អភិបាលខេត្តរតនគិរីបញ្ជាឱ្យបិទទីតាំងផលិតស្រាស នៅទូទាំងខេត្តភ្លាមៗ ក្រោយមានពលរដ្ឋចំនួន ៣នាក់បានស្លាប់ដោយសង្ស័យថា ពុលស្រា។
មន្ទីរសុខាភិបាលខេត្តរតនគិរីបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករា ពលរដ្ឋ ៣នាក់ រស់នៅឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរីបានស្លាប់ និង២នាក់ទៀតត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសង្ស័យថា បានពុលស្រា។
ប្រភពដដែលឱ្យដឹងទៀតថា ភ្លាមៗ ក្រោយកើតហេតុ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានបញ្ជាឱ្យអាជ្ញាធរក្រុង និងស្រុកទាំង៩ ចុះបិទទីតាំងផលិតស្រាសទូទាំងខេត្តជាបណ្ដោះអាសន្ន ដើម្បីរង់ចាំលទ្ធផលពិនិត្យសំណាកពីក្រុមគ្រូពេទ្យ និងដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដបណ្ដាលឱ្យមានអ្នកស្លាប់ និងអ្នករងគ្រោះក្នុងករណីនេះ។
ករណីសង្ស័យពុលម្ហូបអាហារមួយ ដែលមានជនរងគ្រោះធ្ងន់សរុបចំនួន ០៥នាក់ ក្នុងនោះមាន ០៣នាក់ បានស្លាប់។ ចំណែកអ្នកនៅរស់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅមន្ទីរពេទ្យបង្អែកបរកែវ។
អ្នកជំងឺមានរោគសញ្ញាដូចជា៖ ឈឺពោះ ក្អួត ថប់ដង្ហើម និងស្រវាំងភ្នែក។
មន្ទីរសុខាភិបាលខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋានបានសន្និដ្ឋានដោយដាក់ការសង្ស័យថា អាចបណ្ដាលមកពីពុលម្ហូបអាហារ ឬស្រាស។
ករណីពុលស្រាស និងពុលម្ហូបអាហារកើតមានជាច្រើនដងហើយនៅក្នុងខេត្តរតនគិរីនេះ ក្នុងនោះកាលពីឆ្នាំ២០២៣ មានពលរដ្ឋចំនួន១០នាក់បានស្លាប់ដោយអាជ្ញាធរអះអាងថា សង្ស័យពុលស្រាស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។