អ្នក​ជំនាញ​ព្រមាន​ពី​ការ​បរិភោគ​សាច់​ឆៅ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ

0:00 / 0:00

អ្នក​ជំនាញ​ផ្នែក​សុខភាព​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការ​បរិភោគ​សាច់​ឆៅ​ដោយ​មិន​បាន​ចម្អិន​ឱ្យ​ឆ្អិន​ល្អ​ថា អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។ ពួកគាត់​អះអាង​ថា ការ​បរិភោគ​សាច់​ឆៅ​អាច​បង្ក​ឱ្យ​អ្នក​ទទួលទាន​ពុល​អាហារ​ដូចជា ក្អួតចង្អោរ រមួល​ពោះ ក្ដៅខ្លួន ឈឺក្បាល និង​រាករូស​ជាដើម។

ការ​បរិភោគ​សាច់ឆៅ ឬ​ចំអិន​មិន​ឱ្យ​ឆ្អិន​ល្អ​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា ជា​ការ​រក្សា​នូវ​ប្រូតេអ៊ីន​ឱ្យ​បាន​ច្រើន​ដើម្បី​ប៉ូវ​កម្លាំង និង​មាន​វីតាមីន​ជួយ​ដល់​សុខភាព។ ករណី​នេះ​ជំរុញ​ឱ្យ​អ្នក​ផលិត​មាតិកា និង​អ្នក​បង្កើត​គេហទំព័រ​រក​លុយ​នៅ​តាម​បណ្ដាញ​សង្គម​មួយ​ចំនួន​នាំ​គ្នា​ថត​វីដេអូ​បរិភោគ​សាច់​ឆៅ​ស្រស់ៗ ដូចជា សាច់​គោ សាច់​មាន់ អយស្ទ័រ និង​គ្រឿង​សមុទ្រ​ឆៅ​ជាដើម ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ជំនាញ​សុខភាព​មើល​ឃើញ​ថា ការ​បរិភោគ​សាច់​ឆៅ​នេះ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ពន្យល់​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា ការ​បរិភោគ​សាច់​ឆៅ ឬ​គ្រឿង​សមុទ្រ​ឆៅ​អាច​បង្ក​ឱ្យ​អ្នក​បរិភោគ​ឆ្លង​វីរុស​ច្រើន​ពី​ក្នុង​សាច់​ឆៅ​ទាំងអស់​នោះ ជាពិសេស វីរុស​ផ្ដាសាយ​បក្សី វីរុស​កូវីដ និង​វីរុស​ណូរ៉ូ (Noro Virus) ដែល​ជា​មេ​រោគ​ចម្លង​ថ្មី។ លោក​វេជ្ជបណ្ឌិត​ពន្យល់​បន្ថែម​ថា សាច់ឆៅ ឬ​គ្រឿង​សមុទ្រ​ស្រស់ៗ​អាច​បរិភោគ​ឆៅ​បាន គឺ​ទាល់តែ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ពី​ពេទ្យ​ជំនាញ​ផ្នែក​សត្វ និង​មន្ទីរ​ពិសោធន៍​ត្រឹមត្រូវ​ដើម្បី​ធានា​ថា សាច់ឆៅ​ទាំង​នោះ​គ្មាន​មេរោគ ឬ​វីរុស​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព។

លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖«កុំ​ចូលចិត្ត​ពិសា បរិភោគ​អយស្ទ័រ​ឆៅ ពីព្រោះ​វីរុស​ណូរ៉ូ​វីរុស​នេះ​គឺជា វីរុស​មួយ​បង្ក​ទៅ​ជា​ហានិភ័យ​ខ្ពស់​អាច​បង្ក​ទៅ​ជា​ជំងឺ​រលាក​ផ្លូវ​រំលាយ​អាហារ​ដូចជា ក្រពះ ពោះវៀន ហើយ​ប៉ះពាល់​ខួរ​ក្បាល​សតិ​ស្មារតី មួយ​ទៀត​វា​អាច​សំងំ​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ពោះវៀន»។

លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី បញ្ជាក់​ថា គ្រឿង​សមុទ្រ​ឆៅ​ដូចជា បង្គា ក្ដាម និង​មឹក​ជាដើម ត្រូវ​បាន​អាជីវករ​មួយ​ចំនួន​យក​ទៅ​កែច្នៃ​ទៅ​ជា​អាហារ​ប្រភេទ បុក​ល្ហុង ភ្លា ដែល​ធ្វើ​ឱ្យ​អ្នក​ទិញ​យក​មក​បរិភោគ​ងាយ​នឹង​ឆ្លង​វីរុស ពីព្រោះ​សាច់ឆៅ​មាន​ផ្ទុក​វីរុស​ហើយ​វា​មិន​អាច​ស្លាប់​នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់​ដូចជា យក​សាច់​ទៅ​បង្កក ឬ ក្លាស្សេ​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​ការ​បរិភោគ​សាច់​ឆៅ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​នេះ ក្រសួង​សុខាភិបាល កាលពីថ្ងៃទី១៩ ខែធ្នូ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ដែល​និយម​បរិភោគ​គ្រឿង​សមុទ្រ ជាពិសេស​អយស្ទ័រ​ឆៅ ថា​អាច​ឆ្លង​វីរុស​ណូរ៉ូ ដែល​ជា​វីរុស​បម្លែង​ថ្មី​រក​ឃើញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក WHO។

