នៅប្រមាណជាង២សប្ដាហ៍ទៀត ថ្ងៃខួបគម្រប់៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺថ្ងៃទី១០ ខែ កក្កដា នឹងចូលមកដល់។ បីឆ្នាំមកនេះភរិយារបស់លោកបណ្ឌិតដែលជាស្ត្រីមេម៉ាយមានកូនប្រុស៥នាក់ ត្រូវទ្រាំទ្រនូវការលំបាកគ្រប់បែបយ៉ាងទាំងផ្លូវកាយទាំងផ្លូវចិត្ត ដើម្បីប្រឈមមុខនឹងការបាត់បង់ប្ដីជាបង្គោលគ្រួសារផង និងទទួលខុសត្រូវចំពោះកូនៗទាំងអស់ផង។ មកដល់ពេលនេះអ្នកស្រី ប៊ូ រចនា បានទម្លាយព័ត៌មានដែលបង្ហាញថា ការលំបាកថ្មីមួយទៀតបានធ្លាក់លើរូបអ្នកស្រី នោះគឺប្រុសពៅមានជំងឺម្យ៉ាងធ្វើឱ្យរូបគេខុសប្លែកពីកុមារទូទៅ។ បើទោះជាយ៉ាងនេះក្ដីអ្នកស្រីថាកូនៗទាំង ៤នាក់ផ្សេងទៀតកំពុងទទួលបានលទ្ធផលល្អក្នុងការសិក្សា។ ស្របគ្នានេះអ្នកស្រីមិនភ្លេចអំពាវនាវដល់សាធារណជនខ្មែរចងចាំពីគំរូវីរភាពប្ដីរបស់អ្នកស្រី និងអ្នកដទៃទៀត ដែលតស៊ូ ដើម្បីសិទ្ធសេរីភាពនៅកម្ពុជា។
កូនប្រុសពៅរបស់ លោក បណ្ឌិត កែម ឡី ឈ្មោះថា កែម ឡី វីរបុត្រ ដែលមានអាយុជាង២ឆ្នាំកំពុងមានជំងឺម្យ៉ាង ដែលហៅថា ជំងឺអូទីសឹម ឬហៅថា មនោវិក័ត ជាជំងឺរវើរវាយនិងភាន់វិញ្ញាណ ធ្វើឱ្យគេមានអាកប្បកិរិយាប្លែកៗ មិនដូចកុមារទូទៅ។
អ្នកស្រី ប៊ូ រចនា ឱ្យអាស៊ីសេរីដឹងថា គ្រូពេទ្យនៅក្នុងប្រទេសអូស្ត្រាលីបានបញ្ជាក់ថា កូនប្រុសពៅមានជំងឺនៅពេលអ្នកស្រីនាំកូនទៅរកពេទ្យ ក្រោយពេលអ្នកស្រីសង្កេតឃើញថា គេមិនអាចនិយាយ និងមានមានសញ្ញាឆ្លើយតបមិនត្រឹមត្រូវក្នុងពេលទំនាក់ទំនងជាមួយមនុស្សទូទៅ៖ «បញ្ហាដែលមានជំងឺហ្នឹងយើងសម្គាល់បានថា គាត់ចូលចិត្តលេងតែឯង គាត់ធ្វើអ្វីមួយបើគាត់ចាប់អារម្មណ៍ទៅអ្វីមួយហ្នឹងហើយគឺគាត់ផ្ដោតហើយគាត់លែងចាប់អារម្មណ៍អ្វីទាំងអស់ ទោះបីមានអ្នកណាហៅ ឬមានសំឡេងអ្វីផ្សេងៗទៀតក៏គាត់មិនចាប់អារម្មណ៍»។
ជំងឺអូទីសឹម(Autism) ជាប្រភេទពិការភាពម្យ៉ាងកើតមាននៅលើកុមារ។ ជំងឺនេះអាចកើតនៅលើកុមារចាប់តាំងពីក្នុងអំឡុងពេលចាប់កំណើតក្នុងផ្ទៃម្ដាយ ឬហៅថាអំឡុងពេលមានផ្ទៃពោះ អំឡុងពេលផ្ដល់កំណើត ហើយក៏អាចកើតចំពោះកុមារនៅចន្លោះអាយុពី ០ខែ ដល់៥ឆ្នាំដែរ។ ជំងឺនេះជាពិការភាពពេញមួយជីវិត ដែលប៉ះពាល់ទៅលើការអភិវឌ្ឍន៍រាងកាយ និងសតិបញ្ញាស្មារតីកុមារ ប៉ះពាល់ទៅលើផ្នែកទំនាក់ទំនងសង្គមរបស់កុមារ និងការស្ដែងចេញនូវអាកប្បកិរិយារបស់ពួកគេ។ កុមារអូទីសឹមមិនចូលចិត្តលេងជាមួយអ្នកដទៃ ហូរទឹកមាត់ និងធ្វើអ្វីប្លែកៗ ប៉ុន្តែដដែលៗដូចជាទះដៃ បក់ដៃ ស្រែក និងសើចខុសទំនងជាដើម ហើយស្ថានភាពកុមារអាចប្រែប្រួលទៅតាមកុមារនីមួយៗ និងកម្រិតពិការភាព។ ជំងឺអាចបណ្ដាលពីតំណពូជ ឬបញ្ហាផ្សេងៗក្នុងពេលចាប់កំណើត ក្នុងចំណោមនោះ ក៏មានបញ្ហាដោយសារម្ដាយកើតទុក្ខធ្ងន់ធ្ងរពេកដែរ។
