ក្រសួងរ៉ែ និងថាមពលព្រមានថារបបលោក ហ៊ុន សែន នឹងចាត់វិធានការលើក្រុមហ៊ុនរុករករ៉ែទាំងឡាយណាដែលមិនបានអនុវត្តតាមច្បាប់ដែលបានកំណត់ក្នុងការធ្វើអាជីវកម្មរ៉ែ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលអះអាងថា ក្រសួងនឹងមិនអត់ឱនជាដាច់ខាត ពីថ្ងៃនេះតទៅបើមានក្រុមហ៊ុនណា អនុវត្តមិនបានត្រឹមត្រូវតាមលក្ខខណ្ឌដែលកំណត់ ក្នុងនៅក្នុងច្បាប់ ក្នុងសេចក្ដីប្រកាស ឬរំលោភអនុក្រឹត្យស្ដីពីការរុករករ៉ែដែលនាំឲ្យមានការប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ។ ការព្រមានរបស់លោក ស៊ុយ សែម ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយតំណាងក្រុមហ៊ុន ឯកជនចំនួន២៥ ដែលវិយោគលើវិស័យរុករករ៉ែ នៅថ្ងៃទី២៣ ឧសភានេះ។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរូបនេះអះអាងថា កិច្ចការដែលពាក់ព័ន្ធបរិស្ថានដូចជាកាកសំណល់ ដែលមានជាតិពុល ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ ពីព្រោះវាជាការងារសំខាន់ដែលត្រូវប្រុងប្រយ័ត្នកុំឱ្យមានការប៉ះពាល់ ឬមានការអន្តរាយដល់ពលរដ្ឋ។
ការព្រមានរបស់លោក ស៊ុយ សែម ធ្វើឡើងបន្ទាប់ពីមានករណីពុលទឹកព្រែកទេរ នៅខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨ ដែលបណ្ដាលឲ្យអ្នកភូមិ ចំនួន១៨នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជិត៣០០នាក់។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ កាលពីដើមសប្ដាហ៍កន្លងទៅនេះបញ្ជាក់ថា ការពុលនោះកើតចេញពីអាជីវកម្មរុករករ៉ែមាស នៅប៉ែកខាងលើនៃព្រែកទេរ ដែលមានព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ តាមរយៈការប្រើសារធាតុគីមីឈ្មោះ «ហ្សានីត»។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ឲ្យដឹងថា ករណីពុលស្លាប់របស់ពលរដ្ឋទាំងនោះ ពុំមានការពាក់ព័ន្ធទៅនឹងសារធាតុ ហ្សានីតនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) នៅមានមន្ទិលសង្ស័យ អំពីភាពមិនច្បាស់លាស់របស់រដ្ឋាភិបាលក្នុងការពិសោធន៍រកសារធាតុពុល។ លោកបន្តថា រហូតមកទល់ពេលនេះសមត្ថកិច្ចនៅមិនទាន់បើកការស៊ើបអង្កេតស៊ីជ្រៅមួយដើម្បីស្វែងរកមុខ ស្ថាប័នពាក់ព័ន្ធទាំងឡាយដែលធ្វេសប្រហែសនាំឲ្យមានការពុលទឹកដោយសារសារធាតុគីមីនេះមកទទួលខុសត្រូវតាមផ្លូវច្បាប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។