វីរុស​ថ្មី​ប្រភេទ​ណូរ៉ូ​នេះ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោក​រក​ឃើញ​ថា អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​រយៈ ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​វីរុស អ្នក​មើល​ថែទាំ​អ្នក​ជំងឺ ការ​បរិភោគ​អាហារ ឬ​ការ​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា។ រោគ​សញ្ញា​នៃ​វីរុស​នេះ នឹង​កើត​មាន​ចន្លោះ​ពី​១២ ទៅ​៤៨ម៉ោង បន្ទាប់​ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​វីរុស ហើយ​រោគ​សញ្ញា​វីរុស​នេះ​មាន​ដូចជា រាក ក្អួត ចង្អោរ ចុកពោះ និង​មាន​អាការ​ក្តៅ​ខ្លួន និង​ឈឺក្បាល។

អង្គការWHO បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​រង​គ្រោះ​ជិត៧រយលាន (៦៨៥) ករណី​ដែល​បង្ក​ដោយ​វីរុស​ណូរ៉ូ ហើយ​បណ្តាល​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​២សែន​នាក់​ស្លាប់ (២០០.០០០) ក្នុង​នោះ​មាន​កុមារ​ចំនួន​៥ម៉ឺននាក់ (៥០.០០០) ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅ​លើ​ពិភព​លោក​ប្រមាណ៦០​ពាន់​លាន​ដុល្លារ ដោយសារតែ​ការ​ថែ​ទាំ​សុខភាព និង​ថ្លៃ​ខាត​បង់​សេដ្ឋកិច្ច។

ដើម្បី​ចៀសវាង​ឆ្លង​វីរុស​ណូរ៉ូ​នេះ អ្នក​ជំនាញ​ណែនាំ​ឱ្យ​អ្នក​ចូលចិត្ត ឬ​និយម​បរិភោគ​គ្រឿង​សមុទ្រ​ឆៅ គឺ​ត្រូវ​ចំអិន​ឱ្យ​បាន​ឆ្អិន​ល្អ និង​លាង​សម្អាត​ដៃ​ឱ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​វីរុស​ប្រភេទ​នេះ​មាន​ភាព​សុំា និង​មិន​ងាយ​ស្លាប់​នោះ​ទេ ហើយ​ករណី​អ្នក​ឆ្លង​មេ​រោគ​នេះ ត្រូវ​ស្នាក់​នៅ​ផ្ទះ ឬ​ទៅ​មន្ទីរ​សុខភាព​ដើម្បី​ព្យាបាល។

អ្នក​ជំនាញ​សុខភាព​ពិភព​លោក​អះអាង​ថា អ្នក​ឆ្លង​វីរុស​ណូរ៉ូ​នេះ អាច​ជា​សះស្បើយ​រយៈពេល​ចន្លោះ​ពី ១ ទៅ៣ថ្ងៃ បន្ទាប់​អ្នក​ជំងឺ​បាន​ចម្លង​វីរុស​នេះ​ទៅ​អ្នក​ដទៃ ប៉ុន្តែ​ចំពោះ​កុមារ​អាយុ​ក្រោម​៥ឆ្នាំ មនុស្ស​ចាស់ និង​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ងាយ​នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ព្រមាន​ថា ក្រៅពី​វីរុស​ណូរ៉ូ​នេះ នៅ​ក្នុង​សាច់​ឆៅ​ក៏​មាន​បាក់តេរី ប៉ារ៉ាស៊ីត ឬ​ជាតិពុល​នៅ​ក្នុង​គ្រឿង​សមុទ្រ​ដែល​បង្ក​ឡើង​ដោយ​ការ​បង្ហូរ​កាក់​សំណល់​វេជ្ជសាស្ត្រ​ចូល​ក្នុង​សមុទ្រ​ដែល​បណ្តាល​ឱ្យ​អ្នក​បរិភោគ​រលាក​ផ្លូវ​រំលាយ​អាហារ​ប៉ះពាល់​ទៅ​ដល់​ខួរ​ក្បាល និង​បង្ក​ឱ្យ​កើត​ជំងឺ​មហា​រីក​ពោះវៀន​ជា​ដើម។

លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖«ខ្ញុំ​សូម​ផ្តាំ​ហើយ​កុំ​ថា ប៉ារ៉ាស៊ីត វីរុស សូម្បី​តែ​បាក់តេរី សូម្បី​តែ​មេរោគ​ផ្សេងៗ​ក៏​វា​អាច​សំងំ​នៅ​ក្នុង​សាច់​ឆៅ​នឹង​ផង​ដែរ។ អ៊ីចឹង​ដើម្បី​ចៀស​ផុត​ពី​ជំងឺ​តម្កាត់​ផ្សេងៗ​គួរណា​បងប្អូន​យក​ទៅ​ចម្អិន​ឱ្យ​បាន​ត្រឹមត្រូវ និង​ទុក​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ​ត្រង់​ហ្នឹង​ដែល​យើង​អាច​ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ»។

