គ្រូពេទ្យជំនាញអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺទឹកនោមផ្អែម ដោយត្រូវចៀសវាងទទួលទានភេសជ្ជៈប៉ូវកម្លាំងលើសកម្រិត ជាពិសេសកុមារ។
ការអំពាវនាវនេះធ្វើឡើង ក្រោយពីក្រសួងសុខាភិបាលបង្ហាញពីអត្រាអ្នកកើតជំងឺទឹកនោមផ្អែម កើនឡើងច្រើន រហូតជាង ២សែនករណី ក្នុងឆ្នាំ២០២៤។
គ្រូពេទ្យជំនាញ និងយុវជនចាត់ទុកជំងឺនេះ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ ហើយបញ្ហានេះពួកគាត់ទាមទារឱ្យរដ្ឋាភិបាលបង្កើនការ អប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងកាត់បន្ថយការផ្សាយពាណិជ្ជកម្មភេសជ្ជៈប៉ូវកម្លាំង ដែលបង្ហាញតែគុណសម្បត្តិ ដោយមិនគិតដល់ផលប៉ះពាល់សុខភាពរបស់អ្នកទទួលទាន។
ផ្សាយពង្វក់ហួសហេតុមិនខ្វល់ពីអ្នកផឹក
គ្រូពេទ្យជំនាញវេជ្ជសាស្ត្រ លោក បូរី យូឡុង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ មីនា ថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានប្រជែងគ្នាផ្សាយពាណិជ្ជកម្មច្រើនហួសហេតុ ដោយក្រុមហ៊ុនខ្លះផ្តល់រង្វាន់ពង្វក់អ្នកប្រើប្រាស់បង្ហាញតែគុណសម្បត្តិដោយមិនខ្វល់ពីបញ្ហាសុខភាពអ្នកប្រើប្រាស់នោះឡើយ។លោកថា ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងមួយចំនួន បានជួលក្រុមតារាល្បីៗ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង តាមទូរទស្សន៍ ផ្ទាំងប៉ាណូ និង បណ្ដាញសង្គមជាដើម។ រីឯពលរដ្ឋខ្លះតែងតែទទួលទានភេសជ្ជៈប៉ូវកម្លាំងតាមយករង្វាន់។
លោក បូរី យូឡុង៖«គេផ្សព្វផ្សាយផលិតផលអីមួយគេមិនដែលផ្សព្វផ្សាយពីផលអាក្រក់និងគុណវិបត្តិរបស់វាទេ តែងតែផ្សព្វផ្សាយលើកទឹកចិត្តយកហ្មង ទាក់ទាញហ្មង។ ត្រូវកាត់បន្ថយការផ្សព្វផ្សាយមិនមែនក្រុមហ៊ុនធំៗ មិនមែនអ្នកឯងមានលុយទេ អ្នកឯងផ្សព្វផ្សាយប៉ាតណាប៉ាតណីគាស់យករង្វាន់ឈ្នះឡាន ម៉ូតូអីធំៗ រង្វាន់ធ្លាក់ចុះធ្លាក់ឡើង។ ចុងក្រោយធ្លាក់បន្ទុកលើនរណា គឺរដ្ឋាភិបាលនេះឯងដែលទាញឱ្យពលរដ្ឋកើតជំងឺទឹកនោមផ្អែម»។
ភេសជ្ជៈកំប៉ុងប៉ូវកម្លាំងច្រើនអនេកអមនឹងរង្វាន់ជាច្រើន
ភេសជ្ជៈកំប៉ុងប៉ូវកម្លាំងដែលកំពុងពេញនិយមលក់លើទីផ្សារ និងនៅតាមតូបលក់ចាបហួយក្នុងក្រុង និងជនបទ រួមមានស្ទីង (STING) គោជល់ (Red Bull) ខារ៉ាបាវ (Carabao) ប៊ូសស្ត្រង (Boos Strong) រេដអាន (RED ANT) និងភេសជ្ជៈតែបៃតង (Green Tea) ជាដើម។ ភេសជ្ជៈប៉ូវកម្លាំងទាំងនេះ តែងតែផ្សព្វផ្សាយលើទីផ្សារថា ជាផលិតផលជំនួយកម្លាំង បង្កើនថាមពលក្នុងរាងកាយ និងជំនួយផ្នែកស្មារតី ជាដើម។ រីឯភេសជ្ជៈខ្លះទៀតផ្តល់រង្វាន់ជាលុយ ទូរស័ព្ទ ម៉ូតូ ឡាន និងប្តូរយកភេសជ្ជៈកំប៉ុង។
