រដ្ឋាភិបាលបានបិទទ្វារក្រុមហ៊ុនរបស់កូរ៉េខាងជើង ព្រមទាំងបញ្ជូនពលករជនជាតិនេះចេញពីប្រទេស ដោយអនុវត្តទៅតាមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) កាលពីចុងឆ្នាំ២០១៩។
ក្នុងរបាយការណ៍ផ្ញើជូន ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ហើយដែលUNSC ទើបចេញផ្សាយក្នុងគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានបង្ហាញថា កម្ពុជា បានសម្រេចបិទក្រុមហ៊ុនរបស់កូរ៉េខាងជើងចំនួន១២ បិទគ្រប់គណនីធនាគារ ភោជនីយដ្ឋាន៨ និងសារមន្ទីរល្បីល្បាញមួយឈ្មោះ អង្គរប៉ាណូរ៉ាម៉ា ក៏ត្រូវបានអាជ្ញាធរកម្ពុជាយកមកគ្រប់គ្រងវិញ ក្នុងនោះរាប់ទាំងអគារនិងសម្ភារៈបច្ចេកទេស នានាផងដែរ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បាន បញ្ជូនបុគ្គលិកនិងកម្មករកូរ៉េខាងជើង ១១៥នាក់ ចេញពីប្រទេសកម្ពុជាអស់ហើយ។
របាយការណ៍ដដែលក៏បានបង្ហាញថា មន្ត្រីអនុព័ន្ធនៃស្ថានទូតកូរ៉េខាងជើងប្រចាំកម្ពុជា ឈ្មោះ ស៊ិន ជុល (Sin Chol) បើកធនាគារដាក់ឈ្មោះខ្លួនចំនួន៧ ក្នុងស្ថាប័នហិរញ្ញវត្ថុ២ខុសគ្នា។ បន្ថែមពីនេះ មន្ត្រីទូតរូបនេះ ក៏មានជាប់ពាក់ព័ន្ធនឹងការចាត់ចែងនៅក្នុងក្រុមហ៊ុនមួយឈ្មោះ សាន់រៃស ហូរីហ្សុន (Sunrise Horizon) ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនទាំង១២ដែលបានបិទដំណើរការ នោះដែរ។ រដ្ឋាភិបាលកូរ៉េខាងជើង រងការចោទប្រកាន់ថា ប្រើប្រាស់មន្ត្រីស្ថានទូតនិងពលករ ធ្វើការនៅក្រៅប្រទេស ដើម្បីបញ្ជូនប្រាក់សម្រាប់ប្រទេសខ្លួន។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តទៅលើដំណោះស្រាយមួយ (UNSCR) កាលពីឆ្នាំ២០១៦ ដោយតម្រូវឱ្យសមាជិកប្រទេសទាំងអស់បញ្ឈប់រាល់សកម្មភាពរបស់ក្រុមហ៊ុនកូរ៉េខាងជើង។ វិធានការតឹងរ៉ឹងរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គឺសំដៅរឹតបន្តឹងក្រុងព្យុងយ៉ាង ដើម្បីកាត់ផ្តាច់ដង្ហើមហិរញ្ញវត្ថុ របស់ប្រទេសនេះ ដែលបានពឹងផ្អែកជាយូរមកហើយលើកម្មាភិបាលកម្មកររបស់ខ្លួនធ្វើការនៅបរទេស សម្រាប់លំហូររូបិយប័ណ្ណបរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។