ប្រទេសចិនកុម្មុយនិស្តបានសម្រេចបន្តធ្វើសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់ (Taiwan) ដោយគ្មានកាលកំណត់ ដើម្បីឆ្លើយតបប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ កាលពីពេលថ្មីៗ។ ការបន្តធ្វើសមយុទ្ធយោធារបស់ចិននេះ កំពុងធ្វើឱ្យសភាពការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់កើនកម្ដៅខ្លាំង និងធ្វើឱ្យប្រទេសក្នុងតំបន់ រួមទាំងកម្ពុជាផង ព្រួយបារម្ភយ៉ាងខ្លាំង។ តើកម្ពុជាគួរប្រកាន់ជំហរបែបណា ដើម្បីបញ្ចៀសពីហានិភ័យនៃការធ្លាក់ចូលក្នុងអន្ទាក់ជម្លោះភូមិសាស្ត្រនយោបាយ ប្រសិនបើចិនសម្រេចលើកទ័ពឈ្លានពានដណ្តើមយកអធិបតេយ្យរបស់កោះតៃវ៉ាន់មកគ្រប់គ្រង នាពេលខាងមុខនេះ?
ភ្លាមៗ ក្រោយពីមានដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ កាលពីដើមខែសីហានេះ ទាំងរដ្ឋាភិបាលកម្ពុជា និងទាំងគណបក្សកាន់អំណាច ដែលជាមិត្តដែកថែបរបស់ចិនបានឈានមុខគេក្នុងការចេញសេចក្ដីថ្លែងការណ៍សម្ដែងក្ដីបារម្ភ និងប្រកាសសាជាថ្មីគាំទ្រគោលនយោបាយចិនតែមួយ «ដោយឥតងាករេ»។
ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិព្រមានថា ប្រសិនបើប្រទេសចិនកុម្មុយនិស្ត ឈានទៅបើកការវាយប្រហារណាមួយ ដើម្បីដណ្ដើមយកកោះតៃវ៉ាន់ មិនខុសពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ នោះការប្រកាន់យកគោលនយោបាយចិនតែមួយដោយឥតងាករេនេះ អាចនឹងធ្វើឲ្យកម្ពុជាប្រឈមនឹងបញ្ហាខ្លាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ។ បើទោះបីជាពួកគេយល់ថា លទ្ធភាពដែលចិនអាចឈ្លានពានកោះតៃវ៉ាន់ដោយប្រើកម្លាំងយោធាទំនងជានឹងមិនអាចកើតមានឡើងនាពេលនេះក៏ដោយ ក៏នេះមិនមែនមានន័យថា សង្គ្រាមដណ្ដើមយកតៃវ៉ាន់ពីសំណាក់ប្រទេសចិន នឹងមិនកើតមាននោះទេ។ ក្នុងសេណារីយ៉ូបែបនេះ ពួកគេថា ជំហរគាំទ្រគោលនយោបាយចិនតែមួយ «ផ្កាប់មុខ» ងាយនឹងអូសទាញកម្ពុជាឲ្យធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាច។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ពន្យល់ថា បើមានសង្គ្រាមនៅតៃវ៉ាន់មែន នោះសង្គ្រាមនេះខុសពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី (Russia)នៅអ៊ុយក្រែន (Ukraine)។ ខុសគ្នានៅត្រង់ថា សហរដ្ឋអាមេរិកនឹងចូលមកពាក់ព័ន្ធក្នុងសង្គ្រាមនេះដោយផ្ទាល់តាមរយៈការជួយរដ្ឋាភិបាលកោះតៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសចិនដីគោក។ លោក ឯម សុវណ្ណារ៉ា ចង់ឃើញកម្ពុជាប្រកាន់ជំហរបែបបត់បែនមួយ នៅក្នុងសេណារីយ៉ូ ដែលមានសង្គ្រាមឈ្លានពានកោះតៃវ៉ាន់ពីសំណាក់ប្រទេសចិនកុម្មុយនិស្ត ដោយមិនត្រូវថ្កោលទោសប្រទេសទាំងឡាយណា