កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅថ្មីៗនេះ ប្រទេសរុស្ស៊ី បានលេបត្របាក់យកឧបទ្វីបគ្រីមៀ (Crimea) ដែលជាទឹកដីស្វយ័តមួយរបស់ប្រទេសអ៊ុយក្រែន ទៅដាក់បញ្ចូលជាដែនដីរណបរបស់ខ្លួន។ ប្រការនេះបានធ្វើអោយមានការរំជើបរំជួលពេញពិភពលោក។
ប្រទេសលោកខាងលិចមួយចំនួនមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម រួមទាំងអង្គការសហប្រជាជាតិ ផង បានហៅការកាន់កាប់ឧបទ្វីបគ្រីមៀរ របស់ប្រទេសរុស្ស៊ី នេះថា ជាអំពើខុសច្បាប់ ក៏ប៉ុន្តែប្រទេសរុស្ស៊ី អះអាងថា ការដាក់បញ្ចូលទឹកដីគ្រីមៀ ទៅជាផ្នែកមួយនៃប្រទេសរុស្ស៊ី នោះ គឺជាអំពើស្របច្បាប់ ធ្វើឡើងតាមសំណើ និងឆន្ទៈរបស់ប្រជាពលរដ្ឋគ្រីមៀរ ខ្លួនឯង។
អ្នកណាទៅស្មានដល់ថា នៅសតវត្សទី២១នេះទៅហើយនៅមានការលេបត្របាក់ទឹកដីពីសំណាក់ប្រទេសជិតខាងបានយ៉ាងស្រួលទៀតនោះ? គ្រាន់ស៊ីញេមួយខ្វោក ទឹកដីគ្រីមៀ នៃប្រទេសអ៊ុយក្រែន បានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី ដោយស្របច្បាប់ មិនចាំបាច់មានការវាយដណ្ដើមបង្ហូរឈាមអ្វីទាំងអស់។ ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ បានចុះហត្ថលេខាផ្តល់សច្ចាប័នចុងក្រោយ ក្នុងការកែប្រែច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសរុស្ស៊ី ដើម្បីដាក់បញ្ចូលទឹកដីគ្រីមៀ ជាផ្នែកមួយនៃប្រទេសរបស់ខ្លួន។
ដំណើរការបញ្ចូលទឹកដីគ្រីមៀ នេះអោយទៅជាទឹកដីរណបរបស់ប្រទេសរុស្ស៊ី តាំងពីដើមដល់ចប់ ត្រូវគេធ្វើបានសម្រេចតែរយៈពេលមួយដ៏ខ្លីដោយរលូន និងអនុវត្តតាមវិធីមួយដែលជាទីពេញនិយមរបស់ក្រុមអ្នកកាន់អំណាចផ្តាច់ការ។ នោះ គឺអ្វីដែលគេហៅថា នីតិវិធី។
៥ថ្ងៃមុនការចុះហត្ថលេខាជាចុងក្រោយនៅឯវិមានក្រឹមឡាំង នៃក្រុងមូស្គូ នៅឯតំបន់គ្រីមៀ ឯណោះ គេមានរៀបចំធ្វើការបោះឆ្នោតប្រជាមតិមួយ ក្នុងចំណោមប្រជាពលរដ្ឋគ្រីមៀ ទាំងអស់ ថាតើគេចង់អោយដាក់បញ្ចូលទឹកដីគ្រីមៀ ទៅជាទឹកដីរណបរបស់ប្រទេសរុស្ស៊ី ឬទេ?
ការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី១៦ មីនា កន្លងទៅនោះ មានលក្ខណៈបើកចំហល្អណាស់ មានអ្នកសង្កេតការណ៍មកពី ២៣ប្រទេស រួមជាមួយនិងអ្នកសង្កេតការណ៍ដែលតំណាងអោយអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានាចំនួនជិត ៤០០នាក់ ចូលរួមតាមដានដំណើរការបោះឆ្នោតប្រជាមតិនោះ។
ជាលទ្ធផល អ្នកដែលចង់អោយតំបន់គ្រីមៀ ក្លាយទៅជាទឹកដីរណបរបស់ប្រទេសរុស្ស៊ី មានច្រើនលើសលប់ គឺ ៩៧ភាគរយនៃអ្នកបោះឆ្នោតទាំងអស់បានបោះឆ្នោតគាំទ្រ។
ក៏ប៉ុន្តែ បញ្ហានៅត្រង់ថា ក្នុងចំណោមអ្នកដែលបោះឆ្នោតទាំងនេះ ភាគច្រើន គឺជាជនជាតិភាគតិចរុស្ស៊ី ដែលបានមកតាំងលំនៅក្នុងឧបទ្វីបគ្រីមៀ នេះរហូតដល់មានចំនួនច្រើនជាងជនជាតិអ៊ុយក្រែន និងជនជាតិដើមម្ចាស់ស្រុក។ ស្ថិតិផ្លូវការបង្ហាញថា នៅគ្រីមៀរ មានជនជាតិរុស្ស៊ី រស់នៅចំនួន ៦០% ឯជនជាតិអ៊ុយក្រែន មានចំនួន ២៤% សល់ពីនេះជាង ១០ភាគរយទៀត គឺជាជាតិសាសន៍ចម្រុះដទៃទៀត។
ពីរថ្ងៃក្រោយពីការបោះឆ្នោតប្រជាមតិនៅគ្រីមៀ នៅថ្ងៃទី១៨ ខែមីនា ដដែល មេដឹកនាំនៃប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ព្រមព្រៀងដាក់បញ្ចូលតំបន់នោះថាជាផ្នែកមួយនៃទឹកដីរបស់ប្រទេសរុស្ស៊ី។
គ្រាន់តែការលេបត្របាក់ទឹកដីនៃសតវត្សទី២១នេះបានសម្រេចជាផ្លូវការភ្លាម ប្រជាពលរដ្ឋនៃតំបន់គ្រីមៀ ដែលភាគច្រើនជាជនជាតិរុស្ស៊ី នោះ នាំគ្នារៀបចំពិធីទទួលស្វាគមន៍យ៉ាងអ៊ឹកធឹកក្រៃលែង។ គេដុតកាំជ្រួច គេនាំគ្នារាំច្រៀងសើចសប្បាយពេញមួយយប់ ដើម្បីអបអរសាទរពីការដែលគេមានជោគជ័យក្នុងការយកទឹកដីបរទេសដែលខ្លួនកំពុងរស់នៅ អោយក្លាយទៅជាទឹកដីរណបរបស់ប្រទេសនៃជនជាតិខ្លួន ហើយអ្នកដែលយំខ្សឹកខ្សួលស្ដាយស្រណោះទឹកដីមកទល់ពេលនេះ គឺជនជាតិអ៊ុយក្រែន ដែលជាម្ចាស់ស្រុក។
ដែនដីគ្រីមៀ នេះហ៊ុមព័ទ្ធជុំវិញដោយសមុទ្រខ្មៅ មានច្រកដីតែបន្តិចដើម្បីភ្ជាប់ឧបទ្វីបនេះ ទៅនឹងដែនដីគោកនៃប្រទេសអ៊ុយក្រែន ទាំងមូល។ ដោយគ្រីមៀ មានព្រំដែនជាប់សមុទ្រស្ទើរជុំវិញ ដូច្នេះទីនេះបានក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំមួយ ដែលមនុស្សម្នាតែងនាំគ្នាមកសម្រាកលំហែកាយ។ ប្រការនេះបានធ្វើឲ្យវិស័យទេសចរណ៍នៃទឹកដីគ្រីមៀ ទៅជាមុខព្រួញនាំចំណូលសេដ្ឋកិច្ចដ៏ចម្បងមួយ។ ឧបទ្វីបគ្រីមៀ ក៏ជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសរុស្ស៊ី ដែរ ព្រោះវាផ្តល់អោយប្រទេសរុស្ស៊ី នូវច្រកចេញតែមួយគត់ទៅកាន់សមុទ្រមេឌីទែរ៉ាណេ។
កម្ពុជា ធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់រហូតមកទល់ពេលនេះម្តងជាពីរដងរួចហើយ។ ទឹកដីកម្ពុជាក្រោម ឬដែលបារាំង ហៅថាដែនដីកូសាំងស៊ីន ពីបរមបុរាណរបស់ខ្មែរ បានក្លាយទៅជាទឹកដីរបស់ប្រទេសវៀតណាម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ក្រោមការចុះហត្ថលេខាប្រគល់ទឹកដីនេះទៅអោយប្រទេសវៀតណាម ដោយប្រធានាធិបតីបារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)។
