នាយករដ្ឋមន្ត្រី​ចូល​រួម​​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ

នៅ​ព្រឹក​ថ្ងៃ​២៥ ខែ​វិច្ឆិកា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​អុជ​ធូប និង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​បាត់​បង់​ជីវិត​នៅ​គល់​ស្ពាន​កោះ​ពេជ្រ​ ដោយ​បាន​សម្ដែង​នូវ​ទុក្ខ​ក្រៀមក្រំ​ចំពោះ​សោកនាដកម្ម​ដ៏​សោកសៅ​​នេះ។

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី បាន​សម្រក់​ទឹក​ភ្នែក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ឧបទ្ទវហេតុ​ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​បាន​ស្លាប់ និង​រង​របួស​នៅ​កន្លែង​សោកនាដកម្ម​ស្ពាន​កោះ​ពេជ្រ។

នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល ស្ថាប័ន​ព្រឹទ្ធ​សភា រដ្ឋ​សភា តំណាង​ថ្នាក់​ដឹកនាំ​ក្នុង​មន្ទីរ ក្រសួង តំណាង​ខណ្ឌ​ទាំង​៨ ក្នុង​រាជធានី​ភ្នំពេញ ក្រុម​កាកបាទ​ក្រហម ក្រុម​កាយឬទ្ធិ ក៏​បាន​ទៅ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ សូម​ឲ្យ​បាន​ទៅ​ដល់​សុគតិភព។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជា​អនុ​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ភេរវកម្ម បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្នុង​ឱកាស​នោះ​ថា ហេតុការណ៍​នេះ​ជា​ការ​ដាស់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​គិតគូរ​ដល់​ស្ថានភាព​ការ​កក​ស្ទះ ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ហើយ​រដ្ឋាភិបាល​ក៏​ចាត់​ទុក​ជា​ការ​ដាស់​ស្មារតី​មួយ​ដែរ​ដល់​ការ​រៀបចំ​កម្មវិធី​ផ្សេងៗ ដោយ​លោក​ចាត់​ទុក​ថា ការងារ​ធំ​បំផុត​គឺ​ការងារ​អប់រំ​ស្មារតី។

លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ប៉ុន្តែ​ធំ​បំផុត​ជា​ទិវា​កាន់​ទុក្ខ​ជាតិ​ធំ​មួយ នាយករដ្ឋមន្ត្រី​ក៏​បាន​ចូល​រួម​ផ្ទាល់ ក៏​ជា​សញ្ញា​មួយ​យើង​សោកស្ដាយ ហើយ​យើង​នឹង​គិត​ថា យើង​នឹង​រួម​គ្នា​ទូទាំង​ប្រទេស​ទប់​ស្កាត់​កុំ​ឲ្យ​សោកនាដកម្ម​របៀប​នេះ​កើត​មាន​នៅ​ថ្ងៃ​មុខ​ជា​លើក​ទី​ពីរ​ទៀត»

តែ​លោក​មិន​ទាន់​អាច​ប្រាកដ​បាន​ថា ទិវា​កាន់​ទុក្ខ​នេះ នឹង​កើត​មាន​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ។

ទាក់ទិន​នឹង​សំណួរ​សួរ​ថា តើ​ស្ពាន​កោះ​ពេជ្រ​ក្រោយ​កើត​មាន​សោកនាដកម្ម តើ​ស្ពាន​កោះ​ពេជ្រ​នៅ​តែ​បន្ត​បើក​ឲ្យ​ដំណើរការ​ទៀត ឬ​ក៏​យ៉ាង​ណា​នោះ?