ដែលប្រឆាំងនឹងចិននោះទេ៖ « ដូច្នេះ ករណីនេះ វាទាមទារឲ្យកម្ពុជាមាននយោបាយមួយឆ្លាតវៃបន្តិច ឬក៏បន្ទន់បត់បែនបន្តិច មិនថា ងាកមកលោកខាងលិចមកសហរដ្ឋអាមេរិកនោះទេ តែមានវិធានការមួយមិនបាច់គាំទ្រចិនផ្ដាច់មុខគ្រប់ពេលនោះទេ បានន័យថា ត្រូវចេះដកឃ្លា ឬក៏រកឱកាសនិយាយ ឬក៏ស្វែងរកសន្តិភាព។ ឈរខាងចិន តែកុំឲ្យមានការចាប់ថ្នាក់ រហូតដល់ប្រទេសលោកខាងលិចដាក់បន្ទុកមកលើកម្ពុជា »។
លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ជំហរបត់បែនបែបនេះ នឹងធ្វើឲ្យកម្ពុជាអាចថែរក្សាឲ្យបាននូវទំនាក់ទំនងពាណិជ្ជកម្ម ទាំងជាមួយប្រទេសចិនកុម្មុយនិស្ត និងទាំងជាមួយសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ។
ស្រដៀងគ្នានេះដែរ អ្នកសិក្សាស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា ប្រសិនបើមានសង្គ្រាមរវាងចិន និងកោះតៃវ៉ាន់មែន នោះគោលជំហរចិនតែមួយឥតងាករេរបស់កម្ពុជា អាចនឹងធ្វើឲ្យកម្ពុជាងាយនឹងរងគ្រោះផ្នែកសន្តិសុខ ជាមួយប្រទេស ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជា វៀតណាម (Vietnam) សិង្ហបុរី (Singapore) ថៃ (Thailand) និងហ្វ៊ីលីពីន (Philippines) ជាដើម។ លោកថា ចិនអាចនឹងប្រើប្រាស់មូលដ្ឋានទ័ពសមុទ្ររាមនៅកម្ពុជា ដើម្បីទប់ទល់ជាមួយប្រទេសទាំងនោះ៖ « ជាការពិត បើសិនជាការចោទប្រកាន់ទាក់ទងនឹងមូលដ្ឋានទ័ពចិននៅដែនសមុទ្ររាម គឺជារឿងពិតមែន ខ្ញុំគិតថា បើសិនជាសង្គ្រាមផ្ទុះឡើងមែន ចិនអាចប្រើប្រាស់នូវមូលដ្ឋានទ័ពរបស់កម្ពុជានៅដែនសមុទ្ររាម ដើម្បីទប់ទល់ជាមួយនឹងវៀតណាម ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយចំនួនដែរ។ ដូច្នេះ វានឹងធ្វើឲ្យកម្ពុជាក្លាយជាសមរភូមិនៃការប្រយុទ្ធគ្នា ប្រកួតប្រជែងនៃសង្គ្រាម ឬក៏មនោគមវិជ្ជារវាងមហាអំណាច ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ។ ដូច្នេះ វាជារឿងគ្រោះថ្នាក់មែនទែនដែលធ្វើឲ្យកម្ពុជាដើរជាន់ទៅនឹងប្រវត្តិសាស្ត្រចាស់ »។
លោក វណ្ណ ប៊ុនណា យល់ថា ក្នុងស្ថានភាពបែបនេះ កម្ពុជាគួរព្យាយាមអំពាវនាវឲ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហានៅតៃវ៉ាន់នេះ ដោយប្រើយន្តការអង្គការសហប្រជាជាតិ និងយន្តការតំបន់ដែលមានស្រាប់៖ « យើងអាចថា កម្ពុជាគាំទ្រនូវគោលនយោបាយចិនតែមួយ ដោយសារគោលនយោបាយនេះ មែនទែនទៅត្រូវបានគាំទ្រដោយមហាអំណាច សូម្បីតែសហរដ្ឋអាមេរិក ក៏ដូចជាសមាជិកអាស៊ានទាំងអស់ផងដែរ។ ក៏ប៉ុន្តែ កម្ពុជា បើទោះបីជាបង្ហាញគោលនយោបាយគាំទ្រចិនតែមួយ តែកម្ពុជាព្យាយាមអំពាវនាវឲ្យភាគីទាំងសង្ខាងដោះស្រាយដោយសន្តិវិធី ហើយអាចយកវេទិកាអាស៊ាន