សង្គម​ស៊ីវិល​គ្រោង​រំឭក​ខួប​៣​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង

0:00 / 0:00

សង្គម​ស៊ីវិល និង​គ្រួសារ​ជន​រងគ្រោះ គ្រោង​រំឭក​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី ៣​ឆ្នាំ​មុន គឺ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ដែល​មក​ទល់​ពេល​នេះ ជន​រងគ្រោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ សម្រាប់​នៅ​ឆ្នាំ​២០១៧ នេះ អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ នឹង​មិន​ធ្វើ​ពិធី​បង្សុកូល​នៅ​កន្លែង​កើត​ហេតុ​ដូច​កាល​ពី​មុន​នោះ​ទេ ព្រោះ​បារម្ភ​ខ្លាច​មាន​ការ​បង្ក្រាប​ពី​សំណាក់​កង​កម្លាំង​រដ្ឋាភិបាល​ដូច​ឆ្នាំ​កន្លង​ទៅ។

នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ជា​ថ្ងៃ​ខួប​បី​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង។ សាច់ញាតិ​កម្មករ​ដែល​បាន​ស្លាប់ រួម​នឹង​សង្គម​ស៊ីវិល ព្រះសង្ឃ គ្រោង​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ តែ​អ្នក​ខ្លះ​មិន​ទាន់​កំណត់​ទីតាំង​ប្រារព្ធ​ពិធី​ច្បាស់លាស់​នៅ​ឡើយ​ទេ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែល​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក​ផង មាន​ប្រសាសន៍​ថា សមាគម​របស់​លោក និង​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) គ្រោង​រៀបចំ​ពិធី​រំឭក​ព្រឹត្តិការណ៍​ដ៏​ឈឺ​ចាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា នៅ​ផ្ទះ​សាមគ្គី ឋិត​ក្នុង​ភូមិ​ត្រពាំងឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

លោក​បញ្ជាក់​ថា មូលហេតុ​មិន​ទៅ​ប្រារព្ធ​នៅ​លើ​ដង​ផ្លូវ​វ៉េងស្រេង ជា​ទី​កន្លែង​កើត​ហេតុ​នោះ ដោយសារ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ទី​សាធារណៈ និង​មាន​ការ​រងគ្រោះ​ផ្ទួនៗ ជាដើម៖ « រងគ្រោះ​ផ្ទួនៗ​ មាន​ន័យ​ថា ការ​វាយ​ស្ទើ ​ស្លាប់​ហើយ គេ​ចាប់​ដាក់​គុក​ទៀត ហើយ​ ទាំងអស់​គ្នា ​ជា​ អ្នក​រងគ្រោះ គ្រាន់​តែ ​រម្លឹក​ ពិធី​ដើម្បី ចង់​បាន ​យុត្តិធម៌ ក៏​គេ​មិន​ឲ្យ​ធ្វើ​ នៅ​ កន្លែង​នោះ​ដែរ »

កាល​ពី​ឆ្នាំ​មុន សមត្ថកិច្ច​បង្ក្រាប​ពុំ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​រំឭក​ខួប ២​ឆ្នាំ​នៅ​ម្ដុំ​គ្លីនិក​ឯករាជ្យ​ទេ និង​បាន​រុញ​ច្រាន​អ្នក​ចូលរួម​រំឭក​ខួប​នោះ​ឲ្យ​ចាកចេញ​ពី​តំបន់​ផ្លូវ​វ៉េងស្រេង ក្នុង​ចម្ងាយ​ដី​ជាច្រើន​គីឡូម៉ែត្រ​ថែម​ទៀត។ មិន​តែ​ប៉ុណ្ណោះ សមត្ថកិច្ច​ក៏​បាន​រឹប​អូស​ស្លាក​សញ្ញា និង​បដា​ផ្សេងៗ​ពី​ក្រុម​អ្នក​ប្រារព្ធ​ពិធី​ទៀត​ផង។

លោក វន់ ពៅ លើក​ឡើង​ថា បំណង​សំខាន់​នៃ​ការ​រំឭក​ខួប ៣​ឆ្នាំ​នេះ គឺ​ចង់​ឃើញ​សង្គម​កម្ពុជា មាន​យុត្តិធម៌ ឃាតក​សម្លាប់​មនុស្ស​ទាំងនោះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