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​មនុស្ស​ចាស់​ដែល​បរិភោគ​សាច់​ឆៅ​អាច​ធ្វើ​ឱ្យ​ពួកគាត់​ពុល​អាហារ រាករូស ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយសារតែ​ភាព​សុំា​នៃ​សារពាង្គកាយ​របស់​ពួក​គាត់​ខ្សោយ​មិន​អាច​ប្រឆាំង​នឹង​វីរុស ឬ​ប៉ារ៉ាស៊ីត​ដែល​មាន​នៅ​ក្នុង​សាច់ឆៅ។

អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន លោក ខឹម មុនីកុសល ថ្លែង​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​បរិភោគ​សាច់ឆៅ​មាន​ឈាម​ស្រស់ៗ ឬ​គ្រឿង​សមុទ្រ​ឆៅ​អាច​បណ្តាល​មក​ពី​អ្នក​ផលិត​មាតិកា​មួយ​ចំនួន​ផលិត និង​ចែក​ចាយ​ការ​បរិភោគ​សាច់ឆៅ​នោះ​ដែរ។ លោក​បន្ត​ថា រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​គួរតែ​ពន្យល់​ពលរដ្ឋ​ឱ្យ​ច្បាស់លាស់​ពី​ការ​ទទួលទាន​សាច់​ឆៅ ជាជាង​ផ្សព្វផ្សាយ​តាម​បណ្តេញ​សង្គម​ហ្វេសប៊ុក​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ។

លោក ខឹម មុនីកុសល៖«អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​អ្វី​ដែល​ម្ហូបអាហារ​យើង​គួរ​ចៀសវាង​គឺ គ្រឿង​សមុទ្រ។ គ្រឿង​សមុទ្រ​ហ្នឹង​ប្រសិនបើ​បរិភោគ​ឆៅ គឺ​វា​មាន​ផល​ប៉ះពាល់​ច្រើន គ្រឿង​សមុទ្រ​ប្រសិនបើ​មាន​មេរោគ​នៅ​ក្នុង​ហ្នឹង​ស្រាប់ គឺ​ងាយ​នឹង​ចម្លង​ណាស់​វា​អាច​បង្ក​ទៅ​ជា​ជំងឺ​រលាក​ពោះវៀន រ៉ាំរ៉ៃ​ទៅ​ថ្ងៃ​អនាគត​ទៀត ដែល​យើង​អាច​ខាត​បង់​ថវិកា ខាតបង់​ពេលវេលា​ដែល​យើង​មាន​ជំងឺ​ហើយ​អត់​បាន​ទៅ​ធ្វើ​ការ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ខថ្ងៃទី៦ ខែ​មករា។

ក្រុម​អ្នក​ជំនាញ​ឱ្យ​ដំបូន្មាន​ថា ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស ឬ​បាក់តេរី ពលរដ្ឋ​ខ្មែរ​គួរតែ​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ការ​បរិភោគ​សាច់​ឆៅ មក​ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ​មុន​បរិភោគ និង​លាង​សម្អាត​របស់​របរ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​បាយ​ឱ្យ​បាន​ស្អាត។ ដើម្បី​បង្កើត​ទម្លាប់​ល្អ​ក្នុង​ការ​បរិភោគ​អាហារ និង​ធ្វើ​ឱ្យ​សុខភាព​រឹងមាំ​ពលរដ្ឋ​គួរតែ​ចៀសវាង​ការ​ទទួល​ទាន​សាច់ឆៅ ឬ​គ្រឿង​សមុទ្រ​ឆៅ​ដែល​យក​ទៅ​បង្កក ឬ​ក្លាស្សេ​ទុក​យូរ ហើយ​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ពីព្រោះ​ការ​ប្រើប្រាស់​ក្រូច​ឆ្មា ឬ​ទឹកសូដា​លាង​សម្អាត​សាច់​ឆៅ​ដើម្បី​សម្លាប់​មេ​រោគ​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ។

ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កុមារ​គួរតែ​បរិភោគ​បន្លែ​ឆ្អិន ឬ​ផ្លែឈើ​ជំនួស​ឱ្យ​សាច់ឆៅ​វិញ​ដើម្បី​ចៀសវាង​ឆ្លង​វីរុស ឬ​ប៉ារ៉ាស៊ីត ផ្សេងៗ ហើយ​ធ្វើ​ឱ្យ​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ។ ករណី​អ្នក​ឆ្លង​វីរុស ឬ​កើត​មាន​ប៉ារ៉ាស៊ីត​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​សាច់​ឆៅ​គួរតែ​ឆាប់​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ស្វែង​រក​ការ​ព្យាបាល ពីព្រោះ​ការ​ទុក​មេរោគ ឬ​ប៉ារ៉ាស៊ីត​នៅ​ក្នុង​ខ្លួន​យូរ​វា​នឹង​វិវត្ត​ទៅ ជា​មេរោគ​ថ្មី ហើយ​រីក​រាល​ដាល​ពេញ​សារពាង្គកាយ​ដែល​នាំ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។