សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ានត្រូវបានបង្កើតឡើង ក្នុងគោលបំណងរួមគ្នាទប់ស្កាត់ការរាតត្បាតនៃរបបកុម្មុយនស្តផ្ដាច់ការ និងដើម្បីបញ្ចៀសពីការវាយលុកផ្នែកសេដ្ឋកិច្ចពីសំណាក់មហាប្រទេសក្នុងតំបន់។
តើមកទល់នឹងពេលនេះអាស៊ាន បានសំរេចគោលបំណងនេះដែរឬទេ? បើមិនទាន់សំរេចបាន តើអាស៊ានអាចនឹងពិចារណាជាថ្មីឡើងវិញលើគោលការណ៍អាស៊ានដែរ ឬទេ?
ឆ្នាំ២០២២ ខាងមុខនេះ ប្រទេសកម្ពុជា នឹងធ្វើជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន ជាលើកទីបី។ ១០ឆ្នាំមុន គឺនៅឆ្នាំ២០១២ ក្នុងនាមជាប្រធានប្តូរវេនដែរ កម្ពុជាបានទទួលរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ តែកិច្ចប្រជុំនោះមិនសំរេចបានលទ្ធផលអ្វីឡើយ។
នោះគឺជាបរាជ័យដ៏ធំមួយ មិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្ររយៈពេលកន្លះសតវត្សរបស់អាស៊ាន ដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន មិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយបាន។
សេចក្តីរាយការណ៍នានាឱ្យដឹងថា មូលហេតុសំខាន់នៃការខកខានមិនបានចេញសេចក្តីថ្លែងការណ៍រួមនោះ គឺកម្ពុជាបានអនុញ្ញាតឱ្យចិនលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អាស៊ាន។
អ្នកដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនោះ ឱ្យដឹងថា មន្ត្រីកម្ពុជា បានលួចផ្តល់សេចក្តីព្រាងនៃសេចក្ដីថ្លែងការណ៍រួមនោះ ទៅឱ្យមន្ត្រីចិនត្រួតពិនិត្យមើលជាមុន។
ចិនតែងរារាំងមិនឱ្យយកបញ្ហាជំលោះប្រជុំកោះប៉ារ៉ាសែល នៅសមុទ្រចិនខាងត្បូង ទៅជជែកគ្នាក្នុងវេទិកាតំបន់បែបនេះទេ។ ចិនចង់ដោះស្រាយបញ្ហាទំនាស់ដែនទឹកនេះ តែជាមួយប្រទេសពាក់ព័ន្ធផ្ទាល់។ ប្រទេសដែលចិនមានទំនាស់ដែនទឹកជាមួយនោះគឺ វៀតណាម និងហ្វីលីពីន ដែលជាប្រទេសសមាជិកពីរក្នុងចំណោមសមាជិកទាំង១០ នៃសមាគមអាស៊ាន។
ដោយហេតុថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញនាពេលនោះ វៀតណាម និងហ្វីលីពីន បានលើកយកបញ្ហាជំលោះដែនទឹកសមុទ្រចិនខាងត្បូង ទៅដាក់ចូលក្នុងរបៀបវារៈ ហើយដោយភាគីកម្ពុជាលួចបង្ហើបឱ្យចិនមុនដឹងផង ចិនក៏ខ្ទប់មិនឱ្យសេចក្ដីថ្លែងការណ៍រួមនោះចេញរួចតែម្តង។
អាស៊ានដែលតែងតែប្រកាសថា ប្រកាន់គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកអាស៊ានដូចគ្នា ស្រាប់តែបណ្តោយឱ្យប្រទេសចិនលូកដៃកកូរកកាយបានទៅវិញ។
ក៏ប៉ុន្តែ ១០ឆ្នាំកន្លងមកនេះ ស្ថានការណ៍ផ្លាស់ប្ដូរច្រើន។ ប្រទេសសមាជិកអាស៊ានមួយចំនួន ដែលមានទំនោរទៅការគ្រប់គ្រងរដ្ឋបែបប្រជាធិបតេយ្យ ចាប់ផ្តើមហ៊ានចេញមុខប្រកាសថ្កោលទោសប្រទេសសមាជិកអាស៊ានដទៃទៀត ដែលរំលោភបំពានពលរដ្ឋខ្លួនឯង ឬក៏រំលោភបំពានលើសិទ្ធិនយោបាយរបស់អ្នកនយោបាយប្រឆាំង។
