អង្គការ និងសមាគមន៍ខ្មែរនៅក្រៅប្រទេសជិត ២០ រួមគ្នារៀបចំធ្វើញត្តិ ដើម្បីជំរុញសមាជិកព្រឹទ្ធសភាអាមេរិក ឲ្យពន្លឿនច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារតែលោក ហ៊ុន សែន មានះមិនព្រមស្តារស្ថានភាព រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។
អង្គការ និងសមាគមន៍ខ្មែរនៅក្រៅប្រទេសចំនួន ១៩ រួមមានទាំងនៅអូស្រ្តាលី និង កាណាដា និងភាគច្រើននៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៤ ខែ កញ្ញា បានរួមគ្នារៀបចំធ្វើ យុទ្ធនាការតាមប្រព័ន្ធអ៊ិនធើណិត ដើម្បីប្រមូលហត្ថលេខាពលរដ្ឋសហគមន៍ខ្មែរ នៅក្រៅប្រទេស ជាពិសេសតាមរដ្ឋនានានៅក្នុងសហរដ្ឋអាមេរិក ដើម្បីរៀបចំជាញត្តិ ដាក់ទៅសមាជិកព្រឹទ្ធសភាអាមេរិក ឲ្យប្រញាប់អនុម័តច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន និង ដាក់ទណ្ឌកម្មលើបុគ្គលទាំងឡាយនៅក្នុងជួររបបនេះ ដែលចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។
ពលរដ្ឋខ្មែរអាមេរិកម្នាក់ និងជាប្រធានអង្គការបណ្តាញពលរដ្ឋខ្មែរដើម្បីកម្ពុជា (Khmer People's Network for Cambodia) ដែលចូលរួមក្នុងយុទ្ធនាការនេះដែរ គឺលោក លោក យ័ប គឹមទឹង (Yap Kim Tung) ឲ្យអាស៊ីសេរីដឹង កាលពីថ្ងៃទី ១៥ ខែ កញ្ញា ថាស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា កាន់តែអាក្រក់ឡើងជាលំដាប់ ដែលតម្រូវឲ្យសហគមន៍ខ្មែរនៅគ្រប់ទិសទី ត្រូវពួតដៃគ្នា ដើម្បីកៀរគរ រកការដាក់សម្ពាធឲ្យកាន់តែខ្លាំងលើរបបលោក ហ៊ុន សែន ធ្វើយ៉ាងណាឲ្យរបបនេះ ងាកមកស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ឲ្យខាងតែបាន << ពួកយើងបារម្ភក្រែងលោច្បាប់ហ្នឹងវាផុតកំណត់ ព្រោះជិតដាច់ឆ្នាំហើយ។ ម្ល៉ោះហើយ យើងចង់ដាស់តឿនប្រជាជនយើង ឲ្យគាត់ប្រាប់ទៅសមាជិកព្រឹទ្ធសភា (senators) ម្តងទៀត។ បើសិនគេបានប្រាប់មុនហើយ ក៏ប្រាប់ទៅ។ ប៉ុន្តែបើគេមិនទាន់បានប្រាប់ទេ យើងគ្រាន់តែតាស់តឿនសមាជិកព្រឹទ្ធសភាឲ្យអនុម័តបញ្ចប់ច្បាប់ហ្នឹង >>។
ច្បាប់ដែលអង្គការទាំងនេះ កៀរគរសហគមន៍ខ្មែរនៅក្រៅប្រទេស ឲ្យរម្លឹកសមាជិកព្រឹទ្ធសភា ឲ្យឆាប់អនុម័តមុនដាច់ឆ្នាំនេះ គឺច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R.526 ដែលត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយសភាអាមេរិកកាលពីខែ កក្កដា ឆ្នាំ ២០១៩ និងសព្វថ្ងៃកំពុងទើនៅលើដៃគណៈកម្មាធិការព្រឹទ្ធសភា។ គេហទំព័ររដ្ឋសភាអាមរិកបញ្ជាក់ថា កាលពីចុងឆ្នាំ ២០១៩ ព្រឹទ្ធសភាអាមេរិក បានយោងទៅច្បាប់នេះពីរដង និងបានប្រគល់ឲ្យគណៈកម្មាធិការព្រឹទ្ធសភាដើម្បីពិនិត្យ។
បន្ថែមទៅលើច្បាប់ដែលរដ្ឋសភាអាមេរិកអនុម័តរួច និងបញ្ជូនទៅដល់ដៃព្រឹទ្ធសភាហើយនោះ ខាងសមាជិកព្រឹទ្ធសភាពីររូប គឺលោក អិត ម៉ាឃី (Ed Markey) ដែលជាប្រធានអនុគណៈកម្មាធិការទំនាក់ទំនងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ព្រឹទ្ធសភា និងលោក ឃ័ររី ហ្កាតន័រ (Cory Gardner) កាលពីដើមខែ មករា បានដាក់សេចក្តីស្នើច្បាប់ ឈ្មោះថា ច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា the Cambodia Democracy Act ឬ S.3081 ដើម្បីជាសេចក្តីស្នើច្បាប់ អមទៅនឹងច្បាប់ H.R.526 នោះ។
លោក យ័ប គឹមទឹង បន្ថែមថាយុទ្ធនាការរួមរបស់អង្គកាទាំង ១៩ លើបណ្តាញអ៊ិនធើណិតនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ជួយពលរដ្ឋខ្មែរនៅក្រៅប្រទេស បំពេញឯកសារដើម្បីដាក់បញ្ចូលក្នុងញត្តិ ដែលត្រូវផ្ញើទៅសមាជិកព្រឹទ្ធសភាអាមេរិក។