អ្នកដែលបានទៅដល់ដែនដីសណ្ដកម្ពុជាក្រោមនេះ ប្រាកដជាឃើញប្រត្យក្សផ្ទាល់នឹងភ្នែកថា នោះគឺជាទឹកដីដ៏សម្បូររុងរឿង និងដ៏មានជីជាតិ ដែលពោរពេញទៅដោយសក្ដានុពលសេដ្ឋកិច្ច និងកសិកម្ម។
តាមពិត ជនជាតិវៀតណាម បាននាំគ្នាមកតាំងលំនៅលើដែនដីសណ្ដទន្លេមេគង្គកូសាំងស៊ីន នេះ តាំងពីដើមសតវត្សទី១៧មកម្ល៉េះ។ នៅគ្រានោះ ព្រះរាជានៃប្រទេសកម្ពុជា គឺព្រះបាទជ័យជេដ្ឋាទី២ ឬព្រះបាទជ័យចេស្ដាទី២ មានព្រះជាយាជាជនជាតិវៀតណាម។ ម្ចាស់ក្សត្រីអង្គចូវ ព្រះជាយារបស់ព្រះបាទព្រះបាទជ័យចេស្ដាទី២ នេះ ជាបុត្រីរបស់ព្រះចៅយួនអណ្ណាម។ គឺទំនាក់ទំនងរវាងកូនប្រសាជាស្ដេចខ្មែរ និងឪពុកក្មេកជាស្ដេចយួនអណ្ណាម នេះហើយ ដែលបើកផ្លូវអោយជនជាតិវៀតណាម ចូលមកតាំងលំនៅនៅដែនដីកម្ពុជាក្រោម នេះ។
ឯកសារប្រវត្តិសាស្ត្រមួយចំនួនបានសរសេរថា នៅគ្រិស្ដសករាជ១៦២១ ដោយយកលេសថា ប្រទេសយួន មានចំបាំងជាមួយចិន គណៈបេសកកម្មទូតរបស់យួនមួយបាននាំសំបុត្រពីរច្បាប់របស់ព្រះចៅអណ្ណាម មកកម្ពុជា។ មួយច្បាប់មកថ្វាយព្រះបាទជ័យចេស្ដា ជាកូនប្រសា និងមួយច្បាប់ទៀតថ្វាយម្ចាស់ក្សត្រីអង្គចូវ អោយជួយទូលព្រះស្វាមី សុំខ្ចីដីខ្លះនៅតំបន់កម្ពុជាក្រោម ដើម្បីបង្ហាត់សេនាទាហានយួន។ ការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះ មានរយៈពេល ៥ឆ្នាំ ហើយសន្យាថាគ្រប់ ៥ឆ្នាំ នឹងសងថ្វាយវិញ។
ដោយយោគយល់ដល់ព្រះបិតាក្មេក និងអគ្គមហេសីអង្គចូវ ផង ព្រះជ័យចេស្ដា ក៏ទ្រង់យល់ព្រមអនុញ្ញាតតាមការស្នើសុំនេះ។ ចាប់តាំងពីពេលនោះមក ជនជាតិយួន បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរ កាន់តែច្រើនឡើងៗ។ ម្យ៉ាងទៀត ដោយយកលេសថាដើម្បីជួយអាជ្ញាធរខ្មែរក្នុងទីនោះ រក្សាសន្តិសុខអោយមានប្រសិទ្ធភាព ព្រះចៅយួន ក្រុងវ៉េ ក៏បានបញ្ជូនមេទ័ពរបស់គេម្នាក់អោយមកឈរកាន់កាប់នៅតំបន់នោះទៀតផង។
ប្រាកដណាស់ថា ក្នុងការប្រគល់ទឹកដីកម្ពុជាក្រោម ទៅអោយវៀតណាម ប្រទេសបារាំង និងរដ្ឋការយួនអណ្ណាម អាចផ្តល់ផលប្រយោជន៍ច្រើនណាស់អោយគ្នាទៅវិញទៅមក ក៏ប៉ុន្តែការដែលអាណាព្យាបាលបារាំង សុខចិត្តចុះហត្ថលេខាប្រគល់ទឹកដីកម្ពុជាក្រោម នៅឆ្នាំ១៩៤៩ អោយទៅវៀតណាម កាន់កាប់នេះ មួយផ្នែកក៏ប្រហែលមកពីហេតុផលថា ទឹកដីនោះត្រូវជនជាតិវៀតណាម ចូលមករស់នៅចាក់ឫសចាក់គល់ តាំងពីដើមសតវត្សទី១៧រួចទៅហើយ។ បារាំង ប្រហែលជាពិបាកនឹងលើកដៃកាត់ទឹកដីខ្មែរដែលមានសុទ្ធតែជនជាតិខ្មែររស់នៅពេញស្រុក ទៅអោយវៀតណាម ទាំងងងើលនោះបានដែរ។
ដូច្នេះ តើកម្ពុជា គួររៀនសូត្រអ្វីខ្លះពីប្រវត្តិសាស្ត្រកម្ពុជាក្រោម និងពីវិបត្តិនៅតំបន់គ្រីមៀ នេះ?