ជាអ្នកសម្របសម្រួល មានកិច្ចចរចាផងដែរ។ ប៉ុន្តែ គាំទ្រគោលនយោបាយចិនតែមួយនេះ មិនមែនមានន័យថា ឲ្យកម្ពុជាគាំទ្រការធ្វើសង្គ្រាមរបស់ចិន ជាមួយសហរដ្ឋអាមេរិកទេ។ គាំទ្រគោលនយោបាយចិនតែមួយក្នុងន័យនេះ គឺចង់សំដៅទៅលើឲ្យកម្ពុជាគិតថា តៃវ៉ាន់ និងចិនអាចជាប្រទេសតែមួយ ក៏ប៉ុន្តែ ទាក់ទងនឹងយន្តការដោះស្រាយជម្លោះរវាងចិន និងតៃវ៉ាន់ គឺឲ្យភាគីទាំងអស់ចរចាគ្នាដោយប្រើយន្តការអង្គការសហប្រជាជាតិ ឬក៏យន្តការផ្សេងទៀតសម្រាប់ជាការដោះស្រាយ »។
រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែសីហា ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវភាពតានតឹងថ្មីនេះ។ រដ្ឋាភិបាលកម្ពុជាប្រកាសថា ខ្លួនប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករេ ហើយចាត់ទុកបញ្ហានានា ពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។ រដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងនូវការបង្កហេតុ ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ទន្ទឹមគ្នានេះ គណបក្សកាន់អំណាចក៏បានចេញនូវសេចក្ដីថ្លែងការណ៍ដាច់ដោយឡែក ក្នុងន័យគាំទ្រប្រទេសចិនកុម្មុយនិស្តស្រដៀងគ្នានេះដែរ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ វិទ្យុអាស៊ីសេរីថា ប្រសិនបើឈានទៅដល់មានសង្គ្រាមនៅកោះតៃវ៉ាន់មែន គណបក្សរបស់លោកនៅតែប្រកាន់ជំហរគោលនយោបាយចិនតែមួយនេះដដែល ដោយចាត់ទុកបញ្ហានេះជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន៖ « តាមពិត កម្ពុជាជាប្រទេសតូច មិនចង់ឱ្យមានសង្គ្រាមរវាងមហាអំណាច និងមហាអំណាចទេ ពីព្រោះដូចពាក្យខ្មែរនិយាយអ៊ីចឹង កាលណាដំរីជល់គ្នា វាល្អិតអីសម្រោចសង្អារឯណេះ ដូចជា បញ្ហារុស្ស៊ី និងអ៊ុយក្រែនអ៊ីចឹង យើងឃើញថា ជះឥទ្ធិពលដល់បណ្ដាប្រទេសនានា នៅលើពិភពលោក មិនថាប្រទេសធំ ឬប្រទេសតូចទេ សុទ្ធតែប៉ះពាល់ទាំងអស់ ... ។ សង្គ្រាមបើសិនណាជាមានរវាងចិន និងតៃវ៉ាន់ អាហ្នុងជារឿងកិច្ចការផ្ទៃក្នុងរបស់ចិន មិនមែនសង្គ្រាមរវាងប្រទេសទាំងពីរទេ។ ត្រង់ប្រទេសណាយល់យ៉ាងម៉េច អាហ្នុងជានយោបាយរបស់ប្រទេសនោះ រៀងៗ ខ្លួន។ តែខ្ញុំយល់ថា ភាគច្រើនជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែប្រកាន់នូវគោលជំហរតាមអង្គការសហប្រជាជាតិហើយ ពីព្រោះថា តៃវ៉ាន់អត់មានជាសមាជិករបស់អង្គការសហប្រជាជាតិទេ មានតែចិនមួយទេ។ នៅលើពិភពលោក អត់មានចិនច្រើនទេ »។