លោកថា មានតែច្បាប់ដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន និងមនុស្សពាក់ព័ន្ធក្នុងជួររបបនេះទេ ទើបអាចមានប្រសិទ្ធភាពក្នុងការដាក់សម្ពាធឲ្យលោក ហ៊ុន សែន ងាកមកស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ លោកលើកឧទាហរណ៍ អំពីប្រសិទ្ធភាពនៃទណ្ឌកម្មដែលសហរដ្ឋអាមេរិក កាលពីដើមខែ សីហា កន្លងទៅនេះ បានដាក់លើមន្រ្តីជាន់ខ្ពស់នៅទីក្រុងហុងកុងចំនួន ១១ នាក់ ដែលរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យដែរ។ ក្នុងចំណោមអ្នកដែលរងទណ្ឌកម្មនៅហុងកុងនោះ ក៏មានអភិបាលក្រុងនេះ គឺអ្នកស្រី ឃែរី ឡែម (Carrie Lam) ដែលរងការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់រាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់ ក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារអាមេរិក << ទោះបីគាត់អត់មានមកលេងអាមេរិក ឬមានលុយដាក់តម្កល់នៅស្រុកអាមេរិក ប៉ុន្តែដាក់តម្កល់នៅធនាគារហុងកុង ដែលប្រើលុយដុល្លារដែរ គឺគាត់មិនអាចប្រើកាតក្រេឌីតបាន។ មានន័យថា ថ្ងៃក្រោយគាត់ចង់ទិញឡាន ទិញផ្ទះ រកស៊ីលក់ដូរអ្វី ក៏មិនបាន ដោយសារធនាគារមិនហ៊ានរកស៊ីជាមួយគាត់ ព្រោះធនាគារខ្លាចត្រូវទណ្ឌកម្មពីសហរដ្ឋអាមេរិកដែរ >>។
អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីមន្រ្តីនាំពាក្យរបបក្រុងភ្នំពេញ ជុំវិញរឿងនេះបាននៅឡើយទេ។ ប៉ុន្តែលោក ផៃ ស៊ីផាន តែងតែអះអាងជាប្រចាំថា រដ្ឋាភិបាលកម្ពុជា មិនចាប់អារម្មណ៍នឹងសេចក្តីស្នើច្បាប់របស់សមាជិកសភា និងសមាជិកព្រឹទ្ធសភាអាមេរិកនោះទេ ព្រោះលោកអះអាងថាកម្ពុជា ជារដ្ឋអធិបតេយ្យ។
ចំណែកឯអ្នកនាំពាក្យគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា អ្នកស្រី ស៊ូសាន រ៉ាស (Suzanne Wrasse) មិនទាន់ឆ្លើយតបការសុំបំភ្លឺពីអាស៊ីសេរី ជុំវិញរឿងនេះនោះដែរ។ ប៉ុន្តែ កាលពីចុងឆ្នាំ ២០១៩ អ្នកស្រី ធ្លាប់បញ្ជាក់ថា គ្មានហេតុផលណាមួយ ដែលអាចរារាំងព្រឹទ្ធសភា ក្នុងការអនុម័តច្បាប់នេះនោះទេ។ អ្នកស្រីបញ្ជាក់ថា ព្រឹទ្ធសភាបានដឹងឮ អំពីច្បាប់នេះរួចហើយ ហើយព្រឹទ្ធសភានឹងពិចារណាច្បាប់នេះ នៅឆ្នាំថ្មី ឆ្នាំ ២០២០ ពេលដែលព្រឹទ្ធសភាចូលកងវិញ។ ប៉ុន្តែ តាំងពីពេលនោះមក សហរដ្ឋអាមេរិកប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ពេញបន្ទុក។
បន្ថែមលើទណ្ឌកម្មបុគ្គល សហគមន៍ខ្មែរនៅក្រៅប្រទេស ចង់ឃើញទណ្ឌកម្មក្នុងទម្រង់ដូចការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែរ គឺដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP។
សមាជិកសភាមកពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និងលោក ស្ទីវ ឆាបុត្រ (Steve Chabot) ពីខាងគណបក្សសាធារណៈរដ្ឋ កាលពីដើមឆ្នាំ ២០១៩ ធ្លាប់បានស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០១៩ ដើម្បីឲ្យរដ្ឋាភិបាលអាមេរិក ពិចារណាឡើងវិញ លើប្រព័ន្ធអនុគ្រោះពន្ធទូទៅ ផ្នែកពាណិជ្ជកម្មនេះ ដោយសារតែរបបលោក លោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរនេះដែរ។
បើតាមការចុះផ្សាយរបស់គណនីហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំជាងគេបំផុតមួយរបស់កម្ពុជា ដោយកម្ពុជាបាននាំចេញក្នុងទឹកប្រាក់ចំនួនជិត ៥,៤ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩។ ទំនិញក្នុងតម្លៃជិត ១ ពាន់លានដុល្លារ ជាទំនិញសម្រាប់ការធ្វើដំណើរ ដែលរួមមានកាបូបដៃ វ៉ាលីស និងកាបូបស្ពាយ ដែលត្រូវបានលើកលែងការបង់ពន្ធគយ នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ឬ GSP នេះ៕