មេរៀនដែលគួរចងចាំនោះ គឺក្នុងការប៉ុនប៉ងដណ្ដើមយកទឹកដី ជនដែលមានបំណងនោះ ដំណាក់កាលដំបូងគេតែងបញ្ជ្រាបខ្លួនបន្តិចម្តងៗទៅក្នុងទឹកដីនោះ រួចទើបគេចាប់ផ្តើមបង្កើតកូនបង្កើតចៅ ឬបបួលគ្នាមកនៅបន្ថែម ដើម្បីធ្វើអោយជនជាតិខ្លួនមានចំនួនកាន់តែច្រើនឡើង។ បន្ទាប់មក គេក៏រកវិធីធ្វើខ្លួនអោយទៅជាអ្នករស់នៅលើទឹកដីថ្មីដោយស្របច្បាប់ ហើយបណ្ដេញជនជាតិជាម្ចាស់ស្រុកចេញ ឬក៏ធ្វើអោយម្ចាស់ស្រុកក្លាយទៅជាជនជាតិភាគតិចវិញ។ ហើយទីបំផុត គេវាយដណ្ដើមយកដោយកម្លាំងបាយ ឬតាមនីតិវិធី ដូចជានៅតំបន់គ្រីមៀរ ឬនៅទឹកដីកម្ពុជាក្រោម ជាដើម។
វិធីនេះក៏ធ្លាប់ត្រូវគេអនុវត្តបានដោយមានប្រសិទ្ធភាព នៅប្រទេសមួយចំនួនទៀតដែរ។ នៅសហរដ្ឋអាមេរិក ជនជាតិឥណ្ឌា ស្បែកក្រហមដែលជាម្ចាស់ស្រុក ត្រូវជនបរទេសចំណូលថ្មីចូលមករស់នៅ រួចដណ្ដើមយកដីបង្កើតប្រទេសថ្មីរបស់ខ្លួន។
នៅតំបន់គ្រីមៀ ជនជាតិរុស្ស៊ី បានត្រូវគេបញ្ជូនអោយមកតាំងនៅទីនេះរាប់សែននាក់ តាំងពីឆ្នាំ១៩៤៤ ហើយគេបណ្ដេញជនជាតិដើមម្ចាស់ស្រុកចេញ ដោយយកលេសថា ពួកជនជាតិដើមម្ចាស់ស្រុកនេះ សហការជាមួយនឹងពួកណាហ្សី (Nazi)។ ទីបំផុត ជនជាតិរុស្ស៊ី បានក្លាយទៅជាជនជាតិភាគច្រើនតែម្តង។ ដោយមានសំឡេងគាំទ្រ ៩៧ភាគរយក្នុងការបោះឆ្នោតប្រជាមតិថ្មីៗនេះ ប្រទេសរុស្ស៊ី បានប្រើប្រាស់តួលេខនេះ ដើម្បីអះអាងថា អ្វីដែលខ្លួនធ្វើ គឺស្របតាមនីតិវិធី និងតាមបែបប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។