សកម្មជន​បរិស្ថាន​ទាមទារ​ឱ្យ​លោក ហ៊ុន សែន សុំ​ទោស​ជា​សាធារណៈ​​ដែល​ប្រមាថ​ជីវិត​អ្នក​អារ៉ែង

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន
ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Photo​ courtesy of Mother Nature)

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែង​ថា មូលហេតុ​ដែល​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជង នៅ​តំបន់​អារ៉ែង ត្រូវ​រន្ទះបាញ់​ស្លាប់​នោះ ដោយសារ​ពួកគេ​បាន​ជេរប្រមាថ​រូបលោក។

មេដឹកនាំ​ក្រាញ​អំណាច​បាន​ជាង​៣០​ឆ្នាំ​រូប​នេះ អះអាង​ទៀត​ថា អ្នក​ដែល​ហ៊ាន​ជេរប្រមាថ​រូបលោក អាច​នឹង​ត្រូវ​បាត់បង់​ជីវិត​គ្រប់ពេលវេលា​ដោយសារ​លោក​មាន​រាសី​ខ្ពស់​ជាង។

ផ្ទុយ​ពី​ការ​អះអាង​នេះ សកម្មជន​បរិស្ថាន​យល់ថា សម្ដី​របស់​លោក ហ៊ុន សែន នេះ គឺជា​ការប្រមាថ​អាយុជីវិត​ពលរដ្ឋ​ខ្លួនឯង និង​ជា​ទង្វើ​អសីលធម៌​បំផុត មិន​សមជា​អ្នកដឹកនាំ​ជាតិ​ឡើយ។

មេដឹកនាំ​ផ្ដាច់ការ​លោក ហ៊ុន សែន ដែល​តែង​និយាយ​ក្តែងៗ​ថា លោក​គិត​គួរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នោះ បែរជា​លើក​យក​សោកនាដកម្ម​នៃ​មរណភាព​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជង នៅ​តំបន់​អារ៉ែង ដែល​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់ ៥​នាក់​កាលពី​សប្ដាហ៍​មុន​នោះ យក​មក​ធ្វើជា​រឿង​ចំអក លេងសើច​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ទៅវិញ។

លោក​បាន​ចោទប្រកាន់​ជនរងគ្រោះ​ទាំងនោះ ថា​ជា​សមាជិក​គណបក្ស​ប្រឆាំង និង​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ថា ពលរដ្ឋ​ទាំងនោះ​ត្រូវ​រន្ទះបាញ់​ស្លាប់​ដោយសារ​ពួកគេ​បាន​ជេរប្រទេច​រូបលោក។

មេដឹកនាំ​ដែល​ចូលចិត្ត​ប្រើ​ភាសា​អសុរស អាមឹង និង​ហិង្សា​និយម​រូប​នេះ ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា គឺ​ក្រោយ ៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ពិធីបុណ្យ​សព​ពលរដ្ឋ​តំបន់​អារ៉ែង ទើបតែ​ត្រូវ​បាន​បញ្ចប់។ «»

កាលពី​រសៀល​ថ្ងៃ​ទី១៧ ឧសភា កន្លង​ទៅ ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង នៅ​ភូមិ​ច្រកឫស្សី​ចំនួន ៥​នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​រន្ទះបាញ់ ដែល​ជា​ហេតុការណ៍​មិន​ធ្លាប់​កើតមាន​ឡើយ​ក្នុង​តំបន់​អារ៉ែង។ ជនរងគ្រោះ​ទាំងនោះ លើកលែងតែ​កុមារ​អាយុ ៤​ឆ្នាំ​ចេញ គឺ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ និង​ជា​យុវជន​ដ៏​សកម្ម​នៅ​ក្នុង​ភូមិ ដែល​តែង​ចូលរួម​គ្រប់​សកម្មភាព​របស់​សហគមន៍ ទាំង​ការ​ការពារ​ផលប្រយោជន៍​សហគមន៍ ការ​នាំ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ដែល​ជួយ​បង្កើន​ចំណូល​សម្រាប់​សហគមន៍ និង​ទាំង​ការ​តស៊ូ​មតិ​មិន​ឱ្យ​មានការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​ជាដើម។

