ថៅកែរោងចក្រសន្យាថា នឹងបើកប្រាក់ខែឲ្យពួកគេកាលពីថ្ងៃសៅរ៍ ទី១៦ កុម្ភៈ លុះដល់ពេលកំណត់ក៏បានសុំពន្យារពេលម្តងទៀត រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ វិញ ដែលធ្វើឲ្យកម្មករបាត់ទំនុកចិត្ត និងត្រៀមធ្វើកូដកម្មតវ៉ា ប្រសិនបើថៅកែរោងចក្រនៅតែមិនបើកប្រាក់ខែឲ្យកម្មករ។
មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក វ៉ាន់ សេងលី ស្នើសុំឲ្យថៅកែរោងចក្រ ហាយ ហ្វេសសិន បើកប្រាក់ខែដល់កម្មករជាង ៧០០នាក់ និងបើកលុយឲ្យអ្នកបើកឡានដឹកកម្មករ កម្មការិនីជាបន្ទាន់ បន្ទាប់ពីថៅកែក្រុមហ៊ុនបានគេចវេះមិនបើកប្រាក់ខែឲ្យពួកគេជាច្រើនខែមកហើយ។
មន្ត្រីសហជីពរូបនោះបន្តថា កម្មករជាង ៧០០នាក់ នៅមិនបើកប្រាក់ខែសម្រាប់ខែមករា នៅឡើយទេ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ដែលជាធម្មតាពួកគេត្រូវបើកតាំងពីថ្ងៃទី១០។ ដោយឡែកអ្នកបើកបរឡានដឹកកម្មករមកធ្វើការនៅរោងចក្រ ហាយ ហ្វេសសិន វិញ ក៏មិនបានបើកប្រាក់ខែចំនួ ៤ខែមកដែរ៖ «គាត់សុំលើកពេលដល់ថ្ងៃទី១៦ ថ្ងៃសៅរ៍ នេះ គាត់ឲ្យកម្មករឈប់សម្រាក ៥ថ្ងៃ ដោយគិត ៥០ភាគរយឲ្យកម្មករ មកដល់ថ្ងៃទី១៦ ក្រុមហ៊ុនអត់បានបើកប្រាក់ខែឲ្យកម្មករ ដល់អ៊ីចឹងក្រុមហ៊ុនសុំពន្យារដល់ថ្ងៃទី១៩ ហ្នឹងទៀត»។
អ្នកបើកឡានដឹកកម្មករ លោក អ៊ូ អ៊ន ឲ្យដឹងថា លោកទទួលបានប្រាក់ចំនួន ២.៣០០ដុល្លារក្នុងមួយខែ ដែលប្រាក់នោះបូកទាំងប្រាក់ខែ និងថ្លៃចំណាយលើសាំងរថយន្ត ៣គ្រឿង សម្រាប់ដឹកកម្មករទាំងទៅធ្វើការ និងត្រឡប់មកផ្ទះពីស្រុកពញាឮ ខេត្តកណ្ដាល ទៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានចម្ងាយជាង ៤០គីឡូម៉ែត្រ។ ប៉ុន្តែថៅកែរោងចក្រមិនបានបើកប្រាក់ខែឲ្យគាត់ចំនួន ៤ខែមកហើយ ដោយគ្មានហេតុផលច្បាស់លាស់។
លោក អ៊ូ អ៊ន បញ្ជាក់ថា កន្លងមកថៅកែក្រុមហ៊ុនបានចេញមូលប្បទានប័ត្រចំនួន ២សន្លឹកឲ្យគាត់បើកនៅធនាគារ ប៉ុន្តែមូលប្បទានប័ត្រទាំងនោះមិនមានទឹកប្រាក់នោះទេ រហូតដល់ថ្មីៗនេះ ប្រាក់ខែកម្មករជាង ៧០០នាក់ ក៏ត្រូវរអាក់រអួលមិនបានបើកតាមការកំណត់ ទើបកម្មករសម្រេចមិនធ្វើការ និងរង់ចាំរហូតទាល់តែមានដំណោះស្រាយពីក្រុមហ៊ុន៖ «ស្នើសុំឲ្យថៅកែរោងចក្រហ្នឹង ទី១ បើកលុយឲ្យកម្មករឲ្យទៀងទាត់ ទី២ ខ្ញុំសុំបើកប្រាក់ខែថ្លៃឡានខ្ញុំឲ្យគ្រប់ចំនួនដែលថៅកែបានជំពាក់ខ្ញុំ»។
លោកបញ្ជាក់ថា ក្រុមហ៊ុនសន្យាម្ដងជាពីរដងថា នឹងបើកលុយឲ្យកម្មករ និងរូបលោកដែលជាអ្នកបើកឡានដឹកកម្មករ តែការសន្យានោះតែងតែត្រូវលើកពេលម្ដងថ្ងៃនេះម្ដងថ្ងៃនោះ រហូតធ្វើឲ្យកម្មករគ្មានទឹកចិត្តធ្វើការបន្តទៀត។ លោកបន្តថា ជំហរកម្មករ ប្រសិនបើថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខ ថៅកែរោងចក្រមិនព្រមបើកលុយឲ្យកម្មករតាមការសន្យាទេនោះ កម្មករនឹងធ្វើកូដកម្មទាមទារម្ដង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក វីរៈ ប្រធានរដ្ឋបាលរោងចក្រ ហាយ ហ្វេសសិន បានទេ នៅថ្ងៃទី១៧ ខែកុម្ភៈ ដោយលោកបិទទូរស័ព្ទ។
ប្រភពពីមន្ត្រីសហជីពសេរីកម្មករឲ្យដឹងថា ជំហរកម្មករចង់ឲ្យក្រុមហ៊ុនបើកប្រាក់ខែឲ្យពួកគេឲ្យបានទៀងទាត់ និងបើកប្រាក់ខែដល់អ្នកបើកឡានឲ្យបានត្រឹមត្រូវ ព្រោះពួកគេមិនអាចមកធ្វើការបានទេ ដរាបណាគ្មានឡានដឹកជញ្ជូនពួកគេពីលំនៅឋានទៅកន្លែងធ្វើការនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។