រីឯ​លោក ខឹម សឿន ដែល​ជា​ឪពុក​យុវជន ខឹម សូផាត ដែល​បាត់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង មាន​ប្រសាសន៍​ថា លោក​នៅ​តែ​ទាមទារ​រក​យុត្តិធម៌​ជូន​កូន​ប្រុស​របស់​លោក ព្រោះ​ថា​កូន​ប្រុស​របស់​លោក​មិន​អាច​បាត់​ខ្លួន​ទៅ​ទទេៗ​នោះ​ទេ។ ចំពោះ​ពិធី​បង្សុកូល​នោះ លោក​ចង់​ធ្វើ​នៅ​កន្លែង​កើត​ហេតុ តែ​បារម្ភ​ខ្លាច​សមត្ថកិច្ច​ធ្វើ​បាប​ដូច​ឆ្នាំ​មុន​ទៀត៖ « ក្នុង​ចិត្ត​ខ្ញុំ​ចង់​ធ្វើ​ពិធី​បង្សុកូល​ដែរ តែ​រាង​កាល​ខ្ញុំ​ទៅ​ធ្វើ​នៅ​វ៉េងស្រេង គេ​ធាក់ គេ​ទាត់ »

អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពុំ​អនុញ្ញាត​ឲ្យ​រៀបចំ​នៅ​លើ​ផ្លូវ​វ៉េងស្រេង​ឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​ស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ទៅ​ដល់​ពលរដ្ឋ​ផ្សេងៗ​ទៀត៖ « គ្មាន​អ្នក​ហាមឃាត់​ មិន​ឲ្យ ​រម្លឹក​ទេ សំខាន់​បំផុត​គឺ​កណ្ដាល​ផ្លូវ​វ៉េងស្រេង​មិន​ឲ្យ​ប្រារព្ធ​ទេ ។ គ្មាន​អាណា​ ទៅ​ធ្វើ ​បុណ្យ​រម្លឹក​ខួប​នៅ​កណ្ដាល ​ផ្លូវ ​ទេ សូម្បី​ជីដូន​ជីតា​ ខ្ញុំ​ស្លាប់ ក៏​ធ្វើ​ សែន​នៅ​ក្នុង ​ផ្ទះ​ដែរ ហើយ​ជីដូន​ជីតា​ ប្អូន​ឯង​ ស្លាប់ ក៏​ធ្វើ​ នៅ​ក្នុង ​ផ្ទះ​ដែរ មិន​ដែល ទៅ​ធ្វើ នៅ​តាម ​ផ្លូវ។ ដូច្នេះ​បើ ​គាត់​ខូច​តាម​ឡាន ទៅ​ធ្វើ ​ក្នុង​ឡាន ហើយ​បើ​ខូច​ គ្រប់​គ្នា ​នៅ​ពេទ្យ ទៅ​ធ្វើ​នៅ​ពេទ្យ

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ឃួង ស្រេង ហាក់​មិន​សម​ហេតុផល​ឡើយ ព្រោះ​ថា​ការ​រៀបចំ​ពិធី​បង្សុកូល​ខុស​គ្នា​ពី​កាលៈទេសៈ​មួយ​ទៅ​កាលៈទេសៈ​មួយ​ទៀត៖ « វា​ខុស​គ្នា​ពី​កាលៈទេសៈ​មួយ​ទៅ​កាលៈទេសៈ​មួយ ប៉ុន្តែ​ចំណុច​សំខាន់ គឺ​យើង​មាន​ទិសដៅ​មិន​ បម្រើ​ផល​ប្រយោជន៍ ​នយោបាយ​ណា​ទេ គឺ​ជា ការ​គោរព ​វិញ្ញាណក្ខន្ធ​ មែន​ទែន ហើយ​ក៏ មិន​មាន ​ធ្វើ​ ឲ្យ​កក​ស្ទះ ហើយ​ មិន​មាន ចំណាយ​ពេល វេលា​ណា​យូ ដែរ »

រហូត​មក​ពេល​នេះ លោក អំ សំអាត លើក​ឡើង​ថា ពិធី​បង្សុកូល​រំឭក​ខួប ៣​ឆ្នាំ​នេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង តែ​នៅ​មិន​ច្បាស់​ថា ធ្វើ​នៅ​កន្លែង​ណា​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ មាន​ព្រឹត្តិការណ៍​បង្ក្រាប​លើ​កម្មករ​នៅ​ក្បែរ​រោងចក្រ​យ៉ាក​ជីន (Yakjin) ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ ក្នុង​ពេល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។

ពេល​នោះ កម្មករ​ចំនួន ៤​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ម្នាក់​បាត់​ខ្លួន និង​មនុស្ស​ជិត ៤០​នាក់​របួស។ ចំណែក​កម្មករ និង​សកម្មជន​សិទ្ធិ​មនុស្ស ២៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​រយៈ។ ការ​បាញ់​សម្លាប់ និង​ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់​យ៉ាង​ខ្លាំង ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្វែង​រក​មុខ​ជន​ទទួល​ខុស​ត្រូវ​លើ​ការ​បាញ់​សម្លាប់​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​មក​ផ្ដន្ទាទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។