សកម្មជន​បរិស្ថាន អ្នកនាង លីម គីមស័រ ដែល​ចេញចូល​តំបន់​អារ៉ែង​ជា​ញឹកញាប់​នោះ បាន​បដិសេធ​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន ទៅលើ​ពលរដ្ឋ​រងគ្រោះ​ទាំង ៥​នាក់​នោះ។ អ្នកនាង​បញ្ជាក់​ថា ជនរងគ្រោះ​ទាំងនោះ​សុទ្ធសឹងតែ​ជា​អ្នក​ដែល​ខ្លាច​មិន​ហ៊ាន​លើកឡើង​ពី​រឿង​នយោបាយ​នោះ​ទេ ពោល​គឺ​ពួកគាត់​ធ្វើ​តែ​សកម្មភាព​ណា​ដែល​ផ្ដល់​ផលប្រយោជន៍​សហគមន៍ និង​ការពារ​ព្រៃឈើ​តែប៉ុណ្ណោះ នេះ​មិនទាន់​និយាយ​ដល់​កុមារ​អាយុ ៤​ឆ្នាំ​នោះ​ផង។

អ្នកនាង លីម គីមស័រ បាន​ដាក់​ជា​សំណួរ​ថា តើ​គេ​ជា​សកម្មជន​បក្ស​ប្រឆាំង ឬ​ធ្លាប់​ជេរ​លោក ហ៊ុន សែន យ៉ាងណា​ទៅ​កើត បើ​ស្ថិត​ក្នុង​វ័យក្មេង ៤​ឆ្នាំ​បែបនេះ ហើយ​អ្នក​ផ្សេងទៀត​មិន​ដែល​ហាន​និយាយ​អ្វី​ទាក់ទង​នឹង​បញ្ហា​នយោបាយ ឬ​ប៉ះពាល់​លោក ហ៊ុន សែន ម្ដងណា​ឡើយ។

អ្នកនាង​យល់ថា សម្ដី​របស់​លោក ហ៊ុន សែន នេះ ទំនងជា​លោក​ទទួល​បាន​ព័ត៌មាន​មិន​ពិត ពី​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក ហើយ​ករណី​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​ពលរដ្ឋ​តំបន់​អារ៉ែង​មួយ​ចំនួន ដែល​កន្លង​មក​តែងតែ​គាំទ្រ​ដល់​ការដឹកនាំ​របស់​លោក។

សកម្មជន​បរិស្ថាន​រូប​នេះ យល់ឃើញ​ថា មរណភាព​របស់​ពលរដ្ឋ​អារ៉ែង ដោយសារ​បាតុភូត​រន្ទះ​នោះ គឺជា​សោកនាដកម្ម និង​ជា​ការ​បាត់បង់​យ៉ាង​ធំធេង​សម្រាប់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជង ដូច្នេះ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​មួយ​រូប លោក ហ៊ុន សែន មិន​គួរ​យក​រឿង​នេះ​មក​ធ្វើជា​ការ​លេង​សើច​បែប​កំប្លុកកំប្លែង​នោះ​ទេ ផ្ទុយទៅវិញ លោក​គួរតែ​បង្ហាញ​កាយវិការ​អាណិតអាសូរ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទើប​ជា​រឿង​ប្រសើរ។ អ្នកនាង​សង្កត់ធ្ងន់​ថា ការ​លើក​យក​រឿង​នេះ​មក​និយាយ​បែប​លេងសើច បង្ហាញ​ពី​ការ​មាក់ងាយ​ដល់​ជនរងគ្រោះ និង​ពលរដ្ឋ​តំបន់​អារ៉ែង​ទាំងមូល។

ចំណែក​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) វិញ ចាត់​ទុក​សម្ដី​របស់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​នេះ ថា​ជាសម្ដី​អសីលធម៌ និង​ជា​ការ​មាក់ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជនរងគ្រោះ។ លោក​ថា​ក្នុង​ឋានៈ​ជា​មេដឹកនាំ​ជាតិ​មួយ​ទាំងមូល លោក ហ៊ុន សែន មិន​សម​នឹង​ប្រើ​សម្ដី​បែប​នេះ​ឡើយ ហើយ​ពលរដ្ឋ​កម្ពុជា​នឹង​មាន​ការ​ខ្មាសអៀន​ដែល​មាន​នាយករដ្ឋមន្ត្រី​ធុន​នេះ​ដឹកនាំ​ប្រទេស ព្រោះ​លោក​អះអាង​ថា អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​នេះ គឺជា​ការ​ធ្វើ​ឱ្យ​បាក់មុខ​ប្រទេសជាតិ​របស់​ខ្លួន។ «»

