អ្នកវិភាគឬអ្នកឃ្លាំមើលនយោបាយដាស់តឿនឱ្យរបបក្រុងភ្នំពេញឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ព្រោះ ជំនួយកម្ចីរបស់ចិនមានចេតនាជ្រៀតជ្រែកនយោបាយកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ ពួកគេចាត់ទុកខ្លឹមសារលិខិតចំហរបស់ស្ថានទូតចិនប្រចាំកម្ពុជាថាជាការការពារប្រយោជន៍ក្រុមហ៊ុនចិននិងជនជាតិចិនជាច្រើនម៉ឺននាក់ដែលកំពុងរស់នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្នច្រើនជាង។
ស្ថានទូតចិនថាលុយដែលរដ្ឋាភិបាលចិនផ្តល់ឱ្យកម្ពុជាខ្ចីមិនមានលក្ខខណ្ឌនយោបាយនិងពុំមែនជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។ ចិនថា មកទល់ពេលនេះមិនទាន់ឃើញមានប្រទេសណាមួយរងទុក្ខវេទនាដោយសារបំណុលចិននោះឡើយដូច្នោះហើយទើបកម្ពុជាតែងតែខ្ចីលុយចិនមកអភិវឌ្ឍន៍ផ្លូវស្ពានហើយចិនផ្តល់បច្ចេកទេសបណ្តុះបណ្តាលបច្ចេកវិទ្យានិងវិស្វកម្មដើម្បីជួយកម្ពុជា។
ស្ថានទូតចិនថ្លែងបែបនេះក្នុងលិខិតចំហមួយចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ជាការឆ្លើយតបបកស្រាយប្រាប់អាស៊ីសេរីថាមកទល់ពេលនេះមិនទាន់មានប្រទេសណាមួយរងគ្រោះព្រោះតែមិនសងបំណុលចិននោះទេហើយក៏មិនឮថាប្រទេសណាស្អប់ខ្ពើមជំនួយកម្ចីរបស់ចិនដែរ។តែផ្ទុយទៅវិញប្រទេសទទួលជំនួយកម្ចីភាគច្រើននៅតែបន្តស្នើសុំចិនបង្កើនជំនួយបន្ថែមទៀតដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរនិងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្លួន។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលនយោបាយនិងគណបក្សប្រឆាំងច្រានចោលចំពោះការបកស្រាយនេះដោយចាត់ទុកថារដ្ឋាភិបាលចិនពុំមានភាពស្មោះត្រង់ក្នុងការផ្តល់ប្រាក់កម្ចីនោះទេ។លើសពីនេះទៀតក្នុងពេលដែលកម្ពុជាកំពុងជាប់អន្ទាក់បំណុលចិនបានឆក់ឱកាសបង្កើតគោលនយោបាយវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានិងវិនិយោគដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតាដើម្បីងាយស្រួលនាំចេញធនធានធម្មជាតិរួមមាន រ៉ែមាស រ៉ែដែក ថ្មម៉ាបថាមពលអគ្គិសនីនិងឈើប្រណិតទៅកាន់ប្រទេសខ្លួន។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាលចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យកម្ពុជាដែលកំពុងរស់នៅប្រទេសណ័រវេស(Norway) លោក ម៉ែន ណាតសង្កេតឃើញថាខណៈរដ្ឋាភិបាលចិនឱ្យកម្ពុជាខ្ចីលុយកាន់តែច្រើនក្រុមហ៊ុនចិនមករកស៊ីនៅកម្ពុជាជញ្ជក់យកធនធានធម្មជាតិពីកម្ពុជាក៏កាន់តែច្រើនដែរ៖ «ក្រុមហ៊ុនចិនដែលមករកស៊ីស្រុកខ្មែរ មានក្រុមហ៊ុនកាស៊ីណូ ក្រុមហ៊ុនកាប់ឈើធំៗ ក្រុមហ៊ុនរ៉ែអីហ្នឹង គឺសុទ្ធតែជំពាក់ជំពិននឹងបញ្ហានឹងទាំងអស់។ ដើម្បីយកចិត្តចិនយើងមានតែឱ្យពួកវិនិយោគចិនមិនថាល្អ ឬទុច្ចរិតក៍មកវិនិយោគដែរ ហើយពួកហ្នឹងរកស៊ីជាមួយមន្ត្រីធំៗ ក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន មានឧត្តមសេនីយ៍ជាច្រើនដែលកាងពួងហ្នឹង ហើយមុនរកស៊ីជាមួយមន្ត្រីគ្រាកៗក្នុងស្រុងយើង វាជាការជួយសម្រួលពីលោក ហ៊ុន សែន ដើម្បីយកចិត្តសម្រួលលើបញ្ហាបំណុលនេះ»។