យុវជនរស់នៅខេត្តកំពត លោក ទៀង សីហា សង្កេតឃើញថា កន្លងទៅរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ការផ្សាយគ្រឿងស្រវឹង និងបញ្ឈប់ការលក់ភេសជ្ជៈប៉ូវកម្លាំងនៅតាមសាលារៀនបានខ្លះដែរតែនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ។
លោកជំរុញឱ្យក្រសួងអប់រំ និងក្រសួងសុខាភិបាល ត្រូវគ្រប់គ្រងឱ្យតឹងរ៉ឹង និងហាមមិនឱ្យលក់ភេសជ្ជៈប៉ូវកម្លាំងចំពោះកុមារ
លោក ទៀង សីហា៖«ភេសជ្ជ:ប៉ូវកម្លាំងនេះឃើញថា វាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដែរ ដែលធ្វើឱ្យប្រឈមជំងឺច្រើនទាំងក្មេងៗកុមារភាព ទាំងវ័យចំណាស់ល្មមៗ ចាប់ផ្តើមឈឺធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយើងដោយសារតែឈឺថ្កាត់ទៅរត់រកពេទ្យ»។
អ្នកជំងឺទឹកនោមផ្អែមកើនឡើងជាង ៦០ភាគរយ
ប្រតិកម្មនេះធ្វើឡើង ក្រោយពីក្រសួងសុខាភិបាលបង្ហាញ របាយការណ៍ថ្មីមួយ ដែលចេញផ្សាយនៅថ្ងៃទី៣ មីនា ឱ្យដឹងថា អ្នកជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ កើនឡើងរហូតដល់ជាង ២សែន ៣ម៉ឺនករណី (២៣០.២៧៩) គឺកើនឡើងជិត ៦០ភាគរយ (៥៩,១៨) បើធៀបនឹងឆ្នាំ២០២៣។
អត្ថបទដែលទាក់ទង៖
[ រោគសញ្ញា និងវិធីការពារព្រមទាំងព្យាបាល ជំងឺទឹកនោមផ្អែមOpens in new window ]
[ ការសិក្សាថ្មីស្ដីពីរបៀបព្យាបាលជំងឺទឹកនោមផ្អែមOpens in new window ]
ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអាសន្នពីស្ថានភាពជំងឺទឹកនោមផ្អែមនៅកម្ពុជាដែរ ខណៈកុមារជាច្រើននាក់ ប្រឈមមុខនឹងជំងឺនេះ ដោយសារការទទួលទានភេសជ្ជៈប៉ូវកម្លាំង មានជាតិស្ករច្រើនលើសកម្រិត។
ជុំវិញរឿងនេះអ្នកជំនាញផ្នែកវិទ្យាសាស្ត្រចំណីអាហារ លោកបណ្ឌិត ខឹម សារឹម ថ្លែងក្នុង វេទិកាវិទ្យុអាស៊ីសេរី កាលពីចុងខែកុម្ភៈ ថា អត្រាអ្នកកើតជំងឺទឹកនោមផ្អែម មានកត្តាច្រើនយ៉ាងរួមមាន ទទួលទានភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែមដទៃទៀតរួមមាន ទឹកក្រូច និងទឹកផ្លែឈើជាដើម។
លោកបញ្ជាក់ថា បញ្ហាជំងឺទឹកនោមផ្អែមដែលកើតចំពោះកុមារ បណ្ដាលមកពីការទទួលទានភេសជ្ជៈទាំងនេះ។
លោក ខឹម សារឹម៖«យើងមានបញ្ហាខ្វះខាតទាក់ទងនឹងច្បាប់គ្រប់គ្រងពីភេសជ្ជ:ដែលមានជាតិផ្អែមនេះ។ បើតាមពិតក្នុងទឹកផ្លែឈើ ប្រសិនបើយើងអានទៅលើព័ត៌មានស្តីអំពីអាហារូបត្ថម្ភ គឺក្នុងនោះវាមានជាតិស្ករសុទ្ធអាចចូលដល់៩៨ភាគរយ»។
កាលពីដើមខែកក្កដា ឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ផា រកឃើញ កុមារជិត ៧០០នាក់មានជំងឺទឹកនោមផ្អែមប្រភេទទី១ ដោយសារតែខ្វះអាំងស៊ុយលីន (Insulin)នៅក្នុងខ្លួន ឬលំពែងផលិតមិនបានគ្រប់គ្រាន់។ ជំងឺនេះកើតលើកុមារចន្លោះពី ៥ ទៅ ១៤ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។