នៅមុន​ការ​បណ្ដេញ​ចេញពី​កម្ពុជា​ដោយ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​កាល​ពី​ដើម​ឆ្នាំ ២០១៥ លោក អាឡិច គឺជា​សកម្មជន​បរិស្ថាន​ដ៏​លេចធ្លោ​មួយ​រូប ដែល​តស៊ូ​មតិ​មិន​ឱ្យ​មានការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង។ ដោយសារ​ធ្លាប់​បាន​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ពលរដ្ឋ​តំបន់​អារ៉ែង លោក អាឡិច អះអាង​ថា ពួកគាត់​នៅ​ទីនោះ​មិនមែន​ជា​សកម្មជន​បក្ស​ប្រឆាំង​នោះ​ទេ ហើយក៏​មិនដែល​ជេរប្រទេច​លោក ហ៊ុន សែន នោះ​ដែរ។ លោក​បន្ត​ថា អ្នកភូមិ​នៅ​ទីនោះ មិន​ដែល​ស្អប់​ការដឹកនាំ​របស់​លោក ហ៊ុន សែន នោះ​ទេ ហើយ​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​និយាយ​នៅ​ពេល​នេះ គឺ​ជា​កំហុស​ឆ្គង​ដ៏​ធំ ដែល​លោក​គួរតែ​ហ៊ាន​សុំទោស​ពលរដ្ឋ​តំបន់​អារ៉ែង​ជា​សាធារណៈ​ចំពោះ​ការប្រមាថ និង​ចោទប្រកាន់​ដ៏​គ្មាន​ហេតុផល​បែបនេះ។ «»

ក្រៅពី​សកម្មជន​បរិស្ថាន លោក អាឡិច ក៏​មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​នាក់ បាន​ចែករំលែក​តៗ​គ្នា​អំពី​សម្រង់​សម្ដី​របស់​លោក ហ៊ុន សែន នេះ និង​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​សម្ដី​របស់​បុរស​ខ្លាំង​រូប​នេះ។ អ្នកខ្លះ​ចោទ​ជា​សំណួរ​ថា តើ​សត្វ​ឆ្កែ ៣ ក្បាល​របស់​អ្នកភូមិ​ដែល​ត្រូវ​រន្ទះបាញ់​ងាប់​ស្រប​ពេល​ជាមួយ​ជនរងគ្រោះ​ទាំង ៥​នាក់​នោះ ជា​សកម្មជន​បក្ស​ប្រឆាំង​ដែរ ឬមួយ​ក៏​យ៉ាងណា ហើយ​តើ​សត្វ​ឆ្កែ​ទាំងនោះ​ពិតជា​បាន​ជេរប្រទេច​លោក ហ៊ុន សែន ពិត​មែន​ឬ បាន​ជា​ត្រូវ​រន្ទះបាញ់​ងាប់​បែបនេះ? ចុះ​ចំណែក សត្វ​គោ​ជាច្រើន​ក្បាល​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ គឺជា​សកម្មជន​បក្ស​ប្រឆាំង​ដែរ​ឬមួយ​ក៏​យ៉ាងណា? ហើយ​តើ​ពួកវា​បាន​ជេរ​លោក ហ៊ុន សែន ដូចម្ដេច​ខ្លះ បានជា​យីអ៊ុន​ដាក់​អារក្ខ​ជាន់ ដល់​ថ្នាក់​អាប់រាសី រហូតដល់​ត្រូវ​រន្ទះបាញ់​ងាប់​ព្រោងព្រាត​បែបនេះ? អ្នកលេង​ហ្វេសប៊ុក​ខ្លះ​សរសេរ​ចំអក​ឲ្យ​លោក ហ៊ុន សែន ថា ពួកគេ​ស្ដាយ​ដែល​មិនបាន​ទៅ​សម្ភាស​សត្វ​ឆ្កែ និង​គោ​ទាំងនោះ​ឱ្យ​បាន​ដឹង​រឿង​ច្បាស់ ថា​បាន​ព្រូស ឬ​ជេរ លោក ហ៊ុន សែន ឬ​យ៉ាងណា? ក៏ប៉ុន្តែ​តែ​ពួកគេ​ជឿ​ថា​សត្វ​ទាំងនោះ ទំនងជា​មិនបាន​ជេរ លោក ហ៊ុន សែន នោះ​ទេ។ តាមរយៈ​សំណេរ​បែប​ប្រៀបធៀប​នេះ អ្នកលេង​ហ្វេសប៊ុក​ជាច្រើន​នាក់ បាន​ចោទ​ជា​សំណួរ​តៗ​គ្នា​ថា តើ​លោក ហ៊ុន សែន និយាយ​ចោទ​ប្រកាន់​ជនរងគ្រោះ និង​ពលរដ្ឋ​តំបន់​អារ៉ែង​បែបនេះ​ជា​រឿង​ត្រឹមត្រូវ​ដែរ​ឬទេ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ប្រទេស​នោះ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។