សាលាក្ដីខ្មែរក្រហមនៅថ្ងៃច័ន្ទ ទី១៨ ខែកុម្ភៈ ធ្វើសវនាការរបស់ខ្លួនលើសំណុំរឿង ០០២ ឡើងវិញ ដែលនឹងត្រូវផ្លាស់ប្ដូរពីការស្ដាប់សក្ខីកម្មរបស់អ្នកជំនាញអន្តរជាតិ មកជាការស្ដាប់មតិយោបល់របស់ភាគីក្នុងសំណុំរឿងវិញ។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍ នៅថ្ងៃទី១៧ កុម្ភៈ ថា សវនាការនៅថ្ងៃច័ន្ទ ទី១៨ និងថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ អង្គជំនុំជម្រះសាលាដំបូងនឹងស្ដាប់មតិយោបល់របស់ភាគីទាំងអស់ក្នុងសំណុំរឿងជុំវិញផលវិបាកដែលកើតមានបន្ទាប់ពីតុលាការកំពូលចេញសេចក្ដីសម្រេចថា ការបំបែកសំណុំរឿងតូចៗ របស់សាលាដំបូងមិនមានសម្អាងហេតុច្បាស់លាស់ និងមិនបានពន្យល់គ្រប់គ្រាន់។
លោក នេត្រ ភក្ត្រា៖ «អ៊ីចឹងសវនាការនៅថ្ងៃទី១៨ និង ១៩ នេះ គឺគេនឹងស្ដាប់នូវការផ្ដល់មតិយោបល់ពីគ្រប់ភាគីទាំងអស់ ដើម្បីឱ្យអង្គជំនុំជម្រះសាលាដំបូងហ្នឹងអាចមានព័ត៌មានបន្ថែមទៀត ក៏ដូចការលើកឡើងរបស់ភាគីផ្សេងៗ ទាក់ទងនឹងកិច្ចដំណើរការបំបែកនីតិវិធីក្នុងសំណុំរឿង ០០២»។
កាលពីខែកញ្ញា ឆ្នាំ២០១១ សាលាដំបូងបានបំបែកសំណុំរឿង ០០២ ដែលមានទំហំធំ ទៅជាសំណុំរឿងក្ដី ៣ ផ្នែកតូចៗ ដោយដាក់លេខថា សំណុំរឿង ០០២/០១ សំណុំរឿង ០០២/០២ និងសំណុំរឿងលេខ ០០២/០៣។
លោក នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា ការបំបែកសំណុំរឿងនេះ ក៏ដោយសារតែសាលាដំបូងយល់ឃើញថា សំណុំរឿង ០០២ មានទំហំធំ និងស្មុគស្មាញច្រើន និងអាចស៊ីពេលច្រើនឆ្នាំទម្រាំចប់ និងចេញសាលក្រមទើបសាលាដំបូងបំបែកសំណុំរឿង ០០២ ទៅតាមឧក្រិដ្ឋកម្មដែលបានកើតឡើង។
លោក នេត្រ ភក្ត្រា៖ «ដោយនៅក្នុងហ្នុង គឺគេបានបំបែកជាសំណុំរឿង ០០២/០១ ដែលផ្ដោតទៅលើការជម្លៀសប្រជាជនដំណាក់កាលទី ១ និងទី ២ ហើយនិងបទចោទនានា ដែលទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយសំណុំរឿង ០០២/០២ គឺផ្ដោតទៅលើឧក្រិដ្ឋកម្មសង្គ្រាម ហើយនិងសំណុំរឿង ០០២/០៣ គឺផ្ដោតទៅលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងវៀតណាម»។
តុលាការកំពូល កាលពីថ្ងៃទី៨ កុម្ភៈ ចេញសេចក្ដីសម្រេចរបស់ខ្លួនមួយថា ការបំបែកសំណុំរឿងរបស់សាលាដំបូង ជាពិសេសការកំណត់វិសាលភាពនៃសំណុំរឿង ០០២/០១ មិនបានផ្ដល់ឱកាសគ្រប់គ្រាន់ដល់ភាគីភាគីនានា ក្នុងការចូលរួមដាក់សារណា ឬសេចក្ដីសន្និដ្ឋានរបស់ខ្លួនទេ។ សេចក្ដីសម្រេចរបស់តុលាការកំពូល ក៏ជាការសម្រេចលើបណ្ដឹងសាទុក្ខរបស់ភាគីសហព្រះរាជអាជ្ញា ដែលប្រឆាំងនឹងសាលាដំបូង ដែលបដិសេធការពង្រីកវិសាលភាពនៃសំណុំរឿង ០០២/០១ នេះ។
លោក នេត្រ ភក្ត្រា បញ្ជាក់ទៀតថា សវនាការស្ដាប់មតិយោបល់របស់ភាគីនៅថ្ងៃទី១៨ និង ១៩ កុម្ភៈ តាមសេចក្ដីសម្រេចរបស់តុលាការកំពូល គឺដើម្បីធ្វើឱ្យការជំនុំជម្រះសំណុំរឿងក្ដីលេខ ០០២ អាចដំណើរការបានលឿន ងាយស្រួលជាងមុន និងឆ្លើយតបនឹងផលប្រយោជន៍របស់ភាគីនានាផង។
លោក នេត្រ ភក្ត្រា៖ «គឺចង់ជំរុញឱ្យដំណើរការហ្នឹងកាន់តែឆាប់រហ័ស ហើយនិងមានប្រសិទ្ធភាព ក៏ដូចជាឆ្លើយតបទៅនឹងសិទ្ធិរបស់ភាគីផ្សេងៗទៀត ហើយក៏ជាការមួយឆ្លើយតបទៅនឹងក្ដីព្រួយបារម្ភរបស់គ្រប់ភាគីទាំងអស់ ទាក់ទងជាមួយនឹងវ័យចាស់របស់ជនជាប់ចោទផងដែរ»។
លោក នេត្រ ភក្ត្រា ថ្លែងថា ទោះជាដូច្នេះក្ដី សេចក្ដីសម្រេចរបស់តុលាការកំពូលមិនបដិសេធចោលការជំនុំជម្រះរបស់សាលាដំបូង លើអង្គហេតុសំណុំរឿងលេខ ០០២/០១ ដែលចាប់ផ្ដើមធ្វើតាំងពី ២១ ខែវិច្ឆិកា ឆ្នាំ២០១១ មកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។