ព្រឹត្តិការណ៍រដ្ឋប្រហារ និងការបាញ់សម្លាប់បាតុករ នៅប្រទេសភូមា ឬមីយ៉ាន់ម៉ា នាពេលថ្មីៗ នេះ ជាឧទាហរណ៍ស្រាប់។ ប្រទេសជាសមាជិកអាស៊ានកាន់តែច្រើនឡើង បានអំពាវនាវដល់មេដឹកនាំយោធាភូមា ឬមីយ៉ាន់ម៉ា ឱ្យស្ដារប្រជាធិបតេយ្យឡើងវិញ ដោះលែងអ្នកនយោបាយប្រឆាំង និងឱ្យឈប់បាញ់សម្លាប់បាតុករ។ ពួកគេក៏ជំរុញឱ្យមេដឹកនាំយោធា បើកទ្វារទទួលយកប្លុកអាស៊ាន ជួយចូលរួមដោះស្រាយបញ្ហាប្រទេសភូមាដែលកាន់តែតឹងតែងទៅៗនេះ។
ប្រទេសសមាជិកអាស៊ានមួយចំនួន ក៏ធ្លាប់ធ្វើមិនដឹងមិនឮ ចំពោះការតវ៉ារបស់លោក ហ៊ុន សែន ដែលលោកធ្វើឡើងផ្អែកលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ាននេះដែរ។ កាលពីចុងឆ្នាំ២០១៩ នៅពេលដែលលោក សម រង្ស៊ី ប្រកាសពីគំរោងវិលត្រលប់ចូលប្រទេសវិញ លោក ហ៊ុន សែន បានប្តឹងទៅប្រទេសជាសមាជិកអាស៊ាន បិទច្រកទ្វារកុំឱ្យលោក សម រង្ស៊ី ឆ្លងកាត់។
ទោះបីជាមានប្រទេសខ្លះដូចជាប្រទេសថៃជាដើម ព្រមធ្វើតាម លោក ហ៊ុន សែន ប្រទេសដ៏ទៃទៀត មាន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាដើម មិនគ្រាន់តែមិនបិទទ្វារទេ ថែមទាំងអញ្ជើញលោក សម រង្ស៊ី ឱ្យទៅទស្សនកិច្ចនៅប្រទេសទាំងនោះថែមទៀតផង ដោយមិនខ្វល់ពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃនោះឡើយ។
កាយវិការទាំងនេះ អាចជាតឹកតាងបញ្ជាក់ថា មាននិន្នាការកាន់តែកើនឡើង ក្នុងការពិចារណាឡើងវិញ នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃរបស់អាស៊ាននេះ។
តាមពិត គោលបំណងសំខាន់នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះកាលពី ៥៤ឆ្នាំមុន គឺកាលពីថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧ គឺដើម្បីរួមគ្នារក្សាសន្តិសុខ ជាពិសេស គឺដើម្បីទប់ស្កាត់ការគំរាមកំហែងពីលទ្ធិកុម្មុយនីស្ដផ្ដាច់ការ ក្នុងតំបន់នេះតែម្តង។
ប្រទេសជាស្ថាបនិកអាស៊ាននាពេលនោះមាន៥ គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ ដែលសុទ្ធតែជាប្រទេសសេរី។ ស្ថាបនិកទាំង ៥នេះ សំរេចចិត្តរួមដៃគ្នា ដើម្បីធានាឱ្យបានថា លទ្ធិកុម្មុយនីស្ដផ្ដាច់ការ មិនអាចរាតត្បាតក្នុងតំបន់បាន ដើម្បីផ្តល់លទ្ធភាពឱ្យរដ្ឋជាសមាជិកទាំងនេះ អាចអភិវឌ្ឍន៍ប្រទេសជាតិបាន ដោយមិនខ្វល់ពីការគំរាមកំហែងនៃលទ្ធិកុម្មុយនីស្ដផ្ដាច់ការ។ ទីបំផុតគ្រោះគំរាមកំហែងពីរបបកុម្មុយនីស្តក្នុងតំបន់ ក៏ថមថយបន្ទាប់ពីសហភាពសូវៀតដែលជាប្រទេសមេកុម្មុយនិស្តក្នុងពិភពលោក និងដែលជាខ្នងបង្អែកដ៏ធំរលំរលាយទៅ។ សង្គ្រាមត្រជាក់ ដែលជាសង្គ្រាមដណ្តើមឧត្តមភាពផ្នែកមនោគមន៍វិជ្ជារវាងរបបសេរីពហុបក្ស និងរបបកុម្មុយនីស្តឯកបក្ស ក៏ត្រូវបានបញ្ចប់ជាស្ថាពរនាពេលនោះ។