ស្ថានទូតចិនបន្ថែមថាប្រទេសចិនចាប់ផ្តើមផ្តល់ជំនួយដល់កម្ពុជាក្នុងការកែលម្អផ្លូវនៅជនបទនិងគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងនោះបានជួយជួសជុលផ្លូវ ២៥ ខ្សែ ក្នុងខេត្តចំនួន ៨ មានប្រវែងសរុបជាង ៣ ពាន់គីឡូម៉ែត្រ (៣០០០)។ លើសពីនេះចិនបានជីកអណ្តូងជិតពីរពាន់កន្លែង(១៨១០)និងស្រះទឹកជាង១រយកន្លែង(១២៧) ដល់ខេត្តចំនួន១៣។ តួលេខទាំងនេះត្រូវបានបង្ហាញថាកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងកងទ័ពចិននិងកម្ពុជាគឺជាផ្នែកមួយយ៉ាងសំខាន់ដែលមិនអាចកាត់ផ្តាច់បាន។
ទោះជាយ៉ាងណាលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បារម្ភថាដោយសារកម្ពុជាជំពាក់បំណុលចិនកាន់តែច្រើននៅថ្ងៃមុខនៅពេលកម្ពុជាគ្មានលុយសងចិនវិញនោះកំពង់ផែនៅក្រុងខេត្តព្រះសីហនុអាចនឹងត្រូវទូទាត់ជាសំណងទៅឱ្យចិនដូចជាបានកើតឡើងដូច្នេះនៅប្រទេសស្រីលង្កា (Sri Lanka)។
កាលពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៥ រដ្ឋាភិបាលស្រីលង្កាបានខ្ចីលុយចិនជាច្រើនពាន់លានដុល្លារដើម្បីចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែក្រោយមកប្រទេសនេះពុំមានលទ្ធភាពដោះបំណុលចិននោះទេ។រហូតនៅខែធ្នូ ឆ្នាំ២០១៧រដ្ឋាភិបាលស្រីលង្កាបានបង្ខំចិត្តប្រគល់ការគ្រប់គ្រងកំពង់ផែទឹកជ្រៅរបស់ខ្លួនឈ្មោះ ផែ ហាមបានតូតា(Hambantota) ឱ្យក្រុមហ៊ុនចិនគ្រប់គ្រងទាំងស្រុងដោយសារតែខ្លួនគ្មានលទ្ធភាពសងបំណុលចិន។
ជំនួយរបស់ចិនមិនដែលដាក់លក្ខខណ្ឌលើការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនោះទេ។អ្នកឃ្លាំមើលបរិស្ថានសង្កេតឃើញថាក្រុមហ៊ុនចិនជាច្រើននៅកម្ពុជាបានបង្កផលប៉ះពាល់ជាច្រើនដល់ពលរដ្ឋនិងបរិស្ថានក្នុងនោះមានការរំលោភសិទ្ធិមនុស្សតាមរយៈបណ្ដេញពលរដ្ឋចេញពីដីធ្លីឩទាហរណ៍ ដូចជាក្រុមហ៊ុន យូឌីជីរបស់ចិន(Union Development Group or UDG)នៅខេត្តកោះកុងការកាប់បំផ្លាញធនធានសម្បត្តិធម្មជាតិការបង្ហូរទឹកស្អុយពីរោងចក្រឬសណ្ឋគារចូលសមុទ្រនិងមានការលុបបឹង អូរ ធម្មជាតិ ជាដើម។

ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងការពារការខ្ចីលុយពីចិនថា កម្ពុជាខ្ចីចិនទៅតាមគម្រោងអភិវឌ្ឍន៍របស់កម្ពុជាតែប៉ុណ្ណោះ។លោកសរសើរថាប្រាក់កម្ចីចិនមានអាត្រាការប្រាក់ទាបហើយការទូរទាត់សងវិញមានរយៈពេលវែង។ លោកថា កម្ពុជាបច្ចុប្បន្នមិនមែនខ្ចីតែប្រទេសចិននោះទេ គឺបានខ្ចីពីប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនថែមទៀត។ លើសពីនេះលោកថា ការខ្ចីនេះទៀតសោតកម្ពុជាបានគិតគូរល្អិតល្អន់។
