ពៅ ប៊ុន​ឈី ប្រធាន​សមាគម​សាមគ្គីធម៌​ជួយ​ជន​ចាស់​ជរា​បាន​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​មនុស្ស​ចាស់​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១០ គឺ​ជា​កិច្ច​រំលឹក​ដល់​គុណ និង​ឧទ្ទិស​កុសល​ដល់​អតីត​មនុស្ស​ចាស់ ដែល​គេ​ចាត់​ទុក​ថា ជា​មាតា បិតា​ទី​២ នៃ​ពិភព​លោក ៖ «អង្គការ​សហ​ប្រជា​ជាតិ​បង្កើត​ទិវា​នេះ ដើម្បី​រំលឹក​គុណ​ដល់​អតីត​វរ:ជន និង​មនុស្ស​ចាស់​ទាំង​អស់​ក្នុង​ពិភព​លោក ដែល​បន្ទាប់​ពី​ស្លាប់​ទៅ គេ​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​នៅ​ប្រតិបត្តិ»

នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១០ នេះ គឺ​ខួប​លើក​ទី​១១ នៃ​ទិវា​ចាស់​ជរា​អន្តរ​ជាតិ ជា​មួយ​គ្នា​នេះ​នៅ​តាម​ខេត្ត​ក្រុង​ខ្លះ ក៏​កំពុង​រៀបចំ​ប្រារព្ធ​ទិវា​ចាស់​អន្តរ​ជាតិ​នេះ​ដែរ ដើម្បី​រំលឹក​គុណ​ដល់​មនុស្ស​ចាស់។

មនុស្ស​ចាស់ៗ ជាង​១០០​នាក់ មក​ពី​ឃុំ​ចំនួន​បី គឺ​ឃុំ​តាពូង ឃុំ​តាម៉ឺន ឃុំ​គោក​ឃ្មុំ ក្នុង​ស្រុក​ថ្ម​គោល ខេត្ត​បាត់ដំបង ដែល​ជន​ចាស់​ជរា​ទី​ទាល់​ក្រ​ខ្លះ​គ្មាន​កូន​ចៅ​មើល​ថែ​ទាំ បាន​នាំ​គ្នា​អំពាវនាវ​សុំ​ឲ្យ​សប្បុរស​ជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ជួយ​ឧបត្ថម្ភ​ដល់​សមាគម​សាមគ្គីធម៌​ជួយ​ជន​ចាស់​ជរា​នេះ។

លោក​យាយ សេង ទូច អាយុ​៦៤​ឆ្នាំ បាន​រៀប​រាប់​ថា ប្រទេស​កម្ពុជា​ក្រីក្រ មាន​មនុស្ស​ចាស់​ជរា​ច្រើន ដូច្នេះ​លោក​យាយ​បាន​លើក​ឡើង​អំពី​ការ​លំបាក​របស់​ខ្លួន​ថា ៖ «ខ្ញុំ​កូន តែ​មាន​មួយ កូន​ស្រី ហើយ​ពិការ​ជើង​ទៀត មេ​មាយ​ប្តី​ស្លាប់ បាន​ចៅ​ពីរ សូម​ឲ្យ​អ្នក​ខាង​ក្រៅ និង​ឧបត្ថម្ភ​ដល់​សមាគម​ផង»

លោក ពៅ ប៊ុន​ឈី ប្រធាន​សមាគម​សាមគ្គីធម៌​ជួយ​ជន​ចាស់​ជរា​បាន​ឲ្យ​ដឹង​ថា សកម្ម​ភាព​សមាគម​សាមគ្គីធម៌​ជួយ​ជន​ចាស់​ជរា អាច​មាន​លទ្ធភាព​ជួយ​ដល់​ចាស់​ជរា​ក្នុង​​ភូមិ​នានា បាន​តិច​តូច​បំផុត តាម​តែ​ជំនួយ​របស់​សប្បុរស​ជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ៖ «ខ្ញុំ​បាទ​ទាំង​អស់​គ្នា​ក៏​សុំ​អំពាវនាវ​រក​ជំនួយ​ឧបត្ថម្ភ​បន្ថែម ពី​អង្គការ​មនុស្សធម៌​នានា ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជា​ពិសេស​អង្គការ​ចាស់​ជរា​ពិភព​លោក មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​មនុស្ស​វ័យ​ចាស់ ជា​អតីត​កម្មករ កសិករ​ខ្មែរ​ទូទាំង​ប្រទេស តាម​លទ្ធភាព និង​តាម​ផ្លូវ​មនុស្សធម៌»

លោក ពៅ ភិរម្យ អភិបាល​រង​ស្រុក​ថ្មគោល​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​គោល​ការណ៍​បង្កើត​មជ្ឈ​មណ្ឌល​សម្រាប់​មនុស្ស​ចាស់​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​មាន​គោល​ការណ៍​បំផុស​គំនិត សេចក្ដី​ស្រលាញ់ សេចក្ដី​គោរព​អាណិត​ដល់​មនុស្ស​ចាស់។

សមាគម​សាមគ្គីធម៌​ជួយ​ជន​ចាស់​ជរា ដែល​មាន​មូលដ្ឋាន​ក្នុង​ស្រុក​ថ្ម​គោល ខេត្ត​បាត់ដំបង​បាន​ចាប់​បដិសន្ធិ​ឡើង កាល​ពី​ឆ្នាំ​២០០០ ហើយ​​​ផ្ដើម​ធ្វើ​សកម្មភាព​ជា​បន្ត​បន្ទាប់ ក្នុង​ការ​ជួយ​ដល់​មនុស្ស​ចាស់ៗ​ជរា ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន ដោយ​ទទួល​បាន​ជំនួយ​សប្បុរសធម៌​យ៉ាង​តិច​តូច​ពី​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស៕

មើលរូបភាពOpens in new window ]