ដោយលែងមានការបារម្ភពីការរាតត្បាតនៃលទ្ធិកុម្មុយនីស្តផ្ដាច់ការតទៅទៀតហើយនោះ អាស៊ានក៏សំរេចធ្វើសមាហរណកម្ម ដាក់បញ្ចូលប្រទេសដែលនៅសេសសល់មាន កម្ពុជា ភូមា ឡាវ និង វៀតណាម មកនៅក្នុងសមាគមជាមួយគ្នា ថ្វីដ្បិតតែប្រទេសទាំងនេះនៅជាប់កម្អែលកុម្មុយនិស្ត និងរបៀបដឹកនាំបែបផ្ដាច់ការយោធានិយមនៅឡើយក្តី។
កាលណោះ ការរួមដៃគ្នានៃប្រទេសទាំង ១០នេះ បានធ្វើឱ្យអាស៊ានក្លាយជាប្លុកប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានទំហំសេដ្ឋកិច្ចធំមួយនៅក្នុងតំបន់។ សម្ព័ន្ធភាពនេះ ចាប់ផ្តើមបង្ហាញសក្ដានុពលភាព ជាពិសេសផ្នែកសេដ្ឋកិច្ចកាន់តែកើនឡើងក្នុងតំបន់ និងនៅលើពិភពលោក។
ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលីនាំគ្នាងាកមកធ្វើសហប្រតិបត្តិការជាមួយអាស៊ាន តាមរយៈកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក កិច្ចប្រជុំកំពូល អាស៊ាន-អឺរ៉ុប (Asem) កិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី ជាហូរហែ។ ប្រទេសដែលមានឥទ្ធិពលក្នុងតំបន់មានចិន ជប៉ុន កូរ៉េ និងឥណ្ឌា ក៏បានក្លាយជាដៃគូនឹងអាស៊ាន ហើយពាក្យថ្មីៗ ក៏ត្រូវបានគេបង្កើតឡើងដើម្បីសម្គាល់ដៃគូទាំងនោះ មានដូចជា អាស៊ាន ១០ បូក ៣ ដើម្បីហៅកិច្ចប្រតិបត្តិការរវាងសមាគមន៍អាស៊ានជាមួយ និងប្រទេសបីទៀតគឺ ចិន ជប៉ុន និង កូរ៉េជាដើម។ កិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងតំបន់ ដូចជាតំបន់ពាណិជ្ជកម្មសេដ្ឋកិច្ចសេរី ឬ ASEAN Free Trade Area ហៅកាត់ថា (AFTA) គម្រោងផ្សារភ្ជាប់អាស៊ាន ឬ Asean Connectivity Initiative ត្រូវបានគេបង្កើតឡើង។
ក៏ប៉ុន្តែក្តីស្រមៃថា ការរួមគ្នារវាងប្រជាជាតិអាស៊ីអាគ្នេយ៍នេះ អាចជួយបញ្ចៀសឱ្យផុតពីគ្រោះគំរាមកំហែងនៃរបបផ្ដាច់ការ និងគ្រោះគំរាមកំហែងនៃប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាង ចាប់ប្រឈមមុខនឹងបញ្ហា។
ប្រទេសជាសមាជិកដែលទើបបញ្ចូលថ្មីភាគច្រើន នៅតែមាននិន្នាការទៅរកលទ្ធិកុម្មុយនីស្ដផ្ដាច់ការ ហើយនៅតែមានប្រទេសរុស្ស៊ីដែលបានក្លាយជាប្រទេសផ្ដាច់ការឡើងវិញ ជាខ្នងបង្អែកដដែល។ ប្រទេសកុម្មុយនិស្តចិន ក៏នៅតែលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិក រហូតលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងអាស៊ាន ដូចជា រារាំងមិនឱ្យអាស៊ានចេញសេចក្ដីថ្លែងការណ៍រួមជាឧទាហរណ៍ស្រាប់។
ចិន ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំ បានដាក់ចេញនូវ ផែនការសេដ្ឋកិច្ចថ្មី ដូចជាគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និង ផ្លូវ ឬ Belt and Road Initiative ដែលវាយលុកដោយផ្ទាល់ទៅលើផែនការសេដ្ឋកិច្ចអាស៊ាន ដែលមានស្រាប់ ដូចជាផែនការ AFTA និង Asean Connectivity ជាដើម។ ទោះជាស្ថិតក្រោមការគំរាមកំហែងផ្នែកសេដ្ឋកិច្ចពីមហាយក្សចិនយ៉ាងនេះក្តី អាស៊ានហាក់នៅមិនទាន់បង្កើតយន្តការរួមថ្មីណាមួយដើម្បីទប់ទល់នៅឡើយទេ។ មិនតែប៉ុណ្ណោះប្រទេសនីមួយៗ បែរជានាំគ្នាចូលរួមក្នុងផែនការ ខ្សែក្រវាត់និងផ្លូវនេះ ជាលក្ខណៈឯកជនតែរៀងៗ ខ្លួនទៅវិញ។