បន្ថែមពីលើនេះមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថាប្រាក់កម្ចីពីប្រទេសចិន ពុំមានភ្ជាប់នូវគោលការណ៍លក្ខខណ្ឌសាំញ៉ាំច្រើនទេ ហើយឥណទានហិរញ្ញវត្ថុចិនបានក្លាយជាចលករដ៏សំខាន់ដើម្បីងាយស្រួលសម្រាប់កម្ពុជាអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ប្រាប់សារព័ត៌មានក្នុងស្រុកកាលពីចុង ឆ្នាំ២០២០ ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានបើកច្រកទីផ្សារទូលំទូលាយសម្រាប់កម្ពុជារួចទៅហើយ។ លោកបញ្ជាក់ថា កម្ពុជាត្រូវរៀបចំគោលនយោបាយផលិតកម្ម វិនិយោគដឹកជញ្ជូន និងបញ្ហាផ្សេងៗទៀតឱ្យបានល្អប្រសើរដើម្បីផលិត និងនាំចេញទំនិញទៅកាន់ប្រទេសចិនបានច្រើនតាមការរំពឹងទុក។
ទោះយ៉ាងណាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន មើលឃើញថាកម្ចីចិនពុំមានតម្លាភាពនិងគណនេយ្យភាពនោះទេជាពិសេសមិនផ្តល់ឱ្យកម្ពុជាទទួលបានអភិបាលកិច្ចល្អប្រសើរដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើយ។លោកផ្តល់ទស្សនៈថាប្រាក់កម្ចីរបស់ប្រទេសលោកខាងលិចមានលក្ខខណ្ឌតម្លាភាពបំបាត់អំពើពុករលួយកែលម្អបញ្ហាសិទ្ធិមនុស្សនិងស្តារប្រជាធិបតេយ្យ៖ «បំណុលរបស់ចិនធ្វើឱ្យរបបលោក ហ៊ុន សែន ជិះសេះលែងដៃ។ គាត់យកអំណាចផ្តាច់ការលទ្ធិកុម្មុនីស្តពីចិនមកអនុវត្តនៅកម្ពុជា។ ដែលកម្ពុជាសព្វថ្ងៃ លោក ហ៊ុន សែន រំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិ ហើយគាត់កាន់អំណាចផ្តាច់ការតែម្តងតាមរបៀបការដឹកនាំកុម្មុនីស្តដូចនៅចិនអញ្ចឹង»។
លោក អ៊ុំ សំអានបន្ថែមថាលុយដែលកម្ពុជាខ្ចីចិនផ្តោតលើការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែជារឿយៗក្រុមហ៊ុនចិនធ្លាប់មានរឿងអាស្រូវច្រើន។ទោះជាយ៉ាងណាក៏ដោយចុះស្ថានទូតចិនបញ្ជាក់ថាកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជាចិនមិនត្រឹមតែលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេប៉ុន្តថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការតទល់រួមគ្នាជាមួយបញ្ហាប្រឈមក្នុងតំបន់ថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ហើយកន្លងទៅកងទ័ពនៃប្រទេសទាំងពីរបានរៀបចំកិច្ចសហការក្នុងតំបន់បានយ៉ាងល្អ ដូចជាការហ្វឹងហាត់យោធា និងការបណ្តុះបណ្តាលបុគ្គលនិងឧបករណ៍ជាដើម។
អ្នកឃ្លាំមើលនយោបាយសង្កេតឃើញថាចិនពង្រីកទំនាក់ទំនងស្អិតរមួតជាមួយកម្ពុជាក៏ដើម្បីទាញយកផលប្រយោជន៍ពីកម្ពុជាពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជានិងនៅក្នុងតំបន់។ផ្អែកតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីឆ្នាំ២០២០ កម្ពុជាជំពាក់ចិនដល់ទៅជិត ៤ពាន់លានដុល្លារ( ៣.៧០០) ឬស្មើនឹងជិត ៤៧ ភាគរយនៃទំហំបំណុលសរុបដែលកម្ពុជាជំពាក់បរទេស។ លុយដែលខ្ចីពីចិនភាគច្រើនផ្ដោតលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។