លោក ឱម យ៉ិនទៀង បញ្ជាក់​យ៉ាង​ដូច្នេះ ៖ «យើង​គិត​ថា ការ​ប្រើប្រាស់​នៅ​តែ​មាន​បន្ត ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង សមត្ថកិច្ច​យើង ព្រឹត្តិការណ៍​នេះ​នឹង​ដាស់តឿន​គេ ព្រោះ​កន្លែង​នេះ មើល​កាំជ្រួច​ក៏​ស្រួល​មើល មនុស្ស​មក​ដល់​កន្លែង​នេះ​ហើយ​អត់​ចង់​ទៅ​មុខ​ទៀត​ទេ ហើយ​ស្ពាន​តូច​ប៉ុណ្ណឹង មនុស្ស​ជិត​មួយ​ម៉ឺន​នាក់​ឈរ​មើល​វា​ហួសហេតុ»

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី ជា​ច្រើន​រូប ក៏​បាន​ចូល​រួម​ក្នុង​ពិធី​កាន់​ទុក្ខ​នោះ​ដែរ។

តំណាងរាស្រ្ត និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​ពេល​គោរព​វិញ្ញាណក្ខន្ធ​រួច​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ខ្វះខាត​ខាង​សេវា​សង្គ្រោះ​បន្ទាន់​មិន​បាន​ទាន់​ពេល​វេលា ដែល​រដ្ឋាភិបាល​គួរ​តែ​រៀន​សូត្រ​ពី​បទពិសោធន៍​ដ៏​ជូរចត់​មួយ​នេះ ហើយ​រដ្ឋាភិបាល​គួរ​តែ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ស៊ើប​អង្កេត​រក​កំហុស​ឆ្គង​របស់​អ្នក​ទទួល​ខុស​ត្រូវ ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ៖ «មនុស្ស​ស្លាប់​រហូត​ជាង ៤០០​នាក់ ជិត ៥០០​នាក់ មិន​អាច​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​បាន​ទេ ហើយ​អ្នក​ទទួល​ខុស​ត្រូវ​នោះ គឺ​ជា​អ្នក​រៀបចំ​បុណ្យ​ជាតិ និង​អ្នក​រៀបចំ​សង់​ស្ពាន​នោះ​តែម្ដង។ យើង​ស្នើ​សុំ​ឲ្យ​ព្យួរ​ការងារ តួនាទី​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​នោះ​សិន រង់ចាំ​គណៈកម្មការ​ឯករាជ្យ​បង្កើត​ឡើង​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ»

លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​លើ​ករណី​ខាង​លើ​នេះ​បាន​បញ្ចប់​ហើយ លទ្ធផល​បណ្ដោះ​អាសន្ន​ពុំ​ឃើញ​មាន​សញ្ញាណ​នៃ​អំពើ​ភេរវកម្ម​អ្វី​ទេ ក្រៅ​ពី​ហេតុផល​ថា មាន​មនុស្ស​ច្រើន​លើស​ចំណុះ​នៅ​លើ​ស្ពាន​នោះ បណ្ដាល​ឲ្យ​ថប់​ខ្យល់​ដួល​លើ​គ្នា។ លោក​បន្ត​ថា លទ្ធផល​ជា​ផ្លូវការ រដ្ឋាភិបាល​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ពេល​ឆាប់ៗ​នេះ។

ក្រៅ​ពី​មន្ត្រី​រដ្ឋាភិបាល ប្រជាពលរដ្ឋ និង​គ្រួសារ​នៃ​សព ក៏​បាន​នាំ​យក​នូវ​ចំណី​អាហារ ផ្លែ​ឈើ ធូប ទៀន ដើម្បី​សែន​ព្រេន​នៅ​កន្លែង​កើត​ហេតុ និង​នៅ​តាម​ផ្ទះ តាម​ដង​ផ្លូវ​នានា ដើម្បី​ឧទ្ទិស​កុសល​ឲ្យ​បាន​ដល់​អ្នក​ស្លាប់ និង​សូត្រ​ធម៌​បួងសួង​សូម​ឲ្យ​អ្នក​រស់​នៅ​បាន​សេចក្ដី​សុខ។

គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ទង់​ជាតិ​ត្រូវ​បាន​គេ​បង្ហូត​ពាក់​កណ្ដាល​ដង ជា​ការ​ចូល​រួម​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ៕

Slideshow: ពិធី​គោរព​វិញ្ញាណក្ខន្ធOpens in new window ]