ថ្លែងក្នុងកិច្ចប្រជុំលើកទីពីរនៃកម្មវិធី ខ្សែក្រវាត់និងផ្លូវ នៅក្រុងប៉េកាំង កាលពីខែមេសា ឆ្នាំ២០១៩ លោក ហ៊ុន សែន ប្រកាសនៅចំពោះមុខមេដឹកនាំចិន និងអ្នកចូលរួមថា លោកទុកចិត្តទាំងស្រុងទៅលើកម្មវិធីនេះ ដ្បិតវានឹងនាំមកនូវភាពចំរុងចំរើនដល់មនុស្សជាតិ៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ កំពុងបង្កើតនូវកម្លាំងចលករថ្មី សំដៅបន្តពង្រឹងនិងពង្រីកសហប្រតិបត្តិការរបស់បណ្តាប្រទេសក្នុងតំបន់ និងនៅលើសាកលលោក ដើម្បីបុព្វហេតុសន្តិសុខ សន្តិភាព ភាពសុខដុមរមនា វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព»។
នៅកម្ពុជា ភស្តុតាងមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ គឺការប្រែទីក្រុងព្រះសីហនុ ឬក្រុងកំពង់សោម ឱ្យទៅជាក្រុងស៊ីហ្សាង (Xigang) របស់ចិន។ ជនជាតិចិន ដែលជាម្ចាស់ក្រុមហ៊ុនរកស៊ី នៅក្រុងព្រះសីហនុ មានចំនួនច្រើនជាងម្ចាស់ស្រុកដល់ទៅជាង ៩០% មិនហៅទីនេះ តាមសូរសៀងខ្មែរទេ គេហៅជាឈ្មោះចិនថា ស៊ីហ្សាង។
ខុសពីការប្រកាសរបស់លោក ហ៊ុន សែន ដែលថ្លែងថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះ អាចនឹងធ្វើឱ្យមានសន្តិសុខ សន្តិភាព ភាពសុខដុមរមនា វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព ក្រុងព្រះសីហនុ ឥឡូវខុសពីមុនឆ្ងាយដូចមេឃនឹងដី។
របាយការណ៍របស់ក្រសួងមហាផ្ទៃ តែងបង្ហាញឱ្យឃើញពីការកើនឡើងនូវអំពើឧក្រិដ្ឋកម្ម ពាក់ព័ន្ធនឹងជនជាតិចិនជានិច្ច។ របាយការណ៍ប្រចាំត្រីមាសទីមួយឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃជាឧទាហរណ៍ បង្ហាញថាឧក្រិដ្ឋកម្មកើនឡើងជាង ៥០% ធៀបទៅនឹងឆ្នាំមុន ហើយថា ក្នុងចំណោមជនបរទេស ៣៤១នាក់ ដែលគេចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម ក្នុងរយៈពេលនេះ មាន ២៤១នាក់ជាជនជាតិចិន។
ក្រៅពីការកើនឡើងនូវអំពើឧក្រិដ្ឋកម្ម និងអំពើហិង្សា នៅក្រុងព្រះសីហនុទំនិញគ្រប់ប្រភេទឡើងថ្លៃ។ បនល្បែងស៊ីសង បនពេស្យាចារកើនឡើងដូចផ្សិត នៅក្នុងទីក្រុងដែលដាក់ឈ្មោះអតីតព្រះមហាក្សត្រខ្មែរនេះ។ អំពើពុករលួយរាតត្បាតដល់ខួរឆ្អឹង ដែលជាបច្ច័យមួយធ្វើឱ្យអគារ ៧ជាន់របស់ចិនបាក់រលំ ផ្តាច់ជីវិតពលរដ្ឋខ្មែរចំនួន ២៨នាក់ កាលពីចុងខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។
ប្រទេសជាសមាជិកអាស៊ានដទៃ ប្រាកដជាកំពុងសម្លឹងមើលការវិវឌ្ឍនានា នៅក្នុងក្រុងព្រះសីហនុ ហើយអាចនឹងថ្លឹងថ្លែងលើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិននេះ ថាតើវាខាត ឬចំណេញបែបណាចំពោះប្រទេសរបស់ខ្លួន។