ប្រទេសចិនកុម្មុយនិស្តបានប្រកាសបន្តធ្វើសមយុទ្ធយោធាដោយគ្មានកាលកំណត់បញ្ចប់ ដោយផ្តោតលើការប្រឆាំងនឹងនាវាមុជទឹក ក្រោយពីបានបញ្ចប់សមយុទ្ធយោធារយៈពេល ៤ថ្ងៃកន្លងទៅភ្លាមៗ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកោះតៃវ៉ាន់ ដែលស្មើនឹងការបិទខ្ទប់ចរាចរណ៍តាមផ្លូវសមុទ្រ និងអាកាសនៅកោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ឲ្យដឹងថា ចិនបានប្រើយន្តហោះចម្បាំងចំនួន ៣៩គ្រឿង និងនាវាចម្បាំងចំនួន ១៣គ្រឿងនៅក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់ក្នុងអំឡុងពេលធ្វើសមយុទ្ធកាលពីថ្ងៃចន្ទ ទី៨ ខែសីហា។ ជាការឆ្លើយតប នៅថ្ងៃអង្គារ ទី៩ ខែសីហា រដ្ឋាភិបាលកោះតៃវ៉ាន់បានបាញ់គ្រាប់ពិតជាច្រើនគ្រាប់ចេញពីឆ្នេរនៅភាគខាងត្បូង ជាផ្នែកមួយនៃការធ្វើលំហាត់សមយុទ្ធ ដើម្បីការពារកោះតៃវ៉ាន់ ដោយមានកងទ័ពចំនួន ៧០០នាក់។
អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ ថា កម្ពុជានឹងរងនូវការឃ្លាំមើល និងទទួលនូវការគំរាមកំហែងផ្នែកសន្តិសុខពីសម្ព័ន្ធមិត្តរបស់អាមេរិក ប្រសិនបើមានសង្គ្រាមផ្ទុះឡើងមែន ដែលលោកថា អាចនឹងវិវត្តទៅជាសង្គ្រាមលោកលើកទីបីតែម្ដង៖ « ខ្ញុំមើលឃើញថា ដោយសារតែកម្ពុជាស្នឹទ្ធជាមួយចិន អ៊ីចឹងអរិភាពទាំងឡាយណា ដែលកើតឡើងរវាងចិន និងសហរដ្ឋអាមេរិក យើងដឹងហើយថា នឹងទទួលរងនូវសម្ពាធពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងរូបភាពទ្រង់ទ្រាយណាមួយ។ មានន័យថា បញ្ហាសន្តិសុខរបស់កម្ពុជានឹងទទួលរងនូវការឃ្លាំមើល និងទទួលរងនូវការគំរាមកំហែងពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែរ ជាពិសេស គឺដៃគូយុទ្ធសាស្ត្ររបស់អាមេរិក គឺវៀតណាម។ យើងដឹងហើយថា វៀតណាម គឺច្បាស់ជាមានជំហរងាករេទៅរកសហរដ្ឋអាមេរិក ជាងចិននៅក្នុងក្របខ័ណ្ឌសន្តិសុខ »។
ពាក់ព័ន្ធនឹងការវាយតម្លៃថា តើមានលទ្ធភាពប៉ុណ្ណា ដែលប្រទេសចិនកុម្មុយនិស្តអាចនឹងបើកការវាយប្រហារឈ្លានពានយកកោះតៃវ៉ាន់ក្នុងស្ថានភាពបច្ចុប្បន្ននេះ អ្នកជំនាញកិច្ចការអន្តរជាតិមួយរូបទៀត គឺបណ្ឌិត អៀ សុផល ពន្យល់ថា យើងធ្លាប់បានគិតថា ប្រទេសរុស្ស៊ីដំបូងឡើយ នឹងមិនបើកការវាយប្រហារក្រោយការធ្វើសមយុទ្ធយោធាស្រដៀងគ្នានេះទេ។ ក៏ប៉ុន្តែ ក្រោយមក ប្រទេសនេះបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនយ៉ាងជាក់ច្បាស់។ លោកថា បញ្ហានៅត្រង់ថា ប្រទេសចិនបានបញ្ចេញប្រតិកម្មជ្រុល ប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកោះតៃវ៉ាន់។ លោកបន្តថា ប្រទេសចិនមិនគួរបង្កហេតុឲ្យមានការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកយ៉ាងដូច្នេះទេ ដែលវាគួរតែកើតឡើងតែនៅពេលដែលកោះតៃវ៉ាន់ប្រកាស ឯករាជ្យតែប៉ុណ្ណោះ។ តែកោះតៃវ៉ាន់ មិនបានប្រកាសឯករាជ្យទេ ហើយវានឹងមិនកើតមានឡើងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។