កែម ឡី វីរបុត្រ កើតនៅថ្ងៃទី២ ខែ តុលាឆ្នាំ២០១៦ គឺប្រមាណជិត៣ខែក្រោយឃាតកបាញ់សម្លាប់ឪពុក គឺមានន័យថា នៅពេលដែលអ្នកស្រី ប៊ូ រចនា មានទុក្ខធំជាងភ្នំទៅទៀតនោះ វីរបុត្រ កំពុងនៅក្នុងផ្ទៃម្ដាយ ដែលអាចទទួលដឹងឮទុក្ខសោក ការឈឺចាប់ទាំងឡាយដែលម្ដាយជួបប្រទះ។
បើទោះជាយ៉ាងណាអ្នកស្រី ប៊ូ រចនា ថា វីរបុត្រមានសញ្ញាគ្រាន់បើខ្លះក្រោយការព្យាបាល និងការណែនាំរបស់គ្រូពេទ្យ។
ដោយឡែកចំពោះកូនៗទាំង ៤ទៀតរបស់ លោក បណ្ឌិត កែម ឡី វិញពួកគេកំពុងសិក្សាដោយការខិតខំប្រឹងប្រែង ហើយជាលទ្ធផលពួកគេបានលទ្ធផលល្អបណ្ដើរៗ៖ «មានចំណុចខ្លះក៏គាត់ តាមគេទាន់មានចំណុចខ្លះក៏គាត់ស្មើហ្នឹងគេ ចំណុចខ្លះទៀតគឺការយល់ដឹងរបស់គាត់មានលើសគេខ្លះៗដែរ»។

ទាក់ទងដល់ការរម្លឹកខួប៣ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី វិញ តាមគម្រោងអ្នកស្រី ប៊ូ រចនា នឹងទៅចូលរួមកម្មវិធី ដែលរៀបចំដោយក្រុមយុវជននៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែដោយសារបញ្ហាសុខភាពរបស់ កែម ឡី វីរបុត្រ នេះ អ្នកស្រីខកខានមិនបានទៅតាមគម្រោងនៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា នោះឡើយ។
បើទោះជាយ៉ាងនេះក្ដីអ្នកស្រីអះអាងថា នឹងទៅចូលរួមកម្មវិធីរម្លឹកខួប រៀបចំដោយពលរដ្ឋខ្មែរនៅក្នុងប្រទេសអូស្ត្រាលី ដែលគ្រោងនឹងធ្វើនៅថ្ងៃអាទិត្យទី២១ ខែកក្កដា។ អ្នកស្រីអំពាវនាវដល់ពលរដ្ឋខ្មែរចងចាំវីរភាពអ្នកដែលតស៊ូ ដើម្បីសិទ្ធិសេរីភាពក្នុងសង្គមកម្ពុជា ដែលក្នុងនោះក៏មានប្ដីអ្នកស្រី មួយរូបដែរ៖ «ការចងចាំមិនថាតែស្វាមីរបស់នាងខ្ញុំទេ គឺយើងត្រូវតែចងចាំគ្រប់វីរភាពរបស់អ្នក ដែលគេតស៊ូសម្រាប់ប្រទេសកម្ពុជា សង្គមយើងដែលកំពុងតែធ្លាក់ចុះ នៅក្នុងអំពើអយុត្តិធម៌ អំពើដែលឆក់ប្លន់ទ្រព្យសម្បត្តិសព្វបែបយ៉ាងនេះ នាងខ្ញុំសូមឱ្យយុវជនជំនាន់ក្រោយនេះឱ្យក្លាហានទាំងអស់គ្នាឡើង ហើយយើងនឹងរកយុត្តិធម៌ទាំងអស់គ្នា ជូនប្រទេសកម្ពុជារបស់យើងមកវិញ»។
តាមគម្រោងកម្មវិធីបុណ្យរម្លឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នេះគណៈកម្មការបុណ្យ ដែលជាក្រុមពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីចង់ឱ្យមានការរម្លឹកឡើងវិញនូវអ្វីដែលសាធារណជនបានចងចាំពីព្រឹត្តិការណ៍ នៅថ្ងៃដែលលោកបណ្ឌិត ត្រូវឃាតកបាញ់សម្លាប់។ ពលរដ្ឋដែលគោរពស្រឡាញ់ លោក បណ្ឌិត កែម ឡី អាចចូលរួមយុទ្ធនាការរម្លឹកឡើងវិញពីការចងចាំព្រឹត្តិការណ៍នេះ ដោយការចែករំលែកនូវរូបភាព វីដេអូ ឬព័ត៌មាននានា ដែលទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។