ក្រុមបញ្ញវ័ន្ត និងអ្នកការទូតនៃប្រទេសអាស៊ានមួយចំនួន នាំគ្នាខ្វល់ខ្វាយពីបញ្ហាអាស៊ាន ហើយនាំគ្នារិះរកវិធីធ្វើយ៉ាងណាឱ្យប្លុកនៃប្រជាជាតិអាស៊ីអាគ្នេយ៍នេះ រឹងមាំឡើងវិញ ដើម្បីទប់ទល់នឹងការរាតត្បាតនៃការកាន់អំណាចផ្ដាច់ការ និងការវាយលុកខឿនសេដ្ឋកិច្ចទៅលើប្រទេសរបស់ខ្លួនពីសំណាក់ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំដូចជាប្រទេសចិនជាដើម។
អ្នកការទូតខ្លះ បានលើកឡើងថា ដើម្បីពង្រឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះឡើងវិញបាន គេគួរគិតគូរដកប្រទេសជាសមាជិកណាដែលដើរតួជាកូនអុករបស់ប្រទេសចិន ចេញពីសមាគមន៍អាស៊ាននេះផង។ អតីតអ្នកការទូតសិង្ហបុរី លោក ប៊ីឡាហារី កូស៊ីកាន (Bilahari Kausikan) កាលពីចុងឆ្នាំទៅមិញ លើកឡើងថា សមាគមន៍អាស៊ានគួរពិចារណាដកប្រទេសកម្ពុជា និងឡាវ ចេញពីសមាគមន៍នេះ ដោយហេតុថាប្រទេសទាំងពីរនេះបានអនុញ្ញាតឱ្យចិន លូកលាន់ចូលកិច្ចការផ្ទៃក្នុងអាស៊ាន។
តែបញ្ញវន្ត និងអ្នកការទូតភាគច្រើន ចង់ឃើញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះកែទម្រង់ជាក់លាក់មួយចំនួន ដើម្បីឱ្យឆ្លើយតបទៅនឹងស្ថានការណ៍បច្ចុប្បន្ន។ ឥស្សរជននៃប្រទេសអាស៊ានមួយចំនួន លើកសំណើថា អាស៊ានគួរដោះស្រាយបញ្ហាខ្វះជំហរជាក់លាក់ និងបញ្ហាខ្វះការចូលរួមពីតំណាងពលរដ្ឋ ទាំងកំរិតតំបន់ និងកំរិតជាតិ។ ពួកគេចង់ឱ្យមេដឹកនាំអាស៊ានផ្តល់ឱកាសឱ្យក្រុមបញ្ញវ័ន្ត សហគ្រិន អង្គការសង្គមស៊ីវិល យុវជន ចូលរួមជាដៃគូឱ្យបានកាន់តែទូលំទូលាយ។
អាស៊ានបានបង្កើតគណៈកម្មការសិទ្ធិមនុស្សមួយរបស់ខ្លួន។ តែគណៈកម្មការនេះ រងការរិះគន់ច្រើនណាស់ថា នៅមិនទាន់បង្ហាញជំហររបស់ខ្លួនឱ្យរឹងមាំ នៅពេលមានការរំលោភសិទ្ធិមនុស្ស ដែលពេលខ្លះមានលក្ខណៈធ្ងន់ធ្ងរ ដូចជាការកាប់សម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា នៅភូមា ឬមីយ៉ាន់ម៉ា ការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តដល់អ្នកកាសែត សង្គមស៊ីវិល និងអ្នកនយោបាយប្រឆាំង នៅកម្ពុជាជាដើម។
ទោះជាយ៉ាងណា អ្នកនយោបាយធំៗ នៃប្រទេសអាស៊ានមួយចំនួន បាននាំមុខក្នុងការបង្ហាញជំហរ ឬក៏ចាប់ផ្តើមបែកចែកឱ្យដាច់ពីគ្នា រវាងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងករណីរំលោភសិទ្ធិមនុស្ស។ ប្រការដែលប្រទេសមួយចំនួន ហ៊ានចេញមុខថ្កោលទោសការសម្លាប់បាតុករនៅភូមា ឬមីយ៉ាន់ម៉ា និងការហ៊ានបើកទ្វារទទួលលោក សម រង្ស៊ី ខណៈដែលប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកមួយប្តឹងឱ្យចាប់ខ្លួន ឬហាមមិនឱ្យចូលស្រុកនោះ អាចជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាស៊ាន កំពុងតែមាននិយមន័យថ្មីហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។