ក្រុមហ៊ុនហ្វេសប៊ុក ប្រគល់ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការមាតាធម្មជាតិ ឲ្យស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro Gonzales Davidson) ដែលជាម្ចាស់ដើម ជាអ្នកគ្រប់គ្រងឡើងវិញហើយ។
នេះបើតាមការសរសេររបស់លោក អាឡិច នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៧ តុលា។ លោក អាឡិច សរសេរក្នុងខ្លឹមសារដើមថា អំពើចោរកម្មលួចហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិពីសំណាក់របបលោក ហ៊ុន សែន បានបរាជ័យទាំងស្រុង។ លោកថា បន្ទាប់ពីមានអន្តរាគមន៍ពីក្រុមរបស់លោក និងអង្គការដៃគូក្នុង និងក្រៅស្រុកដទៃទៀតជាច្រើន ក្រុមហ៊ុនហ្វេសប៊ុកបានសម្រេចប្រគល់ទំព័រ ឬផេកមាតាធម្មជាតិមកឲ្យលោកវិញហើយ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការមាតាធម្មជាតិត្រូវបានសមត្ថកិច្ចរបបលោក ហ៊ុន សែន យកទៅគ្រប់គ្រង បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនសកម្មជនក្រុមយុវជនចលនាមាតាធម្មជាតិរួចមក។ លោក អាឡិច បន្តថា ក្រុមចលនាមាតាធម្មជាតិនឹងបន្តបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុការពារធនធានធម្មជាតិជាបន្តទៅទៀតដោយឥតរួញរា។
យ៉ាងហោចណាស់ មានសកម្មជនជាក្រុមយុវជនចលនាមាតាធម្មជាតិមិនតិចជាង ៥នាក់ទេ បច្ចុប្បន្នកំពុងត្រូវអាជ្ញាធរលោក ហ៊ុន សែន បន្តឃុំខ្លួនក្នុងពន្ធនាគារព្រៃស ក្នុងនោះមាន យុវជន ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួង កែវរស្មី លោក ហ៊ុន វណ្ណៈ និងអ្នកនាង ឈឿន ដារ៉ាវី ជាដើម។ ការជាប់ឃុំក្នុងពន្ធនាគារនេះ គឺដោយសារតែពួកគេចូលរួមក្នុងសកម្មភាពតវ៉ាទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន និងបញ្ឈប់ការលុបបឹងធម្មជាតិក្នុងក្រុងភ្នំពេញ។ អង្គការលើកលែងទោសអន្តរជាតិ ចាត់ទុកអ្នកទាំងនោះថា ជា «អ្នកទោសមនសិការ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។